ថ្ងៃព្រហស្បតិ៍-អាទិត្យទី៣២-ធម្មតា

អត្ថបទព្រះគម្ពីរ
ថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១
អាទិត្យទី៣២ រដូវធម្មតា
ពណ៌ស
បុណ្យរម្លឹក

សន្តម៉ាតាំង ជាអភិបាលនៅក្រុងទួរ

លោកម៉ាតាំង (ប្រ. ៣១៧-៣៩៧) កើតនៅស្រុកហុងគ្រី។ កាលអាយុ ១៦ លោកធ្វើទាហាន។ ពេលនោះ លោកនៅតែទទួលការអប់រំខាងជំនឿនៅឡើយ។ ដោយឃើញអ្នកក្រីក្រម្នាក់គ្មានអ្វីស្លៀក លោកយកដាវកាត់អាវធំរបស់ខ្លួនចែកឱ្យគេ។ កាលលោកអាយុម្ភៃពីរឆ្នាំ លោកទទួលអគ្គសញ្ញាជ្រមុជទឹក ហើយលែងបម្រើកងទ័ពទៀតហើយ លោកចាប់ផ្តើមរៀនទេវិទ្យាពីសន្ត ហ៊ីឡែរ នៅក្រុងប៉ុយទីយេ។ លោកបង្កើតអារាមនៅលីគូសេ (ប្រទេសបារាំង) ហើយខិតខំនាំដំណឹងល្អរបស់ព្រះយេស៊ូដល់អ្នកស្រុកនោះ។ ពេលលោកហៀបនឹងទទួលមរណភាព លោកអង្វរព្រះជាម្ចាស់ថា៖«បពិត្រព្រះអម្ចាស់ ប្រសិនបើប្រជារាស្ត្រព្រះអង្គត្រូវការខ្ញុំទៀត ខ្ញុំមិនបដិសេធនឹងធ្វើការទេ! សូមឱ្យបានសម្រេចតាមព្រះហឫទ័យព្រះអង្គ»។

អត្ថបទទី
សូមថ្លែងព្រះគម្ពីរព្រះប្រាជ្ញាញាណ ប្រាញ ៧,២២-៨,១

ព្រះប្រាជ្ញាញាណមានវិញ្ញាណដ៏ឈ្លាសវៃ និងវិសុទ្ធ។ មានវិញ្ញាណតែមួយដែលធ្វើការអ្វីៗទាំងអស់ មនុស្សស្ទាបឬចាប់មិនបាន ខុសប្លែកពីអ្វីទាំងអស់ឥតស្មៅហ្មង​ជ្រះថ្លាមិនប្រែប្រួល ស្រឡាញ់ការល្អមោះមុត គ្មាននរណាអាចបង្ខំបាន ជួយយកអាសា​គេ ស្រឡាញ់មនុស្សនឹងន រឹងមាំឥតរង្គើ មិនខ្វល់ខ្វាយ អាចសម្រេចការទាំងអស់បាន​ ពិនិត្យមើលអ្វីៗទាំងអស់ ស្ទង់គំនិតទាំងឡាយ គឺគំនិតរបស់អ្នកចេះដឹង អ្នកបរិសុទ្ធ​ និងអ្នកឈ្លាសវៃបំផុត។ ព្រះប្រាជ្ញាញាណលឿនជាងអ្វីៗដែលកម្រើកបាន។ ព្រះប្រាជ្ញា​ញាណបរិសុទ្ធបំផុត ហេតុនេះ ព្រះអង្គអាចឆ្លងកាត់ និងជ្រាបចូលអ្វីៗទាំងអស់។ ព្រះ​ប្រាជ្ញាញាណជាខ្យល់ដង្ហើមរបស់ព្រះជាម្ចាស់ប្រកបដោយប្ញទ្ធានុភាព និងជារស្មីដ៏បរិសុទ្ធចេញមកពីសិរីរុងរឿងនៃព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ដូច្នេះ គ្មានភាពសៅហ្មងណា​អាចចូលក្នុងព្រះប្រាជ្ញាញាណបានឡើយ។ ព្រះប្រាជ្ញាញាណជារស្មីនៃពន្លឺដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ជាកព្ចាក់ដ៏ភ្លឺថ្លា ឆ្លុះបញ្ចាំងមហិទ្ធិប្ញទ្ធិរបស់ព្រះជាម្ចាស់ និង​ជាតំណាងនៃព្រះហប្ញទ័យសប្បុរសរបស់ព្រះអង្គ។ ព្រះប្រាជ្ញាញាណមានតែមួយអង្គ​គត់ តែព្រះអង្គ​អាចសម្រេចកិច្ចការទាំងអស់បាន។ ព្រះប្រាជ្ញាញាណមិនដែលប្រែ​ប្រួលទេ តែព្រះអង្គធ្វើ​ឱ្យអ្វីៗទាំងអស់ផ្លាស់ប្រែជាថ្មីបាន។ ពីជំនាន់មួយទៅជំនាន់មួយ​ព្រះប្រាជ្ញាញាណយាងមកសណ្ឋិតក្នុងដួងចិត្តរបស់មនុស្សវិសុទ្ធ ដើម្បីឱ្យគេទៅជា​មិត្តសម្លាញ់របស់ព្រះជាម្ចាស់ និងទៅជាព្យាការី ដ្បិតព្រះជាម្ចាស់ស្រឡាញ់តែអស់អ្នក​ដែលរួមរស់ជាមួយព្រះប្រាជ្ញាញាណប៉ុណ្ណោះ។ ព្រះប្រាជ្ញាញាណភ្លឺជាងពន្លឺព្រះអាទិត្យ​ និងកញ្ចុំផ្កាយទាំងឡាយទៅទៀត បើប្រៀបផ្ទឹមនឹងពន្លឺថ្ងៃ ព្រះអង្គភ្លឺហួសប្រមាណ។ យប់រមែងផ្ទេរកន្លែងទៅឱ្យថ្ងៃ ផ្ទុយទៅវិញ ព្រះប្រាជ្ញាញាណឈ្នះសេចក្ដីអាក្រក់ជានិច្ច។

ព្រះប្រាជ្ញាញាណលាតត្រដាងប្ញទ្ធានុភាពពីជើងមេឃម្ខាងទៅជើងមេឃម្ខាង​ ហើយត្រួតត្រាអ្វីៗទាំងអស់ដោយព្រះហប្ញទ័យសប្បុរស។

ទំនុកតម្កើងលេខ ១១៩,៨៩-៩១.១៣០.១៣៥ បទពាក្យ ៧

៨៩.បពិត្រព្រះម្ចាស់ព្រះបន្ទូលគង់វង្សមុតមូលមិនខ្ចាយខ្ចាត់
នៅស្ថានបរមសុខមិនរលត់អស់កល្បរហូតតរៀងទៅ ។
៩០.ព្រះអង្គមានព្រះទ័យស្ម័គ្រស្មោះប្រសើរសប្បុរសមិនអាស្រូវ
ព្រះអង្គតែងតាំងផែនដីនៅរឹងប៉ឹងពេកកូវនៅស្ងប់ស្ងៀម ។
៩១.អ្វីៗទាំងអស់សព្វសារពើឥតប្រែប្រួលរើឬស្វិតក្រៀម
មកដល់សព្វថ្ងៃឥតលាក់លៀមសុទ្ធតែនៅក្រោមអំណាចព្រះ ។
១៣០.ការស្វែងរកព្រះបន្ទូលទ្រង់ឱ្យចិត្តភ្លឺស្វាងប្រាកដណាស់
ហើយធ្វើឱ្យអ្នកទន់ទាបចេះពិចារណាត្រិះរិះគូរគិត ។
១៣៥.សូមទ្រង់សម្ដែងព្រះហប្ញទ័យអាណិតប្រណីមកឆាប់ៗ
អ្នកបម្រើទ្រង់ឱ្យចេះច្បាប់វិន័យគ្រប់សព្វបានភ្លឺស្វាង ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ​តាម វវ ១២,១០

អលេលូយ៉ា! អាលេលូយ៉ា!
ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់គ្រងរាជ្យហើយ ព្រះគ្រីស្ដរបស់ព្រះអង្គក៏បង្ហាញប្ញទ្ធានុភាពព្រះអង្គដែរ។
សូមលើកតម្កើងព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៧,២០-២៥

ពួកខាងគណៈផារីស៊ីទូលសួរព្រះយេស៊ូថា៖«ព្រះជាម្ចាស់នឹងយាងមកគ្រងរាជ្យនៅ​ពេលណា?» ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖«ព្រះរាជ្យព្រះជាម្ចាស់មិនមែនមក​តាមបែបដែលមនុស្សអាចមើលឃើញនឹងភ្នែកបានឡើយ»។ គេពុំអាចពោលថា ៖​«ព្រះរាជ្យព្រះជាម្ចាស់នៅទីនេះ ឬព្រះរាជ្យព្រះជាម្ចាស់នៅទីនោះ» បានទេ។ ចូរដឹង​ថា៖«ព្រះរាជ្យព្រះជាម្ចាស់ស្ថិតនៅកណ្ដាលចំណោមអ្នករាល់គ្នាហើយ»។ បន្ទាប់មក​ ព្រះអង្គមានព្រះបន្ទូលទៅកាន់សាវ័កថា៖«ពេលក្រោយ អ្នករាល់គ្នាចង់ឃើញថ្ងៃដែល​បុត្រមនុស្សយាងមក សូម្បីតែមួយថ្ងៃក៏បានដែរ តែអ្នករាល់គ្នាពុំឃើញឡើយ។ ពេល​មានគេប្រាប់អ្នករាល់គ្នាថា “ព្រះអង្គនៅទីនេះ ឬនៅទីនោះ” កុំរត់ទៅឱ្យសោះ។ បុត្រ​មនុស្ស​នឹងយាងមកប្រៀបបីដូចជាផ្លេកបន្ទោរភ្លឺឆ្វាច ឆូតកាត់ពីជើងមេឃម្ខាងទៅជើងមេឃម្ខាង។ ប៉ុន្ដែ បុត្រមនុស្សត្រូវតែរងទុក្ខវេទនាយ៉ាងខ្លាំងជាមុនសិន ហើយមនុស្ស​សម័យឥឡូវនេះនឹងបោះបង់លោកចោល»។

99 Views