អត្ថបទថ្ងៃព្រហស្បតិ៍ អាទិត្យទី២០ រដូវធម្មតា

ថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១ ព័ណបៃតង

ថ្ងៃបុណ្យសន្តៈ យ៉ូហានអើដ៏  ជាបូជាចារ្យ  

លោកយ៉ូហានអើដ៏ (១៦០១-១៦៨០) កើតនៅប្រទេសបារាំង។​ លោកជាបូជាចារ្យ ហើយបង្កើតក្រុមគ្រួសារបូជាចារ្យមួយ ក្នុងគោលបំណងជួយកែទម្រង់កិរិយាបូជាចារ្យទាំងឡាយ ព្រមទាំងជួយុអស់លោកក្នុងការប្រកាសដំណឹងល្អដល់ប្រជាជនទូទៅផង។ លោកក៏បង្កើតក្រុមគ្រួសារបព្វជិតាដែរ។ នៅពេលក្រោយ ក្រុមគ្រួសារនោះយកឈ្មោះថា “ក្រុមគង្វាលដ៏សប្បុរស” ហើយមានគោលដៅទទួលនិងជួយស្រីពេស្យា។ លោកយ៉ូហានអើដ៏ ខិតខំណែនាំគ្រីស្តបរិស័ទឱ្យគោរពប្រណិប័តន៍ព្រះបេះដូងព្រះយេស៊ូ និងព្រះបេះដូងព្រះនាងម៉ារី។

អត្ថបទទី១ ឆ្នាំសេស
សូមថ្លែងព្រះគម្ពីរវីរបុរស វប ១១,២៩-៣៩

លោកយ៉ែបថា ជាវីរៈបុរសដ៏អង់អាចមួយរូប។ មានថ្ងៃមួយ ព្រះវិញ្ញាណនៃព្រះអម្ចាស់សណ្ឋិតលើលោក លោកធ្វើដំណើរកាត់ស្រុកកាឡាដនិងស្រុកម៉ាណាសេ ទៅដល់មីសប៉ាក្នុងស្រុកកាឡាដ។ បន្ទាប់មក លោកបន្តដំណើរពីទីនោះឆ្ពោះទៅស្រុកអាំម៉ូន។ លោកយ៉ែបថាបន់ចំពោះព្រះអម្ចាស់ថា៖ «ប្រសិនបើព្រះអង្គប្រគល់ជនជាតិអាំម៉ូនមកក្នុងកណ្តាប់ដៃខ្ញុំ ពេលខ្ញុំត្រឡប់មកវិញដោយជោគជ័យ នរណាម្នាក់ចេញពីផ្ទះរបស់ខ្ញុំមកទទួលខ្ញុំមុនគេ ខ្ញុំនឹងយកអ្នកនោះមកធ្វើជាយញ្ញបូជាថ្វាយព្រះអម្ចាស់»។ លោកយ៉ែបថាក៏ឆ្លងចូលទៅវាយជនជាតិអាំម៉ូន ហើយព្រះអម្ចាស់បានប្រគល់ពួកគេមក ក្នុងកណ្តាប់ដៃរបស់លោក។ លោកយ៉ែបថា វាយកម្ទេចពួកគេយ៉ាងដំណំ គឺចាប់តាំងពីក្រុងអារ៉ូអ៊ែរ រហូតដល់តំបន់ជិតខាងក្រុងមីនីត សរុបទាំងអស់ម្ភៃក្រុង ហើយបន្ទាប់មក​ រហូតដល់ក្រុងអបិលកេរ៉ាមីម។ ជនជាតិអ៊ីស្រាអែលធ្វើឲ្យជនជាតិអាំម៉ូនបរាជ័យបាក់មុខយ៉ាងខ្លាំង។
ពេលលោកយ៉ែបថាវិលត្រឡប់មកផ្ទះនៅមីសប៉ាវិញ កូនស្រីរបស់លោកចេញមកទទួលលោកទាំងរាំ និងវាយក្រាប់ផង។ នាងជាកូនស្រីទោលរបស់លោក គឺក្រៅពីនាង លោកគ្មានកូនប្រុសកូនស្រីណាទៀតឡើយ។ កាលលោកក្រឡេកឃើញនាង លោកហែកសម្លៀកបំពាក់របស់លោកទាំងស្រែកថា ៖«ឱ! កូនស្រីអើយ! កូនធ្វើឲ្យពុកកើតទុក្ខហើយ! កូនធ្វើឲ្យពុកមានការគ្រាំគ្រាក្នុងចិត្ត ដ្បិតពុកបានបន់ចំពោះព្រះអម្ចាស់រួចស្រេចទៅហើយ ពុកមិនអាចលេបពាក្យសម្តីនោះវិញបានទេ»។ នាងឆ្លើយទៅលោកថា៖«ពុក! បើពុកបានបន់ចំពោះព្រះអម្ចាស់រួចស្រេចទៅហើយ ដូច្នេះសូមប្រព្រឹត្តចំពោះកូនតាមបំណន់របស់ពុកចុះ! ដ្បិតព្រះអម្ចាស់បានប្រទានឲ្យពុកវាយឈ្នះពួកអាំម៉ូន ដែលជាខ្មាំងសត្រូវរបស់ពុកហើយ»។ នាងពោលទៅឪពុកទៀតថា៖«សូមពុកមេត្តាអនុគ្រោះឲ្យកូនពីរខែសិន ដើម្បីឲ្យកូនឡើងទៅលើភ្នំជាមួយមិត្តភក្តិស្រីៗ យំសោកស្តាយព្រហ្មចារីធម៌របស់កូន»។ លោកយ៉ែបថាក៏យល់ព្រមឲ្យនាងចេញទៅអស់រយៈពេលពីរខែ។ ដូច្នេះ នាងឡើងទៅលើភ្នំជាមួយមិត្តស្រីៗ យំសោកស្តាយព្រហ្មចារីធម៌របស់នាង។ លុះគម្រប់ពីរខែហើយ នាងវិលត្រឡប់មករកឪពុកវិញ រួចលោកយកនាងធ្វើយញ្ញបូជាតាមពាក្យដែលលោកបានបន់ចំពោះព្រះអម្ចាស់។

ទំនុកតម្កើងលេខ​ ៤០ (៣៩),៥.៧-១០         បទពាក្យ៧

៥.មនុស្សណាដែលបានផ្ញើជីវិតលើព្រះមានឫទ្ធិដ៏អង់អាច
មិនបែរគោរពទៅខ្លបខ្លាចព្រះមានអំណាចព្រះបោកប្រាស  ។
៧.ព្រះអង្គមិនចង់បានតង្វាយយញ្ញបូជាថ្វាយអ្វីទាល់សោះ
ទ្រង់បើកត្រចៀកខ្ញុំទាំងអស់ស្តាប់ព្រះតំរិះនៃព្រះអង្គ  ។
៨.ដូច្នេះទូលបង្គំសូមពោលថាបពិត្រព្រះករុណាដ៏ឧត្តុង្គ
ទូលបង្គំប្រព្រឹត្តឥតរេរង់តាមសេចក្តីក្នុងព្រះគម្ពីរ  ។
៩.ទូលបង្គំពេញចិត្តធ្វើតាមព្រះហឫទ័យអម្ចាស់គ្រប់ទិសទី
វិន័យទ្រង់ដិតជាប់ជីវី ក្នុងចិត្តគិតពីទ្រង់ជានិច្ច  ។
១០.ខ្ញុំនឹងប្រកាសធម៌មេត្តាធម៌ករុណាធម៌សុចរិត
ព្រះអង្គជ្រាបហើយទ្រង់អាណិតខ្ញុំថ្លាថ្លែងឥតឈរឈប់សោះ  ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ ទន ៩៥,៨

អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ កុំមានចិត្តរឹងរូសឡើយ! ចូរនាំគ្នាប្រុងត្រចៀកស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់។  អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ​ ២២,១-១៤

ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នាថា៖«ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបាននឹងស្តេចមួយអង្គ ដែលរៀបវិវាហមង្គលការព្រះរាជបុត្រ។ ព្រះរាជាចាត់រាជបម្រើឲ្យទៅអញ្ជើញភ្ញៀវមកជប់លៀងក្នុងឱកាសមង្គលការនោះតែគ្មាននរណាមកសោះ។ ព្រះអង្គចាត់រាជបម្រើផ្សេងទៀត ឲ្យទៅជម្រាបភ្ញៀវថា “យើងបានរៀបចំភោជនាហារសម្រាប់ជប់លៀង គឺបានសម្លាប់គោនិងសម្លាប់សត្វដែលបានបំប៉ននោះរួចរាល់អស់ហើយ សូមអញ្ជើញមកពិសារចុះ!”។ ប៉ុន្តែភ្ញៀវមិនរវីរវល់អើពើឡើយ អ្នកខ្លះទៅចម្ការ អ្នកខ្លះទៅធ្វើជំនួញ អ្នកខ្លះទៀតចាប់ពួករាជបម្រើវាយធ្វើបាប ព្រមទាំងសម្លាប់ចោលថែមទៀត។ ព្រះរាជាទ្រង់ព្រះពិរោធយ៉ាងខ្លាំង ក៏ចាត់ទាហានឲ្យទៅប្រហារជីវិតឃាតករទាំងនោះ ហើយដុតកម្ទេចស្រុកភូមិរបស់គេផង។ បន្ទាប់មក ទ្រង់មានរាជឱង្កាទៅពួករាជបម្រើថា “យើងបានរៀបចំពិធីមង្គលការរួចស្រេចហើយ ប៉ុន្តែភ្ញៀវទាំងនោះមិនសមនឹងមកចូលរួមទេ។ ហេតុនេះ ចូរនាំគ្នាចេញទៅតាមផ្លូវកែង ហើយអញ្ជើញមនុស្សទាំងអស់ ដែលអ្នករាល់គ្នាជួបឲ្យមកជប់លៀង”។ ពួករាជបម្រើក៏ចេញទៅតាមផ្លូវ ប្រមូលមនុស្សម្នាដែលគេបានជួបទាំងប៉ុន្មានមក ទាំងមនុស្សអាក្រក់ ទាំងមនុស្សល្អ ។ ពេលនោះ មានភ្ញៀវពេញរោងការ។
ព្រះរាជាយាងចូលមកមើលភ្ញៀវនៅក្នុងរោងការ ទតឃើញបុរសម្នាក់ស្លៀកពាក់មិនត្រូវនឹងរបៀបពិធីការ ទ្រង់ក៏មានរាជឱង្ការទៅអ្នកនោះថា “សំឡាញ់អើយ! ហេតុអ្វីបានជាអ្នកចូលមកទីនេះ ដោយមិនស្លៀកសម្លៀកបំពាក់សម្រាប់មង្គលការដូច្នេះ?”។ បុរសនោះរកនិយាយអ្វីមិនចេញឡើយ។ ព្រះរាជាបង្គាប់ទៅពួករាជបម្រើថា៖ “ចូរចងដៃ ចងជើងអ្នកនេះ សែងយកទៅចោលនៅទីងងឹតខាងក្រៅ  ជាកន្លែងយំសោក ខឹងសង្កៀតធ្មេញនោះទៅ!”»។
ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖«ព្រះជាម្ចាស់ត្រាស់ហៅមនុស្សទាំងអស់ តែព្រះអង្គជ្រើសរើសយកបានមួយចំនួនតិចទេ»។

ខែ​តុលា 2024
ព្រ សុ អា
 123456
78910111213
14151617181920
21222324252627
28293031  
232 Views

Theme: Overlay by Kaira