ថ្ងៃអង្គារ អាទិត្យទី១៦
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌បៃតង
ថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦
សូមថ្លែងព្រះគម្ពីរព្យាការីមីកា មីក ៧,១៤-១៥.១៨-២០
ឱ! ព្រះអម្ចាស់អើយ! សូមថែរក្សាប្រជារាស្ត្ររបស់ព្រះអង្គ ដូចគង្វាលធ្លាប់ថែរក្សាហ្វូងសត្វរបស់ខ្លួន។ យើងខ្ញុំដែលជាហ្វូងចៀមរបស់ព្រះអង្គរស់នៅលើទឹកដីគ្មានជីជាតិ ហើយដែលមានចម្ការព័ទ្ធជុំវិញ។ សូមនាំយើងខ្ញុំទៅរស់នៅកន្លែងដែលមានជីជាតិល្អ នៅស្រុកបាសាន និងស្រុកកាឡាដដូចដើមវិញ។ សូមសម្តែងព្រះបារមីដ៏រុងរឿងអស្ចារ្យដូចកាលព្រះអង្គនាំយើងខ្ញុំចេញពីស្រុកអេស៊ីប។ បពិត្រព្រះអម្ចាស់! តើមានព្រះណាដែលមានព្រះហឫទ័យសប្បុរសដូចព្រះអង្គ? ព្រះអង្គលើកលែងទោសឱ្យយើងខ្ញុំ ព្រះអង្គមិនពិរោធរហូតឡើយ។ ព្រះអង្គមានព្រះហឫទ័យស្រឡាញ់ និងប្រណីសន្តោសប្រជារាស្ត្ររបស់ព្រះអង្គដែលនៅសល់ពីស្លាប់។ ព្រះអង្គមុខជាអាណិតអាសូរយើងខ្ញុំសាជាថ្មី ព្រះអង្គមិនប្រកាន់ទោសរបស់យើងខ្ញុំទេ ព្រះអង្គនឹងយកអំពើបាបទាំងប៉ុន្មានរបស់យើងខ្ញុំទៅបោះចោលនៅបាតសមុទ្រ។ ព្រះអង្គនឹងសម្តែងព្រះហឫទ័យស្មោះត្រង់ដល់កូនចៅរបស់លោកយ៉ាកុប ហើយសម្តែងព្រះហឫទ័យមេត្តាករុណាដល់កូនចៅ លោកអប្រាហាំដូចព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់យើងខ្ញុំកាលពីជំនាន់ដើម។
ទំនុកតម្កើងលេខ ៨៥ (៨៤),២-៣.៥-៨ បទកាកគតិ
| ២ | បពិត្រព្រះម្ចាស់ | ព្រះអង្គគាប់ព្រះ | ទ័យនឹងទឹកដី |
| ទ្រង់បានដឹកនាំ | ពូជពង្សប្រពៃ | យ៉ាកុបថ្លាថ្លៃ |
| | ឱ្យវិលមកវិញ | ។ |
| ៣ | ព្រះអង្គលើកទោស | អស់ប្រជារាស្ត្រ | ឥតមានទោម្នេញ |
| ឱ្យគេរួចបាប | មកល្អជាវិញ | ចិត្តគេពោរពេញ |
| | អំណរសប្បាយ | ។ |
| ៥ | ព្រះម្ចាស់ឧត្តម | សង្គ្រោះថ្នាក់ថ្នម | បីបមត្រកង |
| សូមប្រោសឱ្យខ្ញុំ | ត្រឡប់វិញផង | ហើយសូមព្រះអង្គ |
| | កុំយកទោសា | ។ |
| ៦ | តើព្រះអង្គខ្ញាល់ | ពួកយើងនេះដល់ | រហូតពេលណា |
| ឬទ្រង់ពិរោធ | រៀងរាល់វេលា | ឬក៏អស់ជា |
| | អង្វែងតទៅ | ។ |
| ៧ | តើទ្រង់មិនបាន | យាងមកទីស្ថាន | ឱ្យខ្ញុំរស់នៅ |
| មានទាំងជីវិត | សែនល្អពេកកូវ | ពីនេះតទៅ |
| | អំណរសប្បាយ | ។ |
| ៨ | ឱ! ព្រះជាម្ចាស់ | សូមសម្តែងព្រះ | ហឫទ័យទូលាយ |
| មេត្តាករុណា | អាសូរប្រណី | មកខ្ញុំរាល់ថ្ងៃ |
| | សូមសង្គ្រោះផង | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ១១,២៥
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអនុវត្តតាម អ្នកនោះពិតជាមានសុភមង្គលហើយ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១២,៤៦-៥០
នៅគ្រានោះ ព្រះយេស៊ូកំពុងតែមានព្រះបន្ទូលទៅកាន់មហាជន ស្រាប់តែមាតា និងបងប្អូនព្រះអង្គមកឈរចាំនៅខាងក្រៅ ចង់និយាយជាមួយព្រះអង្គ។ មានម្នាក់ទូលព្រះអង្គថា៖«ម្តាយលោក និងបងប្អូនលោកនៅខាងក្រៅចង់និយាយជាមួយលោក»។ ព្រះអង្គមានព្រះបន្ទូលតបទៅគាត់វិញថា៖«តើនរណាជាម្តាយខ្ញុំ? នរណាជាបងប្អូនខ្ញុំ?»។ ព្រះអង្គលើកព្រះហស្តចង្អុលទៅពួកសាវ័កទាំងមានព្រះបន្ទូលថា៖«អ្នកទាំងនេះហើយជាមាតា និងជាបងប្អូនរបស់ខ្ញុំ ដ្បិតអ្នកណាធ្វើតាមព្រះហឫទ័យរបស់ព្រះបិតាខ្ញុំដែលគង់នៅស្ថានបរមសុខ អ្នកនោះហើយជាបងប្អូនប្រុសស្រី និងជាម្តាយរបស់ខ្ញុំ»។
504 Views
Post Views:
511