ថ្ងៃព្រហស្បតិ៍ អាទិត្យទី២៥
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីហាកាយ ហក ១,១-៨
នៅឆ្នាំទីពីរ នៃរជ្ជកាលព្រះចៅដារីយូស នៅថ្ងៃទីមួយ ក្នុងខែទីប្រាំមួយ ព្រះអម្ចាស់មានព្រះបន្ទូលដោយសារព្យាការីហាកាយ មកកាន់លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងជាទេសាភិបាលនៃអាណាខេត្តយូដា ព្រងទាំងលោកមហាបូជាចារ្យយ៉ូស៊ូអា ដូចតទៅនេះ៖ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ប្រជាជននេះពោលថា “មិនទាន់ដល់ពេលសង់ព្រះដំណាក់របស់ព្រះអម្ចាស់ឡើងវិញទេ”។ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកពួកគេដោយសារព្យាការីហាកាយដូចតទៅនេះ ពេលដំណាក់របស់យើងបាក់បែកនៅឡើយ តើអ្នករាល់គ្នាគួររស់នៅក្នុងផ្ទះដែលតាក់តែងឡើងដោយឈើដ៏មានតម្លៃដូច្នេះឬ?។ ឥឡូវនេះ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា «ចូររិះគិតអំពីសភាពការណ៍របស់អ្នករាល់គ្នា! អ្នករាល់គ្នាបានសាបព្រោះច្រើន តែច្រូតបានផលតិច អ្នករាល់គ្នាបរិភោគ តែមិនចេះឆ្អែត អ្នករាល់គ្នាផឹកស្រា តែមិនចេះស្កប់ អ្នករាល់គ្នាស្លៀកពាក់ តែមិនកក់ក្ដៅ អ្នកធើ្វការទទួលប្រាក់ឈ្នួល តែដូចជាទុកនៅក្នុងថង់កណ្ដាច»។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ចូររិះគិតអំពីសភាពការណ៍របស់អ្នករាល់គ្នា! ចូរនាំគ្នាឡើងទៅលើភ្នំ យកឈើមកសង់ដំណាក់របស់យើង។ យើងពេញចិត្តនឹងដំណាក់នេះ ហើយយើងនឹងបង្ហាញសិរីរុងរឿងរបស់យើង»។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ទំនុកតម្កើងលេខ ១៤៩ ,១-៦.៩ បទកាកគតិ
| ១ | ចូរច្រៀងបងថ្មី | ថ្វាយព្រះម្ចាស់ថ្លៃ | ប្រសើរកន្លង |
| ចូរច្រៀងតម្កើង | ព្រះនាមព្រះអង្គ | ក្នុងចំណោមផង |
| | អ្នកដែលជឿព្រះ | ។ |
| ២ | ចូរឱ្យជនជាតិ | ស្រាអែលខ្មីឃ្មាត | រីករាយទាំងអស់ |
| ដោយសារព្រះអង្គ | បានបង្កើតមនុស្ស | ទាំងស្រីទាំងប្រុស |
| | ពាសពេញផែនដី | ។ |
| សូមប្រជាជន | ក្នុងក្រុងស៊ីយ៉ូន | អបអរប្រពៃ |
| នឹងព្រះមហាក្សត្រ | គ្រងលើផែនដី | ជាស្ដេចល្បាញល្បី |
| | របស់ផងខ្លួន | ។ |
| ៣ | សូមនាំគ្នារាំ | ថ្វាយព្រះឧត្តម | កុំវេះគេចពួន |
| តម្កើងព្រះនាម | ឱ្យបានសមសួន | វាយក្រាប់ផ្ទួនៗ |
| | ទាំងដេញពិណថ្វាយ។ | ។ |
| ៤ | ដ្បិតព្រះអម្ចាស់ | សព្វព្រះទ័យណាស់ | នឹងរាស្រ្ដទាំងឡាយ |
| ទ្រង់តែងសង្គ្រោះ | ដឹកនាំត្រួសត្រាយ | ហើយតែងខ្វល់ខ្វាយ |
| | ជួយអ្នកទន់ទាប | ។ |
| ៥ | សូមឱ្យអស់អ្នក | សង្ឃឹមជឿជាក់ | លើព្រះដរាប |
| នាំគ្នាសប្បាយ | ប្រសើរលើសលប់ | តម្កើងសាយសព្វ |
| | សិរីព្រះម្ចាស់ | ។ |
| ទោះជាពេលយប់ | ក៏គេមិនឈប់ | គេនៅប្រកាស |
| ទាំងលើកតម្កើង | សិរីព្រះម្ចាស់ | ឱ្យបានខ្ពង់ខ្ពស់ |
| | ទាំងអំណរផង | ។ |
| ៦ | សូមទាំងអស់គ្នា | សរសើរគ្រប់គ្រា | កុំបីរំលង |
| មាត់ពោលពាក្យល្អ | ដៃកាន់ដាវផង | ទុក្ខសោកមួរហ្មង |
| | វិនាសខ្ចាត់ខ្ចាយ | ។ |
| ៩ | ឯការដាក់ទោស | ជាតិសាសន៍ទាំងនោះ | ត្រឹមត្រូវឥតប្រែ |
| តាមការសម្រេច | ព្រះមិនខុសទេ | ពួកវាត្រូវតែ |
| | ទទួលទោសនោះ | ។ |
| កិច្ចការទាំងអស់ | សក្ដិសមឥតខ្ចោះ | គឺជាកិត្តិយស |
| ដ៏សែនរុងរឿង | ដល់អ្នកទាំងអស់ | ដែលជឿលើព្រះ |
| | មិនសាបសូន្យឡើយ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ២,១០-១១
អាលេលូយ៉ា! អាលេលូយ៉ា!
សេ្ដចទាំងឡាយអើយ! ឥឡូវនេះចូររិះគិតពិចារណាឡើង! ចូរបម្រើព្រះអម្ចាស់ដោយគោរពកោតខ្លាច! ចូរថ្វាយបង្គំព្រះអង្គទាំងញាប់ញ័រ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,៧-៩
ព្រះបាទហេរ៉ូដ ជាស្ដេចអនុរាជ ជ្រាបហេតុការណ៍ទាំងអស់ដែលកើតមានឡើង។ ទ្រង់មិនដឹងជាត្រូវគិតយ៉ាងណា ព្រោះមានអ្នកខ្លះនិយាយថា៖ «លោកយ៉ូហានបាទីស្ដរស់ឡើងវិញហើយ»។ អ្នកខ្លះទៀតនិយាយថា៖ «មានព្យាការីអេលីបង្ហាញខ្លួនឱ្យគេឃើញ»។ ហើយអ្នកខ្លះទៀតនិយាយថា៖ មានព្យាការីមួយរូបពីសម័យបុរាណរស់ឡើងវិញ»។ រីឯព្រះបាទហេរ៉ូដមានរាជឱង្ការថា៖ «យើងបានឱ្យគេកាត់កយ៉ូហានស្លាប់បាត់ទៅហើយ ចុះបុរសដែលគេនិយាយថា បានធើ្វការអស្ចារ្យទាំងនោះជានរណា?»។ ព្រះបាទហេរ៉ូដមានបំណងចង់ជួបព្រះយេស៊ូ។
527 Views
Post Views:
546