ថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤

សូមថ្លែងព្រះគម្ពីរលោកបេនស៊ីរ៉ាក់ បស ៤៨,១-១៤

ព្យាការីអេលីងើបឡើងដូចភ្លើង ពាក្យសម្តីរបស់លោកភ្លឺដូចចន្លុះក្នុងពេលយប់។ លោកធ្វើឱ្យទុរ្ភិក្សកើតមាននៅស្រុកអ៊ីស្រាអែល។ លោកស្រឡាញ់ព្រះជាម្ចាស់យ៉ាងខ្លាំង លោកធ្វើឱ្យប្រជាជននៅសល់តែមួយចំនួនតូចប៉ុណ្ណោះ។ តាមបញ្ជារបស់ព្រះ​អម្ចាស់ លោកធ្វើឱ្យមេឃរាំង ហើយធ្វើឱ្យភ្លើងធ្លាក់ពីលើមេឃមកចំនួនបីដងដែរ។ ព្យាការីអេលីអើយ! លោកប្រកបដោយសិរីរុងរឿង ដោយលោកសម្តែងបាដិហារិយ៍។ តើនរណាអាចប្រៀបស្មើនឹងលោកបាន? លោកប្រោសមនុស្សស្លាប់ម្នាក់ឱ្យរស់ឡើង​វិញ ដោយសារព្រះបន្ទូលរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត លោកទម្លាក់សេ្តចជាច្រើនអង្គឱ្យ​វិនាសអន្តរាយ ព្រមទាំងទម្លាក់មេដឹកនាំឱ្យធ្លាក់ពីមុខដំណែងរបស់ខ្លួនដែរ។ នៅលើ​​ភ្នំស៊ីណៃ លោកឮព្រះអម្ចាស់ស្តីបន្ទោសលោក។ នៅលើភ្នំហូរ៉ែប លោកក៏ឮព្រះអង្គដាក់​ទណ្ឌកម្មដែរ។ លោកចាក់ប្រេងអភិសេកសេ្តចជាច្រើនអង្គ ដើម្បីរកយុត្តិធម៌ឱ្យប្រជាជនអ៊ីស្រាអែល លោកក៏ចាក់ប្រេងតែងតាំងព្យាការីឱ្យបន្តមុខតំណែងរបស់ខ្លួនដែរ។ ព្រះអម្ចាស់លើកលោកឡើងដោយភ្លើងកួច នៅលើរទេះទឹមដោយសេះភ្លើងផង។ ក្នុងគម្ពីរមានចែងថា ពេលអនាគតលោកទទួលភារកិច្ចបន្ធូរព្រះពិរោធរបស់ព្រះជាម្ចាស់មុនពេលព្រះអង្គដាក់ទណ្ឌកម្ម គឺលោកនឹងបង្វែរចិត្តឪពុកទៅរកកូន ព្រមទាំងស្រោចស្រង់កុលសម្ព័ន្ធរបស់លោកយ៉ាកុប ឱ្យបានដូចដើមឡើងវិញផង។ អ្នកដែលបានឃើញលោក និងអ្នកដែលស្លាប់ទៅទាំងស្រឡាញ់ព្រះអម្ចាស់ មានសុភមង្គលហើយ! យើងក៏​ពិត​ជាមានជីវិតមិនខាន។ កាលព្យាការីអេលីបាត់ទៅក្នុងភ្លើងកួចនោះ ព្យាការីអេលីសេ​បានពោរពេញដោយវិញ្ញាណរបស់ព្យាការីអេលី។ អស់មួយជីវិតរបស់លោក គ្មានអ្នកកាន់អំណាចណាម្នាក់ អាចបំភ័យលោកឱ្យខ្លាចទេ ហើយក៏គ្មាននរណាអាចបង្ខំលោកបានដែរ។ គ្មានអ្វីបង្ក​ការលំបាកដល់លោកឡើយ សូម្បីតែលោកទទួលមរណភាពហើយក្តី ក៏សពរបស់លោកអាចថ្លែងព្រះបន្ទូលក្នុងនាមព្រះអម្ចាស់ដែរ។ ពេលលោកមានជីវិតនៅឡើយ លោកបាន​សម្តែងបាដិហារិយ៍ ហើយក្រោយពេលលោកទទួលមរណភាពទៅ លោកក៏ប្រព្រឹត្តកិច្ចការគួរឱ្យអស្ចារ្យដែរ។

ទំនុកតម្កើងលេខ ៩៧ (៩៦),១-៧.១០ បទពាក្យ ៧

ព្រះជាម្ចាស់ទ្រង់គ្រងរាជ្យពេញដោយអំណាចដ៏យូរលង់
ចូរឱ្យផែនដីរីករាយឡើងកោះទាំងឡាយផងអរសប្បាយ
មានពពកខ្មួលខ្មៅងងឹតព័ទ្ធពេនជុំជិតព្រះម្ចាស់ថ្លៃ
ព្រះអង្គគ្រងរាជ្យដោយប្រពៃសុចរិតថ្លាថ្លៃល្អត្រចង់
មានភ្លើងឆេះនៅមុខព្រះម្ចាស់សត្រូវច្រើនណាស់ត្រូវបាត់បង់
អ្នកដែលប្រឆាំងច្បាំងព្រះអង្គគ្មានសល់ម្នាក់ផងក្ស័យសង្ខារ
មានផ្លេកបន្ទោរជះពន្លឺខ្ទរខ្ទាររន្ទឺសព្វលោកា
ផែនដីតក់ស្លុតឥតឧបមាញ័រអស់កាយាដោយភិតភ័យ
ភ្នំនានាដែលនៅចំពោះភក្ត្រព្រះអម្ចាស់ត្រូវរលាយ
ដូចជាក្រមួនត្រូវអន្តរាយដោយកំដៅថ្ងៃនៅមិនបាន
ផ្ទៃមេឃក៏បានស្រែកប្រកាសពីក្តីសប្បុរសល្អថ្កើងថ្កាន
ឱ្យប្រជារាស្ត្រទាំងប៉ុន្មាននៅគ្រប់ទីស្ថានបានដឹងយល់
អស់អ្នកដែលថ្វាយបង្គំព្រះក្លែងក្លាយទាំងអស់នឹងកង្វល់
អួតអាងពីការគោរពដល់ព្រះឥតបានផលត្រូវអាម៉ាស់
ឱព្រះទាំងឡាយមានគរគោកច្រើននៅលើលោកចូររូតរះ
ក្រាបថ្វាយបង្គំព្រះអម្ចាស់គឺទ្រង់ជាព្រះលើលោកា
១០អ្នកដែលស្រឡាញ់ព្រះអម្ចាស់និងអ្នកដែលស្មោះស្ម័គ្រទៀងត្រង់
ចូរស្អប់អំពើកាចយង់ឃ្នងព្រះអង្គនឹងរងថែរក្សា

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម រ៉ូម ៨,១៥

អាលេលូយ៉ា! អាលេលូយ៉ា!
យើងបានទទួលព្រះវិញ្ញាណដែលធ្វើឱ្យយើងទៅជាបុត្រធីតារបស់ព្រះជាម្ចាស់។ ដោយព្រះវិញ្ញាណនេះ យើងបន្លឺសំឡេងថា «អប្បា!» ឱព្រះបិតា!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៦,៧-១៥

ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «ពេលអ្នករាល់គ្នាអធិដ្ឋាន កុំពោលពាក្យច្រំដែលៗឥតប្រយោជន៍ ដូចសាសន៍​ដទៃនោះឡើយ។ គេនឹកស្មានបើពោលពាក្យយ៉ាងច្រើនដូច្នេះ ព្រះរបស់គេនឹងស្តាប់​គេ។ កុំធ្វើដូចគេឡើយ ដ្បិតព្រះបិតារបស់អ្នករាល់គ្នា ជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ មុនអ្នករាល់គ្នាទូលសូមព្រះអង្គទៅទៀត។ អ្នករាល់គ្នាត្រូវទូលព្រះអង្គដូច​តទៅ៖ ឱព្រះបិតាយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ! សូមសម្តែងព្រះបារមី​​​ឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់ សូម​ឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដី ដូចនៅស្ថានបរមសុខដែរ។ សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។ សូមអត់ទោសឱ្យយើងខ្ញុំ ដូច​យើងខ្ញុំអត់ទោសឱ្យអស់អ្នក ដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។ សូមកុំបណ្តោយឱ្យ​យើងខ្ញុំចាញ់ការល្បួង តែសូមរំដោះយើងខ្ញុំឱ្យរួចពីមារកំណាច។ បើអ្នករាល់គ្នា អត់ទោសឱ្យមនុស្សលោក ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ ក៏អត់​ទោសឱ្យអ្នករាល់គ្នាដែរ។ ប៉ុន្តែបើអ្នករាល់គ្នា មិនអត់ទោសឱ្យមនុស្សលោកទេនោះ ព្រះបិតារបស់អ្នករាល់គ្នា ក៏មិនអត់ទោសឱ្យអ្នករាល់គ្នាដែរ»។

461 Views

Theme: Overlay by Kaira