ថ្ងៃអង្គារ អាទិត្យទី១៤
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃអង្គារ ទី០៨ ខែកក្ដដា ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ៣២,២៣-៣២
មានយប់មួយ លោកយ៉ាកុបក្រោកឡើងនាំភរិយាទាំងពីរ ស្រីបម្រើទាំងពីរ ព្រមទាំងកូនលោកទាំងដប់មួយនាក់ ដើរឆ្លងស្ទឹងយ៉ាបុក ត្រង់កន្លែងទឹករាក់។ កាលលោកឱ្យក្រុមគ្រួសារឆ្លងរួចហើយ លោកក៏ឱ្យគេចម្លងអ្វីៗដែលលោកមានដែរ ពេលនោះលោកនៅតែម្នាក់ឯង។ មានបុរសម្នាក់មកបោកចំបាប់ជាមួយលោក រហូតដល់ភ្លឺ។ ដោយបុរសនោះឃើញថា ពុំអាចយកឈ្នះលោកយ៉ាកុបបាន គាត់វាយលោកចំចង្កេះ លោកយ៉ាកុបក៏ថ្លោះចង្កេះនៅពេលបោកចំបាប់គ្នានោះ។ បុរសនោះប្រាប់លោកយ៉ាកុបថា៖ «ភ្លឺហើយ! ទុកឱ្យខ្ញុំចេញទៅវិញទៅ!»។ លោកយ៉ាកុបតបវិញថា៖ «សូមលោកឱ្យពរខ្ញុំសិន ទើបខ្ញុំឱ្យលោកទៅបាន»។ បុរសនោះសួរលោកយ៉ាកុបថា៖«អ្នកឈ្មោះអី»។ លោកយ៉ាកុបឆ្លើយថា៖ «ខ្ញុំឈ្មោះយ៉ាកុប»។ បុរសនោះមានប្រសាសន៍ទៀតថា៖ «តាំងពីពេលនេះតទៅ គេលែងហៅអ្នកថា “យ៉ាកុប” ទៀតហើយ គឺគេនឹងហៅអ្នកថា “អ៊ីស្រាអែល” វិញ ដ្បិតអ្នកបានបោកចំបាប់ជាមួយព្រះជាម្ចាស់ និងជាមួយមនុស្ស ហើយអ្នកមានជ័យជម្នះ»។ លោកយ៉ាកុបសួរបុរសនោះថា៖ «លោកមានឈ្មោះអ្វី? សូមមេត្តាប្រាប់ឱ្យខ្ញុំដឹងផង»។ បុរសនោះតបវិញថា៖ «ហេតុអ្វីបានជាអ្នកសួរចង់ដឹងឈ្មោះយើងដូច្នេះ?»។ រួចបុរសនោះក៏ឱ្យពរលោកយ៉ាកុបនៅទីនោះ។ លោកយ៉ាកុបពោលថា៖ «ខ្ញុំបានឃើញព្រះភក្រ្តព្រះជាម្ចាស់ផ្ទាល់ភ្នែក តែខ្ញុំនៅតែមានជីវិតនៅឡើយ»។ ដូច្នេះ លោកដាក់ឈ្មោះកន្លែងនោះថា “ពេនីអែល” (ពាក្យនេះមានន័យថា “ព្រះភក្ត្ររបស់ព្រះជាម្ចាស់”)។ លុះថ្ងៃរះឡើង លោកយ៉ាកុបឆ្លងស្ទឹងនៅត្រង់ពេនីអែល។ លោកដើរខ្ញើចៗ ព្រោះថ្លោះចង្កេះ។
ទំនុកតម្កើងលេខ ១៧ (១៦),១-២.៥.៧-៨.១៥ បទពាក្យ ៧
១ | ឱ! ព្រះជាម្ចាស់សូមសណ្តាប់ | ទូលបង្គំប្រាប់សំណូមពរ | |
ដ៏ល្អត្រឹមត្រូវស្រស់បវរ | សូមរកយុត្តិធម៌ឱ្យរូបខ្ញុំ | ។ | |
សូមយកព្រះហឫទ័យវែកញែក | និងសូរសម្រែកទូលបង្គំ | ||
សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យខ្ញុំ | ដែលអង្វរសុំដោយត្រង់ស្មោះ | ។ | |
២ | សូមរកយុត្តិធម៌ឱ្យខ្ញុំផង | កុំបីសៅហ្មងឬបង់បោះ | |
សូមព្រះអង្គទតឱ្យច្បាស់ចុះ | អ្វីទៅដែលខុសអ្វីត្រឹមត្រូវ | ។ | |
៥ | ទូលបង្គំខំដើរតាមមាគ៌ា | នៃអង្គក្សត្រាខ្ជាប់ខ្ជួនហើយ | |
ក៏បោះជំហានដើរតាមក្រោយ | ដោយមិនថ្លោះធ្លោយលំអៀងបែរ | ។ | |
៧ | ព្រះអង្គតែងតែសង្គ្រោះអ្នក | ដែលមកជ្រកស្នាក់ដោយមេត្តា | |
ក្រោមម្លប់បារមីដ៏អស្ចារ្យ | ឱ្យរួចពីការគាបសង្កត់ | ។ | |
៨ | សូមថែរក្សាទូលបង្គំ | ដូចកែវភ្នែកកុំឱ្យបង់បាត់ | |
ការពារខ្ញុំដូចបក្សីសត្វ | ក្រុងកូនកំសត់របស់វា | ។ | |
១៥ | ចំពោះខ្ញុំវិញគឺប្រព្រឹត្ត | តាមក្តីសុចរិតមិនអាស្រូវ | |
ខ្ញុំឃើញព្រះភ័ក្ត្រទ្រង់គង់នៅ | ទើបផុតហ្មងសៅពេលភ្ញាក់ឡើង | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១០,១៤
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់យេស៊ូ! ព្រះអង្គជាគង្វាលដ៏ល្អប្រសើរ យើងខ្ញុំសុខចិត្តដើរតាមព្រះអង្គ។ សូមព្រះអង្គណែនាំយើងខ្ញុំឆ្ពោះទៅកាន់ប្រភពនៃជីវិត។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៩,៣២-៣៨
នៅគ្រានោះ គេនាំមនុស្សគម្នាក់ដែលមានខ្មោចចូលមកគាល់ព្រះយេស៊ូ។ កាលព្រះអង្គដេញខ្មោចចេញហើយ មនុស្សគក៏និយាយបាន។ មហាជននាំគ្នាស្ងើចសរសើរយ៉ាងខ្លាំង ទាំងពោលថា៖ «យើងមិនដែលឃើញការអស្ចារ្យបែបនេះនៅស្រុកអ៊ីស្រាអែលឡើយ»។ ប៉ុន្តែ ពួកខាងគណៈផារីស៊ីពោលថា៖ «គាត់ដេញខ្មោចបានដូច្នេះ មកពីស្តេចខ្មោចបានប្រគល់អំណាចឱ្យ»។ បន្ទាប់មក ព្រះយេស៊ូយាងទៅតាមក្រុង និងតាមភូមិនានា ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងធម្មសាលា ព្រមទាំងប្រកាសដំណឹងល្អអំពីព្រះរាជ្យ ហើយប្រោសអ្នកជំងឺ និងអ្នកពិការគ្រប់ប្រភេទឱ្យបានជាផង។ កាលព្រះអង្គទតឃើញមហាជន ទ្រង់មានព្រះហឫទ័យអាណិតអាសូរគេពន់ពេកណាស់ ព្រោះអ្នកទាំងនោះអស់កម្លាំងល្វើយ ធ្លាក់ទឹកចិត្ត ប្រៀបបីដូចជាចៀមដែលគ្មានគង្វាលថែទាំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «ស្រូវដែលច្រូតមានច្រើនណាស់ តែអ្នកច្រូតមានតិចពេក។ ហេតុនេះ ចូរអង្វរម្ចាស់ស្រែ ឱ្យចាត់អ្នកច្រូតមកក្នុងស្រែរបស់លោក»។