ថ្ងៃអង្គារ អាទិត្យទី១៩
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរទុតិយកថា ទក ៣១,១-៨
លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលទាំងមូលថា៖ «ឥឡូវនេះ ខ្ញុំមានអាយុមួយរយម្ភៃឆ្នាំហើយ ខ្ញុំពុំអាចដឹកនាំអ្នករាល់គ្នាទៀតទេ។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា ខ្ញុំពុំអាចឆ្លងទន្លេយ័រដាន់នេះឡើយ។ ព្រះអម្ចាស់ជាព្រះរបស់អ្នកនឹងយាងនៅមុខអ្នក ព្រះអង្គនឹងបំផ្លាញប្រជាជាតិនានាចេញពីមុខអ្នក ដើម្បីឱ្យអ្នកដណ្តើមយកស្រុកពីពួកគេ។ លោកយ៉ូស៊ូអានឹងធ្វើជាមេដឹកនាំរបស់អ្នកដូចព្រះអម្ចាស់មានព្រះបន្ទូល។ ព្រះអម្ចាស់នឹងកម្ទេចប្រជាជាតិទាំងនោះ ដូចព្រះអង្គបានកម្ទេចស៊ីហុន និងអុក ជាស្តេចរបស់ជនជាតិអាម៉ូរី ព្រមទាំងស្រុករបស់គេ។ ព្រះអម្ចាស់នឹងប្រគល់ប្រជាជាតិទាំងនោះមកក្នុងកណ្តាប់ដៃអ្នក ហើយអ្នកត្រូវប្រព្រឹត្តចំពោះពួកគេ តាមបញ្ជាដែលខ្ញុំប្រគល់ឱ្យអ្នកនៅថ្ងៃនេះ។ ចូរមានកម្លាំង និងចិត្តក្លាហានឡើង! កុំភ័យខ្លាច ឬតក់ស្លុតនៅចំពោះមុខពួកគេឱ្យសោះ ដ្បិតព្រះអម្ចាស់ផ្ទាល់ ជាព្រះរបស់អ្នកនឹងយាងទៅជាមួយអ្នក។ ព្រះអង្គមិនបោះបង់ចោលអ្នកជាដាច់ខាត!»។
លោកម៉ូសេហៅលោកយ៉ូស៊ូអាមក ហើយមានប្រសាសន៍ទៅកាន់លោកនៅចំពោះមុខប្រជាជនអ៊ីស្រាអែលទាំងមូលថា៖ «ចូរមានកម្លាំង និងចិត្តក្លាហានឡើង! ដ្បិតអ្នកត្រូវនាំប្រជាជននេះចូលទៅក្នុងស្រុកដែលព្រះអម្ចាស់បានសន្យាយ៉ាងម៉ឺងម៉ាត់ចំពោះបុព្វបុរសរបស់ពួកគេថា នឹងប្រគល់ឱ្យពួកគេ។ ដូច្នេះ អ្នកត្រូវនាំប្រជាជននេះទៅកាន់កាប់ទឹកដីជាចំណែកមត៌ករបស់ពួកគេ។ ព្រះអម្ចាស់ផ្ទាល់នឹងយាងនៅមុខអ្នកព្រះអង្គគង់នៅជាមួយអ្នក ហើយព្រះអង្គមិនបោះបង់ចោលអ្នកឡើយ។ ហេតុនេះ កុំភ័យខ្លាច ឬតក់ស្លុតឱ្យសោះ»។
ទំនុកតម្កើងធម្មវិន័យទីពីរ ៣២,៣-៤.៧-៩.១២ បទពាក្យ ៧
| ៣ | ខ្ញុំនឹងប្រកាសពីព្រះនាម | មិនព្រមនៅស្ងៀមមិនភ្លេចម្តង | |
| លើកតម្កើងភាពខ្ពស់កន្លង | រុងរឿងគ្មានហ្មងព្រះនៃយើង | ។ |
| ៤ | ព្រះអម្ចាស់ប្រៀបដូចថ្មដា | ជាផ្ទាំងសិលាដ៏សែនរឹង | |
| មាគ៌ាព្រះអង្គសុចរិតត្រង់ | បរិសុទ្ធឥតហ្មងឥតមានខ្ចោះ | ។ |
| ៧ | ចូរអ្នករាល់គ្នានឹកនាចាំ | គិតអំពីឆ្នាំដែលកន្លង | |
| ឪពុកដូនតាកុំមានហ្មង | រ៉ាយរ៉ាប់ប្រាប់ផងហេតុការណ៍គ្រប់ | ។ |
| ៨ | ពេលព្រះខ្ពង់ខ្ពស់ប្រទានដី | ជាកេរថ្លាថ្លៃទ្រព្យសំណព្វ | |
| ពេលទ្រង់បំបែកមនុស្សលោកសព្វ | ថែមទាំងកំណត់ព្រំដែនឱ្យ | ។ |
| ព្រះអង្គប្រទានតាមចំនួន | ឱ្យបានសមសួនមិនបណ្តោយ | |
| គ្នាតិចបានតិចមិនឱ្យធ្លោយ | គ្នាច្រើនទ្រង់ឱ្យធំល្វើយល្វឹង | ។ |
| ៩ | ព្រះម្ចាស់ជ្រើសយកអ៊ីស្រាអែល | ទុកជារាស្ត្រផ្ទាល់នៃព្រះអង្គ | |
| ទាំងពូជយ៉ាកុបថែមទៀតផង | ទុកជាកេរទ្រង់ដ៏ថ្កើងថ្កាន | ។ |
| ១២ | មានតែព្រះម្ចាស់មួយព្រះអង្គ | ដឹកនាំរាស្ត្រទ្រង់យ៉ាងចំណាន | |
| ឱ្យគេរស់នៅយ៉ាងសុខសាន្ត | ព្រះផ្សេងមិនបានដូចទ្រង់ឡើយ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៣០,៧
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះហឫទ័យប្រណីសន្តោសមេត្តាករុណាយ៉ាងក្រៃលែង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៨,១-៥.១០.១២-១៤
ពេលនោះ សាវ័កនាំគ្នាចូលមកគាល់ព្រះយេស៊ូ ហើយទូលសួរថា៖ «តើអ្នកណាមានឋានៈធំជាងគេនៅក្នុងព្រះរាជ្យនៃស្ថានបរមសុខ?»។ ព្រះអង្គហៅក្មេងតូចម្នាក់មកឱ្យឈរនៅកណ្តាលចំណោមក្រុមសាវ័ក រួចមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នករាល់គ្នាមិនដូរចិត្តគំនិតឱ្យបានដូចក្មេងតូចៗទេ អ្នករាល់គ្នាមិនអាចចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខបានឡើយ។ អ្នកណាដាក់ខ្លួនដូចក្មេងតូចនេះ អ្នកនោះមានឋានៈធំជាងគេ ក្នុងព្រះរាជ្យនៃស្ថានបរមសុខ។ អ្នកណា ទទួលក្មេងតូចណាម្នាក់ ដូចក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាទទួលខ្ញុំដែរ។ ចូរប្រយ័ត្នកុំមាក់ងាយនរណាម្នាក់ក្នុងចំណោមអ្នកតូចតាចនេះឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ទេវទូតរបស់ពួកគេស្ថិតនៅឯស្ថានបរមសុខ ទាំងឃើញព្រះភក្ត្ររបស់ព្រះបិតាដែលគង់នៅស្ថានបរមសុខគ្រប់ពេលវេលាផង។ តើអ្នករាល់គ្នាយល់យ៉ាងណា? ប្រសិនបើបុរសម្នាក់មានចៀមមួយរយក្បាល ហើយចៀមមួយវង្វេងបាត់។ គាត់មុខជាទុកចៀមកៅសិបប្រាំបួននៅលើភ្នំ ហើយទៅតាមរកចៀមដែលបាត់នោះពុំខាន។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា បើគាត់រកចៀមនោះឃើញវិញ គាត់មុខតែត្រេកអរសប្បាយជាមិនខាន គឺសប្បាយលើសពីឃើញ ចៀមកៅសិបប្រាំបួនដែលមិនវង្វេងបាត់ទៅទៀត។ រីឯព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខក៏ដូច្នោះដែរ ទ្រង់មិនសព្វព្រះហឫទ័យឱ្យនរណាម្នាក់ក្នុងចំណោម អ្នកតូចតាចទាំងនេះ វិនាសអន្តរាយឡើយ»។
481 Views
Post Views:
491