អត្ថបទព្រះគម្ពីរ
ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២

សប្តាហ៍នៃព្រះហឫទ័យមេត្តាករុណា
ពណ៌ស
រដូវបុណ្យចម្លង

ឬសន្ដសិលា សាណែល ឬសន្ដល្វីស ម៉ារី ហ្រ្គីនៀន ជាបូជាចារ្យ

លោកសិលា សាណែល (១៨០៣-១៨៤១) កើតនៅប្រទេសបារាំង។ លោកធ្វើជាសាសនទូតនៅកោះហ្វ័រទូណា។ ដោយឃើញមានអ្នកស្រុកជាច្រើនជឿលើព្រះគ្រីស្ត អ្នកាន់រដ្ឋអំណាចច្រណែនហើយប្រហារជីវិតលោក។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ៥,២៧-៣៣

នៅគ្រានោះមេកងរក្សាព្រះវិហារ នាំក្រុមគ្រីស្តទូតមកឈរនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់។ លោកមហាបូជាចារ្យសួរក្រុមគ្រីស្តទូតថា៖ «យើងបានហាមប្រាមអ្នករាល់គ្នាមិនឱ្យបង្រៀនប្រជាជនក្នុងនាមអ្នកនោះជាដាច់ខាត តែ​ឥឡូវនេះអ្នករាល់គ្នាបែរជាបង្រៀនគេពាសពេញក្រុងយេរូសាឡឹមទាំងមូលទៅវិញ!។ អ្នករាល់គ្នាក៏ចង់ទម្លាក់កំហុសនៃការប្រហារជីវិតបុរសនោះមកលើយើងថែមទៀតផង!»។
លោកសិលា និងគ្រីស្តទូតឯទៀតៗឆ្លើយឡើងថា៖«យើងខ្ញុំត្រូវស្តាប់បង្គាប់ព្រះជាម្ចាស់ ជាជាងស្តាប់បង្គាប់មនុស្ស។ ព្រះនៃបុព្វបុរសរបស់យើងទ្រង់បានប្រោសលោកយេស៊ូដែលអស់លោកបានសម្លាប់ដោយព្យួរនៅលើឈើនោះឱ្យភ្ញាក់ឡើងវិញ។ ព្រះជាម្ចាស់បានលើកលោកយេស៊ូឡើង ដោយ​ឫទ្ធិបារមីរបស់ព្រះអង្គ ហើយតែងតាំងលោកជាព្រះអម្ចាស់ និងជាព្រះ​សង្គ្រោះ ដើម្បីឱ្យប្រជាជនអ៊ីស្រាអែលកែប្រែចិត្តគំនិត និងលើកលែងទោស​ឱ្យរួចពីបាប។ យើងខ្ញុំជាសាក្សីអំពីហេតុការណ៍ទាំងនេះ ហើយព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះជាម្ចាស់ប្រទានដល់អស់អ្នកដែលស្តាប់បង្គាប់ព្រះអង្គទ្រង់ក៏ជាសាក្សីដែរ»។ កាលក្រុមប្រឹក្សាជាន់ខ្ពស់ឮដូច្នេះ គេហួសចិត្ត ហើយចង់សម្លាប់ក្រុមគ្រីស្ត​ទូតថែមទៀតផង។

ទំនុកតម្កើងលេខ ៣៤ (៣៣) ,២.៩.១៧-២០ បទកាកគតិ

ខ្ញុំអរព្រះគុណអម្ចាស់ពេកពន់គ្រប់ពេលវេលា
សូមលើកតម្កើងព្រះអង្គគ្រប់គ្រាឥតមានរួញរា
ឈប់ឈរសោះឡើយ ។
ចូរអ្នកផ្អែកពឹងពិសោធន៍ឱ្យដឹងថាព្រះម្ចាស់ថ្លៃ
ទ្រង់មានមេត្តាសប្បុរសពេកក្រៃអស់ជនប្រុសស្រី
មានជ័យមង្គល​ ។
១៧ព្រះជាអម្ចាស់តែងតែប្រកាសប្រឆាំងគ្រប់គ្រា
នឹងមនុស្សអាក្រក់ទុច្ចរិតពាលាកុំមាននរណា
នឹកនាដល់ឡើយ ។
១៨ពេលអ្នកទៀងត្រង់ស្រែករកព្រះអង្គទ្រង់មិនកន្តើយ
ព្រះអង្គសណ្តាប់ពាក្យគេរួចហើយរំដោះគេឱ្យ
ផុតគ្រោះទាំងឡាយ ។
១៩ព្រះម្ចាស់គង់ស្ថិតក្បែរអ្នកគ្រាំចិត្តមានទុក្ខខ្វល់ខ្វាយ
ព្រះអង្គសង្គ្រោះអស់អ្នកទាំងឡាយបានសុខសប្បាយ
ផុតទុក្ខរីងរៃ ។
២០មនុស្សសុចរិតរមែងជួបពិតទុក្ខលំបាកក្រៃ
ប៉ុន្តែព្រះម្ចាស់តែងជួយលកលៃរំដោះផុតភ័យ
បានសុខគ្រប់គ្រា ។

អបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១យហ ៤,១៥; ៥,១

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាប្រកាសជំនឿថា ព្រះយេស៊ូ​ពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ អ្នកនោះពិតជាកើតមកពីព្រះ​ជាម្ចាស់មែន។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៣,៣១-៣៦

ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ព្រះអង្គដែលយាងពីស្ថានបរមសុខមក ទ្រង់​មានឋានៈធំលើសគេទាំងអស់។ អ្នកដែលកើតពីលោកីយ៍ នៅតែជាលោកីយ៍​ដដែល ហើយនិយាយតែពីរឿងលោកីយ៍។ ព្រះអង្គដែលយាងពីស្ថានបរម​សុខមក ទ្រង់មានឋានៈធំលើសគេទាំងអស់ ព្រះអង្គធ្វើជាបន្ទាល់បញ្ជាក់ពីអ្វី​ទាំងអស់ដែលទ្រង់បានឃើញ និងបានឮ ប៉ុន្តែគ្មាននរណាទទួលសក្ខីភាពរបស់ព្រះអង្គទេ។ អ្នកដែលទទួលសក្ខីភាពរបស់ព្រះអង្គបញ្ជាក់ថា ព្រះជាម្ចាស់បានសម្តែងសេចក្តីពិតមែន ដ្បិតព្រះអង្គដែលព្រះជាម្ចាស់ចាត់ឱ្យយាងមកថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពីព្រោះព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកព្រះអង្គយ៉ាងបរិបូណ៍។ ព្រះបិតាស្រឡាញ់ព្រះបុត្រា ហើយបានប្រគល់អ្វីៗទាំងអស់ឱ្យនៅក្រោមអំណាចរបស់ព្រះបុ្រតា។ អ្នកណាជឿលើព្រះបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច។ អ្នកណាមិនព្រមជឿលើព្រះបុត្រាទេ អ្នកនោះនឹងមិនទទួលជីវិតឡើយ គឺគេត្រូវទទួលទោសពីព្រះជាម្ចាស់»។

244 Views

Theme: Overlay by Kaira