ថ្ងៃព្រហស្បតិ៍ អាទិត្យទី២១
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥
លោកអូគូស្តាំង (៣៥៤-៤៣០) ជាសាស្ត្រាចារ្យជាតិរ៉ូម៉ាំងម្នាក់ដែលរស់នៅអាហ្វ្រិក។ លោកមានកិរិយាមារយាទខិលខូច។ សន្តីមូនិក ជាម្តាយ តែងតែអង្វរព្រះជាម្ចាស់ទាំងទឹកភ្នែកជាយូរឆ្នាំសូមឱ្យកូនប្រែចិត្តគំនិត។ ក្រោយពេលលោកប្រែចិត្តគំនិតហើយ លោកស្រឡាញ់ព្រះជាម្ចាស់យ៉ាងខ្លាំង។ សន្តអំប្រ័សជាអភិបាលព្រះសហគមន៍ក្រុងមីឡង់ (ប្រទេសអ៊ីតាលី) ធ្វើអគ្គសញ្ញាជ្រមុជទឹកជួនលោក។ ក្រោយមក លោកទទួលមុខងារជាអភិបាលព្រះសហគមន៍នៅក្រុងអីប៉ូន (ក្រុងអាណាបា នៅប្រទេសស៊េរីសព្វថ្ងៃ)។ លោកយកចិត្តទុកដាក់ជួយការពារលទ្ធិជំនឿដ៏ពិតប្រាកដពីគ្រីស្តបរិស័ទដែលផ្សព្វផ្សាយលទ្ធិក្លែងក្លាយ។ លោកនិពន្ធសៀវភៅជាច្រើន ជាពិសេសសេចក្តីអត្ថាធិប្បាយគម្ពីរ។ ក្នុងសៀវភៅមួយមានចំណងជើងថា “ការប្រកាសធម៌មេត្តាករុណា” លោករ៉ាយរ៉ាប់ប្រវត្តិរបស់ខ្លួនក្នុងគោលបំណង លើកតម្កើងព្រះជាម្ចាស់ដែលបានណែនាំគាត់តាំងពីតូចមក។ ក្នុងសៀវភៅមួយទៀតដែលមានចំណងជើងថា “ទីក្រុងរបស់ព្រះជាម្ចាស់” លោករិះគិតពិចារណាអំពីប្រវត្តិសាស្ត្រមនុស្សលោក ទាំងបញ្ជាក់មុខងារព្រះសហគមន៍ក្នងប្រវត្តិសាស្ត្រនេះ។ លោកសរសេរជាសេចក្តីសង្ខេបនៃពាក្យទូន្មានរបស់លោកដូចតទៅ៖ “ឱ្យតែអ្នកមានចិត្តស្រឡាញ់ អ្វីៗក៏អ្នកធ្វើបានតាមចិត្ត”។ សន្តអូគូស្តាំងមានឥទ្ធិពលយ៉ាងខ្លាំងក្នុងព្រះសហគមន៍។
អត្ថបទទី១៖ សូមថ្លែងលិខិតទី១របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងថេស្សាឡូនិក ១ ថស ៣,៧-១៣
បងប្អូនជាទីស្រឡាញ់
ជំនឿរបស់បងប្អូនបានធ្វើឱ្យចិត្តយើងបែរជាធូរស្រាលវិញ ទោះបីយើងពិបាកចិត្តគ្រប់យ៉ាង និងមានទុក្ខវេទនាយ៉ាងណាក្តី។ ដោយបងប្អូនស្ថិតនៅខ្ជាប់ខ្ជួនជាមួយព្រះអម្ចាស់ដូច្នេះ យើងក៏ដូចជាមានជីវិតរស់វិញដែរ។ យើងពុំដឹងជារកពាក្យអ្វីមកថ្លែង អរព្រះគុណព្រះជាម្ចាស់អំពីបងប្អូននោះឡើយ ព្រោះតែបងប្អូនធ្វើឱ្យយើងមានអំណររីករាយនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់របស់យើង។ ទាំងយប់ ទាំងថ្ងៃ យើងទទូចសូមព្រះអង្គមេត្តាប្រោសឱ្យបានឃើញមុខបងប្អូន ព្រមទាំងប្រទានឱ្យជំនឿរបស់បងប្អូនបានពេញលក្ខណៈ កុំបីមានចន្លោះត្រង់ណាឡើយ។ សូមព្រះជាម្ចាស់ផ្ទាល់ជាព្រះបិតារបស់យើង និងព្រះយេស៊ូជាអម្ចាស់នៃយើង ព្រះអង្គរៀបចំផ្លូវឱ្យយើងមករកបងប្អូន។ សូមព្រះអម្ចាស់ប្រទានឱ្យបងប្អូនមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក និងស្រឡាញ់មនុស្សទាំងអស់ កាន់តែខ្លាំងឡើងៗជាអនេក ដូចយើងបានស្រឡាញ់បងប្អូនដែរ។ សូមព្រះអង្គប្រទានឱ្យចិត្តគំនិតរបស់បងប្អូនមានជំហររឹងប៉ឹង ឱ្យបងប្អូនបានវិសុទ្ធឥតខ្ចោះ នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ជាព្រះបិតារបស់យើង ក្នុងពេលព្រះយេស៊ូជាអម្ចាស់នៃយើងយាងមកជាមួយប្រជាជនដ៏វិសុទ្ធទាំងអស់របស់ព្រះអង្គ!
ទំនុកតម្កើងលេខ ៩០ (៨៩),៣-៤.១២-១៤.១៧ បទពាក្យ ៧
| ៣ | ព្រះអង្គធើ្វឱ្យមនុស្សគ្រប់ទី | ក្លាយជាធូលីដីវិញាណា | |
| គឺព្រះអង្គមានបន្ទូលថា៖ | «អស់ពូជពង្សអដំាវិលវិញ» | ។ |
| ៤ | ចំពោះព្រះអង្គរយៈពេល | មួយពាន់ឆ្នំាក្រែលដូចម្សិលមិញ | |
| ឬដូចជាពេលមួយយប់ពេញ | កន្លងផុតចេញទៅថ្មីៗ | ។ |
| ១២ | សូមណែនំាឱ្យខ្ញុំដឹងថា | អាយុសង្ខារខ្ញុំឥឡួវ | |
| កំណត់ប៉ុណ្ណាឱ្យត្រឹមត្រូវ | ដើម្បីជាផ្លូវខ្ញុំរិះគិត | ។ |
| ១៣ | ឱព្រះអម្ចាស់សូមប្រញប់ | យាងមកឆាប់ៗប្រាប់ការពិត | |
| កុំនៅបង្អង់សូមអាណិត | អាសូរដល់ចិត្តអ្នកបម្រើ | ។ |
| ១៤ | សូមសម្ដែងហប្ញទ័យមេត្តា | ដោយក្ដីករុណាដ៏ប្រសើរ | |
| ចំពោះខ្ញុំជាអ្នកបម្រើ | ខ្ញុំមានអំណរគ្រប់វេលា | ។ |
| ១៧ | ឱព្រះម្ចាស់អើយសូមសម្ដែង | សេចក្ដីស្រឡាញ់មកខ្ញុំផង | |
| សូមជួយពង្រឹងការទំាងពួង | ខ្ញុំឱ្យខ្ជាប់ខ្ជួនរៀងរហូត | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ២៤,៤២.៥១
អាលេលូយ៉ា! អាលេលូយ៉ា!
ចូរប្រុងស្មារតីឱ្យមែនទែន! ត្រូវត្រៀមខ្លួនជានិច្ច! ដ្បិតអ្នករាល់គ្នាពុំដឹងថា បុត្រមនុស្សនឹងយាងមកដល់ពេលណាឡើយ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២៤,៤២-៥១
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កអំពីពេលព្រះអង្គយាងមកវិញដូចតទៅ៖ “ចូរប្រុងស្មារតីឱ្យមែនទែន ដ្បិតអ្នការាល់គ្នាពុំដឹងថា ព្រះអម្ចាស់របស់អ្នករាល់គ្នានឹងយាងមកដល់នៅពេលណាឡើយ។ អ្នករាល់គ្នាដឹងហើយថា បើម្ចាស់ផ្ទះដឹងថា ចោរចូលមកប្លន់ថ្មើរណានោះ គាត់មុខជាប្រុងស្មារតីពុំខាន មិនបណ្ដោយឱ្យចោរចូលមកប្លន់ផ្ទះគាត់បានឡើយ។ ដូច្នេះ អ្នករាល់គ្នាត្រូវត្រៀមខ្លួនជានិច្ច ដ្បិតបុត្រមនុស្សនឹងយាងមកដល់នៅវេលាដែលអ្នករាល់គ្នាពុំបានគិត ។ បើអ្នកបម្រើណាមានចិត្តស្មោះត្រង់ ហើយឈ្លាសវៃ ម្ចាស់មុខជាផ្ទុកផ្ដាក់ឱ្យអ្នកបម្រើនោះមើលខុសត្រូវលើអ្នកបម្រើឯទៀតក្នុងការចែកម្ហូបអាហារឱ្យគេតាមពេលកំណត់ជាពុំខាន ។ ពេលម្ចាស់ត្រលប់មកផ្ទះវិញ ឃើញអ្នកបម្រើកំពុងបំពេញកិច្ចការរបស់ខ្លួនដូច្នេះ អ្នកបម្រើនោះប្រាកដជាមានសុភមង្គលហើយ!។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ម្ចាស់មុខជាផ្ទុកផ្ដាក់ឱ្យគាត់មើលខុសត្រូវលើទ្រព្យសម្បត្តិទំាងប៉ុន្មានរបស់លោកថែមទៀតផង។ ផ្ទុយទៅវិញ បើអ្នកបម្រើនោះមានចិត្តអាក្រក់ ហើយគិតថា៖ «ម្ចាស់អាញ់ក៏ក្រមកដល់ណាស់ គាត់វាយអ្នកបម្រើឯទៀតៗ ព្រមទំាងទៅស៊ីផឹកជាមួយអ្នកប្រមឹក។ ពេលម្ចាស់ត្រឡប់មកដល់ផ្ទះវិញ នៅថ្ងៃអ្នកបម្រើនោះមិនបានរង់ចំា ឬនៅពេលដែលគាត់មិនដឹងលោកនឹងធើ្វទោសលោកជាទម្ងន់ ហើយឱ្យគាត់ទទួលទោសរួមជាមួយពួកមានពុតត្បុតដែរ គឺឱ្យទៅកន្លែងយំសោកខឹងសង្កៀតធ្មេញ»។
522 Views
Post Views:
534