ថ្ងៃសុក្រ ទី០៧ សប្ដាហ៍បុណ្យព្រះយេស៊ូប្រសូត

អត្ថបទព្រះគម្ពីរ
ថ្ងៃសុក្រ ទី០៧ ខែមករា

រដូវបុណ្យព្រះយេស៊ូប្រសូត
ពណ៌ស

ឬ សន្តរ៉ៃម៉ុង នៅពេញ៉ាហ្វរជាបូជាចារ្យ

សូមថ្លែងលិខិតទី ១ របស់គ្រីស្តទូតយ៉ូហាន ១យហ ៥,៥-១៣

ម្នាលកូនចៅជាទីស្រឡាញ់! តើនរណាអាចឈ្នះលោកីយ៍បាន? គឺអ្នកដែលជឿថា ព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់។ ព្រះយេស៊ូគ្រីស្តហ្នឹងហើយដែលបានយាង មកក្នុងលោកនេះដោយទឹក និងដោយលោហិត មិនត្រឹមតែដោយទឹកប៉ុណ្ណោះទេ គឺដោយទឹក និងដោយលោហិតផង។ ព្រះវិញ្ញាណផ្តល់សក្ខីភាពថា សេចក្តីនេះពិតជាត្រឹមត្រូវមែន ដ្បិតព្រះវិញ្ញាណជាសេចក្តីពិត។ មានបន្ទាល់បី គឺព្រះវិញ្ញាណ ទឹក និងលោហិត ហើយបន្ទាល់ទាំងបីនេះរួមគ្នាផ្តល់សក្ខីភាពតែមួយ។ ព្រះជាម្ចាស់បានផ្តល់សក្ខីភាពអំពីព្រះបុត្រារបស់ព្រះអង្គ។ យើងតែងតែទទួលស្គាល់សក្ខីភាពរបស់មនុស្ស រីឯសក្ខីភាពរបស់ព្រះជាម្ចាស់រឹងរឹតតែធំជាងនោះទៅទៀត។ អ្នកណាជឿលើព្រះបុត្រារបស់ព្រះជាម្ចាស់ អ្នកនោះមានសក្ខីភាពរបស់ព្រះអង្គនៅក្នុងខ្លួន អ្នកណាមិនជឿលើព្រះជាម្ចាស់ទេ អ្នកនោះចាត់ទុកថា ព្រះអង្គកុហកទៅវិញ ព្រោះគេមិនជឿលើសក្ខីភាពដែលព្រះជាម្ចាស់បានប្រទានមក ស្តីអំពីព្រះបុត្រារបស់ព្រះអង្គ។ រីឯសក្ខីភាពនោះមានដូចតទៅនេះ គឺព្រះជាម្ចាស់បានប្រទានជីវិតអស់កល្បជានិច្ចមកយើង ហើយ​ជិវិតនេះស្ថិតនៅក្នុងព្រះបុត្រារបស់ព្រះអង្គ។ អ្នកណាមានព្រះបុត្រា អ្នកនោះក៏មានជីវិតដែរ ហើយអ្នកណាគ្មានព្រះបុត្រារបស់ព្រះជាម្ចាស់ទេ អ្នកនោះគ្មានជីវិតនេះឡើយ។ ខ្ញុំសរសេរសេចក្តីនេះមកអ្នករាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាដែលជឿលើព្រះនាមព្រះបុត្រារបស់ព្រះជាម្ចាស់នោះ មានជីវិតអស់កល្បជានិច្ចហើយ។

ទំនុកតម្កើងលេខ ១៤៧ ,១២-១៥.១៩-២០ បទព្រហ្មគីតិ

១២.ក្រុងយេរូសាឡឹមកុំស្ងាត់ស្ងៀមនៅរេរង់
ព្រមទាំងក្រុងស៊ីយ៉ូនចូរត្រៀមខ្លួនថ្កើងព្រះម្ចាស់
១៣.ដ្បិតព្រះអង្គការពារអ្នករាល់គ្នាបានសុខណាស់
ទ្រង់ឱ្យពរដល់រាស្ត្រដែលរស់ពាសពេញទីក្រុង
១៤.ទ្រង់ប្រទានទឹកដីមានសេរីសុខត្រចង់
សន្តិភាពគ្រប់ជ្រុងស្រូវបំរុងច្រើនមហិមា
១៥.នៅលើផ្ទៃផែនដីស្រស់ប្រិមប្រីយ៍ទ្រង់បញ្ជា
ផ្សព្វផ្សាយគ្រប់ទិសាពីបញ្ជាព្រះអម្ចាស់
១៩.ទ្រង់សម្តែងឱ្យពូជលោកយ៉ាកុបស្តាប់បន្ទូល
ក្រឹត្យវិន័យនិមលឱ្យអ៊ីស្រាអែលបានដឹង
២០.ព្រះអង្គពុំបញ្ជាសព្វកិច្ចការអស់ទាំងហ្នឹង
ឱ្យជាតិសាសន៍ផ្សេងដឹងវិន័យទ្រង់នោះសោះឡើយ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៤,២៣

អលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូប្រកាសដំណឹងល្អស្តីអំពីព្រះរាជ្យ​ ព្រះអង្គប្រោសប្រជាជនរបស់ព្រះអង្គឱ្យជាសះស្បើយពីជំងឺរោគាព្យាធិ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៥,១២-១៦

ព្រះយេស៊ូគង់នៅក្នុងក្រុងមួយ ស្រាប់តែមនុស្សឃ្លង់ម្នាក់ឃើញព្រះអង្គ គាត់ចូលមករក ហើយក្រាបថ្វាយបង្គំ ឱនមុខដល់ដី ទូលព្រះអង្គថា៖«ព្រះអម្ចាស់! ប្រសិនបើព្រះ​អង្គសព្វព្រះហឫទ័យ ព្រះអង្គអាចប្រោសទូលបង្គំឱ្យបានជាស្អាតបរិសុទ្ធផង»។ ព្រះយេស៊ូលូកព្រះហស្តទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា ៖«ខ្ញុំយល់ព្រម ចូរឱ្យបានជាស្អាតបរិសុទ្ធចុះ»។ រំពេចនោះ មនុស្សឃ្លង់ក៏បានជាស្អាតបរិសុទ្ធភ្លាម។ ព្រះយេស៊ូមានព្រះបន្ទូលហាមគាត់ថា៖«កុំនិយាយប្រាប់នរណាឱ្យដឹងឮឡើយ! ផ្ទុយទៅវិញ ត្រូវទៅ​បង្ហាញខ្លួនឱ្យលោកបូជាចារ្យឃើញ ហើយថ្វាយតង្វាយដូចលោកម៉ូសេបានបង្គាប់ទុក ដើម្បីជាសក្ខីភាពបញ្ជាក់ថា អ្នកបានជាស្អាតបរិសុទ្ធហើយមែន»។

ព្រះកិត្តិនាមរបស់ព្រះយេស៊ូល្បីសុសសាយកាន់តែខ្លាំងឡើងៗ។ មហាជនជាច្រើនមកជុំគ្នាស្តាប់ព្រះអង្គ ព្រមទាំងសូមព្រះអង្គប្រោសខ្លួនឱ្យបានជាពីជំងឺផ្សេងៗផង។ រីឯ ព្រះយេស៊ូវិញ ព្រះអង្គយាងទៅទីស្ងាត់ដើម្បីអធិដ្ឋាន។

355 Views