ថ្ងៃអង្គារ អាទិត្យទី១៦
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃអង្គារ ទី២២ ខែកក្ដដា ឆ្នាំ២០២៥
បុណ្យគោរព
សន្តីម៉ារី ម៉ាដាឡា ជាទូតរបស់គ្រីស្តទូត
ពណ៌ស
ក្នុងគម្ពីរដំណឹងល្អទាំងបួនក័ណ្ឌ មានរ៉ាយរ៉ាប់អំពីស្រ្តីៗដែលឈរចាំនៅក្បែរឈើឆ្កាងព្រះយេស៊ូ។ លោកលូកាបញ្ជាក់ថា “ស្ត្រីទាំងនោះបានបម្រើព្រះយេស៊ូតាំងពីស្រុកកាលីឡមក”។ ក្នុងចំណោមស្ត្រីទាំងនោះមាននាងម៉ារីពីភូមិម៉ាដាឡាជាដើម។ ព្រះយេស៊ូបានប្រោសឱ្យនាងរួចពីអំណាចរបស់មារ។ ដោយព្រះយេស៊ូជម្រះចិត្តគំនិតរបស់នាង នាងមានចិត្តស្រឡាញ់ព្រះអង្គយ៉ាងខ្លាំង។ នាងម៉ារីម៉ាដាឡា ទៅយំមុខថ្នូរព្រះយេស៊ូ។ នាងយល់ថា ទោះបីព្រះយេស៊ូសោយទិវង្គតក៏ដោយ ក៏ព្រះអង្គនៅតែជាព្រះម្ចាស់របស់នាងដដែល។ ព្រះគ្រីស្តដែលទទួលព្រះជន្មថ្មីដ៏រុងរឿង បានប្រទានឱ្យនាងមានភារកិច្ចប្រកាសដំណឹងឱ្យក្រុមគ្រីស្តទូតថា ព្រះអង្គពិតជាទទួលព្រះជន្មថ្មីដ៏រុងរឿងមែន!។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ១៤,២១-១៥,១
លោកម៉ូសេលើកដៃតម្រង់ទៅសមុទ្រ។ ព្រះអម្ចាស់ធ្វើឱ្យមានខ្យល់បក់ពីទិសខាងកើតយ៉ាងខ្លាំងពេញមួយយប់ រុញច្រានទឹកសមុទ្រ ធ្វើឱ្យទឹកសមុទ្ររីងស្ងួត។ ផ្ទៃទឹកក៏ញែកចេញពីគ្នា ហើយជនជាតិអ៊ីស្រាអែលនាំគ្នាដើរតាមបាតសមុទ្រ ដោយមានទឹកសមុទ្រដូចកំពែងនៅសងខាងពួកគេ។ កងទ័ពអេស៊ីប ទាំងសេះរបស់ព្រះចៅផារ៉ោន ទាំងរទេះចម្បាំង និងពលសេះទាំងប៉ុន្មានដែលដេញតាមពីក្រោយ ក៏ចូលទៅកណ្តាលសមុទ្រដែរ។ លុះពេលទៀបភ្លឺ ព្រះអម្ចាស់ដែលគង់នៅក្នុងដុំភ្លើង និងដុំពពក ទតទៅកងទ័ពអេស៊ីប ធ្វើឱ្យកងទ័ពនោះជ្រួលច្របល់។ ព្រះអង្គធ្វើឱ្យរទេះចម្បាំងរបូតកង់ ហើយទៅមុខមិនរួច។ ជនជាតិអេស៊ីបស្រែកឡើងថា៖ “យើងនាំគ្នារត់ឱ្យឆ្ងាយពីជនជាតិអ៊ីស្រាអែលទៅ ដ្បិតព្រះអម្ចាស់រួមជាមួយពួកគេច្បាំងតទល់នឹងពួកយើងហើយ!»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរលើកដៃតម្រង់ទៅសមុទ្រ ឱ្យទឹកសមុទ្រវិលមកគ្របលើជនជាតិអេស៊ីប រទេះចម្បាំង និងទ័ពសេះរបស់ពួកគេ»។ លោកម៉ូសេលើកដៃតម្រង់ទៅសមុទ្រ។ នៅពេលថ្ងៃរះ ទឹកសមុទ្រក៏ហូរត្រឡប់មកកន្លែងដើមវិញ។ ជនជាតិអេស៊ីបនាំគ្នារត់គេចមិនទាន់ ដ្បិតព្រះអម្ចាស់ធ្វើឱ្យពួកគេលិចលង់នៅកណ្តាលសមុទ្រ។ ទឹកហូរត្រឡប់មកវិញ គ្របលើរទេះចម្បាំង ទ័ពសេះ និងកងទ័ពទាំងមូលរបស់ព្រះចៅផារ៉ោន ដែលដេញតាមជនជាតិអ៊ីស្រាអែល គ្មាននរណាម្នាក់រត់រួចឡើយ។ ចំណែកឯជនជាតិអ៊ីស្រាអែលវិញ គេបានដើរតាមបាតសមុទ្រ ដោយមានទឹកសមុទ្រដូចកំពែង នៅសងខាងពួកគេ។ នៅថ្ងៃនោះ ព្រះអម្ចាស់បានសង្គ្រោះជនជាតិអ៊ីស្រាអែលឱ្យរួចពីកណ្តាប់ដៃរបស់ជនជាតិអេស៊ីប។ ជនជាតិអ៊ីស្រាអែលឃើញសាកសពជនជាតិអេស៊ីបនៅតាមឆ្នេរសមុទ្រ។ ជនជាតិអ៊ីស្រាអែលឃើញឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអម្ចាស់ ដែលបានប្រហារជនជាតិអេស៊ីប។ ហេតុនេះហើយ បានជាប្រជាជនកោតខ្លាចព្រះអម្ចាស់។ ពួកគេជឿលើព្រះអម្ចាស់ និងជឿលើលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ។ លោកម៉ូសេ និងជនជាតិអ៊ីស្រាអែលនាំគ្នាច្រៀងថ្វាយព្រះអម្ចាស់ដូចទៅ៖
ទំនុកតម្កើងរបស់លោកម៉ូសេ សរ ១៥,៨.១០.១៣.១៧ បទព្រហ្មគីតិ
| ៨ | ពេលខ្យល់បក់បោកមក | ទឹករលកផ្តុំគ្នាឡើង | |
| ទំនប់ទឹករលើង | មកនៅគឿងសមុទ្រជាន់ | ។ |
| ១០ | ព្រះអង្គទ្រង់ផ្លុំខ្យល់ | ទឹកវិលវល់គ្របកាយា | |
| ពួកគេលិចមរណា | ក្នុងជលសាដូចសំណ | ។ |
| ១៣ | ព្រះអង្គបានលោះលា | រាស្ត្រគ្រប់គ្នាមានរំពឹង | |
| ដឹកនាំគេតម្រង់ | ដំណាក់ទ្រង់ដ៏ឧត្តម | ។ |
| ១៧ | ព្រះអង្គនាំប្រជា | រាស្ត្រគ្រប់គ្នាទៅលើភ្នំ | |
| ជាចំណែកដ៏ធំ | កន្លែងសំណាក់ព្រះអង្គ | ។ |
| ឱ! ព្រះអម្ចាស់អើយ | ព្រះអង្គហើយដែលបានសង់ | |
| ទីសក្ការៈត្រចង់ | ដោយព្រះហស្តទ្រង់សាងផ្ទាល់ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ១១,២៥
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអនុវត្តតាម អ្នកនោះពិតជាមានសុភមង្គលហើយ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១២,៤៦-៥០
នៅគ្រានោះ ព្រះយេស៊ូកំពុងតែមានព្រះបន្ទូលទៅកាន់មហាជន ស្រាប់តែមាតា និងបងប្អូនព្រះអង្គមកឈរចាំនៅខាងក្រៅ ចង់និយាយជាមួយព្រះអង្គ។ មានម្នាក់ទូលព្រះអង្គថា៖ «ម្តាយលោក និងបងប្អូនលោកនៅខាងក្រៅចង់និយាយជាមួយលោក»។ ព្រះអង្គមានព្រះបន្ទូលតបទៅគាត់វិញថា៖ «តើនរណាជាម្តាយខ្ញុំ? នរណាជាបងប្អូនខ្ញុំ?»។ ព្រះអង្គលើកព្រះហស្តចង្អុលទៅពួកសាវ័កទាំងមានព្រះបន្ទូលថា៖ «អ្នកទាំងនេះហើយជាមាតា និងជាបងប្អូនរបស់ខ្ញុំ ដ្បិតអ្នកណាធ្វើតាមព្រះហឫទ័យរបស់ព្រះបិតាខ្ញុំដែលគង់នៅស្ថានបរមសុខ អ្នកនោះហើយជាបងប្អូនប្រុសស្រី និងជាម្តាយរបស់ខ្ញុំ»។
454 Views
Post Views:
466