ថ្ងៃអង្គារ អាទិត្យទី០៦
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ៦,៥-៨;៧,១-៥.១០
ព្រះអម្ចាស់ទតឃើញថា មនុស្សនាំគ្នាប្រព្រឹត្តអំពើអាក្រក់កាន់តែច្រើនឡើងៗនៅលើផែនដី ហើយមានចិត្តលម្អៀងចង់ប្រព្រឹត្តអំពើអាក្រក់ជារៀងរាល់ថ្ងៃតាំងពីព្រឹកដល់ល្ងាច។ ព្រះអម្ចាស់នឹងស្តាយដោយបានបង្កើតមនុស្សមកនៅលើផែនដី។ ព្រះអង្គព្រួយព្រះហប្ញទ័យ ហើយមានព្រះបន្ទូលថា៖ «យើងនឹងលុបបំបាត់មនុស្សលោកដែលយើងបានបង្កើតមកឱ្យអស់ពីផែនដី គឺមនុស្សសត្វស្រុក សត្វល្អិតៗ និងបក្សាបក្សីដែលហើរនៅលើមេឃ ដ្បិតយើងនឹកស្តាយដោយបានបង្កើតគេមក»។ តែព្រះអម្ចាស់គាប់ព្រះហប្ញទ័យនឹងលោកណូអេ។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកណូអេថា៖ «ចូរអ្នកចូលក្នុងសំពៅ ទាំងនាំក្រុមគ្រួសារទាំងមូលទៅជាមួយផង ដ្បិតយើងឃើញថាក្នុងចំណោមមនុស្សជំនាន់នេះមានតែអ្នកទេដែលសុចរិត។ ក្នុងបណ្តាសត្វបរិសុទ្ធទាំងប៉ុន្មាន អ្នកត្រូវយកប្រាំពីរគូៗនាំចូលក្នុងសំពៅ។ ចំពោះសត្វមិនបរិសុទ្ធវិញ អ្នកត្រូវយកតែមួយគូទេ។ ចំណែកបក្សាបក្សីដែលហើរនៅលើមេឃ អ្នកត្រូវយកប្រាំពីរគូៗដែរ ដើម្បីរក្សាពូជវានៅលើផែនដីតរៀងទៅ ដ្បិតប្រាំពីរថ្ងៃទៀត យើងនឹងធ្វើឱ្យភ្លៀងបង្អុរចុះមកលើផែនដីអស់រយៈសែសិបថ្ងៃសែសិបយប់ ហើយយើងនឹងលុបបំបាត់សត្វលោកទាំងប៉ុន្មានដែលយើងបានបង្កើតមកឱ្យអស់ពីផែនដី»។ លោកណូអេធ្វើតាមព្រះបញ្ជារបស់ព្រះអម្ចាស់សព្វគ្រប់ទាំងអស់។ ប្រាំពីរថ្ងៃក្រោយមក ទឹកក៏ជន់លិចផែនដី។
ទំនុកតម្កើងលេខ ២៩ (២៨),១-៤.៩-១០ បទកាកគតិ
| ១ | ទេវតាទាំងឡាយ | ចូរនាំគ្នាថ្វាយ | តម្កើងព្រះម្ចាស់ |
| លើកស្ទួយសេរី | រុងរឿងត្រចះ | អានុភាពតេជះ |
| | របស់ព្រះអង្គ | ។ |
| ២ | ចូរលើកតម្កើង | ព្រះនាមថ្កុំថ្កើង | ក្នុងពេលនេះផង |
| ចូរនាំគ្នាថ្វាយ | បង្គំព្រះអង្គ | វិសុទ្ធឥតហ្មង |
| | ព្រះនាមល្បាញល្បី | ។ |
| ៣ | សូរសៀងព្រះម្ចាស់ | លាន់ឮយ៉ាងច្បាស់ | ពាសពេញផែនដី |
| ពីលើសាគរ | សមុទ្រធំក្រៃ | ព្រះអម្ចាស់ថ្លៃ |
| | គង់នៅលើទឹក | ។ |
| ៤ | សូរសៀងព្រះម្ចាស់ | ស្ទើរបែកអាកាស | លាន់ឮសន្ធឹក |
| ប្ញទ្ធានុភាព | គគ្រឹមគគ្រឹក | ទោះយប់ល្ងាចព្រឹក |
| | នៅតែថ្កុំថ្កើង | ។ |
| ៩ | សូរសៀងព្រះម្ចាស់ | អង្រួនទាំងអស់ | ឱ្យក្តាន់ញីព្រួយ |
| កំពុងកើតកូន | អារម្មណ៍រញ្ជួយ | ព្រមទាំងធ្វើឱ្យ |
| | ស្លឹកឈើជ្រុះអស់ | ។ |
| ពេលនោះមនុស្សម្នា | ទាំងអស់នាំគ្នា | ស្រែកដោយស្រួលស្រុះ |
| ក្នុងវិហារថា | តម្កើងព្រះម្ចាស់ | ព្រះនាមរបស់ |
| | អម្ចាស់ថ្លាថ្លៃ | ។ |
| ១០ | ព្រះអង្គគ្រប់គ្រង | ទឹកជំនន់ផង | ធំធេងពេកក្រៃ |
| ទ្រង់គឺជាព្រះ | មហាក្សត្រថ្លៃ | ព្រះនាមល្បាញល្បី |
| | គ្រងរាជ្យតទៅ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៧៨,២៤
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់ចិញ្ចឹមប្រជារាស្រ្តរបស់ព្រះអង្គនៅវាលរហោស្ថាន ទ្រង់ប្រទានអាហារស្ថានសួគ៌ឱ្យគេបរិភោគឆ្អែត។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៨,១៤-២១
ក្រុមសាវ័កភ្លេចយកនំប័ុងទៅជាមួយ។ នៅក្នុងទូក គេមាននំប័ុងតែមួយដុំប៉ុណ្ណោះ។ ព្រះយេស៊ូមានព្រះបន្ទូលដាក់តឿនគេថា៖ «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្ននឹងមេម្សៅរបស់ពួកផារីស៊ី ព្រមទាំងមេម្សៅរបស់ស្តេចហេរ៉ូដឱ្យមែនទែន»។ ក្រុមសាវ័កជជែកគ្នាថា៖ «លោកមានប្រសាសន៍ដូច្នេះមកពីយើងគ្មាននំប៉័ងទេដឹង!»។ ព្រះយេស៊ូជ្រាបគំនិតពួកគេ ក៏មានព្រះបន្ទូលថា៖ «ម្តេចក៏ជជែកគ្នាអំពីរឿងគ្មាននំប័ុងដូច្នេះ? តើអ្នករាល់គ្នាពុំទាន់ស្តាប់បាន ពុំទាន់យល់សេចក្តីទេឬ? ឬមួយអ្នករាល់គ្នាមានចិត្តរឹងរូសឬ? អ្នករាល់គ្នាមានភ្នែកតែមើលមិនឃើញ មានត្រចៀកតែស្តាប់មិនឮ!។ តើអ្នករាល់គ្នាចាំឬទេ កាលខ្ញុំកាច់នំប៉័ងប្រាំដុំចែកឱ្យមនុស្សប្រាំពាន់នាក់ តើអ្នករាល់គ្នាប្រមូលនំប៉័ងដែលសល់បានប៉ុន្មានល្អី?»។ គេទូលព្រះអង្គថា៖ «ដប់ពីរល្អី»។ «ចុះកាលខ្ញុំកាច់នំប៉័ងប្រាំពីរដុំចែកឱ្យបួនពាន់នាក់ តើអ្នករាល់គ្នាប្រមូលបានប៉ុន្មានជាល?»។ គេទូលថា៖ «ប្រាំពីរជាល»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នានៅតែពុំទាន់យល់ទៀតឬ?»។
548 Views
Post Views:
555