ថ្ងៃព្រហស្បតិ៍-អាទិត្យទី២៩-ធម្មតា

អត្ថបទព្រះគម្ពីរ
ថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១
អាទិត្យទី២៩ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

អត្ថបទទី១
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៦,១៩-២៣

បងប្អូនជាទីស្រឡាញ់!
ខ្ញុំសូមនិយាយតាមរបៀបមនុស្សលោកទៅចុះ ព្រោះបងប្អូន​ជាមនុស្សទន់ខ្សោយ។ ពីដើម បងប្អូនបានប្រគល់សរីរាង្គកាយរបស់បងប្អូនឱ្យធ្វើជា​ខ្ញុំបម្រើនៃអំពើសៅហ្មង និងអំពើទុយ៌ស ដែលនាំឱ្យប្រឆាំងនឹងព្រះជាម្ចាស់យ៉ាងណា​ ឥឡូវនេះចូរបងប្អូនប្រគល់សរីរាង្គកាយរបស់បងប្អូនធ្វើជាខ្ញុំបម្រើនៃសេចក្ដីសុចរិតដើម្បីឱ្យបងប្អូនបានទៅជាវិសុទ្ធយ៉ាងនោះដែរ។
កាលបងប្អូននៅជាខ្ញុំបម្រើរបស់បាបនៅឡើយ បងប្អូនគ្មានជាប់ទាក់ទាមអ្វីនឹងសេចក្ដីសុចរិតទេ។ កាលណោះ បងប្អូនបានទទួលផលអ្វី? គឺគ្មានអ្វីក្រៅពីកិច្ចការដែលនាំឱ្យបងប្អូនខ្មាសនៅពេលនេះឡើយ ជាកិច្ចការដែលបណ្ដាលឱ្យបងប្អូនស្លាប់!តែឥឡូវនេះ បងប្អូនបានរួចពីអំណាចនៃបាបមកបម្រើព្រះជាម្ចាស់វិញ។ បងប្អូនបានផលដែលធ្វើឱ្យបងប្អូនទៅជាវិសុទ្ធ ដើម្បីឱ្យមានជីវិតអស់កល្បជានិច្ច ដ្បិត​លទ្ធផលនៃបាប គឺសេចក្ដីស្លាប់ រីឯព្រះអំណោយទានរបស់ព្រះជាម្ចាស់វិញ គឺជីវិតរស់​អស់កល្បជានិច្ច រួមជាមួយព្រះគ្រីស្ដយេស៊ូជាព្រះអម្ចាស់នៃយើង។

ទំនុកតម្កើងលេខ ១,១-៦ បទកាកគតិ

១.អ្នកមិនប្រព្រឹត្តតាមមនុស្សទុច្ចរិតមិនស្ដាប់ទូន្មាន
ហើយមិនចូលចិត្តដើរតាមស្នាមដានអ្នកនោះនឹងមាន
មង្គលពេកក្រៃ ។
២.តែតាមការពិតពួកគេចូលចិត្តនឹងធម្មវិន័យ
របស់ព្រះម្ចាស់រទាំងយប់ទាំងថ្ងៃសញ្ជឹងរំពៃ
ឥតមានភ្លេចភ្លឹក ។
៣.អ្នកនោះប្រៀបបានដើមឈើល្អថ្កានដុះក្បែរផ្លូវទឹក
មិនស្លោកស្រពោនឱ្យផលផ្លែស្លឹកចម្រើនសន្ធឹក
តាមកាលរដូវ ។
៤.រីមនុស្សអាក្រក់មានចិត្តគម្រក់កេរ្ដិ៍ឈ្មោះអាស្រូវ
ពួកគេប្រៀបបានអង្កាមដែលត្រូវខ្យល់ផាត់ប៉ើងទៅ
បាចសាចខ្ចាត់ខ្ចាយ ។
៥.ថ្ងៃព្រះអម្ចាស់វិនិច្ឆ័យទោសជនពាលទាំងឡាយ
ព្រមទាំងមនុស្សបាបមិនស្ថិតស្ថេរឡើយត្រូវតែឃ្លាតឆ្ងាយ
ពីអ្នកសុចរិត ។
៦.ដ្បិតព្រះអម្ចាស់ស្គាល់ប្រាកដណាស់មាគ៌ាប្រណីត
នៃមនុស្សល្អស្មោះសរសុចរិតមាគ៌ាឧក្រិដ្ឋ
នាំខ្លួនអន្ដរាយ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ហប ៤,១២

អលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទិ្ធប្ញទិ្ធ។
ព្រះបន្ទូលនេះចាក់ទម្លុះចូលទៅក្នុងឆន្ទៈ និងគំនិត នៅក្នុងជម្រៅចិត្តរបស់យើង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១២,៤៩-៥៣

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖«ខ្ញុំមកដើម្បីនាំភ្លើងមកផែនដី។ ប្រសិនបើភ្លើងនោះឆេះ ខ្ញុំស្ងប់ចិត្តហើយ។ ខ្ញុំត្រូវទទួលពីធីជ្រមុជម៉្យាង។ ខ្ញុំតានតឹង​ក្នុងចិត្តក្រៃលែង ចង់តែឱ្យពិធីនោះបានសម្រេចឆាប់ៗ។ កុំនឹកស្មានថា ខ្ញុំមកដើម្បី​ផ្ដល់សន្ដិភាពឱ្យផែនដីនេះឡើយ គឺខ្ញុំនាំការបាក់បែកមកទេតើ។ ​ចាប់ពីពេលនេះតទៅ ​ឧបមាថា ក្នុងផ្ទះមួយមានគ្នាប្រាំនាក់ អ្នកទាំងប្រាំនឹងត្រូវបាក់បែកគ្នា គឺបីនាក់បែក​ចេញពីពីរអ្នក ពីរនាក់បែកចេញពីបីនាក់ ឪពុកនឹងបែកចេញពីកូនប្រុស កូនប្រុស​បែកចេញពីឪពុក ម្ដាយបែកចេញពីកូនស្រី កូនស្រីបែកចេញពីម្ដាយ ម្ដាយក្មេកបែកចេញពីកូនប្រសាស្រី កូនប្រសាស្រីបែកចេញពីម្ដាយក្មេក»។

244 Views