ថ្ងៃអង្គារ អាទិត្យទី១៨
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌ស
ថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២៦
បុណ្យរម្លឹក
សន្តយ៉ូហានម៉ារីវីយ៉ាណេ ជាបូជាចារ្យ
សូមចុចទីនេះ
លោកយ៉ូហានម៉ារីវិយ៉ាណេ (១៧៨៦-១៨៥៩) រៀនបសូត្រមិនសូវបានពូកែ តែព្រះវិញ្ញាណដ៏បរិសុទ្ធបានប្រោសប្រទានព្រះអំណោយទានពិសេសឱ្យលោកចេះសម្រុះសម្រួលមនុស្សជាច្រើនជាមួយព្រះជាម្ចាស់ ហើយពូកែទំនាក់ទំនងគេផង ដោយធ្វើអគ្គសញ្ញាសូមព្រះជាម្ចាស់លើលែងទោស។ មារបៀតបៀនលោកជាខ្លាំង តែលោកចេះតែតស៊ូទ្រាំដោយចិត្តអង់អាចជានិច្ច ដើម្បីជួយសង្គ្រោះមនុស្សលោក។ លោកជាគំរូអស់បូជាចារ្យដែលទទួលមុខងារណែនាំគ្រីស្តបរិស័ទ។
សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ៣០,១-២.១២-១៥.១៨-២២
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយេរេមីដូចតទៅនេះ៖«ព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា៖“ចូរកត់ត្រានូវពាក្យទាំងប៉ុន្មានដែលយើងបានប្រាប់អ្នកទុកក្នុងសៀវភៅមួយ”។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖“របួសរបស់អ្នកមើលមិនជាទេ ដំបៅអ្នកក៏មិនអាចសះបានដែរ។ គ្មាននរណាជួយឈឺឆ្អាលរុំរបួសឱ្យអ្នកទេ ហើយក៏គ្មានថ្នាំដ៏ស័ក្តិសិទ្ធិណាអាចផ្សះរបួសរបស់អ្នកបានដែរ។ សហាយស្មន់ទាំងប៉ុន្មានរបស់អ្នកបានភ្លេចអ្នកហើយ គ្មាននរណានឹកនាដល់អ្នកទៀតទេ ដ្បិតយើងបានវាយអ្នក ដូចខ្មាំងវាយអ្នក យើងបានដាក់ទោសអ្នកយ៉ាងធ្ងន់ ព្រោះតែអំពើអាក្រក់ដ៏ច្រើនឥតគណនា និងអំពើបាបដ៏ធ្ងន់ដែលអ្នកបានប្រព្រឹត្ត។ ហេតុដូចម្តេចបានជាអ្នកស្រែកថ្ងូរ ព្រោះមហន្តរាយកើតដល់អ្នកធ្វើឱ្យអ្នកឈឺចាប់ឥតល្ហែ? យើងធ្វើទោសអ្នកខ្លាំងដូច្នេះ ព្រោះតែអំពើអាក្រក់ដ៏ច្រើនឥតគណនា និងអំពើបាបដ៏ធ្ងន់ដែលអ្នកប្រព្រឹត្ត»។ ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ៖«យើងនឹងស្តារពូជពង្សរបស់យ៉ាកុបឡើងវិញ យើងនឹងអាណិតអាសូរក្រុមគ្រួសាររបស់គេ។ គេនឹងសង់ក្រុងនៅលើគំនរបាក់បែកឡើងវិញ ហើយសង់ដំណាក់នៅកន្លែងដើមវិញដែរ។ ការសរសើរតម្កើង និងសំណើចក្អាកក្អាយនឹងលាន់ឮឡើងពីកណ្តាលចំណោមពួកគេ យើងនឹងធ្វើឱ្យគេកើនចំនួនច្រើនឡើងៗ គឺគេមិនចុះថយឡើយ យើងនឹងលើកតម្កើងពួកគេ គឺគេមិនទន់ទាបទៀតទេ។ កូនចៅរបស់គេនឹងបានដូចពីដើម សហគមន៍របស់គេនឹងស្ថិតស្ថេរនៅចំពោះមុខយើង ហើយយើងនឹងដាក់ទោសអស់អ្នកដែលជិះជាន់ពួកគេ។ មេដឹកនាំនឹងកើតចេញពីចំណោមពួកគេ អ្នកគ្រប់គ្រងក៏កើតពីចំណោមពួកគេដែរ។ យើងនឹងឱ្យមេដឹកនាំនោះចូលមកជិតយើង (ដ្បិតគ្មាននរណាហ៊ានចូលមកជិតយើងដោយចិត្តឯងឡើយ)។ អ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា”។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។
ទំនុកតម្កើងលេខ ១០២ (១០១),១៦-១៨.១៩-២៣.២៩ បទពាក្យ ៧
| ១៦ | សូមឱ្យមនុស្សគ្រប់សាសន៍ | កោតខ្លាចព្រះកុំមានភ្លេច | |
| សូមឱ្យអស់ទាំងស្តេច | លើផែនដីកោតក្រែង | ។ |
| ១៧ | ពេលព្រះអម្ចាស់សង់ | ស៊ីយ៉ូនក្រុងគួរស្ញប់ស្ញែង | |
| ព្រះអង្គនឹងសម្តែង | សិរីរុងរឿងទាំងអស់ | ។ |
| ១៨ | ពេលនោះទ្រង់នឹងបែរ | ព្រះភ័ក្ត្ររេទតមកមនុស្ស | |
| លែងធ្វើជើយទ្រគោះ | ពាក្យអង្វរគេទៀតហើយ | ។ |
| ២០ | ព្រះអម្ចាស់ទតពី | សក្ការៈទីដ៏ត្រចង់ | |
| ស្ថានបរមសុខឥតមានហ្មង | មិនរំលងសព្វផែនដី | ។ |
| ២១ | ដើម្បីស្តាប់សម្រែក | ពួកឈ្លើយស្រែកទាំងយប់ថ្ងៃ | |
| អ្នកដែលត្រូវក្សិណក្ស័យ | គេកាត់ក្តីមិនសុចរិត | ។ |
| ២២ | គេនឹងប្រកាសប្រាប់ | ព្រះនាមគាប់ដ៏មានឫទ្ធិ | |
| សរសើរតម្កើងពិត | ពីក្រុងយេរូសាឡឹម | ។ |
| ២៣ | គឺពេលប្រជាជាតិ | ទាំងឆ្ងាយជិតមកមូលផ្តុំ | |
| នឹងនាំគ្នាមកជុំ | គេគោរពបម្រើព្រះ | ។ |
| ២៩ | កូនចៅរបស់ខ្ញុំ | នៅជួបជុំបម្រើស្រាប់ | |
| រស់ដោយសុខគួរគាប់ | ទ្រង់នឹងថែកូនចៅគេ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៣០,៥
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់ជាទីសង្ឃឹមរបស់យើង! ចូរពឹងផ្អែកលើព្រះបន្ទូលព្រះអង្គចុះ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៥,១-២,១០-១៤
មានពួកខាងគណៈផារីស៊ី និងពួកបណ្ឌិតខាងវិន័យពីក្រុងយេរូសាឡឹម ចូលមកគាល់ព្រះយេស៊ូហើយទូលថា៖ «ហេតុអ្វីបានជាសិស្សរបស់លោក មិនគោរពតាមទំនៀមទម្លាប់របស់ចាស់បុរាណ គឺមិនធ្វើពិធីលាងដៃមុនពេលបរិភោគដូច្នេះ?»។ បន្ទាប់មក ព្រះយេស៊ូត្រាស់ហៅបណ្ដាជន រួចមានព្រះបន្ទូលទៅគេថា៖ «ចូរស្ដាប់ ហើយយល់ឲ្យច្បាស់ថា អ្វីៗដែលចូលតាមមាត់មនុស្ស ពុំដែលធ្វើឲ្យមនុស្សទៅជាមិនបរិសុទ្ធឡើយ ផ្ទុយទៅវិញ មានតែអ្វីៗដែលចេញពីមាត់មនុស្សប៉ុណ្ណោះ ដែលធ្វើឲ្យមនុស្សត្រឡប់ទៅជាមិនបរិសុទ្ធ»។ ពេលនោះសាវ័ក នាំគ្នាចូលមកជិតព្រះអង្គ ហើយទូលថា៖ «សូមព្រះគ្រូជ្រាប ពួកខាងគណៈផារីស៊ី ទាស់ចិត្តណាស់ មកពីឮព្រះគ្រូមានប្រសាសន៍ដូច្នេះ»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេវិញថា៖ «ព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខ នឹងដករុក្ខជាតិទាំងឡាយណាដែលព្រះអង្គមិនបានដាំ។ កុំអំពល់នឹងគេធ្វើអ្វី អ្នកទាំងនោះសុទ្ធតែជាមនុស្សខ្វាក់ ដឹកនាំមនុស្សខ្វាក់។ បើមនុស្សខ្វាក់ដឹកដៃមនុស្សខ្វាក់ គេមុខជាធ្លាក់រណ្ដៅទាំងពីរនាក់ជាមិនខាន»។
626 Views
Post Views:
649