ថ្ងៃទី២៨ ថ្ងៃគោរពទារកគ្មានទោស
អត្ថបទព្រះគម្ពីរ
ថ្ងៃទី២៨ ខែធ្នូ
ពណ៌ក្រហម
បុណ្យគោរព
ក្មេងដ៏ស្លូតត្រង់ជាមរណសាក្សី
ព្រះយេស៊ូយាងមកប្រទានជីវិតដ៏ពេញលេញឱ្យមនុស្សលោក ប៉ុន្តែ នៅពេលព្រះអង្គប្រសូតមក ព្រះបាទហេរ៉ូដសម្លាប់ទារកជាច្រើន! ការនេះបង្ហាញឱ្យដឹងថា ចិត្តលោភលន់របស់អ្នកបាបបណ្តាលឱ្យមានសេចក្តីស្លាប់ ដូចជនជាតិយូដាធ្វើគុតព្រះយេស៊ូនៅពេលក្រោយ។ តែទោះជាយ៉ាងណាក៏ដោយ ក៏ព្រះហឫទ័យមេត្តាករុណារបស់ព្រះជាម្ចាស់ នៅតែឈ្នះអំពើឃោរឃៅរបស់មនុស្សបាប។ ព្រះអង្គសង្គ្រោះមនុស្សទាំងអស់ ព្រមទាំងប្រទានជីវិតយ៉ាងបរិបូណ៌ឱ្យគេផង។ ព្រះយេស៊ូសង្គ្រោះមនុស្សលោកដោយមិនគិតពីបុណ្យរបស់គេទេ ដូចទ្រង់មិនបានរាប់បុណ្យទារកទាំងនោះដែរ។
អត្ថបទទី១៖ សូមថ្លែងលិខិតទី១ របស់គ្រីស្តទូតយ៉ូហាន ១យហ ១,៥-២,២
ដំណឹងដែលយើងបានឮពីព្រះយេស៊ូគ្រីស្ត ហើយដែលយើងយកមកជម្រាបជូនបងប្អូននេះ មានសេចក្តីដូចតទៅ៖«ព្រះជាម្ចាស់ជាពន្លឺ គ្មានភាពងងឹតនៅក្នុងព្រះអង្គទាល់តែសោះ ប្រសិនបើយើងពោលថា យើងរួមរស់ជាមួយព្រះអង្គ តែយើងបែរជារស់ក្នុងភាពងងឹតទៅវិញនោះ យើងនិយាយកុហកហើយ គឺយើងមិនប្រតិបត្តិតាមសេចក្តីពិតទេ។ ផ្ទុយទៅវិញ ប្រសិនបើយើងរស់ក្នុងពន្លឺដូចព្រះអង្គផ្ទាល់ដែលគង់នៅក្នុងពន្លឺនោះ យើងនឹងបានរួមរស់ជាមួយគ្នាទៅវិញទៅមក ហើយព្រះលោហិតរបស់ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះអង្គ ជម្រះយើងឱ្យបានបរិសុទ្ធ រួចពីគ្រប់អំពើបាបទាំងអស់។
ប្រសិនបើយើងពោលថា យើងគ្មានបាបសោះនោះ យើងបញ្ឆោតខ្លួនឯង ហើយសេចក្តីពិតក៏មិនស្ថិតនៅក្នុងយើងដែរ។ ផ្ទុយទៅវិញ បើយើងទទួលសារភាពអំពើបាបរបស់យើងនោះព្រះជាម្ចាស់ដែលមានព្រះហឫទ័យស្មោះត្រង់ និងសុចរិត ទ្រង់នឹងអត់ទោសយើងឱ្យរួចពីបាប ព្រមទាំងជម្រះយើងឱ្យបានបរិសុទ្ធរួចពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។ ប្រសិនបើយើងពោលថា យើងគ្មានបាបសោះនោះ ដូចជាយើងចោទថាព្រះជាម្ចាស់កុហកទៅវិញ ហើយព្រះបន្ទូលរបស់ព្រះអង្គមិនស្ថិតនៅក្នុងខ្លួនយើងទេ។
ម្នាលកូនចៅទាំងឡាយអើយ! ខ្ញុំសរសេរសេចក្តីទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឱ្យអ្នករាល់គ្នាប្រព្រឹត្តអំពើបាប។ ប៉ុន្តែ ប្រសិនបើមាននរណាម្នាក់ប្រព្រឹត្តអំពើបាប យើងមានព្រះមួយព្រះអង្គដែលគង់នៅទល់ព្រះភក្ត្រព្រះបិតា ជួយការពារ គឺព្រះយេស៊ូគ្រីស្តដ៏សុចរិត។ ព្រះអង្គបានបូជាព្រះជន្មដើម្បីលោះយើងឱ្យរួចពីបាប។ ព្រះអង្គមិនត្រឹមតែលោះយើងប៉ុណ្ណោះទេ គឺថែមទាំងលោះមនុស្សលោកទាំងមូលផងដែរ។
ទំនុកតម្កើងលេខ ១២៤ (១២៣), ១-៨ បទពាក្យ ៧
១. | ប្រសិនបើគ្មានព្រះអម្ចាស់ | មិនជួយសន្តោសគាំទ្រទេ |
សូមអ៊ីស្រាអែលពោលហូរហែរ | ពោលកុំទំនេរទាំងអស់គ្នា ។ | |
២. | ប្រសិនបើគ្មានព្រះអម្ចាស់ | នៅខាងយើងនោះគ្រប់វេលា |
ពេលណាសត្រូវលើកគ្នីគ្នា | សម្រុកពុះពារវាយលើយើង ។ | |
៣. | ពេលណាគេមានកំហឹងខ្លាំង | គេមកប្រឆាំងយើងនឹងប៉ើង |
គេនឹងត្របាក់លេបដូចភ្លើង | មិនឱ្យពួកយើងសុខសាន្តឡើយ។ | |
៤. | យើងនឹងលេចលង់ក្នុងសមុទ្រ | ភិតភ័យតក់ស្លុកឥតមានស្បើយ |
ទឹកហូរនាំយើងគ្មានកោះត្រើយ | ទៅកាន់ទីឆ្ងាយគ្មានគោលដៅ ។ | |
៥. | ពេលយើងកំពុងអស់កម្លាំង | មានទឹកកួចខ្លាំងពន្លិចទៅ |
ដល់បាតជលសាដ៏សែនជ្រៅ | ជីវិតយើងត្រូវលង់ក្សិណក្ស័យ ។ | |
៦. | សូមលើកតម្កើងព្រះអម្ចាស់ | ដ្បិតទ្រង់ជាព្រះមានបារមី |
ទ្រង់ពុំប្រគល់យើងក្នុងដៃ | ធ្វើរំពានៃពួកនោះឡើយ ។ | |
៧. | យើងរួចជីវិតដូចបក្សី | គេចផុតពីដៃព្រានព្រៃហើយ |
គឺលប់ធ្លុះធ្លាយគ្មានសល់ឡើយ | យើងបានធូរស្បើយរស់ជីវ៉ា ។ | |
៨. | ព្រះអម្ចាស់បានសង្គ្រោះយើង | ដោយព្រះនាមថ្កើងមានចេស្តា |
គឺព្រះអង្គដែលមានមេត្តា | បង្កើតវេហានិងផែនដី ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះជាម្ចាស់! យើងខ្ញុំសូមលើកតម្កើងព្រះអង្គ! ទារកដែលព្រះបាទហេរ៉ូដពិឃាត
ធ្វើសាក្សីថ្វាយព្រះអង្គ។ យើងខ្ញុំសូមប្រកាសថា ព្រះអង្គពិតជាព្រះអម្ចាស់!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២,១៣-១៨
កាលពួកហោរាចារ្យចាកចេញពីភូមិបេថ្លេហឹមផុតទៅ ទេវទូតរបស់ព្រះអម្ចាស់មកប្រាប់លោកយ៉ូសែបក្នុងសុបិននិមិត្តថា៖«ចូរក្រោកឡើង! នាំព្រះឱរស និងមាតារបស់ព្រះអង្គរត់ទៅស្រុកអេស៊ីប។ ចូរស្នាក់នៅស្រុកនោះ រហូតដល់ពេលយើងប្រាប់ម្តងទៀត ដ្បិតស្តេចហេរ៉ូដរកធ្វើគុតព្រះឱរស»។
លោកយ៉ូសែបក្រោកឡើងនាំព្រះឱរស និងមាតារបស់ព្រះអង្គរត់ភៀសខ្លួនទៅស្រុកអេស៊ីបទាំងយប់។ គាត់ស្នាក់នៅទីនោះ រហូតដល់ព្រះបាទហេរ៉ូដសោយទិវង្គត ដើម្បីឱ្យសេចក្តីដែលព្រះអម្ចាស់មានព្រះបន្ទូលដោយសារព្យាការីបានសម្រេចជារូបរាងថា៖ «យើងបានហៅបុត្រយើងចេញពីស្រុកអេស៊ីបមក»។
ព្រះបាទហេរ៉ូដយល់ថា ពួកហោរាចារ្យបានបំបាក់មុខស្តេច។ ដូច្នេះ ទ្រង់ព្រះពិរោធ ហើយចេញបញ្ជាឱ្យគេសម្លាប់ក្មេងប្រុសៗទាំងអស់ ដែលមានអាយុពីពីរខួបចុះមក នៅភូមិបេថ្លេហិម និងភូមិខាងជើង គឺគិតចាប់តាំងពីពេលកំណត់ដែលទ្រង់បានសួរបញ្ជាក់ពួកហោរាចារ្យ។ ហេតុការណ៍នេះកើតមានឡើង ដើម្បីឱ្យសេចក្តីដែលព្រះជាម្ចាស់មានព្រះបន្ទូលដោយសារព្យាការីយេរេមី បានសម្រេចជារូបរាងថា៖«មានសំឡេងមួយលាន់ឮពីភូមិរ៉ាម៉ាមក ជាទំនួញសោកសៅ គឺនាងរ៉ាខែលយំសោកអាណិតកូននាង មិនព្រមឱ្យនរណាសម្រាលទុក្ខនាងឡើយ ព្រោះកូននាងបាត់បង់ជីវិតអស់ទៅហើយ”។