ថ្ងៃសៅរ៍ អាទិត្យទី២១
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងលិខិតទី១របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងថេស្សាឡូនិក ១ ថស ៤,៩-១១
បងប្អូនជាទីស្រឡាញ់!
រីឯការស្រឡាញ់គ្នាជាបងប្អូនវិញ យើងមិនចាំបាច់សរសេរមកទូន្មានបងប្អូនទេ ដ្បិតបងប្អូនបានរៀនពីព្រះជាម្ចាស់ឱ្យចេះស្រឡាញ់គ្នាទៅវិញទៅមក ដូចបងប្អូនបានស្រឡាញ់បងប្អូនទាំងអស់នៅស្រុកម៉ាសេដូនទាំងមូលស្រាប់ហើយ។ ប៉ុន្តែ បងប្អូនអើយ យើងសូមដាស់តឿនបងប្អូនថា សូមស្រឡាញ់ឱ្យបានប្រសើរលើសនេះទៅទៀត!។ ចូរយកចិត្តទុកដាក់រស់នៅឱ្យបានស្រគត់ស្រគំ គិតតែពីកិច្ចការខ្លួនឯង និងធ្វើការដោយកម្លាំងខ្លួនឯងផ្ទាល់ ដូចយើងបានផ្ដាំផ្ញើបងប្អូនរួចស្រេចហើយ។
ទំនុកតម្កើងលេខ ៩៨ (៩៧),១.៧-១០ បទកាតគតិ
| ១ | ចូរច្រៀងបទថ្មី | ថ្វាយព្រះម្ចាស់ថ្លៃ | កុំភ្លេចឡើយណា |
| ដ្បិតទ្រង់ប្រព្រឹត្ត | សព្វកិច្ចអស្ចារ្យ | ដោយប្ញទិ្ធចេស្ដា |
| | យកជ័យជម្នះ | ។ |
| ៧ | ចូរសមុទ្រលាន់ | រលករាប់ពាន់ | រំពងអាកាស |
| ចូរឱ្យផែនដី | និងអ្វីទំាងអស់ | មានជីវិតរស់ |
| | ស្រែកឮអឺងកង | ។ |
| ៨ | ទន្លេទំាងឡាយ | ចូរអរសប្បាយ | សាទរត្រសង |
| ចូរភ្នំទំាងអស់ | ស្រែកហ៊ោអឺងកង | ព្រមៗគ្នាឡើង |
| | ដោយស័ព្ទខ្ញៀវខ្ញា | ។ |
| ៩ | ចំពោះព្រះភក្រ្ដ | ព្រះអង្គម្ចាស់ជាក់ | គ្រប់គ្រងលោកា |
| លើភពផែនដី | យុតិធម៌ថ្លៃថ្លា | អស់រាស្រ្ដប្រជា |
| | ទៀងត្រង់បរិសុទ្ធ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១,២-៣
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកចូលចិត្តធម្មវិន័យរបស់ព្រះអម្ចាស់ពិតជាមានសុភម្គលហើយ! អ្នកបង្កើតមគ្គផលតាមរដូវកាល។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២៥,១៤-៣០
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័ក អំពីពេលព្រះអង្គយាងមកវិញ។ ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នាថា៖ «ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបាននឹងបុរសម្នាក់ ដែលហៀបចេញដំណើរទៅស្រុកឆ្ងាយ។ គាត់ហៅពួកអ្នកបម្រើមកប្រគល់ទ្រព្យសម្បត្តិឱ្យ។គាត់ប្រគល់ប្រាក់ឱ្យអ្នកបម្រើម្នាក់ៗតាមសមត្ថភាពរៀងៗខ្លួន គឺឱ្យប្រាំណែនទៅអ្នកទីមួយ ពីរណែនទៅអ្នកទីពីរ និងមួយណែនទៅអ្នកទីបី រួចគាត់ចេញដំណើរទៅ។ អ្នកបម្រើដែលបានទទួលប្រាក់ប្រាំណែនយកប្រាក់ចេញទៅរកស៊ីភ្លាម ហើយចំណេញបានប្រាំណែនទៀត។ អ្នកទីពីរក៏ដូច្នោះដែរ គាត់យកប្រាក់ពីរណែននោះទៅរកស៊ី ចំណេញបានពីរណែនទៀត។ រីឯអ្នកដែលទទួលប្រាក់មួយណែនបានចេញទៅជីកដីកប់ប្រាក់ម្ចាស់របស់ខ្លួនទុក។ លុះយូរក្រោយមក ម្ចាស់វិលត្រឡប់មកវិញ ហើយគិតបញ្ជីជាមួយអ្នកទាំងបីនោះ។ អ្នកទទួលប្រាក់ប្រាំណែនយកប្រាក់ដែលចំណេញបានប្រាំណែនចូលមកជូនម្ចាស់ ដោយពោលថាៈ “លោកម្ចាស់! លោកបានប្រគល់ប្រាក់ប្រាំណែនឱ្យខ្ញុំប្របាទ ឥឡូវនេះ ខ្ញុំប្របាទចំណេញបានប្រាំណែនទៀត”។ ម្ចាស់ក៏ពោលទៅគាត់ថាៈ “ល្អហើយ! អ្នកបម្រើដ៏ប្រសើរ មានចិត្តស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ ខ្ញុំនឹងតាំងអ្នកឱ្យមើលខុសត្រូវលើកិច្ចការធំៗ។ ចូរអ្នកចូលមកសប្បាយរួមជាមួយនឹងខ្ញុំចុះ”។ អ្នកទទួលប្រាក់ពីរណែនក៏យកប្រាក់ដែលចំណេញបានពីរណែនទៀតនោះចូលមកដែរ ហើយជម្រាបថាៈ “លោកម្ចាស់! លោកបានប្រគល់ប្រាក់ពីរណែនឱ្យខ្ញុំប្របាទ ឥឡូវនេះ ខ្ញុំប្របាទចំណេញបានពីរណែនទៀត”។ ម្ចាស់ក៏ពោលទៅគាត់ថាៈ “ល្អហើយ! អ្នកបម្រើដ៏ប្រសើរមានចិត្តស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ ខ្ញុំនឹងតាំងអ្នកឱ្យមើលខុសត្រូវលើកិច្ចការធំៗ។ ចូរអ្នកចូលមកសប្បាយរួមជាមួយនឹងខ្ញុំចុះ”។ បន្ទាប់មក អ្នកដែលបានទទួលប្រាក់មួយណែនក៏ចូលមក ហើយជម្រាបថាៈ “លោកម្ចាស់! ខ្ញុំប្របាទដឹងថាលោកជាមនុស្សតឹងតែងណាស់។ លោកតែងច្រូតយកផលពីស្រែដែលលោកមិនបានសាបព្រោះ ហើយប្រមូលយកផលពីដំណាំដែលលោកមិនបានដាំ។ ខ្ញុំប្របាទបានយកប្រាក់ដែលលោកប្រគល់ឱ្យ ទៅជីកដីកប់ ព្រោះខ្ញុំប្របាទភ័យខ្លាចពេក។ ឥឡូវនេះ សូមលោកម្ចាស់យកប្រាក់របស់លោកវិញចុះ”។ ម្ចាស់ក៏ពោលទៅអ្នកនោះថាៈ “នែ៎ អ្នកបម្រើអាក្រក់ ខ្ជិលច្រអូសអើយ! អ្នកដឹងស្រាប់ហើយថា ខ្ញុំតែងច្រូតយកផលពីស្រែដែលខ្ញុំមិនបានសាបព្រោះ និងប្រមូលផលពីដំណាំដែលខ្ញុំមិនបានដាំ។ គួរតែអ្នកយកប្រាក់ខ្ញុំទៅចងការ កាលណាខ្ញុំត្រឡប់មកវិញ ខ្ញុំនឹងទទួលប្រាក់ ទាំងដើម ទាំងការ!។ ចូរយកប្រាក់ពីអ្នកនេះ ប្រគល់ឱ្យអ្នកដែលមានដប់ណែននោះទៅ ដ្បិតអ្នកណាមានហើយ អ្នកនោះនឹងទទួលបរិបូណ៌ហូរហៀរថែមទៀត។ រីឯអ្នកដែលគ្មានវិញ គេនឹងដកហូតនូវអ្វីៗដែលអ្នកនោះមានផង។ ចំណែកឯអ្នកបម្រើឥតបានការនេះ ចូរយកគាត់ទៅចោលនៅទីងងឹតខាងក្រៅ ជាកន្លែងយំសោក ខឹងសង្កៀតធ្មេញនោះទៅ!”»។
442 Views
Post Views:
461