ថ្ងៃសុក្រ-អាទិត្យទី៣៤-ធម្មតា

អត្ថបទព្រះគម្ពីរ
ថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១
អាទិត្យទី៣៤ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

អត្ថបទទី
សូមថ្លែងព្រះគម្ពីរព្យាការីដានីអែល ដន ៧,២-១៤

លោកដានីអែលមានប្រសាសន៍ថា៖ «ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំឃើញ​ខ្យល់ទាំងបួនទិសបក់ពីមេឃមកលើមហាសមុទ្រ។ ពេលនោះ ស្រាប់តែមានសត្វដ៏ធំ​សម្បើមបួនក្បាល ប្លែកៗពីគ្នា ផុសចេញពីមហាសមុទ្រនោះ។ សត្វទីមួយមានរូបរាង​ដូចតោ ហើយមានស្លាបដូចឥន្ទ្រី។ ពេលខ្ញុំកំពុងតែមើលនោះ ខ្ញុំឃើញគេដកស្លាបវា​ ហើយលើកវាឡើងផុតពីដី ឱ្យឈរជើងពីរដូចមនុស្ស រួចគេឱ្យវាមានចិត្តដូចមនុស្ស។ សត្វទីពីរមានរូបរាងដូចខ្លាឃ្មុំ វាឈរលើកជើងម្ខាងព្រមទាំងពាំឆ្អឹងជំនីបីក្នុងមាត់ផង។ មានគេប្រាប់វាថា «ចូរក្រោកឡើងហើយត្របាក់ស៊ីសាច់ឱ្យច្រើនទៅ!»។ ខ្ញុំសម្លឹងមើល​ទៅ ឃើញសត្វមួយទៀតមានរូបរាងដូចខ្លារខិន នៅលើខ្នងវាមានស្លាប់បួន ហើយវា​មានក្បាលបួនដែរ វាបានទទួលអំណាចគ្រប់គ្រងលើពិភពលោក។ បន្ទាប់មក​ ក្នុង​សុបិននិមិត្តនៅពេលយប់នោះ ខ្ញុំបានឃើញសត្វទីបួនដែលមានរូបរាងគួរព្រឺស្ញែងខ្លាច។ វាមានកម្លាំងដ៏ខ្លាំងក្លាអស្ចារ្យ ធ្មេញវាជាដែកដ៏ធំៗ វាត្របាក់ស៊ី វាកម្ទេច ព្រមទាំង​ជាន់ឈ្លីសំណល់ទាំងអស់ផង។ សត្វនេះមានរូបរាងខុសប្លែកពីសត្វមុនៗ គឺវាមានស្នែង​ដប់។ ខ្ញុំសង្កេតមើលស្នែងទាំងនោះ ស្រាប់តែឃើញមានស្នែងមួយទៀតតូចជាងគេ ដុះចេញពីកណ្ដាលចំណោមស្នែងទាំងដប់។ គេដកស្នែងមុនៗបីចេញពីមុខស្នែងតូច។ ស្នែងនេះ មានភ្នែកដូចភ្នែកមនុស្ស ហើយមានមាត់ពោលចេញមកនូវពាក្យព្រហើនកោងកាច។ ពេលនោះ ខ្ញុំនៅតែគន់មើលតទៅទៀត ឃើញគេយករាជបល័្លង្កជាច្រើន​មកតាំង ហើយព្រះជាម្ចាស់នៃពេលវេលា ដែលមានព្រះជន្មាយុយឺនយូរ គង់នៅលើ​បល័្លង្កមួយ ទ្រង់មានព្រះភូសាពណ៌សដូចកប្បាស ហើយព្រះកេសារបស់ព្រះអង្គសដូច​សំឡី។ ព្រះរាជបល័្លង្ករបស់ព្រះអង្គ ប្រៀបបានទៅនឹងអណ្ដាតភ្លើង ហើយមានកង់​កំពុងឆេះសន្ធោសន្ធៅ។ មានទន្លេមួយហូរសុទ្ធតែភ្លើង ចេញពីមុខព្រះរាជបល័្លង្ក។ មានមនុស្សរាប់ម៉ឺនរាប់សែននាក់ គោរពបម្រើព្រះអង្គ និងរាប់លាន រាប់កោដិនាក់​ទៀត ឈរនៅចំពោះព្រះភក្រ្តព្រះអង្គ។ ពេលនោះ ចៅក្រមនាំគ្នាអង្គុយ ហើយគេ​ក៏បើកក្រាំងទាំងឡាយ។ ខ្ញុំក្រឡេកមើលទៅ ខ្ញុំបានឮស្នែងតូចនោះ ពោលពាក្យយ៉ាង​ព្រហើនកោងកាច។ ពេលខ្ញុំកំពុងតែសម្លឹងមើល ស្រាប់តែសត្វទីបួននោះ ត្រូវគេសម្លាប់ ហើយគេយកខ្មោចទៅដុតចោលក្នុងភ្លើង។ រីឯសត្វឯទៀតៗក៏បាត់បង់អំណាចគ្រប់​គ្រង តែពួកវាបានទទួលការអនុញ្ញាតឱ្យរស់តទៅមុខទៀតរហូតដល់ពេលកំណត់។ ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំឃើញមានម្នាក់ដូចបុត្រមនុស្ស មកជាមួយពពក​នៅលើផ្ទៃមេឃ លោកចូលទៅជិតព្រះជាម្ចាស់នៃពេលវេលា ដែលមានព្រះជន្មាយុ​យឺនយូរ ហើយគេក៏នាំលោកទៅគាល់ព្រះអង្គ។ លោកបានទទួលអំណាចគ្រប់គ្រង​ព្រះកិត្តិនាម ព្រមទាំងរាជ្យសម្បត្តិផង។ ប្រជាជនទាំងអស់ ប្រជាជាតិទាំងអស់ និង​មនុស្សគ្រប់ភាសា នាំគ្នាគោរពបម្រើលោក អំណាចគ្រប់គ្រងរបស់លោកនៅស្ថិតស្ថេរ​អស់កល្បជានិច្ច ឥតសាបសូន្យឡើយ។ រាជ្យសម្បត្តិរបស់លោកមិនត្រូវរលាយដែរ»។

ទំនុកតម្កើងរបស់ព្យាការីដានីអែល ៣, ៧៥-៨១ បទកាកគតិ

៧៥.សូមឱ្យភ្នំធំកុំនៅសំងំភ្នំតូចផងណា
ស្មូត្របទតម្កើងព្រះម្ចាស់រាល់គ្នាថ្កើងព្រះនាមា
អស់កល្បជានិច្ច ។
៧៦.សព្វអស់អ្វីៗដែលដុះលើដីកុំបីមានភ្លេច
ចូរលើកតម្កើងព្រះម្ចាស់ជានិច្ចកុំប្រែមានល្បិច
អស់កល្បអន្លាយ ។
៧៧.ចូរសមុទ្រស្ទឹងទន្លេល្វើយល្វឹងតូចធំទាំងឡាយ
នាំគ្នាតម្កើងដោយក្ដីរីកសាយសរសើរម្ចាស់ថ្លៃ
ឱ្យលាន់រងំ ។
៧៨.ចូរប្រភពទឹកមានច្រើនសន្ធឹកព្រែកទាំងតូចធំ
ទឹកហូរពីជ្រោះទឹកធ្លាក់ពីភ្នំកុំនៅសំងំ
តម្កើងព្រះអង្គ ។
៧៩.ចូរអស់ទាំងត្រីតូចធំម្ដេចក្ដីនិងសត្វរស់ក្នុង
ទន្លេសមុទ្រតាមព្រែកបួរបឹងកុំសំងំឈឹង
តម្កើងព្រះម្ចាស់ ។
៨០.សូមបក្សីសត្វដែលរស់ខ្វែងខ្វាត់ច្រើនមីរដេរដាស
ស្មូត្របទតម្កើងព្រះជាអម្ចាស់កុំបីចន្លោះ
អស់កល្បយូរលង់ ។
៨១.សូមឱ្យសត្វស្រុករស់នៅអែរអុកទាំងសត្វព្រៃផង
នាំគ្នាសរសើរតម្កើងព្រះអង្គអស់កល្បយូរលង់
តទៅអន្លាយ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២១,២៨

អលេលូយ៉ា! អាលេលូយ៉ា!
ចូរអ្នករាល់គ្នាងើបមើលទៅលើពីព្រោះព្រះជាម្ចាស់ជិតរំដោះអ្នករាល់គ្នាហើយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដលូកា លក ២១,២៩-៣៣

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័ក អំពីដំណើរនិវត្តរបស់ព្រះអង្គ។ ព្រះ​អង្គមានព្រះបន្ទូលជាពាក្យប្រស្នានេះថា៖«ចូរមើលដើមស្វាយ និងដើមឈើទាំងអស់​ចុះ! កាលណាអ្នករាល់គ្នាឃើញស្លឹកវាលាស់ អ្នករាល់គ្នាដឹងថា រដូវប្រាំងជិតមកដល់​ហើយ។ ដូច្នេះកាលណាអ្នករាល់គ្នាឃើញព្រឹត្តិការណ៍ទាំងនោះកើតមានឡើងត្រូវដឹង​ថា ព្រះរាជ្យរបស់ព្រះជាម្ចាស់ក៏មកជិតហើយដែរ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា​ ហេតុការណ៍ទាំងនោះនឹងកើតមាននៅពេលដែលមនុស្សជំនាន់នេះមានជីវិតនៅឡើយ។ ផ្ទៃមេឃ និងផែនដីនឹងរលាយបាត់ទៅ តែពាក្យដែលខ្ញុំនិយាយមិនរលាយបាត់ទេ»។

131 Views