អត្ថបទព្រះគម្ពីរ
ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១
អាទិត្យទី២៤ រដូវធម្មតា
ពណ៌បៃតង
បុណ្យរម្លឹក
សន្ដគ័រណី ជាសម្ដេចប៉ាប សន្ដស៊ីព្រីយ៉ាំងជាអភិបាលព្រះសហគមន៍ និងមរណសាក្សី
គ្រីស្តបរិស័ទបោះឆ្នោតជ្រើសរើសលោកគ័រណី ឱ្យបំពេញមុខងារជាអភិបាលក្រុងរ៉ូម នៅឆ្នាំ២៥១។ លោកសុខចិត្តអត់ទោសឱ្យគ្រីស្តបរិស័ទ ដែលលះបង់ចោលព្រះគ្រីស្តនៅពេលខ្មាំងបៀតបៀនធ្វើបាប ហើយដែលកែប្រែចិត្តគំនិតនៅពេលក្រោយ។ លោកជំទាស់នឹងលោកណូវ៉ាទីយាំង ដែលមិនព្រមទទួល គ្រីស្តបរិស័ទទាំងនោះ ក្នុងព្រះសហគមន៍វិញ។ លោកស៊ីព្រីយ៉ាំង ជួយគាំទ្រអភិបាលក្រុងរ៉ូមអំពីរឿងនេះ។ លោកស៊ីព្រីយ៉ាំង (២១០-២៥៨) ជាអភិបាលព្រះសហគមន៍ក្រុងការតាស្ស (ក្រុងនិស្សសព្វថ្ងៃ)។ កាលមុន លោកជាមេធាវី ហើយប្រែចិត្តជឿលើព្រះយេស៊ូ។ លោកនិពន្ធសៀវភៅជាច្រើនស្តីអំពីទេវវិទ្យា លោកកាន់វិន័យតឹងរឹង មិនព្រមទទួលស្គាល់ពិធីជ្រមុជទឹកដែលគ្រីស្តបរិស័ទបែកចេញពីព្រះសហគមន៍។ ត្រង់ចំណុចនេះ លោកក៏ជំទាស់នឹងសម្តេចប៉ាបស្ទេផាន (២៥៤-២៥៧)។ ពេលព្រះចៅរ៉ូម៉ាំងព្រះនាមឌែល បៀតបៀនធ្វើបាបសម្លាប់គ្រីស្តបរិស័ទលោករួចខ្លួនបាន។ តែនៅពេលព្រះចៅវ៉ាលេរីយ៉ាំងបៀតបៀនគ្រីស្តបរិស័ទម្តងទៀត លោកសុខចិត្តធ្វើជាសាក្សីថ្វាយព្រះគ្រីស្ត នៅមុខព្រះសហគមន៍របស់លោក។ ថ្ងៃ ១៤ កញ្ញា ឆ្នាំ២៥៨ គេកាត់ កលោក ព្រោះលោកមិនព្រមថ្វាយសក្ការបូជាដល់ព្រះក្លែងក្លាយ។
អត្ថបទទី១
សូមថ្លែងលិខិតទី១របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ១ធម ៤,១២-១៦
ប្អូនជាទីស្រឡាញ់! កុំបណ្ដោយឱ្យនរណាមើលងាយប្អូន ព្រោះប្អូននៅក្មេង ផ្ទុយទៅវិញ ក្នុងការនិយាយស្ដីក្ដី កិរិយាមារយាទក្ដី ចិត្តស្រឡាញ់ក្ដី ជំនឿក្ដី និងចិត្តបរិសុទ្ធក្ដី ត្រូវធើ្វជាគំរូដល់អស់អ្នកជឿ។
ចូរយកចិត្តទុកដាក់អានគម្ពីរ យកចិត្តទុកដាក់ដាស់តឿន និងបង្រៀនបងប្អូនទម្រាំខ្ញុំមកដល់។ កុំធ្វេសប្រហែសនឹងព្រះអំណោយទានដែលស្ថិតនៅក្នុងប្អូន គឺជាព្រះអំណោយទាន ដែលប្អូនបានទទួល ដោយពាក្យដែលគេបានថ្លែងប្រាប់ ក្នុងនាមព្រះអម្ចាស់ និងដោយក្រុមព្រឹទ្ធាចារ្យបានដាក់ដៃលើប្អូន ត្រូវយកចិត្តទុកដាក់បំពេញមុខងារនេះ និងព្យាយាមតទៅមុខទៀត ដើម្បីឱ្យគ្រប់គ្នាឃើញថា ប្អូនពិតជាបានចម្រើនឡើងមែន។ ត្រូវប្រយ័ត្នប្រយែងលើខ្លួនឯង ប្រយ័ត្នប្រយែងនឹងសេចក្ដីដែលប្អូនបង្រៀន ដោយព្យាយាមធើ្វដូច្នេះ ប្អូននឹងសង្គ្រោះទាំងខ្លួនប្អូនផង ទាំងបងប្អូនដែលស្ដាប់ប្អូនផង។
ទំនុកតម្កើងលេខ ១១១, ៧-១០ បទពាក្យ ៧
៧. | គ្រប់ស្នាព្រះហស្ដព្រះអង្គធើ្វ | សុទ្ធតែអំពើល្អឥតរេ |
សុចរិតយុត្តិធម៌ឥតប្រួលប្រែ | ដូច្នេះគួរតែជឿទាំងស្រុង។ | |
៨. | បញ្ជាទាំងនោះឥតចន្លោះ | មិនបាត់មួយសោះស្ថិតគង់វង្ស |
សុចរិតល្អល្អះភ្លឺត្រចង់ | ក្ដីពិតទៀងត្រង់យ៉ាងប្រពៃ។ | |
៩. | ព្រះអង្គរំដោះប្រជារាស្រ្ដ | ពួកគេទាំងអស់មានសេរី |
ទ្រង់បានចងសម្ពន្ធមេត្រី | និងរាស្រ្ដប្រុសស្រីរហូតទៅ។ | |
ព្រះនាមព្រះអង្គគង់ទីខ្ពស់ | វិសុទ្ធឥតមោះឥតហ្មងសៅ | |
បារមីគួរស្ញែងខ្លាចពេកកូវ | រាល់យប់ថ្ងៃត្រូវតែគោរព។ | |
១០. | អ្នកណាដែលចង់មានប្រាជ្ញា | គួរតែគិតថាមានប្រភព |
ប្រាជ្ញានឹងកើតមានសព្វគ្រប់ | បើអ្នកគោរពខ្លាចព្រះម្ចាស់។ | |
អ្នកប្រតិបត្តិតាមប្រាជ្ញានេះ | គេអាចត្រិះរិះបានល្អល្អះ | |
យើងសូមតម្កើងព្រះអម្ចាស់ | ជាព្រះខ្ពង់ខ្ពស់រហូតទៅ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១១,២៨
អលេលូយ៉ា! អាលេលូយ៉ា!
អស់អ្នកដែលនឿយហត់ និងមានបន្ទុកធ្ងន់អើយ!
ចូរមករកខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៧,៣៦-៥០
មានបុរសម្នាក់ខាងគណៈផារីស៊ី យាងព្រះយេស៊ូទៅសោយព្រះស្ងោយ ព្រះអង្គក៏យាងទៅផ្ទះបុរសនោះ ហើយគង់រួមតុជាមួយគាត់។ នៅក្រុងនោះ មានស្រ្តីម្នាក់មានកេរ្តិ៍ឈ្មោះមិនល្អ។ ពេលនាងឮថា ព្រះយេស៊ូគង់នៅក្នុងផ្ទះខាងគណៈផារីស៊ីនោះ នាងយកដបថ្មកែវដាក់ប្រេងក្រអូបចូលមក។ នាងនៅពីក្រោយព្រះយេស៊ូ ក្រាបទាបព្រះបាទាព្រះអង្គ យំសម្រក់ទឹកភ្នែកជោកព្រះបាទាព្រះយេស៊ូ ហើយយកសក់មកជូត។ បន្ទាប់មក នាងថើបរួចយកប្រេងក្រអូបមកចាក់ពីលើផង។ ពេលបុរសម្ចាស់ផ្ទះឃើញដូច្នោះ គាត់រិះគិតក្នុងចិត្តថា៖ «បើលោកនេះ ពិតជាព្យាការីមែន ច្បាស់ជាលោកជ្រាបថា ស្រ្តីដែលពាល់លោកនេះជាស្រ្តីប្រភេទណាពុំខាន គឺនាងជាមនុស្សបាប»។ ព្រះយេស៊ូមានព្រះបន្ទូលទៅបុរសខាងគណៈផារីស៊ីនោះថា៖«លោកស៊ីម៉ូន! ខ្ញុំចង់និយាយរឿងមួយជាមួយលោក»។ លោកស៊ីម៉ូនទូលតបទៅព្រះអង្គថា៖«សូមលោកគ្រូមានប្រសាសន៍មកចុះ»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖«មានមនុស្សពីរនាក់ជំពាក់ប្រាក់គេ ម្នាក់ជំពាក់ប្រាំរយ ម្នាក់ទៀតហាសិប។ ដោយអ្នកទាំងពីរគ្មានប្រាក់សង ម្ចាស់ប្រាក់ក៏លុបបំណុលចោល ឈប់ទារពីអ្នកទាំងពីរនោះ។ ក្នុងចំណោមអ្នកទាំងពីរ តើនរណាស្រលាញ់ម្ចាស់បំណុលជាង?»។ លោកស៊ីម៉ូនទូលឆ្លើយថា៖«តាមយោបល់ខ្ញុំ គឺអ្នកដែលជំពាក់ប្រាក់ច្រើនជាង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖«លោកមានយោបល់ត្រឹមត្រូវមែន»។ បន្ទាប់មក ព្រះអង្គបែរទៅរកស្រ្តីនោះ រួចមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖«សូមមើលស្រ្តីនេះចុះ! ខ្ញុំបានចូលមកក្នុងផ្ទះលោកតែលោកពុំបានយកទឹកមកលាងជើខ្ញុំទេ រីឯនាង នាងបានសម្រក់ទឹកភ្នែកជោកជើងខ្ញុំព្រមទាំងយកសក់នាងមកជូតទៀតផង។ លោកមិនបានថើបខ្ញុំទេ រីឯនាងវិញតាំងពីខ្ញុំចូលមក នាងចេះតែថើបជើងខ្ញុំឥតឈប់ឈរសោះឡើយ។ លោកមិនបានយកប្រេងមកលាបក្បាលខ្ញុំទេ រីឯនាងវិញ នាងបានចាក់ប្រេងក្រអូបលាបជើងខ្ញុំ។ ហេតុនេះហើយ ខ្ញុំសុំប្រាប់ឱ្យយលោកដឹងថា នាងសម្ដែងសេចក្ដីស្រឡាញ់ជាខ្លាំងយ៉ាងនេះព្រោះព្រះជាម្ចាស់បានប្រោសនាងឱ្យរួចពីបាបជាច្រើន។ រីឯអ្នកដែលព្រះជាម្ចាស់លើកលែងទោសឱ្យតិច ក៏សម្ដែងសេចក្ដីស្រឡាញ់តិចដែរ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅស្រ្ដីនោះថា៖ «ព្រះជាម្ចាសអត់ទោសឱ្យនាងរួចពីបាបហើយ»។ អស់អ្នកដែលអង្គុយរួមតុជាមួយ រិះគិតក្នុងចិត្តរៀងៗខ្លួនថា៖«តើលោកនេះមានឋានៈអ្វីបានជាហ៊ានអត់ទោសមនុស្សឱ្យរួចពីបាបដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងទៀតថា៖ “ជំនឿរបស់នាងបានសង្គ្រោះនាងហើយ! សូមអញ្ជើញទៅវិញដោយសុខសាន្ដចុះ!”។