ថ្ងៃព្រហស្បតិ៍ ទី៣០ សប្ដាហ៍បុណ្យព្រះយេស៊ូប្រសូត

អត្ថបទព្រះគម្ពីរ
ថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ

សប្ដាហ៍បុណ្យព្រះយេស៊ូប្រសូត
ពណ៌ស

អត្ថបទទី
សូមថ្លែងលិខិតទី ១ របស់គ្រីស្តទូតយ៉ូហាន ១យហ ២,១២-១៧

ម្នាលកូនចៅទាំងឡាយ! ខ្ញុំសរសេរមកអ្នករាល់គ្នាថា ព្រះជាម្ចាស់បានលើកលែងទោសអ្នកឱ្យរួចពីបាប ដោយសារព្រះនាមរបស់ព្រះយេស៊ូ។ ចាស់ទុំទាំងឡាយអើយ! ខ្ញុំសរសេរមកអ្នករាល់គ្នាថា អ្នកបានស្គាល់ព្រះអង្គដែលគង់នៅតាំងពីមុនកំណើតអ្វីៗទាំងអស់។ យុវជនទាំងឡាយអើយ! ខ្ញុំបានសរសេរមកប្អូនៗថា ប្អូនបានឈ្នះមារកំណាចហើយ។ ក្មេងៗទាំងឡាយអើយ! ខ្ញុំបានសរសេមកប្អូនៗថា ប្អូនបានស្គាល់ព្រះបិតា។ ចាស់ទុំទាំងឡាយអើយ! ខ្ញុំសរសេរមកអ្នករាល់គ្នាថា អ្នកបានស្គាល់ព្រះអង្គដែលគង់នៅតាំងពីមុនកំណើតអ្វីៗទាំងអស់។ យុវជនទាំងឡាយអើយ! ខ្ញុំសរសេរមកប្អូនៗថា ប្អូនមានកម្លាំងពលំ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ស្ថិតនៅក្នុងប្អូន ហើយប្អូនបានឈ្នះមារកំណាច។ កុំស្រឡាញ់លោកីយ៍ និងអ្វីៗដែលនៅក្នុងលោកីយ៍នេះឡើយ។ អ្នកណាស្រឡាញ់លោកីយ៍ សេចក្តីស្រឡាញ់របស់ព្រះបិតាមិនស្ថិតនៅក្នុងអ្នកនោះទេ។ អ្វីៗដែលនៅក្នុងលោកីយ៍នេះ ដូចជាចិត្តលោភលន់របស់មនុស្ស ចិត្តលោភលន់ចង់បានអ្វីៗដែលភ្នែកមើលឃើញ និងអំនួត ព្រោះមានទ្រព្យសម្បត្តិ មិនមែនមកពីព្រះបិតាទេ គឺមកពីគំនិតលោកីយ៍។ លោកីយ៍នេះកំពុងតែរសាត់បាត់ទៅ ហើយចិត្តលោភលន់របស់មនុស្សលោក ក៏កំពុងតែរសាត់បាត់ទៅដែរ។ ផ្ទុយទៅវិញ អ្នកដែលប្រព្រឹត្តតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់នឹងនៅស្ថិតស្ថេរគង់នៅអស់កល្បជានិច្ច។

ទំនុកតម្កើងលេខ ៩៦ (៩៥), ៧-១០ បទព្រហ្មគីតិ

៧.ប្រជាទាំងឡាយអើយកុំកន្តើយចូរតម្រង់
លើកតម្កើងព្រះអង្គថ្លែងឥតហ្មងពីឫទ្ធា ។
៨.លើកតម្កើងសិរីរុងរឿងជ័យព្រះនាមា
យកតង្វាយគ្រប់គ្នាទៅព្រះវិហារថ្វាយក្សត្រា ។
៩.ចូរក្រាបថ្វាយបង្គំពេលទ្រង់សម្តែងបាដិហារីយ៍
មនុស្សលើផែនដីលោកាញ័រកាយចំពោះព្រះភក្ត្រ ។
១០.ចូរប្រកាសនៅម្តុំចំណោមក្រុមជាតិច្រើននាក់
ថាទ្រង់គ្រងរាជ្យជាក់ឥតបែកបាក់រឹងមាំល្អ ។
ព្រះម្ចាស់គ្រប់គ្រងលើសព្វសារពើមានអំណរ
ពេញដោយយុត្តិធម៌រាស្ត្រអបអរពន់ពេកក្រៃ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២,៣២

អលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ ពន្លឺបានភ្លឺនៅលើផែនដី។ ប្រជាជាតិក្នុងពិភពលោកទាំងមូល
សូមចូលមកក្នុងពន្លឺរបស់ព្រះជាម្ចាស់! ចូរនាំគ្នាមកក្រាបថ្វាយបង្គំព្រះអម្ចាស់!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២,៣៦-៤០

កាលលោកយ៉ូសែប និងនាងម៉ារីបីព្រះឱរសយេស៊ូមកថ្វាយព្រះជាម្ចាស់ក្នុងព្រះវិហារ មានព្យាការីម្នាក់ឈ្មោះហាណ្ហា ជាកូនរបស់លោកផានូអែល ក្នុងកុលសម្ព័ន្ធអស៊ែរនៅទីនោះ។ គាត់រៀបការបានប្រាំពីរឆ្នាំ រួចប្តីគាត់ទទួលមរណភាពចោលទៅ គាត់ក៏នៅមេម៉ាយរហូត។ ឥឡូវនេះ គាត់មានវ័យចាស់ណាស់ទៅហើយ គឺអាយុប៉ែតសិបឆ្នាំ។ គាត់មិនទៅណាឆ្ងាយពីព្រះវិហារទេ គាត់នៅគោរពបម្រើព្រះជាម្ចាស់ទាំងយប់ទាំងថ្ងៃ ដោយតមអាហារ និងអធិដ្ឋានផង។ ពេលនោះ លោកយាយហាណ្ហាក៏នៅទីនោះដែរ។ គាត់សរសើរតម្កើងព្រះជាម្ចាស់ ហើយតំណាលអំពីព្រះឱរសនោះ ប្រាប់អស់អ្នកដែលទន្ទឹងរង់ចាំព្រះជាម្ចាស់យាងមកលោះក្រុងយេរូសាឡឹម។ កាលមាតាបិតារបស់ព្រះយេស៊ូបានបំពេញកិច្ចការទាំងអស់ស្របតាមធម្មវិន័យរបស់ព្រះអម្ចាស់សព្វគ្រប់ហើយ អ្នកទាំងពីរនាំគ្នាវិលត្រឡប់ទៅណាសារ៉ែត ជាភូមិរបស់គាត់ក្នុងស្រុកកាលីឡេវិញ។ ព្រះកុមារមានវ័យចម្រើនឡើងជាលំដាប់ មានកម្លាំងកាន់តែមាំមួន ឡើង និងពោរពេញទៅដោយព្រះប្រាជ្ញាញាណ។ ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងព្រះកុមារនេះណាស់។

471 Views