ថ្ងៃព្រហស្បតិ៍ ទី០៦ សប្ដាហ៍បុណ្យព្រះយេស៊ូប្រសូត

អត្ថបទព្រះគម្ពីរ
ថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា

រដូវបុណ្យព្រះយេស៊ូប្រសូត
ពណ៌ស

សូមថ្លែងលិខិតទី ១ របស់គ្រីស្តទូតយ៉ូហាន ១យហ ៤,១៩-៥,៤

មា្នលកូនចៅជាទីស្រឡាញ់! យើងមានចិត្តស្រឡាញ់ ព្រោះព្រះអង្គបានស្រឡាញ់យើងជាមុន។ បើនរណាម្នាក់ពោលថា “ខ្ញុំស្រឡាញ់ព្រះជាម្ចាស់” តែស្អប់បងប្អូនរបស់ខ្លួនអ្នកនោះនិយាយកុហកហើយ។ អ្នកណាមិនស្រឡាញ់បងប្អូនដែលខ្លួនមើលឃើញ ក៏ពុំអាចស្រឡាញ់ព្រះជាម្ចាស់ដែលខ្លួនមើលពុំឃើញនោះបានដែរ។ យើងបានទទួលវិន័យនេះពីព្រះអង្គថា “អ្នកណាស្រឡាញ់ព្រះជាម្ចាស់ អ្នកនោះក៏ត្រូវស្រឡាញ់បងប្អូនដែរ”។ អ្នកណាជឿថា ព្រះយេស៊ូពិតជាព្រះគ្រីស្ត អ្នកនោះកើតមកពីព្រះជាម្ចាស់ ហើយអ្នកស្រឡាញ់ ព្រះបិតាក៏ស្រឡាញ់អ្នកដែលកើតមកពីព្រះអង្គដែរ។ ដោយយើងស្រឡាញ់ព្រះជាម្ចាស់ និងប្រតិបត្តិតាមវិន័យរបស់ព្រះអង្គ យើងនឹងដឹងថា យើងពិតជាស្រឡាញ់បុត្រធីតារបស់ព្រះជាម្ចាស់មែន។ យើងមានសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ក្នុងខ្លួន លុះត្រាតែយើងកាន់តាមវិន័យរបស់ព្រះអង្គ។ វិន័យរបស់ព្រះអង្គមិនតឹងតែងទេ ព្រោះអស់អ្នកដែលកើតមកពីព្រះជាម្ចាស់ សុទ្ធតែឈ្នះលោកីយ៍នេះ គឺជំនឿរបស់យើងហ្នឹងហើយដែលបានឈ្នះលោកីយ៍!។

ទំនុកតម្កើងលេខ ៧២ (៧១),១-២.១៤-១៥.១៧ បទកាកគតិ

១.ព្រះជាម្ចាស់អើយសូមប្រទានឱ្យរាជបុត្រនេះចេះវិន័ច្ឆ័យក្តី
តាមព្រះតម្រិះសុចរិតវិសេសរបស់ព្រះអង្គ
២.សូមឱ្យរាជាគ្រប់គ្រងគ្រប់គ្នាប្រជារាស្ត្រទ្រង់ដោយយុត្តិធម៌
សុចរិតផូរផង់វិសេសឥតហ្មងត្រឹមត្រូវតាមច្បាប់
១៤.ទ្រង់នឹងរំដោះពួកគេឱ្យរស់ពីពួកឧក្រិដ្ឋជនកាចសាហាវ
ពាលាទុច្ចរិតព្រោះតែជីវិតថ្លៃថ្លាក្រៃលែង
១៥.សូមឱ្យរាជាមានព្រះជន្មាយឺនយូរអង្វែងគេនឹងយកមាស
មកថ្វាយទ្រង់ផងអង្វរព្រះអង្គឥតមានឈប់ឈរ
១៧.សូមឱ្យរាជាមានព្រះនាមាល្បីល្បាញតទៅនាមព្រះករុណា
ស្ថិតស្ថេរគង់នៅដរាបរៀងទៅលើដីក្រោមមេឃ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៤,១៨

អលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់ចាត់ព្រះយេស៊ូ ជាអ្នកបម្រើរបស់ព្រះអង្គឱ្យយាងមកនាំដំណឹងល្អពីការសង្គ្រោះដល់ជនក្រីក្រ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៤,១៤-២២

ព្រះយេស៊ូយាងត្រឡប់ទៅស្រុកកាលីឡេវិញ ប្រកបដោយឫទ្ធានុភាពរបស់ព្រះវិញ្ញាណ។ ព្រះនាមព្រះអង្គឮល្បីល្បាញពេញតំបន់នោះ។ ព្រះអង្គបង្រៀនអ្នកស្រុកក្នុងធម្មសាលារបស់គេ។ គេលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គគ្រប់ៗគ្នា។

ព្រះយេស៊ូយាងទៅភូមិណាសារ៉ែត ជាភូមិដែលព្រះអង្គគង់នៅកាលពីកុមារ។ នៅថ្ងៃសប្ប័ទ ព្រះអង្គយាងទៅធម្មសាលាតាមទម្លាប់ព្រះអង្គ។ ព្រះអង្គក្រោកឈរឡើង ដើម្បីអានគម្ពីរ។ គេយកគម្ពីររបស់ព្យាការីអេសាយមកថ្វាយព្រះអង្គ ព្រះអង្គបើកគម្ពីរត្រង់អត្ថបទមួយដែលមានចែងថា៖«ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ។ ព្រះអង្គចាក់ប្រេងអភិសេកខ្ញុំ ឱ្យខ្ញុំនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ។ ព្រះអង្គចាត់ខ្ញុំឱ្យមកប្រកាសប្រាប់ជនជាប់ជាឈ្លើយថា គេនឹងមានសេរីភាព ហើយប្រាប់មនុស្សខ្វាក់ថា គេនឹងមើលឃើញវិញ។ ព្រះអង្គចាត់ខ្ញុំឱ្យមករំដោះអស់អ្នកដែលត្រូវគេសង្កត់សង្កិន ព្រមទាំងប្រកាសអំពីឆ្នាំដែលព្រះអម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណា”។

លុះអានចប់ហើយ ព្រះយេស៊ូបិទគម្ពីរប្រគល់ទៅអ្នកថែរក្សា រួចទ្រង់គង់ចុះវិញ។ មនុស្សគ្រប់ៗរូបនៅក្នុងធម្មសាលាសម្លឹងមើលព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ “សេចក្តីដែលមានចែងទុកក្នុងគម្ពីរ ដូចអ្នករាល់គ្នាទើបនឹងស្តាប់ បានកើតជារូបរាងនៅថ្ងៃនេះហើយ”។ ឮដូច្នេះ គេស្ងើចសរសើរព្រះយេស៊ូគ្រប់ៗគ្នា ទាំងនឹកឆ្ងល់អំពីព្រះបន្ទូលស្តីអំពីព្រះហឫទ័យប្រណីសន្តោស ដែលហូរចេញពីព្រះឱរសរបស់ព្រះអង្គ។

475 Views