ថ្ងៃអង្គារ អាទិត្យទី១៧
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃអង្គារ ទី២៩ ខែកក្ដដា ឆ្នាំ២០២៥
នាងម៉ាថារស់នៅភូមិបេថានីជាមួយនាងម៉ារី និងលោកឡាសា។ ព្រះយេស៊ូស្រឡាញ់រាប់អានអ្នកទាំងបីនោះ។ ពេលព្រះអង្គយាងទៅផ្ទះ នាងម៉ាថាយកចិត្តទុកដាក់ទទួលព្រះយេស៊ូ ដោយយល់ថា ព្រះអង្គជាព្រះគ្រីស្ត។ តែព្រះយេស៊ូបង្រៀនឱ្យនាងដឹងថា សាវ័ករបស់ព្រះអង្គមិនត្រឹមតែបម្រើអ្នកដ៏ទៃដោយចិត្តស្រឡាញ់ប៉ុណ្ណោះទេ គឺត្រូវស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទាំងនឹកសញ្ជឹងគិតដូចនាងម៉ារីជាប្អូន ដើម្បីឱ្យស្គាល់ព្រះហឫទ័យមេត្តាករុណាដ៏ទូលំទូលាយរបស់ព្រះអង្គ។ ប្រសិនបើសាវ័កធ្លាប់អធិដ្ឋាន ទាំងនឹកសញ្ជឹងគិតព្រះបន្ទូលរបស់ព្រះជាម្ចាស់ កិច្ចការដែលខ្លួនប្រព្រឹត្តនោះរឹតតែប្រសើរឡើង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ៣៣,៧-១១.១៨-២៣; ៣៤,៤-៩.២៨
នៅពេលប្រជាជនអ៊ីស្រាអែលបោះជំរំ លោកម៉ូសេតែងតែដំឡើងពន្លានៅខាងក្រៅឆ្ងាយពីជំរំបន្តិច។ គេហៅពន្លានេះថា “ពន្លាជួបព្រះអម្ចាស់” ហើយអស់អ្នកដែលចង់ទូលសួរព្រះអម្ចាស់ត្រូវតែចេញពីជំរំឆ្ពោះទៅពន្លាជួបព្រះអម្ចាស់ដែលនៅខាងក្រៅជំរំ។ ពេលណាលោកម៉ូសេចេញទៅកាន់ពន្លា ប្រជាជនទាំងអស់ឈរនៅមាត់ទ្វាររោងរបស់គេរៀងៗខ្លួន ហើយតាមមើលលោកម៉ូសេរហូតទាល់តែលោកចូលទៅក្នុងពន្លា។ កាលលោកម៉ូសេចូលផុតទៅក្នុងពន្លានោះ ដុំពពកក៏ចុះមកស្ថិតនៅត្រង់មាត់ទ្វារពន្លា ហើយព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ។ ប្រជាជនទាំងអស់ឃើញដុំពពកស្ថិតនៅត្រង់មាត់ទ្វារពន្លានោះ ពួកគេនាំគ្នាក្រាបថ្វាយបង្គំពីមាត់ទ្វាររោងរបស់គេរៀងៗខ្លួន។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេទល់មុខគ្នា ហាក់ដូចជាមនុស្សម្នាក់សន្ទនាជាមួយមិត្តសម្លាញ់របស់ខ្លួន។ បន្ទាប់មក លោកម៉ូសេវិលត្រឡប់មកជំរំវិញ។ រីឯយុវជនជាអ្នកបម្រើរបស់លោក គឺលោកយ៉ូស៊ូអាជាកូនរបស់លោកនូនមិនចាកចេញពីពន្លាទេ។ លោកម៉ូសេទូលថា៖ «សូមព្រះអង្គបង្ហាញសិរីរុងរឿងរបស់ព្រះអង្គឱ្យទូលបង្គំឃើញផង»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងសម្តែងសេចក្តីសប្បុរសរបស់យើង ហើយយើងប្រកាសឈ្មោះ យើងជាព្រះអម្ចាស់នៅចំពោះមុខអ្នក។ យើងនឹងមានចិត្តមេត្តាករុណាដល់នរណាដែលយើងមេត្តាករុណា យើងក៏នឹងមានចិត្តអាណិតអាសូរដល់នរណាដែលយើងអាណិតអាសូរដែរ»។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «អ្នកមិនអាចឃើញមុខយើងបានទេ ដ្បិតគ្មានមនុស្សណាអាចឃើញយើង ហើយមានជីវិតតទៅមុខទៀតបានឡើយ»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរឈរជិតយើង លើដុំថ្មនៅកន្លែងនេះ! ពេលសិរីរុងរឿងរបស់យើងឆ្លងកាត់តាមនេះ យើងនឹងលាក់អ្នកក្នុងក្រហែងថ្ម ហើយយកដៃរបស់យើងមកបាំងអ្នករហូតទាល់តែយើងឆ្លងផុតទៅ។ បន្ទាប់មក យើងនឹងដកដៃចេញ ហើយអ្នកនឹងឃើញយើងពីក្រោយ តែគ្មាននរណាអាចឃើញមុខយើងទេ»។ លោកម៉ូសេក៏ដាប់បន្ទះថ្មពីរបន្ទះដូចបន្ទះថ្មមុន។ លោកក្រោកពីព្រលឹមឡើងទៅលើភ្នំស៊ីណៃតាមបញ្ជារបស់ព្រះអម្ចាស់ ទាំងកាន់បន្ទះថ្មពីរនោះទៅជាមួយផង។ ព្រះអម្ចាស់ចុះមកក្នុងពពក ហើយគង់នៅទីនោះក្បែលោកម៉ូសេទាំងប្រកាសព្រះនាមព្រះអម្ចាស់។ ព្រះអម្ចាស់ឆ្លងកាត់ពីមុខលោកម៉ូសេទាំងប្រកាសថា៖ «ព្រះអម្ចាស់! ព្រះអម្ចាស់ជាព្រះប្រកបដោយព្រះហឫទ័យអាណិតអាសូរ និងប្រណីសន្តោស ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ ហើយពោរពេញទៅដោយព្រះហឫទ័យមេត្តាករុណា និងស្មោះស្ម័គ្រជានិច្ច។ ព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណារហូតដល់មួយពាន់តំណ ព្រះអង្គតែងតែអត់ទោសចំពោះកំហុស អំពើទុច្ចរិត និងអំពើបាបដែលមនុស្សប្រព្រឹត្ត តែព្រះអង្គមិនចាត់ទុកអ្នកមានកំហុសថាជាជនស្លូតត្រង់ឡើយ។ អ្នកដែលធ្វើខុស ព្រះអង្គដាក់ទោសគេចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ!»។ លោកម៉ូសេប្រញាប់ប្រញាល់ក្រាបដល់ដីថ្វាយបង្គំព្រះអម្ចាស់។ លោកទូលថា៖ «បពិត្រព្រះអម្ចាស់! ប្រសិនបើព្រះអង្គគាប់ព្រះហឫទ័យនឹងទូលបង្គំមែន សូមព្រះអង្គយាងទៅជាមួយយើងខ្ញុំផង។ ប្រជាជននេះជាមនុស្សរឹងរូស ប៉ុន្តែ ព្រះអង្គអត់ទោសចំពោះកំហុស និងអំពើបាបដែលយើងខ្ញុំបានប្រព្រឹត្ត ហើយព្រះអង្គទទួលយើងខ្ញុំជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ»។ លោកម៉ូសេស្ថិតនៅលើភ្នំជាមួយព្រះអម្ចាស់អស់រយៈពេលសែសិបថ្ងៃសែសិបយប់ដោយមិនបរិភោគអ្វីឡើយ សូម្បីតែទឹកក៏លោកមិនបរិភោគដែរ។ លោកចារព្រះបន្ទូលទាំងដប់នៃសម្ពន្ធមេត្រីដែលជាគ្រឹះនៃសម្ពន្ធមេត្រីនៅលើបន្ទះថ្ម។
ទំនុកតម្កើងលេខ ១០៣ (១០២),៦-១៣ បទកាកគតិ
| ៦ | ព្រះម្ចាស់ប្រព្រឹត្ត | សព្វអស់ការកិច្ច | ដោយព្រះហឫទ័យ |
| សុចរិតយុត្តិធម៌ | បវរប្រិមប្រីយ៍ | ដល់ជនប្រុសស្រី |
| | ត្រូវគេជិះជាន់ | ។ |
| ៧ | ព្រះអង្គសម្តែង | ឫទ្ធីគួរស្ញែង | ឱ្យម៉ូសេបាន |
| ស្គាល់មាគ៌ាទ្រង់ | គ្មានអ្វីរំខាន | ប្រជាគ្រប់ប្រាណ |
| | ដឹងហេតុអស្ចារ្យ | ។ |
| ៨ | ព្រះអម្ចាស់ថ្លៃ | មានព្រះហឫទ័យ | អាណិតករុណា |
| ប្រណីសន្តោស | គ្រប់ពេលវេលា | ដល់មនុស្សគ្រប់គ្នា |
| | មិនឱ្យមានភ័យ | ។ |
| ៩ | ទ្រង់មិនបន្ទោស | ប្រើពាក្យបោកបោះ | ដាក់យើងរាល់ថ្ងៃ |
| ទ្រង់មិនពិរោធ | មិនខេខឹងអ្វី | ហើយតែងប្រណី |
| | ដល់យើងគ្រប់គ្នា | ។ |
| ១០ | ព្រះអង្គមិនដាក់ | ទោសយើងម្នាក់ៗ | ឱ្យឈឺគ្រាំគ្រា |
| សមតាមអំពើ | បាបច្រើនមហិមា | ទ្រង់តែងមេត្តា |
| | មិនយកទោសពៃរ៍ | ។ |
| ១១ | មេឃនៅខ្ពស់ឆ្ងាយ | សន្លឹមអន្លាយ | ពីភពផែនដី |
| ព្រះទ័យព្រះម្ចាស់ | ដែលធ្លាប់ប្រណី | ក៏នៅខ្ពស់ឆ្ងាយ |
| | យ៉ាងដូច្នោះដែរ | ។ |
| ១២ | ទិសកើតទិសលិច | ឆ្ងាយគ្នាមិនតិច | ឥតមានកែប្រែ |
| ព្រះអង្គធ្វើឱ្យ | អំពើបាបបែរ | ឆ្ងាយមិនជិតទេ |
| | ពីយើងយ៉ាងនោះ | ។ |
| ១៣ | ឪពុកអាណិត | ថ្នាក់ថ្នមផ្តេកផ្តិត | កូនមានទាំងអស់ |
| ព្រះក៏មេត្តា | អាសូរស្រណោះ | ដល់អ្នកដែលស្មោះ |
| | គោរពរាល់ថ្ងៃ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្តបានសាបព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងចិត្តយើង។ អ្នកដែលទទួលព្រះបន្ទូលនេះ ហើយធ្វើឱ្យព្រះបន្ទូលបង្កើតផល ពិតជាមានសុភមង្គល។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៣,៣៦-៤៣
ពេលនោះ ព្រះយេស៊ូយាងចេញពីមហាជនចូលទៅក្នុងផ្ទះ ក្រុមសាវ័កនាំគ្នាចូលមកគាល់ព្រះអង្គ ហើយទូលថា៖ «សូមព្រះគ្រូបកស្រាយប្រស្នាអំពីស្រងែក្នុងស្រែឱ្យយើងខ្ញុំបានយល់អត្ថន័យផង»។ ព្រះអង្គមានព្រះបន្ទូលតបទៅគេវិញថា៖ «អ្នកព្រោះគ្រាប់ពូជល្អ គឺបុត្រមនុស្ស ស្រែគឺពិភពលោក គ្រាប់ពូជល្អ គឺអ្នកដែលត្រូវចូលទៅក្នុងព្រះរាជ្យ រីឯស្រងែវិញ គឺកូនចៅរបស់មារកំណាច។ សត្រូវដែលសាបព្រោះស្រងែ គឺមារ រីឯរដូវចម្រូត គឺអវសានកាលនៃពិភពលោក ហើយអ្នកច្រូត គឺទេវទូត។ គេច្រូតស្រងែយកទៅដុតក្នុងភ្លើងយ៉ាងណា នៅអវសានកាលនៃពិភពលោកក៏នឹងកើតមានយ៉ាងនោះដែរ។ បុត្រមនុស្សនឹងចាត់ទេវទូតរបស់លោកឱ្យមក។ ទេវទូតទាំងនោះនឹងប្រមូលពួកអ្នកដែលនាំគេឱ្យប្រព្រឹត្តអំពើបាប និងពួកអ្នកដែលបានប្រព្រឹត្តអំពើទុច្ចរិតយកចេញពីព្រះរាជ្យបោះទៅក្នុងភ្លើងដែលឆេះសន្ធោសន្ធៅ ហើយនៅទីនោះ មានតែសម្រែកយំ សោក ខឹង សង្កៀតធ្មេញ។ រីឯអ្នកសុចរិតវិញ គេនឹងស្ថិតនៅក្នុងព្រះរាជ្យព្រះបិតារបស់គេ ទាំងបញ្ចេញរស្មីភ្លឺដូចព្រះអាទិត្យ។ អ្នកណាឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។
1,751 Views
Post Views:
1,768