អត្ថបទថ្ងៃព្រហស្បតិ៍ អាទិត្យទី២១ រដូវធម្មតា
ថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១ ព័ណបៃតង
អត្ថបទទី១ ឆ្នាំសេស
សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងថេសាឡូនិក ១ថស ៣, ៧-១៣
បងប្អូនជាទីស្រឡាញ់ ទោះបីយើងពិបាកចិត្តគ្រប់យ៉ាង និងមានទុក្ខវេទនាយ៉ាងណាក្ដី ជំនឿរបស់បងប្អូនបានធើ្វឲ្យចិត្តយើងបែរជាធូរស្រាល។ ដោយបងប្អូនស្ថិតនៅខ្ជាប់ខ្ជួនជាមួយព្រះអម្ចាស់ដូច្នេះ យើងក៏ដូចជាមានជីវិតរស់វិញដែរ។ យើងពុំដឹងជារកពាក្យអ្វីមកថ្លែងអរព្រះគុណព្រះជាម្ចាស់ អំពីបងប្អូននោះឡើយ នេះក៏ព្រោះតែបងប្អូនធើ្វឲ្យយើងមានអំណររីករាយនៅចំពោះព្រះភ័ក្រ្ដព្រះជាម្ចាស់របស់យើង។ ទំាងយប់ទំាងថ្ងៃ យើងទទូចសូមអង្វរព្រះអង្គ សូមទ្រង់ព្រះមេត្តាប្រោសឲ្យបានឃើញមុខបងប្អូន ព្រមទំាងប្រទានឲ្យជំនឿរបស់បងប្អូនបានពេញលក្ខណៈកុំបីមានចន្លោះណាឡើយ ។
សូមព្រះជាម្ចាស់ ជាព្រះបិតារបស់យើង និងព្រះយេស៊ូជាអម្ចាស់នៃយើងមេត្តារៀបចំផ្លូវឲ្យយើងមករកបងប្អូន។ សូមព្រះអម្ចាស់ប្រទានឲ្យបងប្អូនពោរពេញដោយសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក និងស្រឡាញ់មនុស្សទំាងអស់កាន់តែខ្លំាងឡើងៗជាអនេក ដូចយើងបានស្រឡាញ់បងប្អូនដែរ។ សូមព្រះអង្គប្រទានឲ្យចិត្តគំនិតរបស់បងប្អូនមានជំហររឹងប៉ឹង ឲ្យបងប្អូនបានវិសុទ្ធឥតសៅហ្មង នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ជាព្រះបិតារបស់យើង ក្នុងពេលព្រះយេស៊ូជាអម្ចាស់នៃយើងយាងមកជាមួយពពួកទេវទូតដ៏វិសុទ្ធរបស់ព្រះអង្គ។
ទំនុកតម្កើងលេខ ៩០ (៨៩),៣-៤.១២-១៤.១៧ បទពាក្យ ៧
៣. | ព្រះអង្គធើ្វឲ្យមនុស្សគ្រប់ទី | ក្លាយជាធូលីដីវិញណា |
គឺព្រះអង្គមានបន្ទូលថា៖ | «អស់ពូជពង្សអដំាវិលវិញ» ។ | |
៤. | ចំពោះព្រះអង្គរយៈពេល | មួយពាន់ឆ្នំាក្រែលដូចម្សិលមិញ |
ឬដូចជាពេលមួយយប់ពេញ | កន្លងផុតចេញទៅថ្មីៗ ។ | |
១២. | សូមណែនំាឲ្យខ្ញុំដឹងថា | អាយុសង្ខារខ្ញុំឥឡួវ |
កំណត់ប៉ុណ្ណាឲ្យត្រឹមត្រូវ | ដើម្បីជាផ្លូវខ្ញុំរិះគិត ។ | |
១៣. | ឱព្រះអម្ចាស់សូមប្រញាប់ | យាងមកឆាប់ៗប្រាប់ការពិត |
កុំនៅបង្អង់សូមអាណិត | អាសូរដល់ចិត្តអ្នកបម្រើ ។ | |
១៤. | សូមសម្ដែងហប្ញទ័យមេត្តា | ដោយក្ដីករុណាដ៏ប្រសើរ |
ចំពោះខ្ញុំជាអ្នកបម្រើ | ខ្ញុំមានអំណរគ្រប់វេលា ។ | |
១៧. | ឱព្រះម្ចាស់អើយសូមសម្ដែង | សេចក្ដីស្រឡាញ់មកខ្ញុំផង |
សូមជួយពង្រឹងការទំាងពួង | ខ្ញុំឲ្យខ្ជាប់ខ្ជួនរៀងរហូត ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ មថ ២៤,៤២.៤៤
អាលេលូយ៉ា! អាលេលូយ៉ា! ចូរប្រុងស្មារតីឲ្យមែនទែន! ត្រូវត្រៀមខ្លួនជានិច្ច! ដ្បិតអ្នករាល់គ្នាពុំដឹងថា បុត្រមនុស្សនឹងយាងមកដល់ពេលណាឡើយ ។ អាលេលូយ៉ា! |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២៤, ៤២-៣២
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កអំពីពេលព្រះអង្គយាងមកវិញដូចតទៅ៖ “ចូរប្រុងស្មារតីឲ្យមែនទែន ដ្បិតអ្នករាល់គ្នាពុំដឹងថា ព្រះអម្ចាស់របស់អ្នករាល់គ្នានឹងយាងមកដល់នៅពេលណាឡើយ។ អ្នករាល់គ្នាដឹងហើយថា បើម្ចាស់ផ្ទះដឹងថាចោរចូលមកប្លន់ថ្មើរណា នោះគាត់មុខជាប្រុងស្មារតីពុំខាន មិនបណ្ដោយឲ្យចោរចូលមកប្លន់ផ្ទះគាត់បានឡើយ។ ដូច្នេះ អ្នករាល់គ្នាត្រូវត្រៀមខ្លួនជានិច្ច ដ្បិតបុត្រមនុស្សនឹងយាងមកដល់នៅវេលាដែលអ្នករាល់គ្នាពុំបានគិត។ បើអ្នកបម្រើណាមានចិត្តស្មោះត្រង់ហើយឈ្លាសវៃ ម្ចាស់មុខជាផ្ទុកផ្ដាក់ឲ្យអ្នកបម្រើនោះមើលខុសត្រូវអ្នកបម្រើឯទៀត ក្នុងការចែកម្ហូបអាហារឲ្យគេតាមកំណត់ជាពុំខាន។ ពេលម្ចាស់ត្រលប់មកផ្ទះវិញ ឃើញអ្នកបម្រើកំពុងបំពេញកិច្ចការរបស់ខ្លួនដូច្នេះ អ្នកបម្រើនោះប្រាកដជាមានសុភមង្គលហើយ!។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា ម្ចាស់មុខជាផ្ទុកផ្ដាក់ឲ្យគាត់មើលខុសត្រូវលើទ្រព្យសម្បត្តិទំាងប៉ុន្មានរបស់លោកថែមទៀតផង។ ផ្ទុយទៅវិញ បើអ្នកបម្រើនោះមានចិត្តអាក្រក់ហើយគិតថា៖ «ម្ចាស់អញក្រមកដល់ណាស់» គាត់វាយអ្នកបម្រើឯទៀតៗ ព្រមទំាងទៅស៊ីផឹកជាមួយអ្នកប្រមឹក។ ពេលម្ចាស់ត្រឡប់មកផ្ទះវិញ នៅថ្ងៃអ្នកបម្រើនោះមិនបានរង់ចំា ឬនៅពេលដែលគាត់មិនដឹង លោកនឹងធើ្វទោសគាត់ជាទម្ងន់ ហើយឲ្យគាត់ទទួលទោសរួមជាមួយពួកមានពុតត្បុតដែរ គឺឲ្យទៅកន្លែងយំសោកខឹងសង្កៀតធ្មេញ» ។