ថ្ងៃព្រហស្បតិ៍ អាទិត្យទី២៨
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៣,២១-៣០
បងប្អូនជាទីស្រឡាញ់!
ឥឡូវនេះ ក្រៅពីធម្មវិន័យ ព្រះជាម្ចាស់សម្ដែងអំពីរបៀបព្រះអង្គប្រោសមនុស្សឱ្យបានសុចរិត ដូចធម្មវិន័យ និងអស់លោកព្យាការី បញ្ជាក់ទុកស្រាប់ គឺព្រះជាម្ចាស់ប្រោសអស់អ្នកដែលមានជំនឿឱ្យបានសុចរិត ដោយសារជំនឿរបស់ព្រះគ្រីស្ដ។ មនុស្សទាំងអស់មិនប្លែកពីគ្នាត្រង់ណាឡើយ គឺគេសុទ្ធតែប្រព្រឹត្តអំពើបាប ហើយឃ្លាតចាកពីសិរីរុងរឿងរបស់ព្រះជាម្ចាស់គ្រប់ៗគ្នា ប៉ុន្ដែ ព្រះជាម្ចាស់ប្រោសគេឱ្យបានសុចរិត ទុកជាព្រះអំណោយទាន តាមព្រះហប្ញទ័យប្រណីសន្ដោសរបស់ព្រះអង្គ ដោយព្រះយេស៊ូគ្រីស្ដលោះគេ។ ព្រះជាម្ចាស់បានតែងតាំងព្រះគ្រីស្ដដែលបានបង្ហូរព្រះលោហិតលើឈើឆ្កាង ដើម្បីរំដោះអស់អ្នកជឿលើព្រះអង្គឱ្យរួចពីបាប។ ព្រះអង្គធ្វើដូច្នេះ ដើម្បីបង្ហាញអំពីរបៀបដែលព្រះអង្គប្រោសមនុស្សឱ្យបានសុចរិត។ កាលពីដើម ក្នុងគ្រាដែលព្រះជាម្ចាស់មានព្រះហប្ញទ័យអត់ធ្មត់នោះ ព្រះអង្គពុំបានប្រកាន់ទោសមនុស្សលោកដែលប្រព្រឹត្តអំពើបាបឡើយ នៅគ្រាឥឡូវនេះ ព្រះអង្គបង្ហាញអំពីរបៀបដែលព្រះអង្គប្រោសមនុស្សឱ្យបានសុចរិត ដើម្បីសម្ដែងថា ព្រះអង្គសុចរិត ហើយទ្រង់ប្រោសអ្នកដែលជឿលើព្រះយេស៊ូឱ្យបានសុចរិតដែរ។ ដូច្នេះ តើមនុស្សមានមូលហេតុអ្វីអួតអាងបាន? គ្មានទាល់តែសោះ!។ គេអាចពឹងលើអ្វី? ពឹងលើកុសលផលបុណ្យឬ? ទេ! គឺពឹងលើជំនឿវិញ ដ្បិតយើងយល់ថា ព្រះជាម្ចាស់ប្រោសមនុស្សឱ្យបានសុចរិត មកពីគេមានជំនឿ មិនមែនមកពីគេបានកុសលផលបុណ្យតាមធម្មវិន័យនោះឡើយ។ បើមិនដូច្នោះទេ ព្រះអង្គជាព្រះរបស់សាសន៍យូដាតែប៉ុណ្ណោះ! តើព្រះអង្គមិនមែនជាព្រះរបស់សាសន៍ដទៃទៀតដែរទេឬ? ទេ! ព្រះអង្គក៏ជាព្រះរបស់សាសន៍ដទៃទៀតដែរ។ មានព្រះជាម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះដែលប្រោសសាសន៍យូដាឱ្យបានសុចរិត មកពីគេមានជំនឿ ហើយដោយសាសន៍ដទៃទៀតមានជំនឿដែរនោះ ព្រះអង្គក៏ប្រោសគេឱ្យបានសុចរិតដែរ។
ទំនុកតម្កើងលេខ ១៣០ (១២៩) ,១-៦ បទពាក្យ ៧
១ | បពិត្រព្រះជាអម្ចាស់អើយ | ខ្ញុំស្រែកដង្ហើយរកព្រះអង្គ | |
ពីក្នុងរណ្ដៅជ្រៅកន្លង | មេត្តាជួយផងផុតពីស្លាប់ | ។ | |
២ | សំឡេងខ្ញុំឮដូចចម្រៀង | សូមព្រះអង្គផ្ទៀងព្រះកាណ៌ស្ដាប់ | |
ពាក្យខ្ញុំអង្វរទទូចប្រាប់ | រៀបរាប់រ៉ាយរ៉ាប់សូមសន្ដោស | ។ | |
៣ | បពិត្រព្រះម្ចាស់ដ៏ឧត្តម | បើព្រះអង្គចាំពីកំហុស | |
អំពើបាបកម្មជនប្រុសស្រី | គ្មានម្នាក់ណាសោះរួចខ្លួនឡើយ | ។ | |
៤ | ប៉ុន្ដែព្រះអង្គតែងអត់ទោស | ប្រណីសន្ដោសខ្ញុំធូរស្បើយ | |
រួចផុតទុក្ខទោសបានល្ហែល្ហើយ | គឺព្រះអង្គហើយខ្ញុំគោរព | ។ | |
៥ | ខ្ញុំទុកចិត្តលើព្រះអម្ចាស់ | ជីវិតខ្ញុំនេះផ្ញើសព្វគ្រប់ | |
សង្ឃឹមលើព្រះបន្ទូលគាប់ | មិនឈរមិនឈប់ទេព្រះអង្គ | ។ | |
៦ | ខ្ញុំទន្ទឹងចាំព្រះអម្ចាស់ | ជាងអ្នកយាមផ្ទះទៅទៀតផង | |
ពេញឃើញថ្ងៃរះស្រស់បំព្រង | រួចផុតទុក្ខផងមួយរាត្រី | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! អ្នកដែលចូលចិត្តធម្មវិន័យរបស់ព្រះអង្គ ព្រមទាំងសញ្ជឹងគិតអំពីធម្មវិន័យទាំងយប់ ទាំងថ្ងៃ ពិតជាមានសុភមង្គលមែន។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១១,៤៧-៥៤
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកធម្មាចារ្យថា៖ «អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបានសងផ្នូរឱ្យព្យាការីដែលបុព្វបុរសរបស់អ្នករាល់គ្នាបានសម្លាប់។ អ្នករាល់គ្នាធ្វើដូចច្នេះបញ្ជាក់ថា អ្នករាល់គ្នាសមគំនិតនឹងអំពើដែលបុព្វបុរសរបស់អ្នករាល់គ្នាបានប្រព្រឹត្ត គឺគេបានសម្លាប់ពួកព្យាការី ហើយអ្នករាល់គ្នាបានសង់ផ្នូរ។ ហេតុនេះហើយ បានជាព្រះជាម្ចាស់ប្រកបដោយព្រះប្រាជ្ញាញាណ មានព្រះបន្ទូលថា៖ «យើងនឹងចាត់ព្យាការី ព្រមទាំងទូតរបស់យើងជាច្រើនឱ្យទៅរកគេ តែគេនឹងសម្លាប់ខ្លះ ព្រមទាំងបៀតបៀនខ្លះទៀតផង»។ ដូច្នេះ មនុស្សជំនាន់នេះនឹងត្រូវទទួលទោស ព្រោះបុព្វបុរសរបស់គេបានសម្លាប់ព្យាការី តាំងតែពីកំណើតពិភពលោកមក គឺចាប់តាំងពីលោកអបិល រហូតដល់លោកសាការីដែលត្រូវគេសម្លាប់នៅត្រង់ចន្លោះទីអាសនៈ និងទីសក្ការៈ។ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា មនុស្សជំនាន់នេះនឹងត្រូវទទួលទោស ព្រោះតែឃាតកម្មទាំងនោះជាមិនខាន។ «ពួកធម្មាចារ្យអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបានបិទមាគ៌ាមិនឱ្យគេចូលទៅស្គាល់ព្រះជាម្ចាស់។ អ្នករាល់គ្នាមិនត្រឹមតែមិនបានចូលខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងឃាត់អស់អ្នកដែលចង់ចូលមិនឱ្យគេចូកទៀតផង»។ ពេលព្រះយេស៊ូយាងចាកចេញពីទីនោះ ពួកធម្មាចារ្យ និងពួកខាងគណៈផារីស៊ីនាំគ្នាប្រឆាំងនឹងព្រះអង្គយ៉ាងខ្លាំង ហើយដេញដោលសួរព្រះអង្គអំពីរឿងផ្សេងៗជាច្រើនដែលសុទ្ធសឹងតែជាកលល្បិចរកចាប់កំហុសព្រះអង្គ។