អត្ថបទព្រះគម្ពីរ
ថ្ងៃព្រហស្បតិ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២១
អាទិត្យទី២៣ រដូវធម្មតា
ព័ណ៌បៃតង
អត្ថបទទី១ ឆ្នាំសេស
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូឡូស កូឡ ៣,១២-១៧
បងប្អូនជាទីស្រឡាញ់! ដោយព្រះជាម្ចាស់បានជ្រើសរើសបងប្អូនធើ្វជាជនដ៏វិសុទ្ធ និងជាទីស្រឡាញ់របស់ព្រះអង្គហើយនោះ បងប្អូនត្រូវតែកាន់ចិត្តអាណិតមេត្តា ចិត្តល្អសប្បុរស ចេះបន្ទាបខ្លួន មានចិត្តស្លូតបូត និងចិត្តខន្ដីអត់ធ្មត់។ ត្រូវចេះទ្រាំទ្រគ្នាទៅវិញទៅមក ហើយប្រសិនបើបងប្អូនណាម្នាក់មានរឿងអ្វីមួយនឹងម្នាក់ទៀត ត្រូវតែអត់ទោសឲ្យគ្នាទៅវិញទៅមក។ ព្រះអម្ចាស់បានអត់ទោសឲ្យបងប្អូនយ៉ាងណា ចូរអត់ទោសឲ្យគ្នាទៅវិញទៅមកយ៉ាងនោះដែរ។ លើសពីនេះទៅទៀត ត្រូវមានចិត្តស្រឡាញ់ ដ្បិតក្ដីស្រឡាញ់ធើ្វឲ្យបងប្អូនរួបរួមគ្នាពេញលក្ខណៈ។ សូមឲ្យសេចក្ដីសុខសាន្ដរបស់ព្រះគ្រីស្ដសោយរាជ្យនៅក្នុងចិត្តបងប្អូន ព្រោះព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឲ្យមករួមគ្នាក្នុងព្រះកាយតែមួយ ដើម្បីឲ្យបងប្អូនប្រកបដោយសេចក្ដីសុខសាន្ដ។ ត្រូវអរព្រះគុណព្រះអង្គជានិច្ច។
សូមព្រះបន្ទូលព្រះគ្រីស្ដសណ្ធិតនៅក្នុងបងប្អូនឲ្យបានបរិបូណ៌។ ចូរប្រៀនប្រដៅ និងដាស់តឿនគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូលច្រៀងអរព្រះគុណព្រះជាម្ចាស់ក្នុងចិត្ត ដោយប្រើទំនុកតម្កើង បទសរសើរ និងបទចម្រៀងមកពីព្រះវិញ្ញាណ។ ការអ្វីក៏ដោយដែលបងប្អូនធើ្វ ទោះជាពាក្យសម្ដីឬកាយវិការក្ដី ត្រូវធើ្វក្នុងព្រះនាមព្រះអម្ចាស់យេស៊ូគ្រីស្ដទាំងអស់ ទាំងអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតាដោយសារព្រះគ្រីស្ដផង។
ទំនុកតម្កើងលេខ ១៥០ ,១-៦ បទព្រហ្មគិតិ
១. | ចូរកោតសរសើរព្រះ | ជាអម្ចាស់ក្នុងវិហារ |
ជាទីដ៏សក្ការ | សែនអស្ចារ្យឥតមានហ្មង ។ | |
ក្នុងលម្អអាកាស | វិសេសណាស់មាំមួនផង | |
ដំណាក់ល្អកន្លង | នៃព្រះអង្គក្នងអាកាស ។ | |
២. | ចូរសរសើរគ្រប់គ្នា | អ្វីដែលជាស្នាព្រះហស្ដ |
តម្កើងព្រះអម្ចាស់ | ដ៏ខ្ពង់ខ្ពស់គ្មានអ្វីស្មើ ។ | |
៣. | ចូរប្រគុំភ្លេងភ្លាត់ | ច្រៀងសព្វបទកុំស្ទាក់ស្ទើរ |
ចាប៉ីដេញបណ្ដើរ | មានទាំងពិណកំដរផង ។ | |
៤. | វាយក្រាប់រាំចាក់ក្បាច់ | ល្អបណ្ដាច់ថ្វាយព្រះអង្គ |
វាយឃឹមផ្លុំខ្លុយផង | លើកតម្កើងព្រះជាម្ចាស់ | |
៥. | វាយស្គរឲ្យពិរោះ | តម្កើងព្រះដោយស្ម័គ្រស្មោះ |
វាយស្គរលាន់ទាំងអស់ | សរសើរព្រះជាម្ចាស់យើង ។ | |
៦. | សូមឲ្យអ្វីទាំងអស់ | ដែលនៅរស់មានដង្ហើម |
ចូរសរសើរតម្កើង | ព្រះម្ចាស់យើងរហូតទៅ ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ ១យហ ៤,១២
អាលេលូយ៉ា! អាលេលូយ៉ា! ប្រសិនបើយើងស្រឡាញ់គ្នាទៅវិញទៅមក ព្រះជាម្ចាស់ស្ថិតនៅជាប់នឹងយើង ហើយព្រះហឬទ័យស្រឡាញ់របស់ព្រះអង្គ នឹងបានគ្រប់លក្ខណៈនៅក្នុងយើងដែរ។ អាលេលូយ៉ា! |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៦, ២៧-៣៨
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជនថា៖« ខ្ញុំសុំប្រាប់អ្នករាល់គ្នាដែលកំពុងស្ដាប់ខ្ញុំថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន និងធើ្វអំពើល្អដល់អ្នកដែលស្អប់អ្នករាល់គ្នា! ត្រូវជូនពរអ្នកដែលប្រទេចផ្ដាសាអ្នករាល់គ្នា និងអង្វរព្រះជាម្ចាស់ សូមទ្រង់ប្រទានពរដល់អ្នកដែលបៀតបៀនអ្នករាល់គ្នា។ ប្រសិនបើមានគេទះកំផ្លៀងអ្នកម្ខាង ចូរបែរឲ្យគេទះម្ខាងទៀតចុះ។ ប្រសិនបើគេយកអាវធំរបស់អ្នក ចូរឲ្យគេយកអាវក្នុងថែមទៀតទៅ!។ បើមានអ្នកណាសុំអ្វីពីអ្នក ចូរឲ្យគេទៅ! ហើយបើគេរឹបអូសយកអ្វីៗដែលជារបស់អ្នក ចូរកុំទារពីគេវិញឡើយ!។ អ្នករាល់គ្នាចង់ឲ្យគេប្រព្រឹត្តចំពោះខ្លួនបែបណា ចូរប្រព្រឹត្តចំពោះគេបែបនោះដែរ។ បើអ្នករាល់គ្នាស្រឡាញ់ តែមនុស្សដែលស្រឡាញ់អ្នករាល់គ្នា តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាប ក៏ចេះស្រឡាញ់គ្នាគេដែរ។ បើអ្នករាល់គ្នាឲ្យគេខ្ចីដោយសង្ឃឹមថា នឹងបានសំណងមកវិញ តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ឲ្យគ្នាគេខ្ចី ដើម្បីទទួលសំណងដូចដើមវិញដែរ។ ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន ហើយធើ្វល្អដល់គេនឹងទទួលរង្វាន់យ៉ាងធំ។ អ្នករាល់គ្នានឹងទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ដ្បិតព្រះអង្គមានព្រះហប្ញទ័យសប្បុរសចំពោះជនអកតញ្ញូ និងជនកំណាចដែរ។ ចូរមានចិត្តមេត្តាករុណា ដូចព្រះបិតារបស់អ្នករាល់គ្នា ដែលមានព្រះហប្ញទ័យមេត្តាករុណា។
កុំថ្កោលទោសអ្នកដទៃឲ្យសោះ! នោះព្រះជាម្ចាស់មិនថ្កោលទោសអ្នករាល់គ្នាដែរ។ កុំផ្ដន្ទាទោសអ្នកដទៃឲ្យសោះ! នោះព្រះជាម្ចាស់មិនផ្ដន្ទាទោសអ្នករាល់គ្នាដែរ។ ត្រូវលើកលែងទោសឲ្យអ្នកដទៃ នោះព្រះជាម្ចាស់នឹងលើកលែងទោសឲ្យអ្នករាល់គ្នា។ ចូរធើ្វអំណាយដល់អ្នកដទៃ នោះព្រះជាម្ចាស់ក៏ប្រទានអំណាយដល់អ្នករាល់គ្នាដែរ ព្រះអង្គនឹងប្រទានមកយ៉ាងបរិបូណ៌ហូរហៀរ ។ ព្រះជាម្ចាស់នឹងវាល់ឲ្យអ្នក តាមរង្វាល់ដែលអ្នករាល់គ្នាវាល់ឲ្យអ្នកដទៃ» ។