អត្ថបទព្រះគម្ពីរ
ថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១
អាទិត្យទី៣០ រដូវធម្មតា
ពណ៌ក្រហម
បុណ្យគោរព

សន្តស៊ីម៉ូន និងសន្តយូដា ជាគ្រីស្តទូត

លោកស៊ីមូន មានឈ្មោះថា “អ្នកជាតិនិយម” គឺលោកមានបំណងចង់រំដោះស្រុកយូដាពីនឹមចក្រពត្តិរ៉ូមាំងដោយកម្លាំងអាវុធ។ ព្រះយេស៊ូនឹងបង្រៀនលោកអំពីមាគ៌ារបស់ព្រះអង្គ គឺមានតែចិត្តសុភាពរាបសា និងការបូជាជិវិតទេ ដែលរំដោះមនុស្សឱ្យរួចពីភាពឃោឃៅរបស់ខ្លួន។ លោកយ៉ូដាឈ្មោះ “ថាដេ” ដែរ។ លោកក៏ស្មានថា ព្រះគ្រីស្តយាងមករំដោះស្រុកគេដោយកម្លាំងអាវុធ ហើយរងចាំព្រះគ្រីស្តនេះ ដូចលោកស៊ីមូនដែរ។ ព្រះយេស៊ូពន្យល់ឱ្យលោកដឹងថា មានតែសេចក្តីស្រឡាញ់ទេ ដែលមានជ័យជំនះលើពិភពលោក។

អត្ថបទទី១សូមថ្លែងលិខិតទី២របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ២ធម ៤,៩ខ-១៧

បងប្អូនជាទីស្រឡាញ់!
ដោយបងប្អូនរួមជាមួយព្រះគ្រីស្ត បងប្អូនលែងជាជនបរទេស ឬជាអាណិកជនទៀតហើយ គឺបងប្អូនជាជនរួមជាតិជាមួយប្រជាជនដ៏វិសុទ្ធ និងក្រុមគ្រួសាររបស់ព្រះជាម្ចាស់។ ព្រះអង្គបានកសាងបងប្អូនឡើងជាសំណង់ ដោយមានក្រុមគ្រីស្តទូត និងព្យាការីជាគ្រឹះ និងមានព្រះគ្រីស្តយេស៊ូផ្ទាល់ ជាថ្មដ៏សំខាន់។ គឺព្រះគ្រីស្តហើយ ដែលធ្វើឱ្យសំណង់ទាំងមូលភ្ជាប់គ្នាយ៉ាងមាំ និងធ្វើឱ្យចម្រើនឡើងទៅជាព្រះវិហារដ៏វិសុទ្ធមួយរួមជាមួយព្រះអម្ចាស់។ រីឯបងប្អូនក៏ដូច្នោះដែរ ដោយបងប្អូនរួមជាមួយព្រះអង្គ បងប្អូនបានផ្គុំគ្នាឡើងធ្វើជាព្រះដំណាក់របស់ព្រះជាម្ចាស់ក្នុងព្រះវិញ្ញាណ។

ទំនុកតម្កើងលេខ ១៩,២-៥ បទកាកគតិ

២.ផ្ទៃមេឃថ្លាថ្លែងរុងរឿងស្ញប់ស្ញែងរបស់ព្រះម្ចាស់
អាកាសវេហាស៍ក៏បានប្រកាសពីស្នាព្រះហស្ត
របស់ព្រះអង្គ ។
៣. ថ្ងៃមួយពោលប្រាប់ថ្ងៃមួយទៀតស្តាប់មិននៅរេរង់
យប់មួយទៀតប្រាប់យប់ផ្សេងឱ្យដឹងអំពីដំណឹង
ល្បីល្បាញអស្ចារ្យ ។
៤.មិនប្រើសម្តីមិនចារសេចក្តីឬប្រើភាសា
ហើយក៏មិនចេញសូរស័ព្ទវាចាបន្តិចឡើយណា
ឱ្យគេដឹងឮ ។
៥.ដំណឹងទាំងនោះឮឆ្ងាយសាយសុះពេញពាសរន្ទឺ
លើភពផែនដីទីងងឹតភ្លឺលាន់ល្បីរន្ទឺ
គ្មានសល់ចន្លោះ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះជាម្ចាស់! យើងខ្ញុំសូមកោតសរសើរព្រះអង្គ! យើងខ្ញុំសូមអបអរសាទរព្រះអង្គ! គ្រីស្តទូតនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៦,១២-១៩

នៅគ្រានោះ ព្រះយេស៊ូយាងឡើងទៅលើភ្នំដើម្បីអធិដ្ឋាន។ ព្រះអង្គអធិដ្ឋានពេញមួយយប់។ លុះព្រឹកឡើង ព្រះអង្គត្រាស់ហៅសាវ័កមកក្នុងចំណោមសាវ័កទាំងនោះ ព្រះអង្គជ្រើសយកដប់ពីររូប ហើយប្រទានងារជាទូតរបស់ព្រះអង្គ គឺមានស៊ីម៉ូនដែលទ្រង់ប្រទានឈ្មោះថាសិលា និងអន់ដ្រេជាប្អូនរបស់គាត់ យ៉ាកុប យ៉ូហាន ភីលីព បាថូឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកុបជាកូនរបស់លោក
អាល់ផាយ ស៊ីម៉ូនហៅអ្នកជាតិនិយម យូដាសជាកូនលោកយ៉ាកុប និងយូដាសអ៊ីស្ការីយ៉ុតដែលនឹងក្បត់ព្រះអង្គ។

ព្រះយេស៊ូ យាងចុះពីលើភ្នំជាមួយសាវ័កទាំងនោះ មកប្រថាប់នៅត្រង់កន្លែងមួយរាបស្មើ។ នៅទីនោះ មានសាវ័កជាច្រើន និងប្រជាជនពីស្រុកយូដា ពីក្រុងសេរូសាឡឹម ពីក្រុងទីរ៉ូស និងក្រុងស៊ីដូននៅតាមមាត់សមុទ្រ មករង់ចាំព្រះអង្គយ៉ាងកកកុញ។ គេនាំគ្នាស្តាប់ព្រះអង្ក និងសូមព្រះអង្គប្រោសគេឱ្យជាពីជំងឺ។ រឺឯអ្នកដែលមានខ្មោចចូលក៏បានជាដែរ។ បណ្តាជនប្រជ្រៀតគ្នាចូលមកពាល់ព្រះយេស៊ូ ដ្បិតមានឫទ្ធានុភាពចេញពីព្រះអង្គមកប្រោសឱ្យគេជាគ្រប់ៗគ្នា។

414 Views

Theme: Overlay by Kaira