អត្ថបទព្រះគម្ពីរ
ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១
អាទិត្យទី២៦ រដូវធម្មតា
ពណ៌ស
បុណ្យរម្លឹក

សន្ដយេរ៉ូម ជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍

លោកយេរ៉ូម (៣៤០-៤២០) ជាជាតិដាលម៉ាតម្នាក់ (ប្រទេសគ្រអាស៊ីសព្វថ្ងៃ) តែទៅរៀនសូត្រនៅក្នុងក្រុងរ៉ូម។ នៅទីនោះលោកជាប់ចិត្តស្រឡាញ់ការសិក្សា។ បន្ទាប់មក លោកចូលបួសជាឥសីនៅវាលរហោស្ថានស្រុកស៊ីរ៉ី រួចលោកទទួលមុខងារជាបូជាចារ្យនៅព្រះសហគមន៍អន់ទីយ៉ូក ហើយត្រឡប់មកក្រុងរ៉ូមធ្វើជាស្មៀនសម្តេចប៉ាបដាមាស ហើយលោកបកប្រែព្រះគម្ពីរជាភាសាឡាតាំង។ កាលលោកអាយុហាសិបឆ្នាំ លោករស់នៅក្នុងអារាមនៅបេតលេអែម ទាំងនិពន្ធសេចក្តីអត្ថាធិប្បាយព្រះគម្ពីរផង។  លោកតែងពោលថា៖ “អ្នកដែលមិនស្គាល់ព្រះគម្ពីរ អ្នកនោះក៏មិនស្គាល់ព្រះគ្រីស្តដែរ”។

អត្ថបទទី១
សូមថ្លែងព្រះគម្ពីរលោកនេហេមី នហ ៨,១-៦.៨-១២

លុះដល់ខែទីប្រាំពីរ ជនជាតិអ៊ីស្រាអែលដែលរស់នៅតាមក្រុងរបស់ខ្លួនបានមកជួបជុំគ្នា ដោយមានចិត្តគំនិតតែមួយក្នុងព្រលានដែលស្ថិតនៅខាងមុខទ្វារគង្គា។ ពួកគេ សុំឱ្យលោកបូជាចារ្យអែសរ៉ា ជាបណ្ឌិតខាងវិន័យយកគម្ពីរវិន័យរបស់លោកម៉ូសេ គឺវិន័យដែលព្រះអម្ចាស់ប្រទានមកឱ្យជនជាតិអ៊ីស្រាអែលកាន់តាម។ លោកបូជាចារ្យអែសរ៉ាក៏យកគម្ពីរវិន័យមកខាងមុខអង្គប្រជុំដែលមានប្រជាជនប្រុសស្រី និងក្មេងៗដែលមានវ័យអាចយល់បាន។ ថ្ងៃនោះ ជាថ្ងៃទីមួយនៃខែទីប្រាំពីរ។
លោកអែសរ៉ាអានគម្ពីរវិន័យនេះ នៅខាងមុខព្រលានដែលស្ថិតនៅទល់មុខទ្វារគង្គាឱ្យប្រជាជនស្ដាប់ គឺប្រជាជនទាំងប្រុសស្រី និងក្មេងៗដែលមានវ័យអាចយល់បាន។ ប្រជាជនទាំងមូលយកចិត្តទុកដាក់ស្ដាប់លោកអានគម្ពីរវិន័យ។ លោកអែសរ៉ា​ជាបណ្ឌិតខាងវិន័យ ឈរនៅលើវេទិកាឈើមួយដែលគេបានដំឡើងសម្រាប់ពេល​​នោះ។ លោកអែសរ៉ាបើកគម្ពីរ ហើយប្រជាជនបានឃើញទាំងអស់គ្នា ដ្បិតលោកឈរ​​នៅត្រង់កន្លែងខ្ពស់ជាងគេ។ ពេលគម្ពីរបើកចំហ ប្រជាជនទាំងមូលក៏ក្រោកឈរឡើង។ លោកអែសរ៉ាលើកតម្កើងព្រះអម្ចាស់ជាព្រះដ៏ឧត្តុង្គឧត្តម ហើយប្រជាជនទាំងមូលឆ្លើយ​តបវិញទាំងលើដៃឡើងលើថា «អាម៉ែន! អាម៉ែន!» រួចក្រាបថ្វាយបង្គំព្រះអម្ចាស់​ឱនមុខដល់ដី។ លោកអែសរ៉ាអានគម្ពីរវិន័យរបស់ព្រះជាម្ចាស់ រួចបកស្រាយអត្ថន័យ​ឱ្យប្រជាជនយល់។ លោកទេសាភិបាលនេហេមី លោកបូជាចារ្យអែសរ៉ា ជាធម្មចារ្យ និងក្រុមលេវីដែលមាននាទីបកស្រាយវិន័យ ពោលទៅកាន់ប្រជាជនទាំងមូលថា៖«ថ្ងៃនេះ ជាថ្ងៃដ៏សក្ការៈថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា គឺមិនមែនជាពេល​ដែលត្រូវកាន់ទុក្ខ​​ឬ សោកសង្រេងឡើយ!»។ លោកអែសរ៉ាមានប្រសាសន៍ទៀតថា៖​« ចូរនាំគ្នាត្រឡប់ទៅពិសាសាច់ និងស្រាដ៏ឆ្ងាញ់ៗ ហើយយកមួយចំនែកឱ្យអស់អ្នកដែលមិនទាន់រៀបចំបរិភោគនោះផង ដ្បិតថ្ងៃនេះ ជាថ្ងៃដ៏សក្ការៈថ្វាយព្រះអម្ចាស់នៃ​យើង មិនត្រូវកើតទុក្ខព្រួយឡើយ! ព្រោះអំណរដែលមកពីព្រះអម្ចាស់ជាកម្លាំងរបស់អ្នករាល់គ្នា»។ ក្រុមលេវីក៏លួងលោមប្រជាជន ដោយពោលថា៖«សូមបងប្អូនឈប់យំ ទៅដ្បិតថ្ងៃនេះ ជាថ្ងៃដ៏វិសុទ្ធ គឺមិនត្រូវកើតទុក្ខឡើយ!»។ ប្រជាជនទាំងអស់នាំគ្នា​ចេញទៅបរិភោគអាហារ និងស្រា ហើយយកមួយចំណែក ឱ្យអស់អ្នកដែលគ្មាន។ ពួក​គេសប្បាយរីករាយយ៉ាងខ្លាំង ​​ព្រោះតែបានយល់ព្រះបន្ទូលដែលគេបកស្រាយឱ្យស្ដាប់។

ទំនុកតម្កើងលេខ ១៩,៨-១១ បទកាកគតិ

៨.ព្រះធម្មវិន័យល្អល្អះប្រពៃប្រសើរថ្កើងថ្កាន
ផ្ដល់កម្លាំងចិត្តឥតមានស្រាកស្រាន្ដអ្នកល្ងង់ប្រែប្រាណ
ជាមានប្រាជ្ញា ។
៩.បញ្ជារបស់ព្រះម្ចាស់ទាំងអស់ត្រឹមត្រូវសត្យា
ឱ្យចិត្តអំណរសប្បាយក្រៃណាបំភ្លឺចិន្ដា
ថ្លៃថ្លាត្រចង់ ។
១០.ការគោរពកោតព្រះអម្ចាស់សោតវិសេសយល់យង់
ស្ថិតស្ថេរចិរកាលតទៅគង់វង្សការវិនិឆ្ឆ័យទ្រង់
ក៏ត្រង់ត្រឹមត្រូវ ។
១១.គួរឱ្យប្រាថ្នាចង់បានណាស់ណាជាងមាសឆ្អិនឆ្អៅ
ផ្អែមជាងទឹកឃ្មុំខែចែត្រខែក្ដៅហូរជោរចេញទៅ
ចាកពីបង្គង ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក ១,១៥

អលេលូយ៉ា! អាលេលូយ៉ា!
ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយហើយ។ ចូរនាំគ្នាជឿដំណឹងល្អចុះ! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១០,១-១២

ក្នុងចំណោមសាវ័កទាំងប៉ុន្មាន ព្រះអម្ចាស់ជ្រើសយកសាវ័កចិតសិបពីរនាក់ទៀត ហើយព្រះអង្គចាត់គេពីរនាក់ៗឱ្យទៅតាមភូមិតាមស្រុកនានាដែលព្រះអង្គបម្រុង​នឹងយាងទៅ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖«​ស្រូវដែលត្រូវច្រូតមានច្រើនណាស់តែអ្នកច្រូតមានតិចពេក។ ហេតុនេះ ចូរអង្វរម្ចាស់ស្រែ ឱ្យចាត់អ្នកច្រូតមកក្នុងស្រែ​របស់លោក។ ចូរនាំគ្នាទៅចុះ! ខ្ញុំចាត់អ្នករាល់គ្នាទៅ ដូចឱ្យកូនចៀមទៅកណ្ដាល​​ហ្វូងចចក។ កុំយកថង់ប្រាក់ ថង់យាម ឬស្បែកជើងទៅជាមួយឡើយ ហើយក៏កុំ​ជម្រាបសួរអ្នកណាតាមផ្លូវដែរ។ ពេលអ្នករាល់គ្នាចូលទៅក្នុងផ្ទះណាមួយមុនដំបូង​ត្រូវពោលថា៖« សូមឱ្យអ្នកក្នុងផ្ទះនេះ បានប្រកបដោយសេចក្ដីសុខសាន្ដ»។​ បើ​នៅក្នុងផ្ទះនោះ មានមនុស្សណាចូលចិត្ដនឹងសេចក្ដីសុខសាន្ដ នោះគេនឹងបានសុខសាន្ដដូចពាក្យអ្នករាល់គ្នាជាមិនខាន។ បើគ្មានអ្នកណាចូលចិត្តសេចក្ដីសុខសាន្ដទេ សេចក្ដី​សុខសាន្ដនឹងវិលត្រឡប់មកអ្នករាល់គ្នាវិញ។ ចូរស្នាក់នៅផ្ទះនោះ ហើយបរិភោគម្ហូប​អាហារដែលគេ ជូនអ្នករាល់គ្នាចុះ ព្រោះអ្នកធើ្វការតែងតែទទួលឈ្នួល។ មិនត្រូវចេញពីផ្ទះមួយទៅនៅផ្ទះមួយទៀតឡើយ។ បើអ្នករាល់គ្នាចូលទៅភូមិណា ហើយ​មានគេទទួលអ្នករាល់គ្នា ត្រូវបរិភោគម្ហូបអាហារដែលគេរៀបជូនចុះ។ ត្រូវប្រោស​អ្នកជំងឺក្នុងភូមិនោះឱ្យបានជា ហើយប្រាប់អ្នកភូមិថា៖«ព្រះរាជ្យរបស់ព្រះជាម្ចាស់បានមកជិតដល់អ្នករាល់គ្នាហើយ»។ ប៉ុន្ដែ កាលបើអ្នករាល់គ្នាចូលទៅភូមិណាមួយ​ហើយគេមិនព្រមទទួលអ្នករាល់គ្នាទេ ត្រូវចេញទៅប្រកាសនៅតាមទីផ្សារថា៖​«សូម្បីតែធូលីដីដែលជាប់ជើងយើង ក៏យើងរលាស់ឱ្យអ្នករាល់គ្នាវិញដែរ ប៉ុន្ដែ​សូមជ្រាបថា ព្រះរាជ្យរបស់ព្រះជាម្ចាស់បានមកជិតបង្កើយហើយ»។ ខ្ញុំសុំប្រាប់អ្នក​រាល់គ្នាថា នៅថ្ងៃដែលព្រះជាម្ចាស់វិនិឆ្ឆ័យទោស អ្នកក្រុងសូដុមទទួលទោសស្រាលជាង​អ្នកភូមិនោះ»។

225 Views

Posted in មិន​មាន​ចំណាត់​ក្រុមTagged ,
Theme: Overlay by Kaira