ថ្ងៃព្រហស្បតិ៍ អាទិត្យទី០៩
រដូវធម្មតា«ឆ្នាំគូ»
ពណ៌បៃតង
ថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២៤
សូមថ្លែងលិខិតទី ២ របស់គ្រីស្តទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ២ ធម ២,៨-១៥
ប្អូនជាទីស្រឡាញ់!
ចូរនឹកដល់ព្រះយេស៊ូគ្រីស្តដែលទទួលព្រះជន្មថ្មីដ៏រុងរឿង ព្រះអង្គជាប់ព្រះញាតិវង្សនឹងព្រះបាទដាវីឌ ស្របតាមដំណឹងល្អដែលខ្ញុំប្រកាស។ ខ្ញុំរងទុក្ខលំបាកព្រោះតែដំណឹងល្អនេះ រហូតដល់ត្រូវគេចាប់ចង ដូចជាបានប្រព្រឹត្តអំពើអាក្រក់។ ប៉ុន្តែ គេពុំអាចចាប់ចងព្រះបន្ទូលរបស់ព្រះជាម្ចាស់បានឡើយ។ ហេតុនេះហើយ បានជាខ្ញុំសុខចិត្តស៊ូទ្រាំគ្រប់បែបយ៉ាង ដោយយល់ដល់អស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើស ដើម្បីឱ្យពួកគេទទួលការសង្គ្រោះ ដោយរួមក្នុងអង្គព្រះគ្រីស្តយេស៊ូ ព្រមទាំងទទួលសិរីរុងរឿងអស់កល្បជានិច្ចនោះដែរ។ ពាក្យនេះគួរឱ្យជឿ គឺថា ប្រសិនបើយើងរួមស្លាប់ជាមួយព្រះគ្រីស្ត ហើយយើងក៏នឹងរស់រួមជាមួយព្រះអង្គដែរ។ ប្រសិនបើយើងស៊ូទ្រាំ យើងនឹងបានគ្រងរាជ្យរួមជាមួយព្រះអង្គ។ ប្រសិនបើយើងបដិសេធមិនព្រមទទួលស្គាល់ព្រះអង្គ ព្រះអង្គក៏នឹងបដិសេធមិនទទួលស្គាល់យើងដែរ។ ប្រសិនបើយើងស្មោះត្រង់ ព្រះអង្គនៅតែស្មោះត្រង់ដដែល ដ្បិតព្រះអង្គពុំអាចបដិសេធព្រះអង្គផ្ទាល់បានឡើយ។ ប្អូនត្រូវរំលឹកដាស់តឿនបងប្អូនទាំងបញ្ជាក់យ៉ាងម៉ឺងម៉ាត់ នៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ ឱ្យគេចៀសវាងការឈ្លោះប្រកែកគ្នាអំពីពាក្យពេចន៍ ព្រោះគ្មានបានផលប្រយោជន៍អ្វីឡើយ គឺនាំឱ្យកើតអន្តរាយដល់អ្នកស្តាប់តែប៉ុណ្ណោះ។ ចូរខំប្រឹងធ្វើយ៉ាងណាឱ្យបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ និងបានឈរនៅចំពោះព្រះភក្រ្តព្រះអង្គក្នុងឋានៈជាកម្មករដែលគ្មានអ្វីនាំឱ្យអៀនខ្មាស ព្រោះខ្លួនបានចែករំលែកព្រះបន្ទូលនៃសេចក្តីពិតយ៉ាងត្រឹមត្រូវ។
ទំនុកតម្កើងលេខ ២៥ (២៤),៤-៥.៨-៩,១០,១៤ បទពាក្យ ៧
៤ | ឱព្រះអម្ចាស់ទូលបង្គំ | សូមជួយណែនាំនិងបង្រៀន | |
ឱ្យស្គាល់មាគ៌ាល្អថ្កើងថ្កាន | វិសុទ្ធហួសស្មាននៃព្រះអង្គ | ។ | |
៥ | សូមជួយអប់រំខ្ញុំឱ្យរស់ | តាមក្តីពិតស្មោះព្រះអង្គផង | |
ដ្បិតទ្រង់សង្គ្រោះខ្ញុំឥតហ្មង | សង្ឃឹមព្រះអង្គរៀងរាល់ថ្ងៃ | ។ | |
៨ | ព្រះអម្ចាស់មានព្រះហឫទ័យ | សប្បុរសពេកក្រៃករុណា | |
សូមជួយបង្ហាញពីមាគ៌ា | មនុស្សបាបរាល់គ្នាបានស្គាល់ផង | ។ | |
៩ | ព្រះអង្គនាំមនុស្សដែលមានចិត្ត | សុភាពសុចរិតតាមគន្លង | |
មាគ៌ាត្រឹមត្រូវល្អផូរផង់ | មិនឱ្យមានហ្មងស្គាល់ផ្លូវល្អ | ។ | |
១០ | មាគ៌ារបស់ព្រះអម្ចាស់ | សម្តែងយ៉ាងច្បាស់ករុណាធម៌ | |
ដល់អ្នកគោរពទោះក្រីក្រ | ខ្ពង់ខ្ពស់បវរតាមសម្ពន្ធ | ។ | |
១៤ | ព្រះតែងសម្តែងភក្តីភាព | អ្នកតូចខ្ពស់ទាបយ៉ាងស្ម័គ្រស្មោះ | |
អ្នកដែលកោតខ្លាចទ្រង់សប្បុរស | ឱ្យគេទាំងអស់ស្គាល់មេត្រី | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ យហ ៤,៨.៧
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់។ អ្នកណាមានចិត្តស្រឡាញ់ អ្នកនោះកើតមកពីព្រះជាម្ចាស់ ហើយក៏ស្គាល់ព្រះជាម្ចាស់ដែរ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១២,២៨-៣៤
នៅគ្រានោះ មានធម្មាចារ្យម្នាក់ចូលទៅជិតព្រះយេស៊ូ ហើយទូលសួរព្រះអង្គថា៖ «ក្នុងបណ្តាវិន័យទាំងអស់ តើវិន័យណាសំខាន់ជាងគេ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «វិន័យទីមួយគឺ “អ៊ីស្រាអែលអើយ! ចូរស្តាប់! ព្រះអម្ចាស់ជាព្រះរបស់យើងតែមួយព្រះអង្គគត់ ដែលពិតជាព្រះអម្ចាស់។ ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឱ្យអស់ពីចិត្តគំនិត អស់ពីស្មារតី អស់ពីប្រាជ្ញា និងអស់ពីកម្លាំងកាយ”។ រីឯវិន័យទីពីរមានចែងថា “ត្រូវស្រឡាញ់បងប្អូនឯទៀតៗ ឱ្យបានដូចស្រឡាញ់ខ្លួនឯង”។ គ្មានវិន័យណាសំខាន់ជាងវិន័យទាំងពីរនេះទេ»។ ធម្មាចារ្យនោះទូលព្រះអង្គថា៖ «លោកគ្រូ! លោកមានប្រសាសន៍ត្រូវណាស់ ហើយពិតផង!។ មានព្រះជាម្ចាស់តែមួយព្រះអង្គគត់ ក្រៅពីព្រះអង្គ គ្មានព្រះឯណាទៀតឡើយ។ បើយើងស្រឡាញ់ព្រះអង្គអស់ពីចិត្ដគំនិត អស់ពីប្រាជ្ញា និងអស់ពីកម្លាំងកាយ ហើយយើងស្រឡាញ់បងប្អូនឯទៀតៗឱ្យបានដូចស្រឡាញ់ខ្លួនឯងនោះ ប្រសើរជាងថ្វាយតង្វាយដុត និងថ្វាយយញ្ញបូជាទៅទៀត»។ កាលព្រះយេស៊ូឮគាត់ឆ្លើយដោយប្រាជ្ញាវាងវៃដូច្នេះ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកនៅមិនឆ្ងាយពីព្រះរាជ្យរបស់ព្រះជាម្ចាស់ទេ»។ បន្ទាប់មក គ្មាននរណាហ៊ានដេញដោលសួរព្រះអង្គទៀតឡើយ។