អត្ថបទថ្ងៃអង្គារ-អាទិត្យទី២១ រដូវធម្មតា

ថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១ ព័ណក្រហម

សន្តៈ បាថូឡូមេ  ជាគ្រីស្តទូត បុណ្យរំឭក

លោកបាថូឡូមេ ហៅថា ណាថាអែល កើតនៅភូមិកាណា (យហ ២១,២)។ លោកជាមិត្តសំឡាញ់របស់លោកភីលីព។ យើងគ្រាន់តែដឹងថា ព្រះយេស៊ូត្រាស់ហៅលោកឲ្យធ្វើជាគ្រីស្តទូតប៉ុណ្ណោះ។

អត្ថបទទី១ ឆ្នាំសេស
សូមថ្លែងព្រះគម្ពីរវិវរណៈ វវ ២១,៩-១៤

ខ្ញុំយ៉ូហាន ឃើញទេវទូតមួយរូបដែលមានប្រសាសន៍មកកាន់ខ្ញុំថា៖ “សូមអញ្ជើញមក! ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញកូនក្រមុំជាភរិយារបស់កូនចៀម”។
ទេវទូតនោះបានលើកវិញាណខ្ញុំឡើងទៅលើភ្នំមួយយ៉ាងធំខ្ពស់ រួចបង្ហាញឲ្យខ្ញុំឃើញក្រុងដ៏វិសុទ្ធ ជាក្រុងយេរ៉ូសាឡឹងដែលចុះពីស្ថានបរមសុខ គឺចុះមកពីព្រះជាម្ចាស់។ ក្រុងនេះប្រកបដោយសិរីរុងរឿងរបស់ព្រះជាម្ចាស់ ពន្លឺរស្មីរបស់ក្រុងប្រៀបបីដូចជាត្បួងដ៏មានតម្លៃបំផុត គឺដូចត្បួងមណីជោតិរស ដែលភ្លឺថ្លាដូចកែវចរណៃ។ ក្រុងនេះមានលំពែងមួយយ៉ាងធំ ខ្ពស់ ព្រមទាំងមានក្លោងទ្វារដប់ពីរ នៅលើក្លោងទ្វារមានទេវទូតដប់ពីររូប និងមានចារឹកឈ្មោះកុលសម្ព័ន្ធទាំងដប់ពីររបស់ជនជាតិអ៊ីស្រាអែលដែរ។ នៅទិសខាងកើតមានក្លោងទ្វារបី ទិសខាងជើងមានក្លោងទ្វារបី ទិសខាងត្បូងមានក្លោងទ្វារបី និងទិសខាងលិចមានក្លោងទ្វារបី។ កំពែងរបស់ក្រុងមានគ្រឹះដប់ពីរហើយនៅលើគ្រឹះទាំងនោះ មានចារឹកឈ្មោះគ្រីស្តទូតដប់ពីររបស់កូនចៀម។

ទំនុកតម្កើងលេខ​ ១៤៥ (១៤៤),១០-១៣.១៧-១៨         បទកាកគតិ

១០. បពិត្រព្រះអម្ចាស់ សត្វលោកទាំងអស់ មានច្រើនពេកក្រៃ នាំគ្នាតម្កើង
រុងរឿងសិរីរាស្ត្រទាំងប្រុសស្រីក៏ថ្កើងទ្រង់ដែរ  ។
១១.គេនឹងរៀបរាប់ព្រះរាជ្យគួរគាប់រុងរឿងស្ថិតស្ថេររបស់ព្រះអង្គ
ឥតមានប្រួលប្រែអនុភាពឥតកែព្រះអង្គនៅគង់  ។
១២.ដើម្បីឲ្យមនុស្សទាំងស្រីទាំងប្រុសគ្រប់គ្នាបានដឹងពីការអស្ចារ្យ
របស់ព្រះអង្គរស្មីរុងរឿងចិញ្ចែងចិញ្ចាច   ។
១៣.ព្រះរាជ្យព្រះអង្គស្ថិតនៅយូរលង់ពេញដោយអំណាចគ្រងរាជ្យអស់កល្ប
ព្រោះទ្រង់ជាស្តេចបារមីអង់អាចស្ថិតនៅយូរយា  ។
ព្រះអម្ចាស់តែងគោរពឥតក្លែងបន្ទូលសន្យាអ្វីដេលទ្រង់ធ្វើ
សុទ្ធតែអស្ចារ្យសប្បុរសមេត្តា ករុណាអាសូរ ។
១៧.ព្រះជាម្ចាស់ធ្វើសព្វទាំងអស់នូវរាល់កិច្ចការដោយព្រះហឫទ័យ
សុចរិតថ្លៃថ្លាសន្តោសករុណាទ្រង់បានប្រព្រឹត្ត ។
១៨.ព្រះអម្ចាស់គង់ នៅជិតអែបអង្គកៀកកើយនែបនិត្យនឹងអ្នកអង្វរ
ដោយក្តីសុទ្ធចិត្តរកព្រះអង្គពិតមិនយាងទៅណា ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះជាម្ចាស់! យើងខ្ញុំសូមលើកតម្កើងព្រះអង្គ!
យើងខ្ញុំសូមអបអរសាទរព្រះអង្គ! ព្រះអង្គពិតជាព្រះអម្ចាស់! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ​ ១,៤៥-៥

លោកភីលីពទៅជួបលោកណាថាណាអែល ប្រាប់គាត់ថា៖ “លោកដែលធម្មវិន័យរបស់លោកម៉ូសេ និងព្យាការី ចែងទុកនោះ ឥឡូវនេះយើងបានឃើញហើយ លោកឈ្មោះយេស៊ូ ជាអ្នកភូមិណាសារ៉ែត ជាបុត្ររបស់លោកយ៉ូសែប”។ លោកណាថាណាអែលពោលតបទៅលោកភីលីពវិញថា៖ “ពុំដែលមានអ្វីល្អ អាចចេញពីភូមិណាសារ៉ែតបានឡើយ”។ លោកភីលីពប្រាប់គាត់ថា៖ “សូមអញ្ជើញមក អ្នកនឹងបានឃើញ!”។ កាលព្រះយេស៊ូទតឃើញ លោកណាថាណាអែល ដើរមករកព្រះអង្គ ព្រះអង្គមានព្រះបន្ទូលអំពីគាត់ថា៖ «អ្នកនេះជាជនជាតិអ៊ីស្រាអែលពិតព្រាកដមែន ដ្បិតគាត់គ្មាន ពុតត្បុតអ្វីក្នុងខ្លួនសោះ»។ លោកណាថាណាអែលទូលសួរព្រះអង្គថា៖ “តើលោកគ្រូដែលស្គាល់ខ្ញុំពីអង្កាល់?”។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ “ខ្ញុំបានឃើញអ្នក កាលអ្នកនៅក្រោមដើមស្វាយ មុនភីលីពហៅអ្នកទៅទៀត”។ លោក ណាថាណាអែលទូលព្រះអង្គថា៖ “ព្រះគ្រូ! ព្រះអង្គពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយពិតជាព្រះមហាក្សត្ររបស់ជនជាតិអ៊ីស្រាអែលមែន”។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកបានជឿមកពីឮខ្ញុំនិយាយថា ខ្ញុំបានឃើញអ្នកនៅ ក្រោមដើមស្វាយ ថ្ងៃក្រោយ អ្នកមុខតែឃើញការអស្ចារ្យលើសនេះទៅទៀត»។ ព្រះអង្គមានព្រះបន្ទូលថែមទៀតថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នានឹងឃើញផ្ទៃមេឃបើកចំហ ហើយមានពួកទេវទូតរបស់ព្រះជាម្ចាស់ ចុះឡើងពីលើបុត្រមនុស្ស»។

105 Views

Theme: Overlay by Kaira