អត្ថបទព្រះគម្ពីរ
ថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១
អាទិត្យទី៣៤ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា
ឬសន្តីកាតេរីន នៅអាឡិចសង់ឌ្រី
ជាព្រហ្មចារិនី និងជាមរណសាក្សី
អត្ថបទទី១
សូមថ្លែងព្រះគម្ពីរព្យាការីដានីអែល ដន ៦,១២-២៨
ពេលនោះ ពួកនាម៉ឺនមន្ដ្រីក៏លើកគ្នាចូលមក ឃើញលោកដានីអែលកំពុងតែទូលអង្វរព្រះរបស់លោក។ ពួកគេនាំគ្នាចូលទៅគាល់ស្ដេច ទូលអំពីព្រះរាជបម្រាមនោះថា៖«បពិត្រព្រះរាជា! តើទ្រង់បានឡាយព្រះហស្ដលេខាលើបម្រាមថា ក្នុងរយៈពេលសាមសិបថ្ងៃបើអ្នកណាទូលអង្វរព្រះ ឬមនុស្សក្រៅពីព្រះករុណា អ្នកនោះនឹងត្រូវបោះទៅក្នុងរូងតោមែនឬ?»។ ព្រះមហាក្សត្រឆ្លើយថា៖«ត្រូវហើយ! យើងបានសម្រេចដូច្នេះមែន គឺស្របតាមច្បាប់ជនជាតិម៉ែដ និងពែរ្ស ដែលមិនអាចប្រែក្រឡាស់បានឡើយ»។ ពួកគេក៏ទូលព្រះរាជាថា៖«បពិត្រព្រះរាជា! លោកដានីអែលជាអ្នកដែលគេជម្លៀសមកពីស្រុកយូដា ពុំបានអើពើនឹងព្រះករុណា ហើយក៏មិនគោរពតាមបម្រាមដែលទ្រង់បានឡាយព្រះហស្ដលេខាដែរ គឺលោកនៅតែអធិដ្ឋានមួយថ្ងៃបីដង»។ កាលស្ដេចព្រះសណ្ដោប់ដូច្នេះហើយ ទ្រង់ព្រួយព្រះហប្ញទ័យជាខ្លាំង។ ព្រះរាជាចង់ដោះលែងលោកដានីអែលណាស់ គឺតាំងពីពេលនោះរហូតដល់ល្ងាច ទ្រង់រិះរកមធ្យោបាយដើម្បីដោះលែងលោកដានីអែល។ ប៉ុន្ដែ នាម៉ឺនមន្ដ្រីទាំងនោះលើកគ្នាមកទូលស្ដេចថា៖«បពិត្រព្រះរាជា! សូមទ្រង់ជ្រាបថា តាមច្បាប់របស់ជនជាតិម៉ែដ និងជនជាតិពែរ្ស ព្រះរាជបម្រាម និងព្រះរាជក្រឹត្យទាំងប៉ុន្មាន ដែលមានឡាយព្រះហស្ដលេខារបស់ព្រះមហាក្សត្រ មិនអាចប្រែប្រួលបានជាដាច់ខាត់!។ ព្រះមហាក្សត្រក៏បញ្ជាឱ្យគេនាំលោកដានីអែលទៅបោះក្នុងរូងតោ ទាំងមានព្រះឱង្ការទៅលោកថា៖«ព្រះរបស់លោកនឹងសង្គ្រោះជីវិតលោកជាមិនខាន ព្រោះលោកបានគោរពបម្រើ ព្រះអង្គដោយចិត្តព្យាយាម»។ គេយកផ្ទាំងថ្មមួយផ្ទាំង មកសន្ធប់មាត់រូង ហើយព្រះមហាក្សត្រប្រថាប់ត្រាព្រះទំរង់លើថ្មនោះ ពួកមន្ដ្រីរបស់ស្ដេច ក៏បោះត្រាចិញ្ចៀនរបស់គេលើថ្មនោះដែរ។ ដូច្នេះ គ្មាននរណាអាចសង្គ្រោះលោកដានីអែលបានឡើយ។ បន្ទាប់មកព្រះមហាក្សត្រយាងចូលព្រះរាជវាំងវិញ ទ្រង់យាងចូលក្រឡាបន្ទំដោយមិនព្រមសោយអ្វីឡើយ ហើយក៏មិនអនុញ្ញាតឱ្យពួកស្នំចូលមកជិតដែរ។ យប់នោះ ទ្រង់ផ្ទំមិនលក់ទាល់តែសោះ។ ព្រះរាជាក្រោកឡើងតាំងពីព្រលឹមស្រាងៗ ហើយប្រញាប់ប្រញាល់យាងឆ្ពោះទៅរូងតោ។ ទ្រង់ចូលទៅជិតរូង ទាំងស្រែកហៅលោកដានីអែល ដោយបន្លឺព្រះសូរសៀងយ៉ាងក្ដុកក្តួលថា៖«លោកដានីអែលជាអ្នកបម្រើរបស់ព្រះដ៏មានព្រះជន្មគង់នៅអើយ! តើព្រះរបស់លោកដែលលោកគោរពបម្រើដោយចិត្តព្យាយាមនោះ បានរំដោះលោកឱ្យរួចពីតោឬទេ?»។ លោកដានីអែលទូលទៅស្ដេចវិញថា៖«បពិត្រព្រះរាជា សូមទ្រង់មានព្រះជន្មគង់នៅរហូតតទៅ!។ ព្រះរបស់ទូលបង្គំបានចាត់ទេវទូតរបស់ព្រះអង្គមកបិទមាត់តោ ដូច្នេះ វាមិនបានធ្វើបាបទូលបង្គំឡើយ ដ្បិតព្រះជាម្ចាស់ជ្រាបថា ទូលបង្គំគ្មានទោសពៃរ៍អ្វីនៅចំពោះព្រះភក្រ្ដព្រះអង្គទេ ហើយទូលបង្គំក៏ពុំបានប្រព្រឹត្តអ្វីខុសចំពោះព្រះករុណាដែរ»។ ពេលនោះ ព្រះមហាក្សត្រមានព្រះហប្ញទ័យរីករាយក្រៃលែង ទ្រង់បញ្ជាឱ្យគេយកលោកដានីអែលចេញពីរូងមកវិញ គេក៏យកលោកចេញមក ហើយឃើញថា លោកគ្មានរបួសអ្វីសោះ ដ្បិតលោកមានជំនឿលើព្រះរបស់លោក។ បន្ទាប់មក ព្រះមហាក្សត្របញ្ជាឱ្យគេនាំពួកនាម៉ឺនមន្ដ្រីដែលបានចោទប្រកាន់លោកដានីអែល យកទៅបោះនៅក្នុងរូងតោ ទាំងប្រពន្ធ ទាំងកូន។ មុនពេលអ្នកទាំងនោះធ្លាក់ទៅដល់បាតរូង តោបានលោតមកត្របាក់ស៊ីពួកគេខ្ទេចខ្ទីអស់។
ព្រះបាទដារីយូសបានចេញព្រះរាជសារមួយ ប្រកាសប្រាប់ប្រជាជន ប្រជាជាតិ និងមនុស្សគ្រប់ភាសាដែលរស់នៅលើផែនដីទាំងមូលថា៖«សូមឱ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខយ៉ាងបរិបូណ៌!។ យើងសុំចេញបញ្ជាដូចតទៅ គឺមនុស្សទាំងឡាយដែលរស់នៅទូទាំងរាជាណាចក្ររបស់យើង ត្រូវតែគោរពកោតខ្លាចព្រះរបស់លោកដានីអែល ដ្បិព្រះអង្គជាព្រះដែលមានព្រះជន្មគង់នៅ ហើយព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច។ ព្រះរាជ្យរបស់ព្រះអង្គមិនសាបសូន្យឡើយ ព្រះអង្គគ្រងរាជ្យរហូតតរៀងទៅ។ ព្រះអង្គសង្គ្រោះ និងរំដោះមនុស្សលោក ព្រះអង្គសម្ដែងទីសម្គាល់ និងប្ញទ្ធិបាដិហារនៅលើមេឃ និងនៅលើផែនដី គឺព្រះអង្គនេះហើយដែលបានសង្គ្រោះលោកដានីអែល ឱ្យរួចពីក្រញុំាតោ»។
ទំនុកតម្កើងរបស់ព្យាការីដានីអែល ៣, ៦៨-៧៤ បទកាកគតិ
៦៨. | សន្សើមនិងព្រឹល | សូមអ្នកកុំខ្ជិល | កុំបង្អង់នៅ |
ស្មូត្រលើកតម្កើង | ព្រះម្ចាស់ជាផ្លូវ | អង្វែងតទៅ | |
អស់កល្បជានិច្ច ។ | |||
៦៩. | ចូរថ្ងៃ និងយប់ | កោតកុំឈរឈប់ | សរសើរកុំភ្លេច |
ស្មូត្រលើកតម្កើង | ព្រះម្ចាស់ជានិច្ច | កុំបីកែគេច | |
អស់កល្បស្ថេរស្ថិត ។ | |||
៧០. | ចូរឱ្យពន្លឺ | រន្ទាលរន្ទឺ | និងភាពងងឹត |
សរសើរតម្កើង | អម្ចាស់មានប្ញទ្ធិ | រាល់ថ្ងៃកុំគិត | |
ខ្វល់ខ្វាយឡើយណា ។ | |||
៧១. | អាកាសត្រជាក់ | ខ្យល់រងាធ្លាក់ | មកជាធម្មតា |
ចូរលើកតម្កើង | អម្ចាស់ក្សត្រា | ព្រះអ្នករាល់គ្នា | |
កុំបីឃ្លាងឃ្លាត ។ | |||
៧២. | សូមឱ្យទឹកកក | កុំបីខានខក | ទាំងសន្សើមទៀត |
ចូរលើកតម្កើង | ព្រះម្ចាស់ទាំងឆ្លៀត | កុំបីរវាត | |
រហូតតទៅ ។ | |||
៧៣. | សូមដុំពពក | ផ្លេកបន្ទោរមក | កុំបង្អង់នៅ |
តម្កើងព្រះអង្គ | កុំបីហ្មងសៅ | ស្មូត្ររហូតទៅ | |
អស់កល្បយូរលង់ ។ | |||
៧៤. | សូមឱ្យផែនដី | ទាំងមូលលកលៃ | តម្កើងព្រះអង្គ |
សរសើរកុំឈប់ | កុំនៅរេរង់ | កោតសរសើរទ្រង់ | |
កុំប្រែសាវា ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២១,២៨
អលេលូយ៉ា! អាលេលូយ៉ា!
ចូរអ្នករាល់គ្នាងើបមើលទៅលើពីព្រោះព្រះជាម្ចាស់ជិតរំដោះអ្នករាល់គ្នាហើយ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដលូកា លក ២១,២០-២៨
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័ក អំពីដំណើរនិវត្តរបស់ព្រះអង្គថា៖«កាលណាអ្នករាល់គ្នាឃើញមានកងទ័ពមកឡោមព័ទ្ធក្រុងយេរូសាឡឹម ចូរដឹងថាក្រុងនេះជិតវិនាសហើយ។ ពេលនោះ អស់អ្នកនៅស្រុកយូដាត្រូវតែរត់ទៅជ្រកនៅតាមភ្នំ រីឯអស់អ្នកនៅក្រុងយេរូសាឡឹម ត្រូវរត់ចេញឱ្យឆ្ងាយពីក្រុង ហើយអស់អ្នកដែលនៅស្រុកស្រែមិនត្រូវចូលទៅក្រុងឡើយ។ គ្រានោះជាគ្រាដែលព្រះជាម្ចាស់ធ្វើទោសប្រជារាស្រ្ដព្រះអង្គ ស្រមតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរ។ នៅគ្រានោះស្រ្ដីមានផ្ទៃពោះ និងស្រ្ដីបំបៅកូនមុខជាវេទនាពុំខាន ដ្បិតនឹងកើតមានទុក្ខលំបាកយ៉ាងខ្លាំងនៅក្នុងស្រុក ហើយព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសប្រជារាស្រ្ដនេះ។ គេនឹងត្រូវស្លាប់ដោយមុខដាវ ហើយខ្មាំងសត្រូវនឹងកៀរគេយកទៅធ្វើជាឈ្លើយសង្គ្រោម ឱ្យរស់នៅកណ្ដាលចំណោមជាតិសាសន៍ទាំងអស់។ សាសន៍ដទៃនឹងជាន់ឈ្លីក្រុងយេរូសាឡឹម រហូតដល់ពេលកំណត់របស់គេ។ គ្រានោះនឹងមានទីសម្គាល់នៅក្នុងព្រះអាទិត្យ ក្នុងព្រះចន្ទ និងក្នុងផ្កាយទាំងប៉ុន្មាន។ ប្រជាជាតិទាំងអស់នៅលើផែនដី នឹងតឹងទ្រូងព្រួយបារម្ភពេលឮសូរសន្ធឹករលកសមុទ្របក់បោក។ មនុស្សម្នាភ័យតក់ស្លុត បាត់ស្មារតី នៅពេលគិតអំពីហេតុការណ៍ដែលនឹងត្រូវកើតមាននៅលើផែនដី ដ្បិតប្ញទ្ធិបារមីនានានៅលើមេឃនឹងត្រូវកក្រើរំពើក។ ពេលនោះ គេនឹងឃើញបុត្រមនុស្សយាងមកក្នុងពពក ប្រកបដោយប្ញទ្ធានុភាព និងសិរីរុងរឿងពន់ពេកក្រៃ។ កាលណាព្រឹត្តិការណ៍ទាំងនេះចាប់ផ្ដើមកើតមានឡើង ចូរអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះព្រះជាម្ចាស់ជិតរំដោះអ្នករាល់គ្នាហើយ»។