ថ្ងៃព្រហស្បតិ៍ អាទិត្យទី៣៤
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិការ ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យការីដានីអែល ដន ៦,១២-២៨

ពេល​នោះ ពួក​នាម៉ឺន​មន្ត្រី​ក៏​លើក​គ្នា​ចូល​មក ឃើញ​លោក​ដានីអែល​កំពុង​តែ​ទូល‌អង្វរ​ព្រះ​របស់​លោក។ ពួក​គេ​នាំ​គ្នា​ចូល​ទៅ​គាល់​ស្តេច ទូល​អំពី​រាជ​បម្រាម​នោះ​ថា៖ «បពិត្រ​ព្រះ‌រាជា! តើ​ព្រះ‌អង្គ​បាន​ឡាយ​ព្រះ‌ហស្ដ​លេខា​លើ​បម្រាម​ថា ក្នុង‌រយៈ​ពេល​សាម‌សិប​ថ្ងៃ បើ​អ្នក​ណា​ទូល‌អង្វរ​ព្រះ ឬ​មនុស្ស ក្រៅ​ពី​ព្រះ‌ករុណា អ្នក​នោះ​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​រូង​តោ​មែន​ឬ?»។ ព្រះ‌មហា​ក្សត្រ​ឆ្លើយ​ថា៖ «ត្រូវ​ហើយ! យើង​បាន​សម្រេច​ដូច្នេះ​មែន គឺ​ស្រប​តាម​ច្បាប់​របស់​ជន​ជាតិ​ម៉ែដ និង​ពែរ្ស ដែល​មិន​អាច​ប្រែ​ក្រឡាស់​បាន​ឡើយ»។ ពួក​គេ​ក៏​ទូល​ព្រះ‌រាជា​ថា៖ «បពិត្រ​ព្រះ‌រាជា លោក​ដានីអែល​ជា​អ្នក​ដែល​គេ​ជន្លៀស​មក​ពី​ស្រុក​យូដា ពុំ​បាន​អើពើ​នឹង​ព្រះ‌ករុណា ហើយ​ក៏​មិន​គោរព​តាម​បម្រាម​ដែល​ព្រះ‌អង្គ​បាន​ឡាយ​ព្រះ‌ហស្ដ​ដែរ! គឺ​លោក​នៅ​តែ​អធិស្ឋាន​មួយ​ថ្ងៃ​បី​ដង»។ កាល​ស្តេច​ព្រះ‌សណ្ដាប់​ដូច្នេះ​ហើយ ព្រះ‌អង្គ​ព្រួយ​ព្រះ‌ហឫ‌ទ័យ​ជា​ខ្លាំង។ ព្រះ‌រាជា​ចង់​ដោះ​លែង​លោក​ដានីអែល​ណាស់ គឺ​តាំង​ពី​ពេល​នោះ​រហូត​ដល់​ល្ងាច ព្រះ‌អង្គ​រិះ‌រក​មធ្យោ‌បាយ​ដោះ​លែង​លោក​ដានីអែល។ ប៉ុន្តែ នាម៉ឺន​មន្ត្រី​ទាំង​នោះ​លើក​គ្នា​មក​ទូល​ស្តេច​ថា៖ «បពិត្រ​ព្រះ‌រាជា! សូម​ព្រះ‌អង្គ​ជ្រាប​ថា តាម​ច្បាប់​របស់​ជន​ជាតិ​ម៉ែដ និង​ជន​ជាតិ​ពែរ្ស រាជ​បម្រាម និង​រាជ‌ក្រឹត្យ​ទាំង​ប៉ុន្មាន ដែល​មាន​ឡាយ​ព្រះ‌ហស្ដ​លេខា​របស់​ព្រះ‌មហា​ក្សត្រ​មិន​អាច​ប្រែ‌ប្រួល​បាន​ជា​ដាច់​ខាត!»។ ព្រះ‌មហា​ក្សត្រ​បញ្ជា​ឱ្យ​គេ​នាំ​លោក​ដានីអែល​ទៅ​បោះ​នៅ​ក្នុង​រូង​តោ ទាំង​មាន​រាជ‌ឱង្ការ​ទៅ​លោក​ថា៖ «ព្រះ​របស់​លោក​នឹង​សង្គ្រោះ​ជីវិត​លោក​ជា​មិន​ខាន ព្រោះ​លោក​បាន​គោរព​បម្រើ​ព្រះ‌អង្គ​ដោយ​ចិត្ត​ព្យាយាម»។ គេ​យក​ផ្ទាំង​ថ្ម​មួយ​ផ្ទាំង​មក​សន្ធប់​មាត់​រូង ហើយ​ព្រះ‌មហា​ក្សត្រ​ប្រថាប់​ត្រា​ព្រះ‌ទម្រង់​លើ​ថ្ម​នោះ ពួក​មន្ត្រី​របស់​ស្តេច​ក៏​បោះ​ត្រា​ចិញ្ចៀន​របស់​គេ​លើ​ថ្ម​នោះ​ដែរ។ ដូច្នេះ គ្មាន​នរណា​អាច​សង្គ្រោះ​លោក​ដានីអែល​បាន​ឡើយ។ បន្ទាប់​មក ព្រះ‌មហា​ក្សត្រ​យាង​ចូល​រាជ​វាំង​វិញ ព្រះ‌អង្គ​យាង​ចូល​ក្រឡា‌បន្ទំ ដោយ​មិន​ព្រម​សោយ​អ្វី​ឡើយ ហើយ​ក៏​មិន​អនុញ្ញាត​ឱ្យ​ពួក​ស្នំ​ចូល​មក​ជិត​ដែរ។ យប់​នោះ ព្រះ‌អង្គ​ផ្ទំ​មិន​លក់​ទាល់​តែ​សោះ។ ព្រះ‌រាជា​ក្រោក​ឡើង​តាំង​ពី​ព្រលឹម​ស្រាងៗ ហើយ​ប្រញាប់‌ប្រញាល់​យាង​ឆ្ពោះ​ទៅ​រូង​តោ។ ព្រះ‌អង្គ​ចូល​ទៅ​ជិត​រូង ទាំង​ស្រែក​ហៅ​លោក​ដានីអែល ដោយ​បន្លឺ​ព្រះ‌សូរ‌សៀង​យ៉ាង​ក្តុក‌ក្តួល​ថា៖ «លោក​ដានីអែល​ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អើយ តើ​ព្រះ​របស់​លោក ដែល​លោក​គោរព​បម្រើ​ដោយ​ចិត្ត​ព្យាយាម​នោះ បាន​រំដោះ​លោក​ឱ្យ​រួច​ពី​តោ​ឬ​ទេ?»។ លោក​ដានីអែល​ទូល​ទៅ​ស្តេច​វិញ​ថា៖ «បពិត្រ​ព្រះ‌រាជា សូម​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​គង់​នៅ​រហូត​ត​ទៅ! ព្រះ​របស់​ទូល‌បង្គំ​ចាត់​ទេវទូត​របស់​ព្រះ‌អង្គ​មក​បិទ​មាត់​តោ ដូច្នេះ វា​មិន​បាន​ធ្វើ​បាប​ទូល‌បង្គំ​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​ជ្រាប​ថា ទូល‌បង្គំ​គ្មាន​ទោស‌ពៃរ៍​អ្វី​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​ទេ ហើយ​ទូល‌បង្គំ​ក៏​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស​ចំពោះ​ព្រះ‌ករុណា​ដែរ»។ ពេល​នោះ ព្រះ‌មហា​ក្សត្រ​មាន​ព្រះ‌ហឫ‌ទ័យ​រីក‌រាយ​ក្រៃ‌លែង ព្រះ‌អង្គ​បញ្ជា​ឱ្យ​គេ​យក​លោក​ដានីអែល​ចេញ​ពី​រូង​មក​វិញ គេ​ក៏​យក​លោក​ចេញ​មក​ឃើញ​ថា លោក​គ្មាន​របួស​អ្វី​សោះ ដ្បិត​លោក​មាន​ជំនឿ​លើ​ព្រះ​របស់​លោក។ បន្ទាប់​មក ព្រះ‌មហា​ក្សត្រ​បញ្ជា​ឱ្យ​គេ​នាំ​ពួក​នាម៉ឺន​មន្ត្រី ដែល​បាន​ចោទ​ប្រកាន់​លោក​ដានីអែល​យក​ទៅ​បោះ​នៅ​ក្នុង​រូង​តោ ទាំង​ប្រពន្ធ ទាំង​កូន។ មុន​ពេល​អ្នក​ទាំង​នោះ​ធ្លាក់​ទៅ​ដល់​បាត​រូង តោ​បាន​លោត​មក​ត្របាក់​ស៊ី​ពួក​គេ​ខ្ទេច‌ខ្ទី​អស់។ ព្រះ‌បាទ​ដារី‌យូស​ចេញ​រាជ‌សារ​មួយ​ប្រកាស​ប្រាប់​ប្រជាជន ប្រជា‌ជាតិ និង​មនុស្ស​គ្រប់​ភាសា ដែល​រស់​នៅ​លើ​ផែន‌ដី​ទាំង​មូល​ថា៖ «សូម​ឱ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​យ៉ាង​បរិបូណ៌! យើង​សុំ​ចេញ​បញ្ជា​ដូច​ត​ទៅ គឺ​មនុស្ស​ទាំង‌ឡាយ​ដែល​រស់​នៅ​ទូទាំង​រាជា‌ណា‌ចក្រ​របស់​យើង ត្រូវ​តែ​គោរព​កោត​ខ្លាច​ព្រះ​របស់​លោក​ដានីអែល ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ហើយ​ព្រះ‌អង្គ​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច។ ព្រះ‌រាជ្យ​របស់​ព្រះ‌អង្គ​មិន​សាប‌សូន្យ​ឡើយ ព្រះ‌អង្គ​គ្រង​រាជ្យ​រហូត​ត​រៀង​ទៅ។ ព្រះ‌អង្គ​សង្គ្រោះ និង​រំដោះ​មនុស្ស​លោក ព្រះ‌អង្គ​សម្ដែង​ទី​សម្គាល់ និង​ឫទ្ធិ​បាដិហារិយ៍នៅ​លើ​មេឃ និង​នៅ​លើ​ផែន‌ដី គឺ​ព្រះ‌អង្គ​នេះ​ហើយ​ដែល​បាន​សង្គ្រោះ លោក​ដានីអែល​ឱ្យ​រួច​ពី​ក្រញាំ​តោ»។

ទំនុកតម្កើងព្យការីដានីអែល ៣,៦៨-៧៤ បទកាកគតិ

៦៨សន្សើមនិងព្រឹលសូមអ្នកកុំខ្ជិលកុំបង្អង់នៅ
ស្មូត្រលើកតម្កើងព្រះម្ចាស់ជាផ្លូវអង្វែងតទៅ
អស់កល្បជានិច្ច
៦៩ចូរថ្ងៃនិងយប់កោតកុំឈរឈប់សរសើរកុំភ្លេច
ស្មូត្រលើកតម្កើងព្រះម្ចាស់ជានិច្ចកុំបីកែគេច
អស់កល្បស្ថេរស្ថិត
៧០ចូរឱ្យពន្លឺរន្ទាលរន្ទឺនិងភាពងងឹត
សរសើរតម្កើងអម្ចាស់មានឫទ្ធិរាល់ថ្ងៃកុំគិត
ខ្វល់ខ្វាយឡើយណា
៧១អាកាសត្រជាក់ខ្យល់រងាធ្លាក់មកជាធម្មតា
ចូរលើកតម្កើងអម្ចាស់ក្សត្រាព្រះអ្នករាល់គ្នា
កុំបីឃ្លាងឃ្លាត
៧២សូមឱ្យទឹកកកកុំបីខានខកទាំងសន្សើមទៀត
ចូរលើកតម្កើងព្រះម្ចាស់ទាំងឆ្លៀតកុំបីរវាត
រហូតតទៅ
៧៣សូមដុំពពកផ្លេកបន្ទោរមកកុំបង្អង់នៅ
តម្កើងព្រះអង្គកុំបីហ្មងសៅស្មូត្ររហូតទៅ
អស់កល្បយូរលង់
៧៤សូមឱ្យផែនដីទាំងមូលលកលៃតម្កើងព្រះអង្គ
សរសើរកុំឈប់កុំនៅរេរង់កោតសរសើរទ្រង់
កុំប្រែសាវា

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២១,២៨

អាលេលូយ៉ា! អាលេលូយ៉ា!
ចូរអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះព្រះ​ជាម្ចាស់ជិតរំដោះអ្នករាល់គ្នាហើយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២១,២០-២៨

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កអំពីដំណើនិវត្តរបស់ព្រះអង្គថា៖ «កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​មាន​កង‌ទ័ព​មក​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម ចូរ​ដឹង​ថា ក្រុង​នេះ​ជិត​វិនាស​ហើយ។ ពេល​នោះ អស់​អ្នក​នៅ​ស្រុក​យូដា ត្រូវ​តែ​រត់​ទៅ​ជ្រក​នៅ​តាម​ភ្នំ រីឯ​អស់​អ្នក​នៅ​ក្រុង​យេរូ‌សាឡឹម ត្រូវ​រត់​ចេញឱ្យ​ឆ្ងាយ​ពី​ក្រុង ហើយ​អស់​អ្នក​ដែល​នៅ​ស្រុក​ស្រែ មិន​ត្រូវ​ចូល​ទៅ​ក្រុង​ឡើយ។ គ្រា​នោះ ជា​គ្រា​ដែល​ព្រះ‌ជាម្ចាស់​ធ្វើ​ទោស​ប្រជា‌រាស្ដ្រ​ព្រះ‌អង្គ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ។ គ្រា​នោះ ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​បំបៅ​កូន មុខ​ជា​វេទនា​ពុំ‌ខាន ដ្បិត​នឹង​កើត​មាន​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង​នៅ​ក្នុង​ស្រុក ហើយ​ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​ប្រជា‌រាស្ដ្រ​នេះ។ គេ​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ហើយ​ខ្មាំង​សត្រូវ​នឹង​កៀរ​គេ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​សង្គ្រាមឱ្យ​រស់​នៅ​កណ្ដាល​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ សាសន៍​ដទៃ​នឹង​ជាន់​ឈ្លី​ក្រុង​យេរូ‌សាឡឹម រហូត​ដល់​ពេល​កំណត់​របស់​គេ»។ «គ្រា​នោះ នឹង​មាន​ទី​សម្គាល់​នៅ​ក្នុង​ព្រះ‌អាទិត្យ ក្នុង​ព្រះ‌ច័ន្ទ និង​ក្នុង​ផ្កាយ​ទាំង​ប៉ុន្មាន។ ប្រជា‌ជាតិ​ទាំង​អស់​នៅ​លើ​ផែន‌ដី​នឹង​តឹង​ទ្រូង ព្រួយ​បារម្ភ ពេល​ឮ​សូរ​សន្ធឹក​រលក​សមុទ្រ​បក់‌បោក មនុស្ស‌ម្នា​ភ័យ​ស្លុត​បាត់​ស្មារតី នៅ​ពេល​គិត​អំពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​លើ​ផែន‌ដី ដ្បិត​ឫទ្ធិ‌បារមី​នានា​នៅ​លើ​មេឃ​នឹង​កក្រើក​រំពើក។ ពេល​នោះ គេ​នឹង​ឃើញ​បុត្រ​មនុស្ស​យាង​មក​ក្នុង​ពពក ប្រកប​ដោយ​ឫទ្ធា‌នុភាព និង​សិរី‌រុង​រឿង​ពន់‌ពេក​ក្រៃ។កាល​ណា​ព្រឹត្តិ‌ការណ៍​ទាំង​នេះ​ចាប់‌ផ្ដើម​កើត​មាន ចូរ​អ្នក​រាល់​គ្នា​ងើប​មើល​ទៅ​លើ ពី‌ព្រោះ​ព្រះ‌ជាម្ចាស់​ជិត​រំដោះ​អ្នក​រាល់​គ្នា​ហើយ»។

31 Views

Theme: Overlay by Kaira