ថ្ងៃអាទិត្យ-អាទិត្យទី០៨-ធម្មតា-ប្រចាំឆ្នាំ«គ»
អត្ថបទព្រះគម្ពីរ
ថ្ងៃអាទិត្យទី២៧ ខែកុម្ភៈ ឆ្នាំ២០២២
អាទិត្យទី០៨ រដូវធម្មតា
ពណ៌បៃតង
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកបេនស៊ីរ៉ាក់ បស ២៧,៤-៧
កាលណាគេរែងអង្ករ សំរាមលេចចេញមក ពេលមនុស្សនិយាយស្ដី គុណវិបត្ដិរបស់គេក៏លេចចេញមកដែរ។ ជាងស្មូនដឹងថា ភាជន៍ល្អឬមិនល្អក្នុងពេលដុតចម្អិនវានៅក្នុងឡយ៉ាងណា យើងក៏ដឹងចិត្ដគំនិតរបស់មនុស្សក្នុងពេលគេនិយាយស្ដីយ៉ាងនោះដែរ។ ផ្លែឈើបង្ហាញពីរបៀបដែលគេថែទាំដើមវាយ៉ាងណា ពាក្យសម្ដីក៏បង្ហាញពីចិត្ដថ្លើមរបស់មនុស្សយ៉ាងនោះដែរ។ កុំសរសើរនរណាម្នាក់មុនពេលបានឮសម្ដីរបស់គេ ដ្បិតពាក្យសម្ដីនេះហើយ ដែលបង្ហាញពីចិត្ដគំនិតរបស់មនុស្ស។
ទំនុកតម្កើងលេខ ៩២ (៩១), ២-៣.១៣-១៦ បទពាក្យ ៧
២ | បពិត្រព្រះអម្ចាស់ខ្ញុំអើយ | ទូលបង្គំនេះហើយស្មូត្រតម្កើង |
ពិតជាការគួរប្រពៃផង | ប្រសើរកន្លងថ្កើងព្រះនាម ។ | |
៣ | ទូលបង្គំប្រកាសពីព្រះទ័យ | ករុណាប្រណីពីព្រហាម |
ពេលយប់ក៏ថ្លែងមិននៅស្ងៀម | ឥតរេទីមទាមមិនឈប់ឈរ ។ | |
១៣ | មនុស្សសុចរិតនឹងដុះដាល | លូតលាស់ត្រកាលដូចត្នោតធំ |
បែកមែកសាខាម្លប់ត្រសុំ | ដូចគគីរផ្ដុំនៅជិតគ្នា ។ | |
១៤ | ពួកគេប្រៀបបាននឹងដើមឈើ | លូតលាស់ដុះលើព្រះពន្លា |
គេរីកដុះដាលក្នុងវិហារ | របស់ព្រះជាម្ចាស់ថ្លាថ្លៃ ។ | |
១៥ | ទោះបីគេមានវ័យចំណាស់ | ទោះខ្លួនគេចាស់ដូចម្ដេចក្ដី |
គេបង្កើតផ្លែពន្លកថ្មី | ស្លឹកលាស់ខៀវខ្ចីជាប់ជានិច្ច ។ | |
១៦ | ការនេះសម្ដែងឱ្យឃើញថា | ព្រះអម្ចាស់ជាថ្មមាំពិត |
ទ្រង់មានព្រះទ័យត្រង់សុចរិត | ឥតប្រែប្រួលចិត្ដសោះឡើយណា ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១៥,៥៤-៥៨
បងប្អូនជាទីស្រឡាញ់
នៅថ្ងៃចុងក្រោយបំផុត រូបកាយដែលតែងតែរលួយរបស់ យើងនេះនឹងទទួលភាពមិនចេះរលួយ។ នៅពេលរូបកាយដែលរមែងតែងតែស្លាប់នេះ ទទួលភាពអមតៈហើយនោះ ព្រះបន្ទូលដែលមានចែងទុកក្នុងគម្ពីរនឹងបានសម្រេចជា រូបរាង គឺថា ជ័យជម្នះបានបំបាត់មច្ចុរាជចោលហើយ! មច្ចុរាជអើយ! តើជ័យជម្នះ របស់ឯងនៅឯណា? មច្ចុរាជអើយ! តើអំណាចប្រហារជីវិតរបស់ឯងនៅឯណា?។ អំណាចនៃមច្ចុរាជនោះ មកពីអំពើបាប រីឯអំណាចនៃអំពើបាបមកពីធម្មវិន័យ។ សូមអរព្រះគុណព្រះជាម្ចាស់ ព្រោះព្រះអង្គប្រទានឱ្យយើងមានជ័យជម្នះ ដោយសារព្រះអម្ចាស់យេស៊ូគ្រីស្ដ។ បងប្អូនជាទីស្រឡាញ់អើយ! ហេតុនេះ ចូរមានចិត្ដរឹងប៉ឹងមាំមួនឡើង។ ចូរខំប្រឹងធ្វើកិច្ចការរបស់ព្រះអម្ចាស់ឱ្យបានចម្រើនឡើងជានិច្ច ដោយដឹងថា កិច្ចការដែលបងប្អូនធ្វើរួមជាមួយព្រះអម្ចាស់ទាំងនឿយហត់នោះ មិនមែនឥតប្រយោជន៍ឡើយ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ភល ២,១៥-១៨
អាលេលូយ៉ា! អាលេលូយ៉ា!
ចូរកាន់តាមព្រះបន្ទូលដែលផ្ដល់ជីវិត!។ បងប្អូននឹងភ្លឺ ដូចពន្លឺដែលបំភ្លឺមនុស្សលោក។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៦,៣៩-៤៥
ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទៅគេទៀតថា៖ «មនុស្សខ្វាក់ពុំអាចនាំមនុស្សខ្វាក់ម្នាក់ទៀតបានឡើយ។ បើធ្វើដូច្នោះ មុខជាធ្លាក់រណ្ដៅទាំងពីរនាក់មិនខាន។ ពុំដែលមានសិស្សណាធំជាងគ្រូឡើយ ប៉ុន្ដែ សិស្សដែលបានទទួលចំណេះសព្វគ្រប់អាច ស្មើនឹងគ្រូបាន។ ហេតុអ្វីបានជាអ្នកមើលឃើញល្អងធូលីនៅក្នុងភ្នែករបស់បងប្អូន តែមើលមិនឃើញធ្នឹមនៅក្នុងភ្នែករបស់អ្នកផ្ទាល់ដូច្នេះ?។ បើអ្នកមើលធ្នឹមនៅក្នុងភ្នែក របស់អ្នកមិនទាំងឃើញផង ម្ដេចក៏ហ៊ាននិយាយទៅបងប្អូនថា “ទុកឱ្យខ្ញុំផ្ដិតយកល្អងធូលីនេះចេញពីភ្នែកអ្នក?”។ មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែកអ្នកជា មុនសិន ទើបអ្នកមើលឃើញច្បាស់ ល្មមនឹងផ្ដិតយកល្អងធូលីចេញពីភ្នែករបស់បងប្អូនអ្នកបាន។ ដើមឈើល្អ មិនដែលឱ្យផ្លែអាក្រក់ឡើយ ឯដើមឈើអាក្រក់វិញ ក៏មិនដែលឱ្យផ្លែល្អដែរ ដ្បិតគេស្គាល់ដើមឈើបាន ដោយសារផ្លែវា។ ពុំដែលមាននរណាបេះផ្លែស្វាយ ឬផ្លែទំពាំងបាជូរពីគុម្ពបន្លាឡើយ។ មនុស្សល្អតែងប្រព្រឹត្ដអំពើល្អ ព្រោះចិត្ដ របស់គេល្អ រីឯមនុស្សអាក្រក់តែងប្រព្រឹត្ដអំពើអាក្រក់ ព្រោះចិត្ដរបស់គេអាក្រក់ ដ្បិតមាត់របស់មនុស្សតែងស្រដីចេញមកនូវសេចក្ដីណាដែលមានពេញហូរហៀរនៅក្នុងដួងចិត្ដរបស់ខ្លួន»។