ថ្ងៃព្រហស្បតិ៍ អាទិត្យទី៣២
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃង
ថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិការ ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្រះប្រាជ្ញាញាណ ប្រាញ ៧,២២-៨,១
ព្រះប្រាជ្ញាញាណ មានវិញ្ញាណដ៏ឈ្លាសវៃ និងវិសុទ្ធ។ មានវិញ្ញាណតែមួយដែលធ្វើការអ្វីៗទាំងអស់ មនុស្សស្ទាប ឬចាប់មិនបាន ខុសប្លែកពីអ្វីទាំងអស់ឥតសៅហ្មង ជ្រះថ្លា មិនប្រែប្រួល ស្រឡាញ់ការល្អ មោះមុត គ្មាននរណាអាចបង្ខំបាន ជួយយកអាសាគេ ស្រឡាញ់មនុស្សនឹងន រឹងមាំ ឥតរង្គើ មិនខ្វល់ខ្វាយ អាចសម្រេចការទាំងអស់បាន ពិនិត្យមើលអ្វីៗទាំងអស់ ស្ទង់គំនិតទាំងឡាយគឺគំនិតរបស់អ្នកចេះដឹង អ្នកបរិសុទ្ធ និងអ្នកឈ្លាសវៃបំផុត។ ព្រះប្រាជ្ញាញាណលឿនជាងអ្វីៗដែលកម្រើកបាន។ ព្រះប្រាជ្ញាញាណបរិសុទ្ធបំផុត ហេតុនេះ ព្រះអង្គអាចឆ្លងកាត់ និងជ្រាបចូលអ្វីៗទាំងអស់។ ព្រះប្រាជ្ញាញាណជាខ្យល់ដង្ហើមរបស់ព្រះជាម្ចាស់ ប្រកបដោយឫទ្ធានុភាព និងជារស្មីដ៏បរិសុទ្ធចេញមកពីសិរីរុងរឿងនៃព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ដូច្នេះ គ្មានភាពសៅហ្មងណាអាចចូលក្នុងព្រះប្រាជ្ញាញាណឡើយ។ ព្រះប្រាជ្ញាញាណជារស្មីនៃពន្លឺដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ជាកញ្ចក់ដ៏ភ្លឺថ្លា ឆ្លុះបញ្ចាំងមហិទ្ធិឫទ្ធិរបស់ព្រះជាម្ចាស់ និងជាតំណាងនៃព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។ ព្រះប្រាជ្ញាញាណមានតែមួយអង្គគត់ តែព្រះអង្គអាចសម្រេចកិច្ចការទាំងអស់បាន។ ព្រះប្រាជ្ញាញាណមិនដែលប្រែប្រួលទេ តែព្រះអង្គធ្វើឱ្យអ្វីៗទាំងអស់ផ្លាស់ប្រែជាថ្មីបាន។ ពីជំនាន់មួយ ទៅជំនាន់មួយ ព្រះប្រាជ្ញាញាណយាងមកសណ្ឋិតក្នុងដួងចិត្តរបស់មនុស្សវិសុទ្ធ ដើម្បីឱ្យគេទៅជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់ និងទៅជាព្យាការី។ដ្បិតព្រះជាម្ចាស់ស្រឡាញ់តែអស់អ្នកដែលរួមរស់ជាមួយព្រះប្រាជ្ញាញាណប៉ុណ្ណោះ។ ព្រះប្រាជ្ញាញាណភ្លឺជាងពន្លឺព្រះអាទិត្យ និងកញ្ចុំផ្កាយទាំងឡាយទៅទៀត បើប្រៀបផ្ទឹមនឹងពន្លឺថ្ងៃ ព្រះអង្គភ្លឺហួសប្រមាណ។ យប់រមែងផ្ទេរកន្លែងទៅឱ្យថ្ងៃ ផ្ទុយទៅវិញ ព្រះប្រាជ្ញាញាណឈ្នះសេចក្តីអាក្រក់ជានិច្ច។ ព្រះប្រាជ្ញាញាណលាតត្រដាងឫទ្ធានុភាពពីជើងមេឃម្ខាង ទៅជើងមេឃម្ខាង ហើយត្រួតត្រាអ្វីៗទាំងអស់ ដោយព្រះហឫទ័យសប្បុរស។
ទំនុកតម្កើងលេខ ១១៩(១១៨),៨៩-៩១.១៣០.១៣៥.១៧៥ បទពាក្យ៧
| ៨៩ | បពិត្រព្រះម្ចាស់ព្រះបន្ទូល | គង់វង្សមុតមូលមិនខ្ចាយខ្ចាត់ | |
| នៅស្ថានបរមសុខមិនរលត់ | អស់កល្បរហូតតរៀងទៅ | ។ |
| ៩០ | ព្រះអង្គមានព្រះទ័យស្ម័គ្រស្មោះ | ប្រសើរសប្បុរសមិនអាស្រូវ | |
| ព្រះអង្គតែងតាំងផែនដីនៅ | រឹងប៉ឹងពេកកូវនៅស្ងប់ស្ងៀម | ។ |
| ១៣០ | ការស្វែងរកព្រះបន្ទូលទ្រង់ | ឱ្យចិត្តភ្លឺស្វាងប្រាកដណាស់ | |
| ហើយធ្វើឱ្យអ្នកទន់ទាបចេះ | ពិចារណាត្រិះរិះគូរគិត | ។ |
| ១៣៥ | សូមទ្រង់សម្ដែងព្រះហប្ញទ័យ | អាណិតប្រណីមកឆាប់ៗ | |
| អ្នកបម្រើទ្រង់ឱ្យចេះច្បាប់ | វិន័យគ្រប់សព្វបានភ្លឺស្វាង | ។ |
| ១៧៥ | សូមឱ្យជីវិត | ខ្ញុំនៅរស់ពិត | ដើម្បីនឹងបាន |
| សរសើរតម្ដើង | ព្រះដ៏ថ្កើងថ្កាន | សេចក្ដីប៉ុន្មាន |
| | ជួយលើកទឹកចិត្ត | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ ១២,១០
អាលេលូយ៉ា! អាលេលូយ៉ា!
ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់គ្រងរាជ្យ ហើយព្រះគ្រីស្ដរបស់ព្រះអង្គក៏បង្ហាញប្ញទ្ធានុភាពព្រះអង្គដែរ។ សូមលើកតម្កើងព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៧,២០-២៥
ពួកខាងគណៈផារីស៊ីទូលសួរព្រះយេស៊ូថា៖ «ព្រះជាម្ចាស់នឹងយាងមកគ្រងរាជ្យនៅពេលណា»។ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ព្រះរាជ្យព្រះជាម្ចាស់មិនមែនមកតាមបែបដែលមនុស្សអាចមើលឃើញនឹងភ្នែកឡើយ។ គេពុំអាចពោលថា “ព្រះរាជ្យព្រះជាម្ចាស់នៅទីនេះ ឬព្រះរាជ្យព្រះជាម្ចាស់នៅទីនោះ” បានទេ។ ចូរដឹងថា ព្រះរាជ្យព្រះជាម្ចាស់ស្ថិតនៅកណ្ដាលចំណោមអ្នករាល់គ្នាហើយ»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅកាន់សាវ័កថា៖ «ពេលក្រោយ អ្នករាល់គ្នាចង់ឃើញថ្ងៃដែលបុត្រមនុស្សយាងមក សូម្បីតែមួយថ្ងៃក៏បានដែរ តែអ្នករាល់គ្នាពុំឃើញឡើយ។ ពេលមានគេប្រាប់អ្នករាល់គ្នាថា “ព្រះអង្គនៅទីនេះ ឬនៅទីនោះ” កុំរត់ទៅឱ្យសោះ។ បុត្រមនុស្សនឹងយាងមកប្រៀបបីដូចជាផ្លេកបន្ទោរភ្លឺឆ្វាច ឆូតកាត់ពីជើងមេឃម្ខាងទៅជើងមេឃម្ខាង។ ប៉ុន្តែ បុត្រមនុស្សត្រូវតែរងទុក្ខវេទនាយ៉ាងខ្លាំងជាមុនសិន ហើយមនុស្សសម័យឥឡូវនេះនឹងបោះបង់លោកចោល។
440 Views
Post Views:
454