ថ្ងៃព្រហស្បតិ៍ អាទិត្យទី២៤
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌បៃតង
ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦
សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១៥,១-១១
បងប្អូនជាទីស្រឡាញ់!
ខ្ញុំសូមរំឭកដំណឹងល្អដែលខ្ញុំបានប្រកាសប្រាប់បងប្អូនជាដំណឹងល្អដែលបងប្អូនបានទទួល ហើយដែលបងប្អូននៅតែជឿយ៉ាងខ្ជាប់ខ្ជួននោះ។ ប្រសិនបើ បងប្អូនមិនឃ្លាតចាកពីដំណឹងល្អ ដូចខ្ញុំបានប្រកាសប្រាប់បងប្អូនទេនោះ បងប្អូននឹងទទួលការសង្រ្គោះ ដោយសារដំណឹងល្អនេះ។ បើឃ្លាតចាកជំនឿរបស់បងប្អូន មុខតែឥតប្រយោជន៍។ មុនដំបូងបង្អស់ ខ្ញុំជម្រាបជូនបងប្អូននូវសេចក្ដីដែលខ្ញុំបានទទួល គឺថាព្រះគ្រីស្ដសោយទិវង្គតព្រោះតែបាបរបស់យើង ស្របតាមគម្ពីរ។ គេបញ្ចុះព្រះសពព្រះអង្គនៅក្នុងផ្នូរ ហើយព្រះអង្គមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី ស្របតាមគម្ពីរ។ ព្រះអង្គបានបង្ហាញខ្លួនឱ្យលោកកេផាសឃើញ រួចឱ្យក្រុមសាសនទូតទាំងដប់ពីរនាក់ឃើញដែរ។ បន្ទាប់មក ព្រះអង្គបានបង្ហាញខ្លួនឱ្យបងប្អូន ជាងប្រាំរយនាក់ឃើញ ក្នុងពេលជាមួយគ្នា។ ក្នុងចំណោមបងប្អូនទាំងនោះ មានភាគច្រើននៅរស់នៅឡើយ តែមានអ្នកខ្លះទទួលមរណភាពផុតទៅហើយ។ បន្ទាប់មកទៀត ព្រះអង្គបានបង្ហាញខ្លួនឱ្យលោកយ៉ាកុបឃើញ រួចឱ្យសាសនទូតទាំងអស់ឃើញដែរ។ ក្រោយបង្អស់ ព្រះអង្គបានបង្ហាញខ្លួនឱ្យខ្ញុំ ដែលប្រៀបបីដូចជាកូនកើតមិនគ្រប់ខែនេះឃើញដែរ ដ្បិតក្នុងចំណោមសាសនទូតទាំងអស់ ខ្ញុំជាអ្នកតូចជាងគេ ហើយមិនសមនឹងមានឈ្មោះជាសាសនទូតទៀតផង ព្រោះខ្ញុំបានធ្វើទុក្ខបុកម្នេញព្រះសហគមន៍របស់ព្រះជាម្ចាស់។ ប៉ុន្ដែ ហេតុដែលខ្ញុំបានដូចសព្វថ្ងៃនេះ ក៏មកតែពីព្រះហប្ញទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ព្រះហប្ញទ័យប្រណីសន្ដោសរបស់ព្រះអង្គមកលើខ្ញុំ មិនមែនឥតប្រយោជន៍ទេ ផ្ទុយទៅវិញ ខ្ញុំបានធ្វើការច្រើនជាងសាសនទូតទាំងនោះទៅទៀត ក៏ប៉ុន្ដែ មិនមែនខ្ញុំទេដែលធើ្វការ គឺព្រះហប្ញទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ ដែលស្ថិតនៅជាមួយខ្ញុំទេតើដែលបានសម្រេចគ្រប់កិច្ចការ។ ហេតុនេះ ទោះបីខ្ញុំក្ដី ទោះបីសាសនទូតទាំងនោះក្ដី យើងប្រកាសដំណឹងល្អនេះ ហើយបងប្អូន ក៏បានជឿដំណឹងល្អនេះដែរ។
ទំនុកតម្កើងលេខ ១១៨ (១១៧),១-២.១៦-១៧.២៨.២១ បទពាក្យ ៧
| ១ | សូមលើកតម្កើងព្រះអម្ចាស់ | ប្រសើរពេកណាស់ព្រះទ័យថ្លៃ | |
| សប្បុរសករុណាត្រាប្រណី | ស្ថិតស្ថេររាល់ថ្ងៃរហូតទៅ | ។ |
| ២ | សូមឱ្យប្រជាទ្រង់ប្រកាស | សម្ដែងចេញច្បាស់កុំទុកនៅ | |
| ព្រះទ័យមេត្តាដ៏ត្រឹមត្រូវ | ស្ថិតស្ថេរគង់នៅដូចថ្ងៃរះ | ។ |
| ១៦ | ព្រះអង្គសម្ដែងបារមីខ្ពស់ | ប្រសើរលើសលស់មិនទន់ទាប | |
| ព្រះអង្គបង្ហាញឱ្យគេជ្រាប | ឬទ្ធានុភាពអស្ចារ្យក្រៃ | ។ |
| ១៧ | ខ្ញុំត្រូវនៅរស់មានជីវិត | មិនត្រូវស្លាប់ផុតចាកលោកីយ៍ | |
| ដើម្បីរៀបរាប់ពីសេចក្ដី | ស្នាព្រះហស្តថ្លៃព្រះអម្ចាស់ | ។ |
| ២៨ | ព្រះអង្គជាព្រះទូលបង្គំ | ផ្ដល់ក្ដីសុខុមឥតមានអាក់ | |
| ខ្ញុំសូមតម្កើងដោយស្មោះស្ម័គ្រ | ដោយការជឿជាក់អស់ពីចិត្ត | ។ |
| ២១ | ខ្ញុំនឹងតម្កើងព្រះអម្ចាស់ | ត្បិតព្រះអង្គត្រាស់ដោយច្បាស់ជាក់ | |
| តបឆ្លើយមកខ្ញុំពាក្យរាក់ទាក់ | ថែមទាំងថ្នមថ្នាក់ខ្ញុំដិតដល់ | |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១១,២៨
អាលេលូយ៉ា! អាលេលូយ៉ា!
អស់អ្នកដែលនឿយហត់ និងមានបន្ទុកធ្ងន់អើយ! ចូរមករកខ្ញុំ ខ្ញុំនឹងឱ្យអ្នករាល់គ្នាបានសម្រាក។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៧,៣៦-៥០
មានបុរសម្នាក់ខាងគណៈផារីស៊ី យាងព្រះយេស៊ូទៅសោយព្រះស្ងោយ ព្រះអង្គក៏ យាងទៅផ្ទះបុរសនោះ ហើយគង់រួមតុជាមួយគាត់។ នៅក្រុងនោះ មានស្រ្តីម្នាក់មានកេរ្តិ៍ឈ្មោះមិនល្អ។ ពេលនាងឮថា ព្រះយេស៊ូគង់នៅក្នុងផ្ទះខាងគណៈផារីស៊ីនោះ នាងយកដបថ្មកែវដាក់ប្រេងក្រអូបចូលមក។ នាងនៅពីក្រោយព្រះយេស៊ូ ក្រាបទាបព្រះបាទាព្រះអង្គ យំសម្រក់ទឹកភ្នែកជោកព្រះបាទាព្រះយេស៊ូ ហើយយកសក់មកជូត។ បន្ទាប់មក នាងថើបរួចយកប្រេងក្រអូបមកចាក់ពីលើផង។ ពេលបុរសម្ចាស់ផ្ទះឃើញដូច្នោះ គាត់រិះគិតក្នុងចិត្តថា៖«បើលោកនេះ ពិតជាព្យាការីមែន ច្បាស់ជាលោកជ្រាបថា ស្រ្តីដែលពាល់លោកនេះជាស្រ្តីប្រភេទណាពុំខាន គឺនាងជាមនុស្សបាប»។ ព្រះយេស៊ូមានព្រះបន្ទូលទៅបុរសខាងគណៈផារីស៊ីនោះថា៖«លោកស៊ីម៉ូន! ខ្ញុំចង់និយាយរឿងមួយជាមួយលោក»។ លោកស៊ីម៉ូនទូលតបទៅព្រះអង្គថា៖«សូមលោកគ្រូមានប្រសាសន៍មកចុះ»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖«មានមនុស្សពីរនាក់ជំពាក់ប្រាក់គេ ម្នាក់ជំពាក់ប្រាំរយ ម្នាក់ទៀតហាសិប។ ដោយអ្នកទាំងពីរគ្មានប្រាក់សង ម្ចាស់ប្រាក់ក៏លុបបំណុលចោល ឈប់ទារពីអ្នកទាំងពីរនោះ។ ក្នុងចំណោមអ្នកទាំងពីរ តើនរណាស្រលាញ់ម្ចាស់បំណុលជាង?»។ លោកស៊ីម៉ូនទូលឆ្លើយថា៖«តាមយោបល់ខ្ញុំ គឺអ្នកដែលជំពាក់ប្រាក់ច្រើនជាង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖«លោកមានយោបល់ត្រឹមត្រូវមែន»។ បន្ទាប់មក ព្រះអង្គបែរទៅរកស្រ្តីនោះ រួចមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖«សូមមើលស្រ្តីនេះចុះ! ខ្ញុំបានចូលមកក្នុងផ្ទះលោកតែលោកពុំបានយកទឹកមកលាងជើខ្ញុំទេ រីឯនាង នាងបានសម្រក់ទឹកភ្នែកជោកជើងខ្ញុំព្រមទាំងយកសក់នាងមកជូតទៀតផង។ លោកមិនបានថើបខ្ញុំទេ រីឯនាងវិញតាំងពីខ្ញុំចូលមក នាងចេះតែថើបជើងខ្ញុំឥតឈប់ឈរសោះឡើយ។ លោកមិនបានយកប្រេងមកលាបក្បាលខ្ញុំទេ រីឯនាងវិញ នាងបានចាក់ប្រេងក្រអូបលាបជើងខ្ញុំ។ ហេតុនេះហើយ ខ្ញុំសុំប្រាប់ឱ្យលោកដឹងថា នាងសម្ដែងសេចក្ដីស្រឡាញ់ជាខ្លាំងយ៉ាងនេះព្រោះព្រះជាម្ចាស់បាន ប្រោសនាងឱ្យរួចពីបាបជាច្រើន។ រីឯអ្នកដែលព្រះជាម្ចាស់លើកលែងទោសឱ្យតិច ក៏សម្ដែងសេចក្ដីស្រឡាញ់តិចដែរ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅស្រ្ដីនោះថា៖ «ព្រះជាម្ចាសអត់ទោសឱ្យនាងរួចពីបាបហើយ»។ អស់អ្នកដែលអង្គុយរួមតុជាមួយ រិះគិតក្នុងចិត្តរៀងៗខ្លួនថា៖«តើលោកនេះមានឋានៈអ្វីបានជាហ៊ានអត់ទោសមនុស្សឱ្យរួចពីបាបដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងទៀតថា៖ “ជំនឿរបស់នាងបានសង្គ្រោះនាងហើយ! សូមអញ្ជើញទៅវិញដោយសុខសាន្ដចុះ!”។
664 Views
Post Views:
666