ថ្ងៃអង្គារ អាទិត្យទី២២
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌បៃតង
ថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២៦
សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ២,១០-១៦
បងប្អូនជាទីស្រឡាញ់!
ព្រះវិញ្ញាណឈ្វេងយល់អ្វីៗទាំងអស់ សូម្បីតែជម្រៅនៃព្រះហប្ញទ័យរបស់ព្រះជាម្ចាស់ក៏ទ្រង់ឈ្វេងយល់ដែរ។ ចំពោះមនុស្សគ្មាននរណាយល់អំពីខ្លួនឯងបានក្រៅពីវិញ្ញាណដែលនៅក្នុងខ្លួនគេនោះទេ។ រីឯព្រះជាម្ចាស់ក៏ដូច្នោះដែរ គ្មាននរណាម្នាក់យល់អំពីព្រះអង្គបានក្រៅពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នោះឡើយ។ ចំពោះយើង យើងពុំបានទទួលវិញ្ញាណលោកីយ៍ទេ គឺយើងបានទទួលព្រះវិញ្ញាណដែលមកពីព្រះជាម្ចាស់ ដើម្បីឱ្យយើងស្គាល់អ្វីៗដែលព្រះអង្គប្រោសប្រទានមកយើង។ យើងនិយាយសេចក្ដីទាំងនេះ ដោយមិនប្រើពាក្យពេចន៍ដែលប្រាជ្ញារបស់មនុស្សបង្រៀននោះឡើយ គឺយើងប្រើតែពាក្យណាដែលព្រះវិញ្ញាណបង្រៀន ដើម្បីពន្យល់សេចក្ដីពិតខាងវិញ្ញាណដល់មនុស្សដែលបានទទួលព្រះវិញ្ញាណ។ មនុស្សធម្មតាមិនទទួលសេចក្ដីដែលមកពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទេ ព្រោះគេយល់ថា សេចក្ដីទាំងនោះជារឿងលេលា ហើយក៏គេពុំអាចយល់បានដែរ ព្រោះមានតែព្រះវិញ្ញាណប៉ុណ្ណោះទេដែលប្រទានឱ្យយើងអាចរិះគិតវិនិច្ឆ័យសេចក្ដីទាំងនោះបាន។ រីឯអ្នកដែលបានទទួលព្រះវិញ្ញាណ អ្នកនោះអាចរិះគិតវិនិច្ឆ័យបានទាំងអស់ ហើយគ្មាននរណាវិនិច្ឆ័យអ្នកនោះបានឡើយ ដ្បិតក្នុងគម្ពីរមានចែងថា៖«តើនរណាស្គាល់គំនិតរបស់ព្រះអម្ចាស់? តើនរណាអាចថ្វាយយោបល់ព្រះអង្គបាន?»។ រីឯយើងវិញយើងមានគំនិតរបស់ព្រះគ្រីស្ដហើយ!។
ទំនុកតម្កើងលេខ ១៤៥ (១៤៤) ,៨-១៤ បទកាកគតិ
| ៨ | ព្រះជាអម្ចាស់ | ប្រកបដោយព្រះ | ហប្ញទ័យត្រចង់ |
| ប្រណីសន្ដោស | ករុណាហ្មត់ហ្មង | អត់ធ្មត់កន្លង |
| | អាណិតមេត្តា | ។ |
| ៩ | ព្រះជាអម្ចាស់ | ព្រះទ័យសប្បុរស | លើមនុស្សលោកា |
| ទ្រង់មានព្រះទ័យ | សន្ដោសករុណា | មនុស្សគ្រប់អាត្មា |
| | រស់ពេញផែនដី | ។ |
| ១០ | បពិត្រព្រះម្ចាស់ | សត្វលោកទាំងអស់ | មានច្រើនពេកក្រៃ |
| នាំគ្នាតម្កើង | រុងរឿងសិរី | រាស្រ្ដទាំងប្រុសស្រី |
| | ក៏ថ្កើងទ្រង់ដែរ | ។ |
| ១១ | គេនឹងរៀបរាប់ | ព្រះរាជ្យគួរគាប់ | រុងរឿងស្ថិតស្ថេរ |
| របស់ព្រះអង្គ | ឥតមានប្រួលប្រែ | អានុភាពឥតកែ |
| | ព្រះអង្គនៅគង់ | ។ |
| ១២ | ដើម្បីឱ្យមនុស្ស | ទាំងស្រីទាំងប្រុស | គ្រប់គ្នាបានដឹង |
| ពីការអស្ចារ្យ | របស់ព្រះអង្គ | រស្មីរឿងរុង |
| | ចិញ្ចែងចិញ្ចាច | ។ |
| ១៣ | ព្រះរាជ្យព្រះអង្គ | ស្ថិតនៅយូរលង់ | ពេញដោយអំណាច |
| គ្រងរាជ្យអស់កល្ប | ព្រោះទ្រង់ជាសេ្ដច | បារមីអង់អាច |
| | ស្ថិតយូរវស្សា | ។ |
| ព្រះអម្ចាស់តែង | គោរពឥតក្លែង | បន្ទូលសន្យា |
| អ្វីដែលទ្រង់ធើ្វ | សុទ្ធតែអស្ចារ្យ | សប្បុរសមេត្តា |
| | ករុណាអាសូរ | ។ |
| ១៤ | ព្រះអង្គលើកស្ទួយ | អ្នកហេវហត់ព្រួយ | ដួលយំស្រែកថ្ងូរ |
| ទ្រង់លើកអ្នកអស់ | សង្ឃឹមឱ្យឈរ | ពង្រឹងជំហរ |
| | ឱ្យល្អវិញបាន | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៧,១៦
អាលេលូយ៉ា! អាលេលូយ៉ា!
«មានព្យាការីដ៏ប្រសើរម្នាក់បានមកនៅក្នុងចំណោមយើង! ព្រះជាម្ចាស់យាងមករំដោះប្រជារាស្រ្ដរបស់ព្រះអង្គហើយ»! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៤,៣១-៣៧
ព្រះយេស៊ូទៅក្រុងកាផានុម ក្នុងស្រុកកាលីឡេ។ នៅទីនោះ ព្រះអង្គបង្រៀនបណ្ដាជនជារៀងរាល់ថ្ងៃសប្ប័ទ។ មនុស្សគ្រប់គ្នាងឿងឆ្ងល់យ៉ាងខ្លាំង អំពីបែបបទដែលព្រះអង្គបង្រៀន ព្រោះព្រះអង្គមានព្រះបន្ទូលប្រកបដោយអំណាច។ នៅក្នុងធម្មសាលា មានបុរសម្នាក់ខ្មោចចូលស្រែកឡើងខ្លាំងៗថា៖«ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតអើយ! តើព្រះអង្គចង់ធើ្វអ្វីដល់យើង? ព្រះអង្គមកបំផ្លាញ់យើង។ ខ្ញុំស្គាល់ព្រះអង្គហើយ! ព្រះអង្គជាព្រះដ៏វិសុទ្ធដែលមកពីព្រះជាម្ចាស់»។ ព្រះយេស៊ូគំរាមខ្មោចនោះថា៖«ស្ងៀម! ចេញពីអ្នកនេះទៅ!»។ ខ្មោចក៏ផ្ដួលបុរសនោះនៅកណ្ដាលចំណោមបណ្ដាជន រួចចេញទៅដោយពុំមានធើ្វឱ្យគាត់ឈឺចាប់អ្វីឡើយ។ មនុស្សម្នាភ័យស្រឡាំងកាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖«ចុះពាក្យសម្ដីរបស់លោកនេះអីក៏ពូកែម្លេះ! មើល៍លោកមានអំណាច និងប្ញទ្ធានុភាព អាចបញ្ជាទៅខ្មោចឱ្យវាចេញ ហើយវាធើ្វតាម» ។ បន្ទាប់មក ព្រះកិត្តិនាមរបស់ព្រះយេស៊ូល្បីខ្ចរខ្ចាយពាសពេញតំបន់នោះ។
533 Views
Post Views:
536