អត្ថបទថ្ងៃព្រហស្បតិ៍ អាទិត្យទី២២ រដូវធម្មតា

ថ្ងៃព្រហស្បតិ៍ ទី២ ខែកញ្ញា ឆ្នាំ២០២១ ព័ណបៃតង

អត្ថបទទី១ ឆ្នាំសេស
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូឡូស កូឡ ១,៩-១៤

បងប្អូនជាទីស្រឡាញ់! តាំងពីយើងឮដំណឹងថា បងប្អូនជឿលើព្រះគ្រីស្ដ យើងចេះតែ​អធិដ្ឋាន និងអង្វរព្រះជាម្ចាស់ឲ្យបងប្អូនឥតឈប់ឈរ ដើម្បីឲ្យបងប្អូនស្គាល់ព្រះហប្ញទ័យរបស់ព្រះអង្គយ៉ាងច្បាស់ ដោយមានគ្រប់ប្រាជ្ញា និងតម្រិះដែលមកពីព្រះហប្ញទ័យព្រះអង្គក្នុង​គ្រប់វិស័យទាំងអស់ ។ ដូច្នេះ បងប្អូននឹងបង្កើតផលក្នុងគ្រប់អំពើល្អដែលបងប្អូនធើ្វ ហើយ​បងប្អូននឹងស្គាល់ព្រះជាម្ចាស់កាន់តែច្បាស់ឡើងៗ ។ សូមឲ្យបងប្អូនមានកម្លាំងមាំមួនគ្រប់​ជំពូក ដោយព្រះចេស្ដាដ៏រុងរឿងរបស់ព្រះអង្គ ដើម្បីឲ្យបងប្អូនអាចស៊ូទ្រាំអ្វីៗទាំងអស់ និងចេះ​អត់ធ្មត់ទៀតផង ។
ចូរអរព្រះគុណព្រះបិតាដោយចិត្តរីករាយ ព្រោះព្រះអង្គបានប្រោសប្រទានឲ្យបងប្អូន​មានសមត្ថភាពអាចទទួលចំណែកមត៌ករួមជាមួយប្រជាជនដ៏វិសុទ្ធនៅក្នុងពន្លឺ។ ព្រះអង្គបាន​រំដោះយើងឲ្យរួចផុតពីអំណាចនៃភាពងងឹត ហើយចម្លងយើងចូលទៅក្នុងព្រះរាជនៃព្រះ​បុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ ។ ដោយយើងរួមក្នុងអង្គព្រះបុត្រា ព្រះអង្គបានលោះយើង​​ និងលែងទោសយើងឲ្យរួចពីបាប ។

 

ទំនុកតម្កើងលេខ​ ៩៨ (៩៧),២-៦         បទកាកគតិ

២.ព្រះម្ចាស់បង្ហាញ ប្រជាឲ្យឃើញ ពីការសង្គ្រោះព្រះអង្គសម្ដែង
ឲ្យគេទាំងអស់ឃើញសុចរិតស្មោះរបស់ព្រះអង្គ ។
៣. ព្រះអង្គនៅតែ សម្ដែងឥតប្រែករុណាត្រចង់ព្រះទ័យស្មោះស្ម័គ្រ
អ៊ីស្រាអែលផងសុចរិតឥតហ្មងចងចាំទាំងអស់ ។
មនុស្សម្នាមូលមីររស់នៅគ្រប់ទីឆ្ងាយទាំងស្រីប្រុសនៃភពផែនដី
ឃើញការសង្គ្រោះព្រះម្ចាស់របស់យើងគ្រប់ៗគ្នា ។
៤.មនុស្សទាំងប្រុសស្រីនៅលើផែនដីរៀបចំអង្គាអបអរសាទរ
ថ្វាយព្រះនាមាស្រែកហ៊ោរខ្ញៀវខ្ញាដោយតូរ្យរតន្ដ្រី ។
៥.សូមផ្ញើចិត្តកាយដេញទាំងពិណថ្វាយព្រះធ្លាប់ប្រណីព្រោះព្រះអង្គនោះ
ធ្លាប់ថ្នមបមបីថែទាំយប់ថ្ងៃរៀងរាល់វេលា ។
៦.ចូរនាំគ្នាផ្លុំត្រែស្នែងប្រគុំថ្វាយព្រះរាជាអបអរសាទរ
អង្គមហាក្សត្រាខ្ពស់លើលោកាគ្មានអ្វីស្មើព្រះ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ មថ ៤,១៩

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះបន្ទូលត្រាស់ហៅថា៖ «សូមអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នករាល់គ្នាឲ្យនេសាទមនុស្សវិញ»។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក​ , ១-១១

ថ្ងៃមួយ ព្រះយេស៊ូគង់នៅមាត់បឹងកេនេសារ៉ែត មានបណ្ដាលជនជាច្រើនប្រជ្រៀតគ្នា​នៅជុំវិញព្រះអង្គ ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះអង្គទតឃើញទូកពីរចតនៅ​មាត់ច្រាំង រីឯអ្នកនេសាទនាំគ្នាចុះទៅលាងអួនរបស់គេ។ ព្រះយេស៊ូយាងចុះទៅក្នុងទូក​របស់លោកស៊ីម៉ូន រួចសុំឲ្យគាត់ចេញទូកទៅឆ្ងាយពីច្រាំងបន្ដិច ។ ព្រះអង្គបង្រៀនបណ្ដាល​ជនពីក្នុងទូកនោះ ។
លុះព្រះអង្គបង្រៀនគេចប់ហើយ ទ្រង់មានព្រះបន្ទូលទៅកាន់លោកស៊ីម៉ូនថា៖ «ចូរ​បង្ហួសទូកទៅទឹកជ្រៅ រួចនាំគ្នាទម្លាក់អួនចុះ» ។ លោកស៊ីម៉ូនតបទៅព្រះយេស៊ូវិញថា៖​​ «លោកគ្រូ! យើងខ្ញុំបានអូសអួនពេញមួយយប់ហើយ អត់បានត្រីមួយសោះ។ ប៉ុន្ដែបើលោក​គ្រូមានប្រសាសន៍ដូចច្នេះ ខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោកគ្រូ» ។ គេក៏ទម្លាក់អួនទៅក្នុង​ទឹក ជាប់ត្រីយ៉ាងច្រើនស្ទើរតែធ្លាយអួន។ គេបក់ដៃហៅមិត្តភក្ដិ ដែលនៅក្នុងទូកមួយទៀតឲ្យ​មកជួយ។  ពួកនោះមកដល់ ជួយចាប់ត្រីដាក់ពេញទូកទាំងពីរស្ទើរតែនឹងលិច។ ពេលលោក​ស៊ីម៉ូនសិលាឃើញដូច្នោះ គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូ ហើយទូលព្រះអង្គថា៖ «ព្រះអ​ម្ចាស់អើយ! សូមព្រះអង្គយាងឲ្យឆ្ងាយពីទូលបង្គំទៅ! ព្រោះទូលបង្គំជាមនុស្សបាប» ។ លោក​ស៊ីម៉ូននិយាយដូច្នេះ ព្រោះគាត់នឹងអស់អ្នកដែលនៅជាមួយភ័យស្ងប់ស្ងែងជាខ្លាំង នៅពេល​ដែលពួកគេបានឃើញត្រីច្រើនយ៉ាងនេះ។ រីឯលោកយ៉ាកុប និងលោកយ៉ូហាន ជាកូនលោក​សេបេដេ ដែលនេសាទរួមជាមួយលោកស៊ីម៉ូន ក៏មានចិត្តដូច្នោះដែរ។ ប៉ុន្ដែ ព្រះយេស៊ូមាន​ព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖ « កុំខ្លាចអី! ពីពេលនេះទៅមុខ អ្នកនឹងនេសាទមនុស្សវិញ»។ ​ពេលទូកទៅដល់មាត់ច្រាំងវិញ គេបោះបង់របស់របរទាំងអស់ចោល រួចនាំគ្នាដើរតាម​ព្រះយេស៊ូទៅ ។


ខែ​តុលា 2024
ព្រ សុ អា
 123456
78910111213
14151617181920
21222324252627
28293031  
121 Views

Theme: Overlay by Kaira