ថ្ងៃចន្ទ-អាទិត្យទី៣៤-ធម្មតា

អត្ថបទព្រះគម្ពីរ
ថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១
អាទិត្យទី៣៤ រដូវធម្មតា
ពណ៌ក្រហម
បុណ្យរម្លឹក

សន្តីសេស៊ីល ជាព្រហ្មចារិនី
និងជាមរណសាក្សី

តាំងពីសតវត្សទី ៥ គ្រីស្តបរិស័ទក្រុងរ៉ូមតែងតែគោរពនាងសេស៊ីលទុកជាព្រហ្មចារិនី និងជាមរណសាក្សី។ ពួកគេធ្លាប់និយាយថា នាងសេស៊ីលសាងព្រះវិហារមួយនៅក្រុងរ៉ូមនោះ។ គេតំណាលរឿងអស្ចារ្យស្តីអំពីនាង  នៅពេលពួកពាលប្រហារជិវិតនាង។ គេរ៉ាយរ៉ាប់រឿងអស្ចារ្យបែបនេះ ដើម្បីលើកតម្កើងកិត្តិយសរបស់អស់អ្នកដែលថ្វាយខ្លួនទៅព្រះអម្ចាស់ ក្នុងឋានៈជាព្រហ្មចារិនីនៅសតវត្សទី ១៥ គេលើកសន្តីសេស៊ីលធ្វើជាឧបការិនីរបស់អ្នកភ្លេង ព្រោះក្នុងរឿងព្រេងស្តីអំពីនាងមានចែងថា៖ “នៅពេលមានលាន់ឮស្នូរគ្រឿងតន្ត្រីសម្រាប់រឿងអាពាហ៍ពិពាហ៍របស់នាង នាងសេស៊ីលចេះតែច្រៀងក្នុងចិត្តថ្វាយព្រះអម្ចាស់”។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីដានីអែល ដន ១,១-៦.៨-២០

នៅឆ្នាំទីបី ក្នុងរជ្ជកាលព្រះបាទយ៉ូយ៉ាគីម ជាស្ដេចស្រុកយូដា ព្រះបាទណាប៊ូកា​នេសារ ជាស្ដេចស្រុកបាប៊ីឡូន លើកទ័ពមកឡោមព័ទ្ធក្រុងយេរូសាឡឹម។ ព្រះអម្ចាស់ប្រគល់ព្រះបាទយ៉ូយ៉ាគីម ជាស្ដេចស្រុកយូដា ព្រមទាំងប្រដាប់ប្រដារមួយចំនួនរបស់ព្រះវិហារទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទណាប៊ូកានេសារ។ ព្រះបាទណាប៊ូកានេសារ​នាំឈ្លើយសង្គ្រាមទៅស្រុកបាប៊ីឡូន ហើយយកប្រដាប់ប្រដារទាំងនោះទៅទុកក្នុងវិហារ​នៃព្រះរបស់ខ្លួន។

ព្រះមហាក្សត្របញ្ជាទៅលោកអាស្ពេណា ជានាយកក្រុមមហាត្លឹកឱ្យនាំយុវជនខ្លះ ដែលជាប់ព្រះរាជវង្សរបស់ស្ដេចអ៊ីស្រាអែល ឬជាកូនចៅរបស់ពួកអភិជនមក។ យុវជនទាំងនោះត្រូវមានរូបឆោមល្អឥតខ្ចោះ មានប្រាជ្ញាវាងវៃ ជាមនុស្សចេះដឹង មាន​ចំណោះវិជ្ជាខ្ពង់ខ្ពស់ មានកម្លាំងអាចបម្រើព្រះមហាក្សត្របាន។ យុវជនទាំងនោះ ត្រូវ​ទទួលការអប់រំផ្នែកអក្សរសាស្រ្ដ និងភាសាបាប៊ីឡូនថែមទៀតផង។ ព្រះមហាក្សត្រ​បញ្ជាគេឱ្យយកព្រះស្ងោយ និងស្រាមួយចំណែកទៅឱ្យយុវជនទាំងនោះជារៀងរាល់ថ្ងៃ ហើយបញ្ជាឱ្យពួកគេទទួលការអបរំអស់រយៈពេលបីឆ្នាំ មុននឹងចូលទៅបម្រើស្ដេច។​ ក្នុងចំណោមយុវជនទាំងនោះមានខ្លះជាជនជាតិយូដា គឺដានីអែល ហាណានីយ៉ា មីសា​អែល និងអសារីយ៉ា។ យុវជនដានីអែលប្ដេជ្ញាចិត្តមិនបរិភោគម្ហូបអាហារ និងស្រា​ព្រះមហាក្សត្រទេ ក្រែងនាំឱ្យគាត់ទៅជាមិនបរិសុទ្ធ គាត់សូមលោកនាយកក្រុម​មហាត្លឹក កុំបង្ខំគាត់ឱ្យបរិភោគម្ហូបអាហារទាំងនោះឡើយ។ ព្រះជាម្ចាស់ប្រោស​ប្រទានឱ្យនាយកក្រុមមហាត្លឹកមានចិត្តអាណិតអាសូរដល់យុវជនដានីអែល។ លោក​នាយកក្រុមមហាត្លឹក ពោលទៅកាន់យុវជនដានីអែលថា៖« ខ្ញុំខ្លាចព្រះករុណាជាម្ចាស់​ណាស់ ដ្បិតទ្រង់បានតម្រូវឱ្យខ្ញុំយកម្ហូបអាហារ​និងស្រាមកផ្គត់ផ្គង់ប្អូនៗ ប្រសិនបើព្រះករុណាទតឃើញមុខប្អូនៗស្គមជាងយុវជនឯទៀតៗ ដែលមានអាយុស្រកនឹងប្អូន​ៗ​នោះ ទ្រង់មុខជាដាក់ទោសប្រហារជីវិតខ្ញុំពុំខាន»។ យុវជនដានីអែលពោលទៅកាន់​លោកម្នាក់ ដែលនាយកក្រុមមហាត្លឹកបានប្រគល់ភារកិច្ចមើលខុសត្រូវលើខ្លួនគាត់ លើ​ហាណានីយ៉ា មីសាអែល និងអសារីយ៉ាថា៖« សូមលោកល្បងលមើល យើងខ្ញុំក្នុងរយៈ​ពេលដប់ថ្ងៃចុះ! គឺសូមចែកតែបន្លែ និងទឹកឱ្យយើងខ្ញុំទទួលទានប៉ុណ្ណោះ។ បន្ទាប់មក​សូមលោកពិនិត្យមើលមុខយើងខ្ញុំ និងមុខយុវជនឯទៀតៗ ដែលបរិភោគព្រះស្ងោយ​របស់ព្រះរាជា រួចសូមលោកប្រព្រឹត្តចំពោះយើងខ្ញុំ តាមការយល់ឃើញរបស់លោក​ចុះ!»។ លោកក៏យល់ព្រមតាមពាក្យសុំ ហើយល្បងលមើលយុវជនទាំងបួននោះ អស់​រយៈពេលដប់ថ្ងៃ។ លុះដប់ថ្ងៃកន្លងផុតទៅ យុវជនទាំងបួននាក់មានមុខស្រស់ល្អ និង​មានសាច់ថ្លាជាងពួកយុវជនដែលបានបរិភោគព្រះស្ងោយរបស់ស្ដេចទៅទៀត។ ចាប់ពី​ថ្ងៃនោះមក អ្នកទទួលខុសត្រូវលែងចែកម្ហូបអាហារ និងស្រារបស់ស្ដេចឱ្យយុវជនទាំង​បួនទៀតហើយ គឺចែកតែបន្លែ និងទឹកឱ្យពួកគេប៉ុណ្ណោះ។

ព្រះជាម្ចាស់ប្រោសប្រទានឱ្យយុវជនទាំងបួននាក់នេះ មានចំណេះវិជ្ជាប៉ិនប្រសប់​ខាងអក្សរសាស្រ្ដ និងមានប្រាជ្ញាវាងវៃផង។ ម្យ៉ាងទៀត យុវជនដានីអែល ចេះបក​ស្រាយនិមិត្តហេតុអស្ចារ្យ និងចេះកាត់សប្ដិដែរ។ លុះដល់ពេលដែលព្រះរាជាបាន​កំណត់ឱ្យនាំពួកយុវជនទៅថ្វាយ លោកនាយកក្រុមមហាត្លឹកក៏នាំយុវជនទាំងនោះចូល​ទៅគាល់ព្រះបាទណាប៊ូកានេសារ។ មហាក្សត្រសន្ទនាជាមួយយុវជនទាំងនោះ ហើយ​ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចផ្ទឹមស្មើនឹងដានីអែល ហាណានីយ៉ា មីសាអែល​ និងអសារីយ៉ាឡើយ។ ព្រះមហាក្សត្រក៏ទទួលយុវជនទាំងបួនឱ្យធ្វើជាព្រះរាជបម្រើ។ ពេលស្ដេចសាកសួរអំពីរឿងអ្វីៗទាំងអស់ដែលត្រូវការតម្រិះ និងប្រាជ្ញាដ៏ជ្រៅជ្រះយុវជនទាំងបួននាក់ពូកែជាងគ្រូមន្ដអាគម និងហោរាទាំងឡាយក្នុងព្រះរាជាណាចក្រ​ទាំងមូល ដប់ដងទៅទៀត។

ទំនុកតម្កើងព្យាការីដានីអែល ៣ ,៥២-៥៦ បទកាកគតិ

៥២.បពិត្រព្រះម្ចាស់ជាព្រះរបស់ដូនតាយើងខ្ញុំ
សូមកោតសរសើរទាំងថ្វាយបង្គំថ្កើងព្រះឧត្តម
អស់លក្បតទៅ ។
ខ្ញុំសូមតម្កើងលើកព្រះនាមឡើងពុំមានអាស្រូវ
សុចរិតយុត្តិធម៌ទ្រង់គង់ជាផ្លូវអង្វែងតទៅ
សរសើរព្រះអង្គ ។
៥៣.សូមកោតសរសើរព្រះគ្មានអ្វីស្មើក្នុងគ្រានេះម្ដង
ទ្រង់ប្រកបដោយសិរីរឿងរុងក្នុងវិហារទ្រង់
កុំនៅទីមទាម ។
៥៤.សូមលើកតម្កើងព្រះម្ចាស់យាងឡើងលើខេរ៉ូប៊ីម
ខ្ពង់ខ្ពស់បំផុតគ្មានអ្វីប្រៀបផ្ទឹមស្មូត្រទាំងញញឹម
តម្កើងជានិច្ច ។
៥៥.សូមតម្កើងទ្រង់ដែលយាងឡើងគង់លើបល្ល័ង្ករាជ្យ
សូមច្រៀងតម្កើងរាល់ថ្ងៃព្រឹកល្ងាចព្រះម្ចាស់ជានិច្ច
កុំប្រែកឡះ ។
៥៦.សូមថ្កើងសរសើរព្រះអង្គនៅលើវេហាស៍អាកាស
ព្រះអង្គគ្រប់គ្រងស្ថានបរមសុខខ្ពស់លើកសិរីយស
ព្រះអង្គរហូត ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ​តាម មថ ២៤,៤២.៤៤

អលេលូយ៉ា! អាលេលូយ៉ា!
ចូរប្រុងស្មារតីឱ្យមែនទែន! ដ្បិតអ្នករាល់គ្នាពុំដឹងថា បុត្រមនុស្សនឹងយាងមកដល់នៅវេលាណាទេ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២១,១-៤

ព្រះយេស៊ូទតឃើញពួកអ្នកមាន យកប្រាក់មកដាក់ក្នុងហិបថ្វាយព្រះជាម្ចាស់។ ព្រះអង្គទតឃើញស្រ្ដីមេម៉ាយក្រីក្រម្នាក់ នាងយកប្រាក់ពីរសេន មកដាក់ក្នុងហិបនោះ​ដែរ។ ព្រះអង្គមានព្រះបន្ទូលថា៖«ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ស្រ្ដីមេម៉ាយ​ក្រីក្រនេះ បានដាក់ប្រាក់ច្រើនជាងគេទាំងអស់ ដ្បិតអ្នកទាំងនោះបានយកប្រាក់សំណល់របស់ខ្លួនមកដាក់ក្នុងហិត។ រីឯស្ដី្រមេម៉ាយនេះវិញ ទោះបីជានាងក្រីក្រយ៉ាងណា​ក៏ដោយ ក៏នាងបានយកប្រាក់ទាំងអស់ ដែលនាងត្រូវការជាចាំបាច់ សម្រាប់ចិញ្ចឹមជីវិត​មកដាក់ក្នុងហិប ថ្វាយព្រះជាម្ចាស់ដែរ»។

111 Views