ថ្ងៃអង្គារ អាទិត្យទី០៣
រដូវធម្មតា «ឆ្នាំសេស»
ថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២៥
លោកថូម៉ាស (១២២៥-១២៧៤) កើតក្នុងវង្សត្រកូលអភិជនអ៊ីតាលី។ កាលអាយុបាន ១៦ឆ្នាំ លោកសម្រេចចិត្តចូលបួសក្នុងក្រុមគ្រួសារដូមីនីកូដែលទើបនឹងកើតឡើង។ ញាតិសន្តានរបស់លោកមិនព្រមឱ្យលោកចូលបួសទេ ហើយបងប្អូនក៏ទៅចាប់លោកនាំចេញពីអារាមថែមទៀតផង។ ទោះជាយ៉ាងនេះក៏ដោយ ក៏លោកនៅតែទៅបន្តការអប់រំតទៅទៀត ហើយរៀននៅក្រុងកូឡូញ (ប្រទេសអាល្លឺម៉ង់) និងនៅមហាវិទ្យាល័យក្រុងប៉ារីស (ប្រទេសបារាំង)។ លោកទៅជាសាស្ត្រាចារ្យនៅក្រុងប៉ារី ក្រុងរ៉ូម និងក្រុងណាប៉ូលី (ប្រទេសអ៊ីតាលី)។ លោករៀបរៀងធ្វើសំយោគរវាងលទ្ធិនៃគ្រីស្តសាសនាដែលលោកទទួលពីដូនតា និងវប្បធម៌នៃសម័យរបស់លោកដោយយកទស្សនវិជ្ជាលោកអរីស្តូត និងលោកប្លាតុងមករិះគិត។ លោកបានសរសេរសៀវភៅជាច្រើនក្បាលដែលប្រមែលប្រមូលយោបល់ទេវវិទ្យានៃគ្រីស្តសាសនា ហើយមានឥទ្ធិពលយ៉ាងខ្លាំងរហូតមកដល់សព្វថ្ងៃនេះ។
អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ១០,១-១០
សម្ពន្ធមេត្រីចាស់ គ្រាប់តែជាស្រមោលនៃសម្បត្តិនៅលោកខាងមុខប៉ុណ្ណោះ គឺមិនមែនធ្វើឱ្យមនុស្សយើងឃើញសម្បត្តិទាំងនោះប្រត្យក្សច្បាស់ទេ។ ហេតុនេះហើយ បានជាសម្ពន្ធមេត្រីចាស់ពុំអាចធ្វើឱ្យអស់អ្នកដែលចូលមកថ្វាយសក្ការបូជាបានគ្រប់លក្ខណ៍ឡើយ ទោះបីគេថ្វាយយញ្ញបូជាដដែលៗជារៀងរាល់ឆ្នាំមិនចេះចប់មិនចេះហើយក៏ដោយ។ ប្រសិនបើពួកអ្នកដែលគោរពបម្រើព្រះជាម្ចាស់តាមរបៀបនេះបានបរិសុទ្ធម្តងជាស្រេចហើយនោះ គេមុខជាដឹងថា ខ្លួនគ្មានជាប់បាបទៀតទេ ហើយគេក៏លែងមកថ្វាយយញ្ញបូជាទៀតដែរ។ ក៏ប៉ុន្តែ ដោយគេថ្វាយយញ្ញបូជាទាំងនោះជារៀងរាល់ឆ្នាំ គេតែងតែនាំគ្នារំលឹកពីអំពើបាប ព្រោះឈាមគោបា និងឈាមរបស់ពពែឈ្មោល ពុំអាចដកបាបបានឡើយ។ ហេតុនេះ នៅពេលដែលព្រះគ្រីស្តយាងចូលមកក្នុងពិភពលោក ព្រះអង្គមានព្រះបន្ទូលទៅកាន់ព្រះជាម្ចាស់ថា “ព្រះអង្គមិនចង់បានយញ្ញបូជា ឬតង្វាយអ្វីទេ តែព្រះអង្គបានធ្វើរូបកាយមួយឱ្យទូលបង្គំ។ ព្រះអង្គមិនសព្វព្រះហឫទ័យនឹងតង្វាយដុត ឬយញ្ញបូជាសុំឱ្យរួចពីបាបឡើយ ដូច្នេះ ទូលបង្គំពោលថា បពិត្រព្រះជាម្ចាស់! ឥឡូវនេះ ទូលបង្គំសូមមកធ្វើតាមព្រះហប្ញទ័យរបស់ព្រះអង្គ ស្របតាមសេចក្តីដែលមានចែងទុកពីទូលបង្គំនៅក្នុងគម្ពីរ”។ ជាបឋម ព្រះគ្រីស្តមានព្រះបន្ទូលថា៖ “ព្រះអង្គមិនចង់បាន ហើយព្រះអង្គក៏មិនសព្វព្រះហប្ញទ័យនឹងយញ្ញបូជាតង្វាយផ្សេងៗ តង្វាយដុត ឬយញ្ញបូជាសុំឱ្យរួចពីបាប” ដែលគេថ្វាយទៅព្រះជាម្ចាស់ស្របតាមធម្មវិន័យ។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ “ឥឡូវនេះ ទូលបង្គំសូមមកធ្វើតាមព្រះហប្ញទ័យរបស់ព្រះអង្គ”។ ដូច្នេះ ព្រះអង្គបានលុបបំបាត់របៀបគោរពបម្រើព្រះជាម្ចាស់តាមបែបមុនចោល ហើយយករបៀបថ្មីមកតាំងជំនួសវិញ។ ព្រះយេស៊ូគ្រីស្តបានថ្វាយព្រះកាយរបស់ព្រះអង្គម្តងជាស្រេចតាមព្រះហប្ញទ័យព្រះជាម្ចាស់។ ដូច្នេះហើយ បានជាព្រះអង្គប្រោសយើងឱ្យបានវិសុទ្ធ។
ទំនុកតម្កើងលេខ ៩៨ (៩៧),១-៦ បទកាកគតិ
| ២ | ខ្ញុំខំព្យាយាមចាំព្រះម្ចាស់ | ព្រះអង្គបានប្រោសព្រះកាណ៌ផ្ទៀង | |
| ស្តាប់សូរសម្រែកមិនលម្អៀង | ពាក្យខ្ញុំពិតទៀតស្មោះឥតអាក់ | ។ |
| ៣ | ព្រះអង្គយកខ្ញុំពីរណ្តៅ | ពីភក់ជ្រាំជ្រៅយកមកដាក់ | |
| នៅលើថ្មដាគ្មានថ្នាំងថ្នាក់ | ថែទាំទុកដាក់ខ្ញុំរុងរឿង | ។ |
| ៤ | ព្រះអង្គប្រទានខ្ញុំឱ្យច្រៀង | បទថ្មីសំនៀងលើកតម្តើង | |
| មនុស្សច្រើននឹងឃើញក្អាកក្អាយឡើង | ព្រះម្ចាស់ថ្កុំថ្កើងគេកោតខ្លាច | ។ |
| ៧ | ព្រះអង្គមិនចង់បានតង្វាយ | យញ្ញបូជាថ្វាយអ្វីទាល់សោះ | |
| ទ្រង់បើកត្រចៀកខ្ញុំទាំងអស់ | ស្តាប់ព្រះតម្រិះនៃព្រះអង្គ | ។ |
| ៨ | ដូច្នេះទូលបង្គំសូមពោលថា | បពិត្រករុណាដ៏ឧត្តុង | |
| ទូលបង្គំប្រព្រឹត្តឥតរេរង់ | តាមសេចក្តីក្នុងព្រះគម្ពីរ | ។ |
| ១០ | ខ្ញុំនឹងប្រកាសធម៌មេត្តា | ធម៌ករុណាធម៌សុចរិត | |
| ព្រះអង្គជ្រាបហើយទ្រង់អាណិត | ខ្ញុំថ្លែងឥតឈរឈប់សោះ | ។ |
| ១១ | ទូលបង្គំមិនលាក់ក្តីសុចរិត | ទុកក្នុងដួងចិត្តតែងប្រកាស | |
| ព្រះហប្ញទ័យនៃព្រះអម្ចាស់ | ដែលបានសង្រ្គោះទូលបង្គំ | ។ |
| រូបខ្ញុំបាននៅស្ងាត់ស្ងៀម | សំងំអឹមអៀមក្នុងប្រជុំ | |
| ពីព្រះហប្ញទ័យដ៏ឧត្តម | ព្រះម្ចាស់ដ៏ធំលើលោកា | |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១១,២៣
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះជាម្ចាស់ដែលជាព្រះបិតាយើងខ្ញុំ និងជាព្រះអម្ចាស់នៃពិភព! យើងខ្ញុំសូមសសើរតម្តើងព្រះអង្គ ព្រោះទ្រង់បានសម្តែងការណ៍អស្ចារ្យនៃព្រះរាជ្យឱ្យអ្នកតូចតាចស្គាល់!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៣,៣១-៣៥
ពេលនោះ ព្រះយេស៊ូគង់នៅក្នុងផ្ទះ។ មាតា និងបងប្អូនរបស់ព្រះយេស៊ូមកដល់ឈរនៅខាងក្រៅ ហើយចាត់គេឱ្យចូលមកហៅព្រះអង្គ។ បណ្តាជនដែលអង្គុយនៅជុំវិញព្រះយេស៊ូទូលព្រះអង្គថា៖ «លោកគ្រូ! ម្តាយ និងបងប្អូនលោកនៅខាងក្រៅមករកលោក!»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «តើនរណាជាម្តាយខ្ញុំ? នរណាជាបងប្អូនខ្ញុំ?»។ ព្រះអង្គក៏ទតមើលទៅមនុស្សដែលនៅជុំវិញព្រះអង្គ រួចមានព្រះបន្ទូលថា៖ «អ្នកទាំងនេះហើយជាមាតា និងជាបងប្អូនខ្ញុំ ដ្បិតអ្នកណាប្រព្រឹត្តតាមព្រះហប្ញទ័យព្រះជាម្ចាស់ អ្នកនោះជាបងប្អូនប្រុសស្រី និងជាម្តាយខ្ញុំ»។
420 Views
Post Views:
430