ថ្ងៃអង្គារ អាទិត្យទី២៥
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃអង្គារ ទី២៣ ខែកញ្ញា ឆ្នាំ២០២៥

បុណ្យរម្លឹក
សន្តពីយ៉ូ ជាបូជាចារ្យ នៅក្រុងពៀត្រេលជីណា

សន្តពីយ៉ូ ឈ្មោះដើម ហ្វ្រង់ស៊ីស្កូ ហ្វរជិអុនិ កើតនៅឆ្នាំ ១៨៨៧ នៅភូមិ ពិអេត្រេស៊ីណា ប្រទេសអ៊ីតាលីខាងត្បូង ។ ឪពុកម្តាយរបស់លោកជាកសិករ មានកូនទាំងអស់ ៨នាក់ ។ ទោះបីជាសុខភាពរបស់ហ្វ្រង់ស៊ីស្កូមិនសូវល្អក៏ដោយ ក៏លោកសម្រេចចិត្តចូលជាសាមណេក្នុងក្រុមគ្រួសារបព្វជិតកាពូសាំង នៅពេលលោកជាយុវជននៅឡើយ ។ ពេលនោះ លោកទទួលឈ្មោះថ្មីថា “ពីយ៉ូ” (សំដៅទៅលើសម្ដេច ប៉ាប ពីយ៉ូទី៥ ) ហើយទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យនៅទីក្រុង បេណេវេនតូ នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ១៩១០ ក្នុងអាយុ ២៣ ឆ្នាំ ។ នៅឆ្នាំ ១៩១៦ គេជូនលោកទៅស្នាក់នៅវត្តអារាមកាពូសាំង នៅក្រុង សាន់-ជីអូវ៉ានី រ៉ូទន់ដូ។ ពេលនោះ លោកពីយ៉ូចាប់ផ្តើមមានឈ្មោះល្បីសុសសាយកាន់តែខ្លាំងឡើងៗ ក្រោយពីលោកបានទទួលស្នាមរបួសដ៏វិសុទ្ធរបស់ព្រះគ្រីស្ត ដៅក្នុងរូបកាយរបស់លោក នៅពេលលោកកំពុងតែអធិដ្ឋានមុខឈើឆ្កាង (ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ១៩១៨)។ លោកខិតខំប្រារព្ធអគ្គសញ្ញាលើកលែងទោសជាច្រើនម៉ោងរាល់ថ្ងៃ ហើយមានគ្នាជាច្រើនទៅជួបលោកដើម្បីស្រាយបាប ព្រោះលោកបានទទួលអំណោយទានមួយដ៏ពិសេសពីព្រះវិញ្ញាណដ៏វិសុទ្ធ គឺលោកឈ្វេងយល់នូវចិត្តគំនិតដ៏លាក់កំបាំងរបស់គេ ហេតុនេះហើយបានជាលោកអាច​ជួយគេខាងផ្លូវវិញ្ញាណជាច្រើន។ លោកដេញខ្មោច និងប្រោសអ្នកជំងឺឱ្យបានជា ក្នុងព្រះនាមព្រះជាម្ចាស់ ហើយក៏មានទីសម្គាល់ដ៏អស្ចារ្យជាច្រើនផ្សេងទៀត ដែលកើតឡើងដោយសារលោក ។ មានបណ្តាជនច្រើនកុះករមកមើលចង់ជួបលោក ចង់ដឹងចង់ឃើញ និងចាប់អារម្មណ៍ច្រើនពេកអំពីការអស្ចារ្យដែលកើតមាននោះ។ ពេលដំបូង មេដឹកនាំបព្វជិតកាពូសាំង និងមេដឹកនាំព្រះសហគមន៍សង្ស័យថា លោកជាអ្នកបោកប្រាស់ចង់បញ្ឆោតពួកគេ ដូច្នេះ អស់​លោក​ក៏ធ្វើការស៊ើបអង្កេតជាច្រើន ចង់ដឹងថា តើសញ្ញាសម្គាល់ទាំងប៉ុន្មានដែលលោកសម្តែង ពិតជាមកពីព្រះជាម្ចាស់មែនឬទេ ? កំឡុងពេលនោះ លោកត្រូវគេរិះគន់ និងហាមឃាត់មិនឱ្យបណ្តា​ជនមកជួបលោកជាច្រើនដង ហើយលោកក៏មិនបះបោរនឹងព្រះសហគមន៍នោះផងដែរ ដោយសារតែលោកចង់ស្តាប់បង្គាប់ និងទុកចិត្តលើព្រះសហគមន៍។ ជាចុងក្រោយ នៅឆ្នាំ១៩៦៤ សម្តេចប៉ាបប៉ូលទី៦ ទទួលស្គាល់ជាផ្លូវការថា លោកពីយ៉ូ ពិតជាឧបករណ៍ដ៏ពិសេសរបស់ព្រះជាម្ចាស់សម្រាប់ព្រះសហគមន៍។ ក្នុងអំឡុងពេលហាសិបឆ្នាំដែលលោកពីយ៉ូបានបំពេញបេសកកម្មរបស់ខ្លួនជាបព្វជិត និងជាបូជាចារ្យ មានមនុស្សប្រមាណ ២០លាននាក់ ដែលបានចូលរួមអភិបូជាជាមួយលោក ក៏មានគ្រីស្តបរិស័ទប្រមាណ​៥លាននាក់ ដែលបានទទួលអគ្គសញ្ញាលើកលែងទោសពីលោកផងដែរ។ នៅឆ្នាំ ១៩៥៦ លោកបានបង្កើត “មជ្ឈមណ្ឌលនៃការធូរស្បើយពីទុក្ខលំបាក” នៅក្បែរវត្តអារាម ជាមន្ទីរពេទ្យសម្រាប់ការបន្ធូរបន្ថយភាពឈឺចុកចាប់របស់អ្នកជំងឺ ដោយមានមនុស្សប្រមាណ ៦០,០០០ នាក់ក្នុងមួយឆ្នាំបានចូលមន្ទីរពេទ្យ ។ លោកពុកពីយ៉ូទទួលមរណភាពនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ១៩៦៨ ក្នុងអាយុ ៨១ ឆ្នាំ ។ ប៉ុន្មានថ្ងៃមុននឹងស្លាប់ លោកមានប្រសាសន៍ថា៖«៥០ឆ្នាំមកហើយដែលខ្ញុំជាបព្វជិត… ៥០ឆ្នាំមកហើយ ដែលខ្ញុំជាប់លើឈើឆ្កាង… ហាសិបឆ្នាំមកហើយដែលចិត្តខ្ញុំមានភ្លើងឆេះសន្ធោសន្ធៅនៅចំពោះព្រះអម្ចាស់ និងចំពោះមនុស្សលោកដែលព្រះអង្គបានសង្គ្រោះ…»។ សន្តពីយ៉ូបានទទួលឋានៈជាសន្តបុគ្គលរបស់ព្រះសហគមន៍នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០០២ ដោយមានសម្តេចប៉ាប យ៉ូហាន-ប៉ូលទី២ បានប្រកាសជាផ្លូវការ និងជាសាធារណៈដ៏ឱឡារិក ក្នុងវិសាលវិហារបាស៊ីលីកា សន្តសិលា នៅបុរីវ៉ាទីកង់ ទីក្រុងរ៉ូម ។ ម្យ៉ាងទៀត ក្រោយពីបានលើកសាកសពរបស់លោកចេញពីផ្នូរ មានវេជ្ជបណ្ឌិត និងអ្នកវិទ្យាសាស្ត្រជាច្រើនបានត្រួតពិនិត្យ ហើយមើលឃើញថា រូបកាយរបស់លោកមិនដែលរលួយនោះទេ នេះជាការអស្ចារ្យរបស់ព្រះជាម្ចាស់។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកអែសរ៉ា អរ ៦,៧-៨.១២.១៤-២០

ព្រះបាទដារីយ៉ូស ជាព្រះមហាក្សត្រស្រុកពែរ្ស សរសេរព្រះរាជចុតហ្មាយ បញ្ជាក់​ដល់ព្រះរាជប្រតិភូដែលត្រួតត្រាផែនដីទាំងប៉ុន្មាន នៅខាងនាយទន្លេអឺប្រាតថា៖ «ចូរ​ទុកឱ្យអភិ​បាល និងពួកព្រឹទ្ធាចារ្យរបស់ជនជាតិយូដាសង់ព្រះដំណាក់របស់ព្រះជាម្ចាស់នៅកន្លែងដើម។ សុំអស់លោកជួយពួកព្រឹទ្ធាចារ្យរបស់ជនជាតិយូដាក្នុងការសាងសង់​ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើងវិញផង ។ ចំពោះចំណាយក្នុងការសង់ ត្រូវយកពី​ឃ្លាំងរាជទ្រព្យ គឺប្រាក់នៃពន្ធអាករដែលទារពីតំបន់ខាងលិចទន្លេអឺប្រាតមកបើកឱ្យ​ពួកគេគ្រប់ចំនួនកុំបីអាក់ខានឡើយ។ យើងដារីយ៉ូសចេញបញ្ជានេះ ដូច្នេះ ត្រូវតែអនុវត្តតាមជាកំហិត»។ ពួកព្រឹទ្ធាចារ្យនៃជនជាតិយូដាបន្ដការសាង​សង់ព្រះវិហារដោយជោគជ័យ ស្របតាមសេចក្ដីដែលព្យាការីហាកាយ និងព្យាការីសាការីជាកូនរបស់លោកអ៊ីដូបានថ្លែង។ ពួកគេបង្ហើយការសាងសង់ព្រះវិហារ ស្របតាមបញ្ជារបស់ព្រះនៃអ៊ីស្រាអែល និងស្រប​តាមរាជក្រឹត្យរបស់ព្រះចៅស៊ីរូស និងព្រះចៅ​ដារីយ៉ូស។ គេសង់ព្រះដំណាក់ចប់សព្វ​គ្រប់នៅថ្ងៃទីបី ខែផល្គុន ក្នុងឆ្នាំទីប្រាំមួយ នៃរជ្ជកាលព្រះបាទដារីយ៉ូស។ ជនជាតិ​អ៊ីស្រាអែល ក្រុមបូជាចារ្យ ក្រុមលេវី និងប្រជាជននៅសេសសល់ដែលត្រូវគេកៀរ​ទៅជាឈ្លើយ ហើយវិញត្រលប់មកវិញនោះ នាំគ្នាប្រារព្ធពិធីបុណ្យឆ្លងព្រះដំណាក់របស់​ព្រះជាម្ចាស់ ដោយអំណរ។ ក្នុងឱកាសពិធីបុណ្យឆ្លងព្រះដំណាក់របស់ព្រះជាម្ចាស់នេះ​ ពួកគេយកគោបាមួយរយក្បាល ចៀមឈ្មោលពីររយក្បាល និងកូនចៀមចំនួនបួនរយក្បាលមកថ្វាយជាយញ្ញបូជារំដោះបាបសម្រាប់ប្រជាជនអ៊ីស្រាអែលទាំងមូល។ គេក៏​បានថ្វាយពពែឈ្មោលដប់ពីរក្បាល តាមចំនួនកុលសម្ព័ន្ធរបស់ជនជាតិអ៊ីស្រាអែលដែរ។ បន្ទាប់មក គេតែងតាំងក្រុមបូជាចារ្យតាមឋានៈរបស់ពួកគេ ព្រមទាំងតែងតាំងពួកលេវីជាក្រុមៗ តាមមុខងារដែលពួកគេបំពេញថ្វាយព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម ​ដូចមានចែងទុកក្នុងគម្ពីររបស់លោកម៉ូសេ។ អស់អ្នកដែលគេកៀរទៅជាឈ្លើយ ហើយ​វិលត្រឡប់មកវិញនោះ នាំគ្នាប្រារព្ធពិធីបុណ្យចម្លងនៅថ្ងៃទីដប់បួន ក្នុងខែទីមួយ។ ក្រុមបូជាចារ្យ និងក្រុមលេវីនាំគ្នាធើ្វពិធីជម្រះកាយឱ្យបានបរិសុទ្ធ ហើយពួកគេក៏បានបរិសុទ្ធទាំងអស់គ្នា។ ពួកគេអារកកូនចៀមនៃពិធីបុណ្យចម្លងសម្រាប់ប្រជាជនទាំង​អស់ដែលជាប់ជាឈ្លើយ ហើយវិល​ត្រឡប់មកវិញ សម្រាប់ក្រុមបូជាចារ្យជាបងប្អូន និងសម្រាប់ខ្លួនឯងផ្ទាល់។

ទំនុកតម្កើងលេខ ១២២ (១២១) ,១-៥​ បទកាកគតិ

គេប្រាប់ខ្ញុំថាយើងគ្រប់កាយាទៅព្រះដំណាក់
ទីដែលព្រះជាអម្ចាស់គង់ស្នាក់ល្អស្អាតត្រជាក់
ខ្ញុំសប្បាយក្រៃ
យេរូសាឡឹ​មភក្រ្តអ្នប៉ប្រិមឥតមានទាស់អ្វី
យើងនាំគ្នាឈានជើងចូលដល់ដីដល់ទ្វារបុរី
នៃអ្នកហើយណា
យេរូសាឡឹមជាក្រុងមួយធំសែនស្រស់សង្ហា
ដែលសង់ឡើងបានរឹងមាំក្រៃណាកំពែងអស្ចារ្យ
ល្អព័ទ្ធជុំជិត
គ្រប់កុលសម្ព័ន្ធនានារួសរាន់នាំគ្នាមកស្ថិត
ច្រៀងលើកតម្កើងព្រះម្ចាស់មានប្ញទិ្ធតាមច្បាប់នៃជាតិ
ជនអ៊ីស្រាអែល
ទីនេះក៏មានបល្ល័ង្កថ្កើងថ្កាននៃរាជវង្សដែល
ជាស្ដេចដាវីឌបារមីក្រាស់ក្រែលគ្រប់គ្រងក្រវែល
រាស្រ្ដដោយយុត្តិធម៌

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៩,៥-៩

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអនុវត្តតាម អ្នកនោះពិតជាមានសុភមង្គលមែន! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៨,១៩-២១

មាតា និងបងប្អូនរបស់ព្រះយេស៊ូនាំគ្នាមករកព្រះអង្គ ប៉ុន្ដែ មិនអាចចូលទៅជិត​ព្រះអង្គបានឡើយ ព្រោះមានមនុស្សច្រើនពេក។ មានគេទូលព្រះអង្គថា៖ «ម្ដាយ​លោក និងបងប្អូនលោកនៅខាងក្រៅចង់ជួបលោក»។ ព្រះយេស៊ូមានព្រះបន្ទូលទៅ​គេថា៖ «អស់អ្នកដែលស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយប្រតិបត្តិតាម គឺអ្នក​នោះហើយជាម្ដាយ និងជាបងប្អូនរបស់ខ្ញុំ»។

181 Views

Theme: Overlay by Kaira