ថ្ងៃអាទិត្យ-អាទិត្យទី០៣-ធម្មតា-ប្រចាំឆ្នាំ«គ»

អត្ថបទព្រះគម្ពីរ
ថ្ងៃអាទិត្យទី២៣ ខែមករា ឆ្នាំ២០២២
អាទិត្យទី០៣ រដូវធម្មតា

ពណ៌បៃតង

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរលោកនេហេមី នហ ៨,១-៤.៥-៦.៨-១០

ពេលបុណ្យខែទីប្រាំពីរ ជនជាតិអ៊ីស្រាអែលដែលរស់នៅតាមក្រុងរៀងៗខ្លួន មកជួបជុំគ្នា ដោយមានចិត្ដគំនិតតែមួយ ក្នុងព្រលានដែលស្ថិតនៅខាងមុខទ្វារគង្គា។ ពួកគេ សុំឱ្យលោកបូជាចារ្យអែសរ៉ាជាធម្មាចារ្យ យកគម្ពីរធម្មវិន័យរបស់លោកម៉ូសេ គឺធម្មវិន័យដែលព្រះអម្ចាស់ប្រទានមកឱ្យជនជាតិអ៊ីស្រាអែលកាន់តាម។ លោកបូជាចារ្យ អែសរ៉ា ក៏យកគម្ពីរធម្មវិន័យមកខាងមុខអង្គប្រជុំ ដែលមានប្រជាជនប្រុសស្រី និងក្មេងៗ ដែលមានវ័យអាចយល់បាន។ ថ្ងៃនោះ ជាថ្ងៃទីមួយនៃខែទីប្រាំពីរ។

លោកអែសរ៉ាអានគម្ពីរធម៌វិន័យនេះតាំងពីព្រឹក រហូតដល់ថ្ងៃត្រង់នៅខាងមុខ ព្រលានដែលស្ថិតនៅទល់មុខទ្វារគង្គាឱ្យប្រជាជនស្ដាប់ គឺប្រជាជនទាំងប្រុស ទាំងស្រី និងក្មេងៗដែលមានវ័យអាចយល់បាន។ ប្រជាជនទាំងមូលយកចិត្ដទុកដាក់ស្ដាប់លោកអានគម្ពីរធម៌វិន័យ។ លោកអែសរ៉ា ជាធម្មាចារ្យឈរនៅលើវេទិកាឈើមួយដែលគេ បានដំឡើងសម្រាប់ពេលនោះ។ លោកអែសរ៉ាបើកគម្ពីរ ហើយប្រជាជនបានឃើញទាំងអស់គ្នា ដ្បិតលោកឈរនៅត្រង់កន្លែងខ្ពស់ជាងគេ។ ពេលគម្ពីរបើកចំហរប្រជា​ជនទាំងមូលក៏ក្រោកឈរឡើង។ លោកអែស​រ៉ាលើកតម្កើងព្រះអម្ចាស់ ជាព្រះដ៏ឧត្ដុង្គឧត្ដម ហើយប្រជាជនទាំងមូលឆ្លើយតបវិញ ទាំងលើកដៃឡើងលើថា «អាម៉ែន! អាម៉ែន!» រួចក្រាបថ្វាយបង្គំ​ព្រះ​អម្ចាស់ ឱនមុខដល់ដី។ លោកអែសរ៉ាអានគម្ពីរធម៌វិន័យរបស់ព្រះជាម្ចាស់ រួចពួកលេវីបកស្រាយអត្ថន័យនៃសេចក្ដីដែលលោកអាននោះ ឱ្យប្រជាជន​យល់​​។ ដូច្នេះ លោកទេសាភិបាលនេហេមី លោកបូជាចារ្យអែសរ៉ា ដែលជា​ធម្មាចារ្យដែរ និងក្រុមលេវី ដែលមាននាទីបកស្រាយវិន័យ ពោលទៅកាន់​ប្រ​ជា​ជន ទាំងមូលថា៖«ថ្ងៃនេះ ជាថ្ងៃដ៏សក្ការៈថ្វាយព្រះអម្ចាស់ ជាព្រះរបស់​អ្នក​រាល់​គ្នា គឺមិនត្រូវកាន់ទុក្ខ ឬសោកសង្រេងឡើយ!»។ លោកអែសរ៉ាមាន​ប្រសា​សន៍​ទៀតថា៖«ចូរ នាំគ្នាត្រឡប់ទៅពិសាសាច់ និងស្រាដ៏ឆ្ងាញ់ៗ ហើយយកមួយចំណែកឱ្យអស់អ្នកដែលមិនទាន់រៀបចំបរិភោគនោះផង ដ្បិតថ្ងៃនេះ ជាថ្ងៃដ៏សក្ការៈថ្វាយព្រះអម្ចាស់នៃយើង មិនត្រូវកើតទុក្ខព្រួយឡើយ ព្រោះអំណរដែល​មក​​ពីព្រះអម្ចាស់ ជាកម្លាំងរបស់អ្នករាល់គ្នា»។

ទំនុកតម្កើងលេខ ១៩ (១៨), ១-៣.៧ បទព្រហ្មគីតិ

៨.ព្រះធម្មវិន័យល្អល្អះឥតបីប្រសើរថ្កើងថ្កានផ្ដល់កម្លាំងចិត្ដ
ឥតមានស្រាកស្រាន្ដអ្នកល្ងង់ប្រែប្រាណជាមានប្រាជ្ញា
៩.បញ្ជារបស់ព្រះមា្ចស់ទាំងអស់ត្រឹមត្រូវសត្យាឱ្យចិត្ដអំណរ
សប្បាយក្រៃណាបំភ្លឺចិន្ដាថ្លៃថ្លាត្រចង់
១០.ការគោរពកោតព្រះអម្ចាស់សោតវិសេសយល់យង់ស្ថិតស្ថេរចីរកាល
តទៅគង់វង្សការវិនិច្ឆ័យទ្រង់ក៏សុទ្ធត្រឹមត្រូវ
១៥.ទ្រង់ជាថ្មដាជាព្រះរក្សាការពាររូបខ្ញុំសូមប្រោសប្រណី
តាមពាក្យទូលសុំសេចក្ដីនៃខ្ញុំចំពោះព្រះអង្គ

អត្ថបទទី​២៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១២,១២-៣០ (ឬអានយ៉ាងខ្លី ១២,១២-១៤,២៧)

បងប្អូនជាទីស្រឡាញ់ ព្រះគ្រីស្ដប្រៀបបានទៅនឹងរូបកាយមនុស្សដែលចែកចេញជា ច្រើនផ្នែក។ ទោះបីមានសរីរាង្គច្រើនយ៉ាងណាក៏ដោយ ក៏សរីរាង្គទាំងអស់​​​​ផ្សំគ្នាជា រូបកាយតែមួយដែរ។ យើងទាំងអស់គ្នាទោះបីជាសាសន៍យូដាក្ដី សា​ស​ន៍​ក្រិកក្ដី អ្នកងារ ក្ដី អ្នកជាក្ដី ក៏យើងបានទទួលពិធីជ្រមុជក្នុងព្រះវិញ្ញាណ​តែ​មួយ ដើម្បីផ្សំគ្នាឡើងជា ព្រះកាយតែមួយ ហើយយើងទាំងអស់គ្នាសុទ្ធតែបានទទួលព្រះវិញ្ញាណតែមួយដែរ។ រូបកាយមិនមែនមានសរីរាង្គតែមួយទេ គឺ​មា​ន​​​ច្រើន។
ប្រសិនបើអានយ៉ាងខ្លី សូមរំលងវគ្គខាងក្រោមនេះ

បើជើងនិយាយថា «ខ្ញុំមិនមែនដៃ! ដូច្នេះ ខ្ញុំមិនមែនជាចំណែករបស់រូបកាយទេ» ក៏ ជើងនោះ នៅតែជាចំណែករបស់រូបកាយដដែល។ បើត្រចៀកនិ​យាយថា «ខ្ញុំមិនមែន ភ្នែក! ដូច្នេះ ខ្ញុំមិនមែនជាចំណែករបស់រូបកាយទេ» ក៏​ត្រចៀកនោះ នៅតែជាចំណែក របស់រូបកាយដដែល។ ប្រសិនបើរូបកាយទាំង​មូលសុទ្ធតែជាភ្នែក ធ្វើម្ដេចនឹងស្ដាប់ឮ បាន?ហើយបើរូបកាយទាំងមូលសុទ្ធតែជាត្រចៀក ធ្វើម្ដេចនឹងដឹងក្លិនបាន? តាមពិត ព្រះជាម្ចាស់ប្រទានឱ្យសរីរាង្គ​នីមួយៗមានមុខងារស្របតាមព្រះហឫទ័យរបស់ព្រះអង្គ។ ប្រសិនបើទាំង​​អស់ជាសរីរាង្គតែមួយ តើរូបកាយនៅឯណា?តាមពិតសរីរាង្គមានច្រើន ប៉ុន្ដែរូប​កាយ​មានតែមួយប៉ុណ្ណោះ។

ភ្នែកពុំអាចនិយាយទៅដៃថា «អញមិនត្រូវការឯង» បានទេ រីឯក្បាលក៏ពុំអាចនិយាយទៅកាន់ជើងថា «អញមិនត្រូវការឯងទាំងពីរ»បានដែរ។ ផ្ទុយទៅវិញ សរីរាង្គ ណាដែលគេចាត់ទុក្ខថាខ្សោយជាងគេ យើងត្រូវការសរីរាង្គនោះ​ជាចាំបាច់ ហើយ សរីរាង្គណាដែលយើងចាត់ទុកថាមិនសូវថ្លៃថ្នូរ យើងគោរពសរីរាង្គនោះខ្លាំងជាងគេទាំងអស់។ សរីរាង្គណាដែលមិនសូវ​សមរម្យ យើង​គោរពយ៉ាងពិសេសទៅវិញ។ រីឯសរីរាង្គណាដែលសមរម្យ ហើយសរីរាង្គនោះមិនត្រូវការឱ្យយើងយកចិត្ដទុកដាក់ទេ។ ព្រះជាម្ចាស់បានរៀបចំរូបកាយរបស់​យើង ដោយប្រទានសេចក្ដីថ្លៃថ្នូរដល់សរីរាង្គណា ដែលខ្វះខាត ដើម្បីកុំឱ្យមានការបាក់បែកគ្នានៅក្នុងរូបកាយ គឺឱ្យសរីរាង្គយកចិត្ដទុក ដាក់ជួយគ្នាទៅវិញ​ទៅ​មក។ ប្រសិនបើមានសរីរាង្គណាមួយឈឺចុកចាប់ សរីរាង្គ ទាំងអស់ក៏ឈឺចុក​ចាប់ជាមួយដែរ ប្រសិនបើមានសរីរាង្គណាមួយបានថ្លៃថ្នូរ សរីរាង្គ ទាំងអស់ក៏អរ​សប្បាយជាមួយដែរ។

ប្រសិនបើអានយ៉ាងខ្លី សូមអានឃ្លានេះ
បងប្អូនជាព្រះកាយរបស់ព្រះគ្រីស្ដ ហើយម្នាក់ៗជាសរីរាង្គនៃព្រះកាយនេះ តាម ចំណែករៀងៗខ្លួន។

ប្រសិនបើអានយ៉ាងខ្លី សូមឈប់ត្រឹមនេះ
ក្នុងព្រះសហគមន៍ មុនដំបូងបង្អស់ ព្រះជាម្ចាស់បានតែងតាំងឱ្យមានគ្រីស្ដ​ទូត បន្ទាប់ មក ព្រះអង្គតែងតាំងអ្នកថ្លែងព្រះបន្ទូល បន្ទាប់មកទៀត ព្រះអង្គ​តែងតាំងអ្នក បង្រៀន។ បន្ទាប់ពីនោះ មានព្រះអំណោយទានខាងធ្វើការ​អស្ចារ្យ ព្រះអំណោយទានខាងប្រោសអ្នកជំងឺឱ្យជា ព្រះអំណោយទានខាងជួយអ្នក​ដទៃ ព្រះអំណោយទានខាង ណែនាំ ព្រះអំណោយទានខាងនិយាយភាសា​​​​​ចម្លែក​អស្ចារ្យ។ តើគ្រប់គ្នាសុទ្ធតែជាគ្រីស្ដ ទូតឬ?គ្រប់គ្នាសុទ្ធតែជាអ្នកថ្លែងព្រះបន្ទូលឬ?គ្រប់គ្នាសុទ្ធតែជាអ្នកបង្រៀនឬ?គ្រប់ គ្នាសុទ្ធតែធ្វើការអស្ចារ្យឬ?តើគ្រប់គ្នាសុទ្ធតែទទួលព្រះអំណោយទានខាងប្រោសអ្នក ជំងឺឱ្យជាឬ?គ្រប់គ្នាសុទ្ធតែមានព្រះអំណោយទានខាងនិយាយភាសាចម្លែកអស្ចារ្យឬ? គ្រប់គ្នាសុទ្ធតែមានព្រះអំណោយទានខាងបកប្រែភាសាចម្លែកអស្ចារ្យឬ?។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៤,១៨

អលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់ចាត់ព្រះយេស៊ូជាអ្នកបម្រើរបស់ព្រះអង្គ ឱ្យនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ
និងឱ្យមកប្រកាសប្រាប់ជនជាប់ឃុំឃាំងថា គេនឹងមានសេរីភាព។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១,១-៤; ៤,១៤-២១

សូមជម្រាបមកឯឧត្ដមថេអូភីល សូមជ្រាប! មនុស្សជាច្រើនខិតខំយកចិត្ដទុកដាក់កត់ត្រាទុកនូវហេតុការណ៍ទាំងអំបាលម៉ាន ដែលកើតមានក្នុងចំណោមយើងខ្ញុំ ស្របតាម អស់អ្នកដែលបានឃើញផ្ទាល់នឹងភ្នែកតាំងពីដំបូងរៀងមក ហើយទទួលមុខងារបម្រើព្រះបន្ទូល បានរៀបរាប់ហេតុការណ៍ទាំងនោះបន្ដមកយើងខ្ញុំ។ ខ្ញុំបានពិនិត្យហេតុ​ការណ៍ទាំងនោះតាំងពីដើមរៀងមកយ៉ាងហ្មត់ចត់ ហើយខ្ញុំក៏យល់ឃើញថា គួរតែកត់ត្រាទុកតាមលំដាប់លំដោយ ផ្ញើមកជូនលោក។ ខ្ញុំធ្វើដូច្នេះ ក្នុងគោលបំណងចង់ឱ្យលោកជ្រាបថា សេចក្ដីប្រៀនប្រដៅទាំងប៉ុន្មានដែលលោកបានទទួល ពិតជាត្រឹមត្រូវមែន។

ព្រះយេស៊ូយាងត្រឡប់ទៅស្រុកកាលីឡេវិញ ប្រកបដោយឫទ្ធានុភាពរបស់ព្រះវិញ្ញាណ ព្រះនាមព្រះអង្គល្បីល្បាញពាសពេញតំបន់នោះ។ ព្រះអង្គបង្រៀនអ្នកស្រុកក្នុងធម្មសាលារបស់ជនជាតិយូដា។ គេលើកតម្កើងសិរីរុង រឿងព្រះអង្គគ្រប់ៗគ្នា។

ព្រះយេស៊ូយាងទៅភូមិណាសារ៉ែត ជាភូមិដែលព្រះអង្គគង់នៅកាលពីកុមារ។ នៅថ្ងៃសប្ប័ទ ព្រះអង្គយាងទៅធម្មសាលាតាមទម្លាប់របស់ព្រះអង្គ។ ព្រះអង្គក្រោកឈរ ឡើងដើម្បីអានគម្ពីរ។ គេយកគម្ពីររបស់ព្យាការីអេសាយមកថ្វាយព្រះអង្គ ព្រះអង្គបើកគម្ពីរឃើញអត្ថបទមួយដែលមានចែងថា៖«ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិត លើខ្ញុំ ដ្បិតព្រះអង្គចាក់ប្រេងអភិសេកខ្ញុំឱ្យនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ។ ព្រះអង្គចាត់ខ្ញុំឱ្យមកប្រកាសប្រាប់ជនជាប់ជាឈ្លើយថា គេនឹងមានសេរីភាព ហើយប្រាប់មនុស្ស ខ្វាក់ថា គេនឹងមើលឃើញវិញ។ ព្រះអង្គចាត់ខ្ញុំឱ្យមករំដោះអស់អ្នកដែលត្រូវគេសង្កត់សង្កិន ព្រមទាំងប្រកាសអំពីឆ្នាំដែលព្រះអម្ចាស់សម្ដែងព្រះហឫទ័យមេត្ដាករុណា»។

លុះអានចប់ហើយ ព្រះយេស៊ូបិទគម្ពីរប្រគល់ទៅឱ្យអ្នកថែរក្សា រួចទ្រង់គង់ចុះវិញ។ មនុស្សគ្រប់ៗគ្នានៅក្នុងធម្មសាលាសម្លឹងមើលព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ហេតុការណ៍ដែលមានចែងទុកក្នុងគម្ពីរ ដូចអ្នករាល់គ្នាទើបស្ដាប់អម្បាញ់មិញ បានកើតជារូបរាងនៅថ្ងៃនេះហើយ»។

528 Views