ថ្ងៃអង្គារ អាទិត្យទី២៣
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃអង្គារ ទី០៩ ខែកញ្ញា ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូឡូស កូឡ ២,៦-១៥
បងប្អូនជាទីស្រឡាញ់!
បងប្អូនបានទទួលព្រះយេស៊ូគ្រីស្ដទុកជាព្រះអម្ចាស់ពីយើងយ៉ាងណាហើយ ចូររស់នៅរួមជាមួយព្រះអង្គយ៉ាងនោះតទៅទៀតទៅ!។ ចូរចាក់ប្ញស និងកសាងជីវិតលើព្រះអង្គ! ចូររក្សាជំនឿឱ្យបានរឹងប៉ឹង ស្របតាមសេចក្ដីប្រៀនប្រដៅដែលបងប្អូនបានទទួល។ ចូរអរព្រះគុណព្រះជាម្ចាស់ឱ្យបានច្រើនលើសលប់។ ចូរប្រុងប្រយ័ត្នកុំឱ្យនរណាម្នាក់មកទាក់ទាញបងប្អូនបាន ដោយប្រើទស្សនវិជ្ជា ឬប្រើពាក្យបោកបញ្ឆោតឥតខ្លឹមសារ ស្របតាមសេចក្ដីប្រៀនប្រដៅរបស់មនុស្សតៗគ្នាមក និងស្របតាមអ្វីៗជាអរូប ដែលមានឥទិ្ធពលលើលោកីយ៍ គឺមិនស្របតាមព្រះគ្រីស្ដទេ ដ្បិតគ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ ស្ថិតនៅយ៉ាងពោរពេញក្នុងរូបកាយព្រះគ្រីស្ដ។ រីឯបងប្អូនក៏បានពោរពេញដូច្នោះដែរ ដោយរួមក្នុងអង្គព្រះគ្រីស្ដដែលជាម្ចាស់លើវត្ថុសក្ដិសិទ្ធិ និងលើអ្វីៗទាំងអស់ដែលមានអំណាចលើលោកនេះ។ ក្នុងអង្គព្រះគ្រីស្ដ បងប្អូនក៏បានទទួលពិធីកាត់ស្បែកដែរ តែមិនមែនពិធីកាត់ស្បែកដោយដៃមនុស្សទេ គឺបងប្អូនបានដោះរូបកាយខាងលោកីយ៍ចេញ នេះហើយជាពិធីកាត់ស្បែកតាមរបៀបព្រះគ្រីស្ដ។ ពេលបងប្អូនទទួលអគ្គសញ្ញាជ្រមុជទឹក បងប្អូនកប់ខ្លួនក្នុងផ្នូររួមជាមួយព្រះគ្រីស្ដ។ ដោយបងប្អូនរួមក្នុងអង្គព្រះគ្រីស្ដ បងប្អូនក៏មានជីវិតរស់ឡើងវិញរួមជាមួយព្រះអង្គដែរ ព្រោះបងប្អូនមានជំនឿលើប្ញទ្ធានុភាពរបស់ព្រះជាម្ចាស់ ដែលបានប្រោសព្រះគ្រីស្ដឱ្យទទួលព្រះជន្មដ៏រុងរឿង។ ពីដើមបងប្អូនស្លាប់ព្រោះកំហុសរបស់ខ្លួន និងមកពីបងប្អូនពុំបានទទួលពិធីកាត់ស្បែកខាងរូបកាយមែន តែឥឡូវនេះ ព្រះជាម្ចាស់បានប្រោសឱ្យបងប្អូនមានជីវិតរួមជាមួយព្រះគ្រីស្ដ។ ព្រះអង្គបានលើកលែងទោសទាំងប៉ុន្មានរបស់យើង។ ព្រះអង្គបានលុបបញ្ជីដែលចោទប្រកាន់ទាស់នឹងយើងតាមធម្មវិន័យនោះចោល។ ព្រះអង្គបានដកបញ្ជីនេះចេញដោយយកទៅដាក់ភ្ជាប់នឹងឈើឆ្កាង។ ព្រះអង្គបានដកប្ញទ្ធិចេញពីវត្ថុសក្ដិសិទ្ធិ និងពីអ្វីៗដែលមានអំណាច គឺព្រះអង្គបានបំបាក់មុខពួកវាជាសាធារណៈ ទាំងនាំវាឱ្យទៅជាឈ្លើយក្នុងពេលហែក្បួនជ័យជម្នះរបស់ព្រះអង្គ។
ទំនុកតម្កើងលេខ ១៤៥ (១៤៤) ,១-២.៨-១១ បទកាកគតិ
| ១ | បពិត្រព្រះម្ចាស់ | ជាក្សត្ររបស់ | រូបទូលបង្គំ |
| ពេលនេះខ្ញុំកោត | នាមព្រះឧត្តម | អស់កល្បយូរលង់ |
| | ជារៀងដរាប | ។ |
| ២ | ខ្ញុំសូមតម្កើង | ព្រះអង្គខ្ពស់ឡើង | តទៅរៀងរៀប |
| ខ្ញុំសូមសរសើរ | ព្រះនាមល្អគាប់ | អស់កល្បដរាប |
| | រហូតតទៅ | ។ |
| ៨ | ព្រះជាអម្ចាស់ | ប្រកបដោយព្រះ | ហប្ញទ័យត្រចង់ |
| ប្រណីសន្ដោស | ករុណាហ្មត់ហ្មង | អត់ធ្មត់កន្លង |
| | អាណិតមេត្តា | ។ |
| ៩ | ព្រះជាអម្ចាស់ | ព្រះទ័យសប្បុរស | លើមនុស្សលោកា |
| ទ្រង់មានព្រះទ័យ | សន្ដោសករុណា | មនុស្សគ្រប់អាត្មា |
| | រស់ពេញផែនដី | ។ |
| ១០ | បពិត្រព្រះម្ចាស់ | សត្វលោកទាំងអស់ | មានច្រើនពេកក្រៃ |
| នាំគ្នាតម្កើង | រុងរឿងសិរី | រាស្រ្ដទាំងប្រុសស្រី |
| | ក៏ថ្កើងទ្រង់ដែរ | ។ |
| ១១ | គេនឹងរៀបរាប់ | ព្រះនាមគួរគាប់ | រុងរឿងស្ថិតស្ថេរ |
| របស់ព្រះអង្គ | ឥតមានប្រួលប្រែ | អានុភាពឥតកែ |
| | ព្រះអង្គនៅគង់ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៥,១៦
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់បានជ្រើសរើសពួកគេពីចំណោមមនុស្សលោក ដើម្បីឱ្យគេបង្កើតផល ព្រមទាំងឱ្យផលរបស់គេនៅស្ថិតស្ថេរ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៦,១២-១៩
នៅគ្រានោះ ព្រះយេស៊ូយាងឡើងទៅលើភ្នំដើម្បីអធិដ្ឋាន។ ព្រះអង្គអធិដ្ឋានពេញមួយយប់។ លុះព្រលឹមឡើង ព្រះអង្គត្រាស់ហៅក្រុមសាវ័កមក។ ក្នុងចំណោមសាវ័កទាំងនោះ ព្រះអង្គជ្រើសយកដប់ពីរនាក់ ហើយទ្រង់ប្រទានងារជាទូតរបស់ព្រះអង្គ គឺមានស៊ីម៉ូន ដែលទ្រង់ប្រទានឈ្មោះថា សិលា និងអន់ដ្រេជាប្អូនរបស់គាត់ យ៉ាកុប យ៉ូហាន ភីលីព បាថូឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកុបជាកូនលោកអាល់ផាយ ស៊ីម៉ូនហៅអ្នកជាតិនិយម យូដាសជាកូនលោកយ៉ាកុប និងយូដាសអ៊ីស្ការីយ៉ុត ដែលនឹងក្បត់ព្រះអង្គ។ ព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសាវ័កទាំងដប់ពីរនាក់ មកប្រថាប់នៅត្រង់កន្លែងមួយរាបស្មើ។ នៅទីនោះមានសាវ័កជាច្រើន និងមហាជនពីស្រុកយូដា ពីក្រុងយេរូសាឡឹម ពីក្រុងទីរ៉ូស និងក្រុងស៊ីដូន នៅតាមមាត់សមុទ្រ មករង់ចាំព្រះអង្គយ៉ាងកកកុញ។ គេនាំគ្នាមកស្ដាប់ព្រះអង្គ និងសូមព្រះអង្គប្រោសឱ្យជាពីជំងឺ។ រីឯអស់អ្នកដែលមានខ្មោចចូលក៏បានជាដែរ។ បណ្ដាជនប្រជៀតគ្នាចូលមកពាល់ព្រះយេស៊ូ ដ្បិតមានប្ញទ្ធានុភាពចេញពីព្រះអង្គមកប្រោសគេឱ្យជាគ្រប់ៗគ្នា។
514 Views
Post Views:
527