ថ្ងៃអង្គារ អាទិត្យទី១៤
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌បៃតង
ថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២៦
សូមថ្លែងព្រះគម្ពីរព្យាការីហូសេ ហស ៨,៤-៧.១១-១៣
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ជនជាតិអ៊ីស្រាអែលតែងតាំងស្តេចដោយឥតសាកសួរយើង ហើយតែងតាំងមេដឹកនាំពីក្រោយខ្នងយើង។ ពួកគេយកមាសប្រាក់របស់ខ្លួនទៅសូន្យធ្វើរូបព្រះក្លែងក្លាយ ដែលបណ្តាលឱ្យខ្លួនត្រូវវិនាស។ អ្នកក្រុងសាម៉ារីអើយ! ចូរយករូបព្រះគោរបស់អ្នកបោះចោលទៅ! កំហឹងរបស់យើងឆាបឆេះទៅលើអ្នករាល់គ្នា តើដល់ពេលណាទើបអ្នករាល់គ្នាអាចរស់នៅដោយឥតសៅហ្មង? រូបគោនោះកើតចេញមកពីអ៊ីស្រាអែល មានជាងឆ្លាក់ធ្វើវា គឺវាមិនមែនជាព្រះទេ! ហេតុនេះហើយ បានជារូបគោរបស់សាម៉ារីនឹងត្រូវបាក់បែកខ្ទេចខ្ទីជាពុំខាន។ ពួកគេសាបព្រោះខ្យល់ ពួកគេនឹងទទួលផលជាព្យុះ។ ស្រូវស្កកគ្មានបាយហូប ហើយប្រសិនបើមាន ក៏គង់តែជនបរទេសមកលេបយកទៅបាត់ដែរ។ អេប្រាអ៊ីមបានសង់អាសនៈកាន់តែច្រើនឡើងៗ ដើម្បីឱ្យបានរួចពីបាប តែអាសនៈទាំងនោះ ក្លាយទៅជាកន្លែងដែលនាំឱ្យគេប្រព្រឹត្តអំពើបាបទៅវិញ! ទោះបីយើងបានចែងវិន័យទុកឱ្យគេច្រើនយ៉ាងណាក្តី ក៏គេមិនរវីរវល់អើពើដែរ។ ពួកគេយកសត្វមកធ្វើយញ្ញបូជាឱ្យយើង ព្រោះពួកគេចូលចិត្តបរិភោគសាច់។ ប៉ុន្តែ យើងជាព្រះអម្ចាស់! យើងមិនពេញចិត្តនឹងតង្វាយរបស់ពួកគេទេ យើងនឹកឃើញអំពើបាបរបស់ពួកគេ ហើយដាក់ទោសពួកគេតាមអំពើបាបដែលខ្លួនបានប្រព្រឹត្ត។ ពួកគេត្រូវតែត្រឡប់ទៅស្រុកអេស៊ីបវិញ»។
ទំនុកតម្កើងលេខ ១១៥ (១១៣ក),៣-៩.១១ បទកាកគតិ
| ៣ | ព្រះរបស់ខ្ញុំ | នៅទីបរម | សុខឥតឧបមា |
| ទ្រង់សព្វព្រះទ័យ | ធ្វើកិច្ចអស្ចារ្យ | អ្វីសព្វប្រការ |
| | បានឥតមានទាស់ | ។ |
| ៤ | ឯព្រះពួកអ្នក | ប្រាកដជាជាក់ | ព្រះក្លែងក្លាយស្មោះ |
| ខ្លះធ្វើពីឈើ | គគីរកកោះ | ពីប្រាក់ពីមាស |
| | ជាព្រះមនុស្សច្នៃ | ។ |
| ៥ | ព្រះនោះមានមាត់ | និយាយមិនកើត | មិនដែលចេញស្តី |
| តាមតែជាងឆ្លាក់ | ដាក់មកធ្វើអ្វី | ភ្នែកឥតប្រស្រី |
| | មើលអ្វីមិនបាន | ។ |
| ៦ | រីឯត្រចៀក | មានប្រាកដជាក់ | តែមិនចំណាន |
| ព្រោះស្ដាប់មិនកើត | មិនដឹងដើមដាន | ច្រមុះដែលមាន |
| | តែមិនដឹងក្លិន | ។ |
| ៧ | មានសព្វទាំងដៃ | តែមិនអាចលៃ | ប៉ះពាល់ឬកាន់ |
| មានជើងនៅស្ងៀម | ព្រោះដើរមិនបាន | បំពង់កមាន |
| | តែគ្មានសំឡេង | ។ |
| ៨ | សូមឱ្យអស់អ្នក | ដែលបានដាប់ឆ្លាក់ | រូបព្រះនោះឯង |
| ហើយផ្ញើជីវិត | គ្មានគិតកោតក្រែង | ឱ្យគេចំបែង |
| | ដូចព្រះទាំងនោះ | ។ |
| ៩ | អ៊ីស្រាអែលអើយ | ចូរកុំកន្តើយ | ជីវិតផ្ញើព្រះ |
| នោះទ្រង់នឹងជួយ | អ្នកបានទាំងអស់ | ជាខែលគ្រឿងក្រោះ |
| | ពាំងអ្នករាល់គ្នា | ។ |
| ១១ | អ្នកដែលកោតខ្លាច | ព្រះមានអំណាច | នឹងមិនជួបទុក្ខ |
| បើផ្ញើជីវិត | អ្នកនឹងបានសុខ | ពីនេះទៅមុខ |
| | ផុតទុក្ខល្ហើយល្ហែ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១០,១៤
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់យេស៊ូ! ព្រះអង្គជាគង្វាលដ៏ល្អប្រសើរ យើងខ្ញុំសុខចិត្តដើរតាមព្រះអង្គ។ សូមព្រះអង្គណែនាំយើងខ្ញុំឆ្ពោះទៅកាន់ប្រភពនៃជីវិត។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៩,៣២-៣៨
នៅគ្រានោះ គេនាំមនុស្សគម្នាក់ដែលមានខ្មោចចូលមកគាល់ព្រះយេស៊ូ។ កាលព្រះអង្គដេញខ្មោចចេញហើយ មនុស្សគក៏និយាយបាន។ មហាជននាំគ្នាស្ងើចសរសើរយ៉ាងខ្លាំង ទាំងពោលថា៖ «យើងមិនដែលឃើញការអស្ចារ្យបែបនេះនៅស្រុកអ៊ីស្រាអែលឡើយ»។ ប៉ុន្តែ ពួកខាងគណៈផារីស៊ីពោលថា៖ «គាត់ដេញខ្មោចបានដូច្នេះ មកពីស្តេចខ្មោចបានប្រគល់អំណាចឱ្យ»។ បន្ទាប់មក ព្រះយេស៊ូយាងទៅតាមក្រុងនិងតាមភូមិនានា ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងធម្មសាលា ព្រមទាំងប្រកាសដំណឹងល្អអំពីព្រះរាជ្យ ហើយប្រោសអ្នកជំងឺ និងអ្នកពិការគ្រប់ប្រភេទឱ្យបានជាផង។ កាលព្រះអង្គទតឃើញមហាជន ទ្រង់មានព្រះហឫទ័យអាណិតអាសូរគេពន់ពេកណាស់ ព្រោះអ្នកទាំងនោះអស់កម្លាំងល្វើយ ធ្លាក់ទឹកចិត្ត ប្រៀបបីដូចជាចៀមដែលគ្មានគង្វាលថែទាំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «ស្រូវដែលត្រូវច្រូតមានច្រើនណាស់ តែអ្នកច្រូតមានតិចពេក។ ហេតុនេះ ចូរអង្វរម្ចាស់ស្រែ ឱ្យចាត់អ្នកច្រូតមកក្នុងស្រែរបស់លោក»។
994 Views
Post Views:
998