អត្ថបទព្រះគម្ពីរ
ថ្ងៃអង្គារ ទី៧ ខែកញ្ញា ឆ្នាំ២០២១
អាទិត្យទី២៣ រដូវធម្មតា
ព័ណ៌បៃតង

អត្ថបទទី១ ឆ្នាំសេស
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូឡូស កូឡ ២,៦-១៥

បងប្អូនជាទីស្រឡាញ់! បងប្អូនបានទទួលព្រះយេស៊ូគ្រីស្ដ ទុកជាព្រះអម្ចាស់ពីយើងយ៉ាងណាហើយ ចូររស់នៅរួមជាមួយព្រះអង្គយ៉ាងនោះតទៅទៀតទៅ!។ ចូរចាក់ប្ញស​ និងកសាងជីវិតលើព្រះអង្គ! ចូររក្សាជំនឿឲ្យបានរឹងប៉ឹង ស្របតាមសេចក្ដីប្រៀនប្រដៅដែលបងប្អូនបានទទួល ។ ចូរអរព្រះគុណព្រះជាម្ចាស់ ឲ្យបានច្រើនលើសលប់។
ចូរប្រុងប្រយ័ត្នកុំឲ្យនរណាម្នាក់មកទាក់ទាញបងប្អូនបាន ដោយប្រើទស្សនវិជ្ជា ឬប្រើពាក្យបោកបញ្ឆោតឥតខ្លឹមសារ ស្របតាមសេចក្ដីប្រៀនប្រដៅរបស់មនុស្សតៗគ្នាមក និងស្របតាមអ្វីៗជាអរូប ដែលមានឥទិ្ធពលលើលោកីយ៍ គឺមិនស្របតាមព្រះគ្រីស្ដទេ ដ្បិតគ្រប់លក្ខណសម្បិត្តរបស់ព្រះជាម្ចាស់ ស្ថិតនៅយ៉ាងពោរពេញក្នុងរូបកាយព្រះគ្រីស្ដ។ រីឯបងប្អូនក៏បានពោរពេញដូច្នោះដែរ ដោយរួមក្នុងអង្គព្រះគ្រីស្ដដែលជាម្ចាស់លើវត្ថុសក្ដិសិទ្ធិ និងលើអ្វីៗទាំងអស់ដែលមានអំណាចលើលោកនេះ។
ក្នុងអង្គព្រះគ្រីស្ដ បងប្អូនក៏បានទទួលពិធីកាត់ស្បែកដែរ តែមិនមែនពិធីកាត់ស្បែកដោយដៃមនុស្សទេ គឺបងប្អូនបានដោះរូបកាយខាងលោកីយ៍ចេញ នេះហើយជាពិធីកាត់ស្បែកតាមរបៀបព្រះគ្រីស្ដ។ ពេលបងប្អូនទទួលអគ្គសញ្ញាជ្រមុជទឹក ​បងប្អូនក៏មានជីវិតរស់ឡើងវិញរួមជាមួយព្រះអង្គដែរ ព្រោះបងប្អូនមានជំនឿលើប្ញទ្ធានុភាពរបស់ព្រះជាម្ចាស់ ដែលបានប្រោសព្រះគ្រីស្ដឲ្យទទួលព្រះជន្មដ៏រុងរឿង។ ពីដើមបងប្អូនស្លាប់ព្រោះកំហុសរបស់ខ្លួន និងមកពីបងប្អូនពុំបានទទួលពិធីកាត់ស្បែកខាងរូបកាយមែន តែឥឡូវនេះ ព្រះជាម្ចាស់បានប្រោសឲ្យបងប្អូនមានជីវិតរួមជាមួយព្រះគ្រីស្ដ។
ព្រះអង្គបានលើកលែងទោសទាំងប៉ុន្មានរបស់យើង។ ព្រះអង្គបានលុបបញ្ជីដែលចោទប្រកាន់ទាស់នឹងយើងតាមធម្មវិន័យនោះចោល​។ ព្រះអង្គបានដកបញ្ជីនេះចេញដោយយកទៅដាក់ភ្ជាប់នឹងឈើឆ្កាង។ ព្រះអង្គបានដកប្ញទ្ធិចេញពីវិត្ថុសក្ដិសិទ្ធិ និងពីអ្វីៗដែលមានអំណាច គឺព្រះអង្គបានបំបាក់មុខពួកវាជាសាធារណៈ ទាំងនាំវាឲ្យទៅជាឈ្លើយក្នុងពេលហែក្បួនជ័យជម្នះរបស់ព្រះអង្គ។ 

ទំនុកតម្កើងលេខ​ ១៤៥ (១៤៤),១-២.៨-១១        បទកាកគតិ

១.បពិត្រព្រះម្ចាស់ ជាក្សត្ររបស់​ រូបទូលបង្គំ ពេលនេះខ្ញុំកោត
នាមព្រះឧត្ដមអស់កល្បយូរលង់ជារៀងដរាប ។
២. ខ្ញុំសូមតម្កើងព្រះអង្គខ្ពស់ឡើងរទៅរៀងរៀបខ្ញុំសូមសរសើរ
ព្រះនាមល្អគាប់អស់កល្បដរាបរហូតតទៅ ។
៨. ព្រះជាអម្ចាស់ប្រកបដោយព្រះហឫទ័យត្រចង់ប្រណីសន្ដោស
ករុណាហ្មត់ហ្មងអត់ធ្មត់កន្លងអាណិតមេត្តា ។
៩.ព្រះជាអម្ចាស់ព្រះទ័យសប្បុរសលើមនុស្សលោកាទ្រង់មានព្រះទ័យ
សន្ដោសករុណាមនុស្សគ្រប់អាត្មារស់ពេញផែនដី ។
១០.បពិត្រព្រះម្ចាស់សត្វលោកទាំងអស់មានច្រើនពេកក្រៃនាំគ្នាតម្កើង
រុងរឿងសិរីរាស្រ្ដទាំងប្រុសស្រីក៏ថ្កើងទ្រង់ដែរ ។
១១.គេនឹងរៀបរាប់ព្រះរាជ្យគួរគាប់រុងរឿងស្ថិតស្ថេររបស់ព្រះអង្គ
ឥតមានប្រួលប្រែអនុភាពឥតកែព្រះអង្គនៅគង់ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ យហ ១៥,១៦

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់បានជ្រើសរើសពួកគេពីចំណោមមនុស្សលោក
ដើម្បីឲ្យគេបង្កើតផល ព្រមទាំងឲ្យផលរបស់គេនៅស្ថិតស្ថេរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក​ , ១២-១៩

នៅគ្រានោះ ព្រះយេស៊ូយាងឡើងទៅលើភ្នំដើម្បីអធិដ្ឋាន ។ ព្រះអង្គអធិដ្ឋានពេញមួយយប់។ លុះព្រលឹមឡើង ព្រះអង្គត្រាស់ហៅក្រុមសាវ័កមក ។ ក្នុងចំណោមសាវ័កទាំងនោះ ព្រះអង្គជ្រើសរើសដប់ពីរនាក់ ហើយទ្រង់ប្រទាបងារជាទូតរបស់ព្រះអង្គគឺមានស៊ីម៉ូន ដែលទ្រង់ប្រទានឈ្មោះថា សិលា និងអន់ដ្រេជាប្អូនរបស់គាត់ យ៉ាកុប យ៉ូហាន ភីលីព បាថូឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកុបជាកូនលោកអាល់ផាយ​ស៊ីម៉ូនហៅជិាតនិយម យួដាសជាកូនលោកយ៉ាកុប និងយូដាសអ៊ីស្ការីយ៉ុត ដែលនឹងក្បត់ព្រះអង្គ។
ព្រះយេស៊ូយាងចុះពីលើភ្នំជាមួយក្រុមសាវ័កទាំងដប់ពីរនាក់ មកប្រថាប់នៅត្រង់កន្លែងមួយរាបស្មើ។ នៅទីនោះមានសាវ័កជាច្រើន និងមហាជនពីស្រុកយ៉ូដា ពីក្រុងយេរូសាឡឹម ពីក្រុងទីរ៉ូសនិងក្រុងស៊ីដូន នៅតាមមាត់សមុទ្រ មករង់ចាំព្រះអង្គ និងសូមព្រះអង្គយ៉ាងកកកុញ។ គេនាំគ្នាមកស្ដាប់ព្រះអង្គ និងសូមព្រះអង្គប្រោសឲ្យគេជាពីជំងឺ។ រីឯអស់អ្នកដែលមានខ្មោចចូលក៏បានជាដែរ ។ បណ្ដាលជនប្រជៀតគ្នាចូលមកពាលព្រះយេស៊ូ ដ្បិតមានប្ញទ្ធានុភាពចេញពីព្រះអង្គមកប្រោសគេឲ្យជាគ្រប់ៗគ្នា។

ខែ​តុលា 2024
ព្រ សុ អា
 123456
78910111213
14151617181920
21222324252627
28293031  
286 Views

Theme: Overlay by Kaira