អត្ថបទថ្ងៃអង្គារ៍ អាទិត្យទី២២ រដូវធម្មតា
ថ្ងៃអង្គារ៍ ទី៣១ ខែសីហា ឆ្នាំ២០២១ ព័ណបៃតង
អត្ថបទទី១ ឆ្នាំសេស
សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងថេសាឡូនិក ១ ថស ៥, ១-៦.៩-១១
បងប្អូនជាទីស្រឡាញ់! ចំពោះពេលវេលា និងពេលកំណត់ដែលព្រះគ្រីស្ដយាងមកយើងមិនបាច់សរសេរមកប្រាប់បងប្អូនទេ ដ្បិតបងប្អូនជ្រាបស្រាប់ហើយថា ថ្ងៃដែលព្រះអម្ចាស់យាងមក ប្រៀបបីដូចជាចោរចូលលួចនៅពេលយប់ ។ ពេលណាមនុស្សម្នាពោលថា “មានសន្ដិភាពហើយ! មានសន្ដិភាពហ់ើយ! ” ពេលនោះ មហន្ដរាយនឹងធ្លាក់លើគេមួយរំពេច ពុំអាចគេចផុតបានឡើយ គឺប្រៀបបីដូចជាស្ដ្រីហៀបនឹងសម្រាលកូនឈឺចុកចាប់ដែរ ។រីឯបងប្អូនវិញ បងប្អូនមិនមែនស្ថិតនៅក្នុងភាពងងឹត បណ្ដោយឲ្យថ្ងៃនោះមកដល់ដោយមិនដឹងខ្លួនដូចជាពេលចោរចូលលួចនោះឡើយ ។ បងប្អូនទាំងអស់គ្នារស់នៅក្នុងពន្លឺ រស់នៅក្នុងពេលថ្ងៃ យើងមិនរស់នៅក្នុងយប់អន្ធការ និងក្នុងភាពងងឹតទេ ។ ហេតុនេះ យើងមិនត្រូវដេកលក់ដូចអ្នកឯទៀតៗឡើយ ផ្ទុយទៅវិញត្រូវប្រុងស្មារតី ហើយចេះប៉ាន់ប្រមាណជានិច្ច ដ្បិតព្រះជាម្ចាស់មិនបានតម្រូវឲ្យយើងត្រូវព្រះពិរោធឡើយ គឺព្រះអង្គឲ្យយើងទទួលការសង្គ្រោះ ដោយសារព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើង បានសោយទិវង្គិតសម្រាប់យើង ដើម្បីឲ្យយើងរស់រួមជាមួយព្រះអង្គទោះបីយើងនៅរស់ក្ដីស្លាប់ក្ដី ។ ដូច្នេះ ចូរដាស់តឿនគ្នានិងអប់រំគ្នាទៅវិញទៅមក ដូចបងប្អូនធ្លាប់ធើ្វស្រាប់ ។
ទំនុកតម្កើងលេខ ២៧ (២៦),១.៤.១៣-១៤ បទពាក្យ ៧
១. | ព្រះអម្ចាស់ទ្រង់ជាពន្លឺ | នាមល្បីរន្ទឺព្រះសង្គ្រោះ |
មិនឲ្យខ្ញុំខ្លាចនរណាសោះ | ជាកំពែងខ្ពស់ជួយជីវិត ។ | |
៤. | ខ្ញុំទូលព្រះម្ចាស់នូវសេចក្ដី | តែមួយគត់ខ្លីឲ្យបានច្បាស់ |
គឺចង់ស្នាក់នៅដំណាក់ព្រះ | ឥតមានក្រឡះមួយជីវិត ។ | |
ដើម្បីខ្ញុំបានកោតស្ញែងស្ញប់ | ឫទ្ធានុភាពថ្កុំថ្កើងពិត | |
នឹងថ្វាយបង្គំម្ចាស់ជីវិត | ព្រះអង្គគង់ស្ថិតក្នុងវិហារ ។ | |
១៣. | ខ្ញុំជឿជាក់ថាខ្ញុំនឹងបាន | ឃើញសុខក្សេមក្សាន្ដមិនអាស្រូវ |
មង្គលកើតពីព្រះម្ចាស់នៅ | ក្នុងលោកតទៅជាមិនខាន ។ | |
១៤. | ចូរទុកចិត្តលើព្រះអម្ចាស់ | ព្រះអង្គជាព្រះដ៏ថ្កើងថ្កាន |
ចូរមានកម្លាំងចិត្តក្លាហាន | នោះអ្នកនឹងមានសុភមង្គល ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ លក ៧,១៦
អាលេលូយ៉ា! អាលេលូយ៉ា! មានព្យាការីដ៏ប្រសើរម្នាក់បាននៅក្នុងចំណោមយើង! ព្រះជាម្ចាស់យាងមករំដោះប្រជារាស្រ្ដរបស់ព្រះអង្គហើយ! អាលេលូយ៉ា! |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៤, ៣១-៣៧
ព្រះយេស៊ូយាងទៅក្រុងកាផានុម ក្នុងស្រុកកាលីឡេ ។ នៅទីនោះ ព្រះអង្គបង្រៀនបណ្ដាជនជារៀងរាល់ថ្ងៃសប្ប័ទ។ មនុស្សគ្រប់គ្នាស្ងើចសរសើរយ៉ាងខ្លាំង អំពីបែបបទដែលព្រះអង្គបង្រៀន ព្រោះព្រះអង្គមានព្រះបន្ទូលប្រកបដោយអំណាច ។ នៅក្នុងធម្មសាលា មានបុរសម្នាក់ខ្មោចចូល ស្រែកខ្លាំងៗឡើងថា ៖ « ព្រះយេស៊ូអ្នកភូមិណាសារ៉ែតអើយ! តើព្រះអង្គចង់ធើ្វអ្វីដល់យើង? ព្រះអង្គមកបំផ្លាញ់យើង ។ ខ្ញុំស្គាល់ព្រះអង្គហើយ! ព្រះអង្គជាព្រះដ៏វិសុទ្ធដែលមកពីព្រះជាម្ចាស់» ។ ព្រះយេស៊ូគំរាមខ្មោចនោះថា៖ «ស្ងៀម! ចេញពីអ្នកនេះទៅ! » ។ ខ្មោចក៏ផ្ដួលបុរសនោះនៅកណ្ដាលចំណោមបណ្ដាជន រួចចេញទៅ ដោយពុំមានធើ្វឲ្យគាត់ឈឺចាប់អ្វីឡើយ ។ មនុស្សម្នាភ័យស្រឡាំងកាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «ចុះពាក្យសម្ដីរបស់លោកនេះអីក៏ពូកែម្លេះ! មើល៍!លោកមានអំណាចនិងប្ញទ្ធានុភាព អាចបញ្ជាទៅខ្មោចឲ្យចេញ ហើយវាធើ្វតាម»។ បន្ទាប់មក ព្រះកិត្តិនាមរបស់ព្រះយេស៊ូល្បីខ្ចរខ្ចាយពាសពេញតំបន់នោះ ។