ថ្ងៃព្រហស្បតិ៍ អាទិត្យទី១២
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃព្រហស្បត្ដិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ១៦,១-១២.១៥-១៦
លោកស្រីសារ៉ាជាភរិយារបស់លោកអប្រាហាំពុំបានបង្កើតកូនជូនលោកទេ។ គាត់មានស្រីបម្រើជាតិអេស៊ីបម្នាក់ ឈ្មោះនាងហាការ។ លោកស្រីសារ៉ាជម្រាបលោកអប្រាហាំថា៖ «សូមលោកគិតមើល! ព្រះអម្ចាស់មិនបានប្រទានឱ្យខ្ញុំមានកូនសោះ ដូច្នេះ សូមលោកទៅយកស្រីបម្រើខ្ញុំទៅ! ប្រហែលជានាងនឹងបានកូនមួយ ហើយខ្ញុំយកកូននោះមកធ្វើជាកូនខ្ញុំផ្ទាល់តែម្តង»។ លោកអប្រាហាំក៏ធ្វើតាមពាក្យសម្តីរបស់លោកស្រីសារ៉ា។ លោកអប្រាហាំមករស់នៅក្នុងស្រុកកាណានបានដប់ឆ្នាំហើយ ទើបលោកស្រីសារ៉ាជាភរិយា យកនាងហាការជាជនជាតិអេស៊ីបដែលជាស្រីបម្រើរបស់ខ្លួន មកប្រគល់ឱ្យលោកអប្រាហាំជាស្វាមីធ្វើជាប្រពន្ធ។ លោកអប្រាហាំយកនាងហាការ ហើយនាងក៏មានផ្ទៃពោះ។ ពេលនាងដឹងថា ខ្លួនមានផ្ទៃពោះដូច្នេះ នាងក៏បែរជាមើលងាយម្ចាស់ស្រីរបស់ខ្លួន។ លោកស្រីសារ៉ាពោលទៅកាន់លោកអប្រាហាំថា៖ «ព្រោះតែលោកហ្នឹងហើយ បានជាខ្ញុំត្រូវអាម៉ាស់មុខ! ខ្ញុំយកស្រីបម្រើរបស់ខ្ញុំមកដាក់លើដើមទ្រូងរបស់លោក។ តែតាំងពីវាដឹងថា វាមានផ្ទៃពោះមក វាបែរជាមើលងាយខ្ញុំទៅវិញ។ សូមព្រះអម្ចាស់វិនិច្ឆ័យរឿងលោក និងខ្ញុំផង!»។ លោកអប្រាហាំឆ្លើយតបលោកស្រីសារ៉ាថា៖ «អូនមានអំណាចលើអ្នកបម្រើរបស់អូនស្រាប់ហើយ! អូនចង់ធ្វើអី្វនាង ចូរធ្វើតាមតែអូនយល់ឃើញទៅចុះ! »។ លោកស្រីសារ៉ាក៏ធ្វើបាបនាងហាការជាខ្លាំង រហូតដល់នាងរត់ចេញពីគាត់បាត់ទៅ។ ទេវទូតរបស់ព្រះអម្ចាស់ ជួបនាងហាការនៅក្បែរប្រភពទឹកមួយក្នុងវាលរហោស្ថាន តាមផ្លូវទៅស្រុកស៊ូរ។ ទេវទូតមានព្រះបន្ទូលថា៖ «នាងហាការជាអ្នកបម្រើរបស់លោកស្រីសារ៉ាអើយ! នាងទៅណាមកណា?»។ នាងហាការតបថា៖ «នាងខ្ញុំរត់ចេញពីលោកស្រីសារ៉ា ជាចៅហ្វាយរបស់នាងខ្ញុំហើយ»។ ទេវទូតរបស់ព្រះអម្ចាស់មានព្រះបន្ទូលមកនាងថា៖ «ចូរវិលត្រឡប់ទៅផ្ទះចៅហ្វាយស្រីរបស់នាងវិញ ហើយស្តាប់បង្គាប់គាត់ទៅ!»។ ទេវទូតរបស់ព្រះអម្ចាស់មានព្រះបន្ទូលមកនាងទៀតថា៖ «យើងនឹងធ្វើឱ្យពូជពង្សនាងកើនចំនួនបានច្រើនឡើងឥតគណនា គ្មាននរណាអាចរាប់បានឡើយ។ ឥឡូវនេះនាងមានផ្ទៃពោះ ហើយនាងនឹងសម្រាលបានកូនប្រុសមួយ។ នាងត្រូវដាក់ឈ្មោះកូននោះថា «អ៊ីស្មាអែល» (ឈ្មោះនេះមានន័យថា “ព្រះជាម្ចាស់ទ្រង់ព្រះសណ្តាប់”) ដ្បិតព្រះអម្ចាស់បានឮសូរសម្រែករបស់នាង ក្នុងគ្រានាងកើតទុក្ខវេទនា។ កូននេះប្រៀបបានទៅនឹងលាព្រៃ គឺវានឹងវាយមនុស្សទាំងអស់ ហើយមនុស្សទាំងអស់ក៏នឹងវាយវាវិញដែរ។ វានឹងរស់នៅក្នុងវាលរហោស្ថាន ដាច់ដោយឡែកពីបងប្អូនរបស់វា»។ នាងហាការសម្រាលបានកូនប្រុសមួយជូនលោកអប្រាហាំ ហើយលោកដាក់ឈ្មោះកូននោះថា “អ៊ីស្មាអែល»។ ពេលអ៊ីស្មាអែលកើត លោកអប្រាហាំមានអាយុប៉ែតសិបប្រាំមួយឆ្នាំហើយ។
ទំនុកតម្កើងលេខ ១០៦ (១០៥),១-៥ បទពាក្យ ៧
| ១ | ចូរលើកតម្កើងព្រះអម្ចាស់ | ព្រះអង្គមានព្រះទ័យសន្តោស | |
| មេត្តាករុណាសប្បុរស | ព្រះដ៏ខ្ពង់ខ្ពស់នៅរហូត | ។ |
| ២ | តើនរណាអាចរាប់ពីស្នា | ព្រះហស្តអស្ចារ្យច្រើនបំផុត | |
| តើនរណាអាចថ្កើងបានរហូត | សរសើរឱ្យសព្វទាំងអស់បាន | ។ |
| ៣ | អ្នកណាប្រព្រឹត្តដោយយុត្តិធម៌ | សុចរិតស្មោះសរឥតខកខាន | |
| គ្រប់ពេលវេលានោះនឹងបាន | ជួបក្តីសុខសាន្តគ្មានសៅហ្មង | ។ |
| ៤ | បពិត្រព្រះជាអម្ចាស់ថ្លៃ | ពេលគាប់ព្រះទ័យរាស្ត្រព្រះអង្គ | |
| សូមនឹកដល់ទូលបង្គំផង | កុំបោះកុំបង់ខ្ញុំកំព្រា | ។ |
| ៥ | ដើម្បីឱ្យទូលបង្គំបាន | ជួបក្តីសុខសាន្តគ្រប់ៗគ្រា | |
| អ្នកដែលជ្រើសរើសទុកជាគ្នា | ខ្ញុំសូមរួមជាមួយគេផង | ។ |
| ឱ្យទូលបង្គំបានខ្ពស់មុខ | រួមរស់សុខទុក្ខឥតមួហ្មង | |
| នឹងប្រជារាស្ត្រផ្ទាល់ព្រះអង្គ | ក្នុងគ្រានេះម្តងនិងតទៅ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៩៤,១.៧
អាលេលូយ៉ា! អាលេលូយ៉ា!
សូមអញ្ជើញមក! សូមអបអរសាទរព្រះអម្ចាស់ដោយអំណរ! ចូរលើកតម្កើងព្រះអង្គដែលជាពំនឹងពំនាក់ និងជាព្រះសង្គ្រោះរបស់យើង។ ព្រះអង្គពិតជាព្រះរបស់យើងមែន។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៧,២១-២៩
ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖ « អ្នកដែលចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខ មិនមែនជាអ្នកដែលគ្រាន់តែហៅខ្ញុំថា “ព្រះអម្ចាស់! ព្រះអម្ចាស់!” ប៉ុណ្ណោះទេ គឺជាអ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះបិតាខ្ញុំ ដែលគង់នៅស្ថានបរមសុខនោះវិញ។ នៅថ្ងៃនោះ នឹងមានមនុស្សជាច្រើនពោលមកខ្ញុំថា “ព្រះអម្ចាស់! ព្រះអម្ចាស់អើយ! យើងខ្ញុំធ្លាប់ថ្លែងព្រះបន្ទូលក្នុងព្រះនាមព្រះអង្គ យើងខ្ញុំធ្លាប់ដេញខ្មោចក្នុងព្រះនាមព្រះអង្គ យើងក៏ធ្លាប់ធ្វើការអស្ចារ្យជាច្រើនក្នុងព្រះនាមព្រះអង្គដែរ”។ ពេលនោះ ខ្ញុំនឹងប្រកាសប្រាប់អ្នករាល់គ្នាថា “ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិតអើយ! ចូរថយចេញឱ្យឆ្ងាយពីខ្ញុំទៅ ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ!”។ អ្នកណាស្តាប់ពាក្យខ្ញុំនេះ ហើយប្រព្រឹត្តតាមអ្នកនោះប្រៀបបានទៅនឹងមនុស្សឈ្លាសវៃម្នាក់ដែលសង់ផ្ទះរបស់ខ្លួននៅលើផ្ទាំងថ្ម។ ទោះបីមានភ្លៀងបង្អុរចុះមក ហើយមានទឹកជន់ មានខ្យល់បក់បោកប៉ះនឹងផ្ទះនោះយ៉ាងណាក៏ដោយ ក៏ផ្ទះនោះមិន រលំដែរ ព្រោះមានគ្រឹះនៅលើផ្ទាំងថ្ម។ រីឯអ្នកដែលស្តាប់ពាក្យខ្ញុំនេះ តែមិនប្រព្រឹត្តតាម ប្រៀបបានទៅនឹងមនុស្សឥតប្រាជ្ញាម្នាក់ដែលសង់ផ្ទះរបស់ខ្លួននៅលើដីខ្សាច់។ ពេលភ្លៀងបង្អុរចុះមក ហើយមានទឹកជន់ មានខ្យល់បក់បោកប៉ះនឹងផ្ទះនោះ ផ្ទះនោះរលំបាក់បែកខ្ទេចអស់គ្មានសល់» ។ កាលព្រះយេស៊ូមានព្រះបន្ទូលទាំងនេះចប់សព្វគ្រប់ហើយ មហាជនងឿងឆ្ងល់យ៉ាងខ្លាំងអំពីសេចក្តីដែលព្រះអង្គប្រៀនប្រដៅ ព្រោះព្រះអង្គមានព្រះបន្ទូលប្រកបដោយអំណាចឈ្លាសវៃ ខុសប្លែកពីពួកធម្មាចារ្យរបស់ពួកគេ។
71 Views
Post Views:
74