ថ្ងៃសៅរ៍ ទី០៨ សប្ដាហ៍បុណ្យព្រះយេស៊ូប្រសូត
អត្ថបទព្រះគម្ពីរ
ថ្ងៃសៅរ៍ ទី០៨ ខែមករា
រដូវបុណ្យព្រះយេស៊ូប្រសូត
ពណ៌ស
សូមថ្លែងលិខិតទី ១ របស់គ្រីស្តទូតយ៉ូហាន ១យហ ៥,១៤-២១
មា្នលកូនចៅជាទីស្រឡាញ់! យើងមានចិត្តរឹងប៉ឹងនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ដោយ ដឹងថា ប្រសិនបើយើងទូលសុំអ្វីស្របតាមព្រះហឫទ័យរបស់ព្រះអង្គ នោះទ្រង់នឹងព្រះសណ្តាប់យើងជាមិនខាន។ បើយើងដឹងថា ព្រះអង្គទ្រង់ព្រះសណ្តាប់យើង ទោះបីយើងទូលសុំអ្វីពីព្រះអង្គក៏ដោយ យើងដឹងថា យើងបានទទួលអ្វីៗដែលយើងទូលសុំនោះរួចហើយ។ ប្រសិនបើអ្នកណាម្នាក់ឃើញបងប្អូនប្រព្រឹត្តអំពើបាបដែលមិនបណ្តាលឱ្យស្លាប់ ត្រូវតែទូលអង្វរព្រះជាម្ចាស់ ហើយព្រះអង្គនឹងប្រទានជីវិតឱ្យបងប្អូននោះ។ ខ្ញុំនិយាយតែពីអំពើបាបដែលមិនបណ្តោយឱ្យស្លាប់ប៉ុណ្ណោះ។ មានអំពើបាបម្យ៉ាងដែល បណ្តាលឱ្យស្លាប់ ចំពោះអំពើបាបនោះ ខ្ញុំមិនសុំឱ្យទូលអង្វរទេ។ អំពើទុច្ចរិតទាំងប៉ុន្មាន សុទ្ធតែជាអំពើបាបទាំងអស់ ប៉ុន្តែ មានអំពើបាបខ្លះមិនបណ្តាលឱ្យស្លាប់ទេ។
យើងដឹងហើយថា អ្នកកើតមកពីព្រះជាម្ចាស់មិនប្រព្រឹត្តអំពើបាបឡើយ ដ្បិតព្រះបុត្រាដែលកើតពីព្រះជាម្ចាស់មក ទ្រង់ការពារអ្នកនោះ ហើយមារកំណាចពុំអាចយាយីគេបានឡើយ។ យើងដឹងថា យើងកើតមកព្រះជាម្ចាស់ រីឯមនុស្សក្នុងលោកទាំងមូលស្ថិតនៅក្រោមអំណាចរបស់មារកំណាច។ យើងក៏ដឹងដែរថា ព្រះបុត្រារបស់ព្រះជាម្ចាស់បានយាងមក ទ្រង់ប្រទានប្រាជ្ញាឱ្យយើងស្គាល់ព្រះដ៏ពិតប្រាកដ ហើយយើងក៏ស្ថិតនៅក្នុងព្រះដ៏ពិតប្រាកដ ដោយរួមក្នុងអង្គព្រះគ្រីស្តជាព្រះបុត្រារបស់ព្រះអង្គ គឺព្រះអង្គហ្នឹងហើយ ដែលជាព្រះជាម្ចាស់ដ៏ពិតប្រាកដ ព្រះអង្គជាជីវិតអស់កល្បជានិច្ច។ កូនចៅអើយ! ចូរចៀសឱ្យផុតពីការគោរពព្រះក្លែងក្លាយ។
ទំនុកតម្កើងលេខ ១៤៩, ១-៦ បទកាកគតិ
១. | ចូរច្រៀងបទថ្មី | ថ្វាយព្រះម្ចាស់ថ្លៃ | ប្រសើរកន្លង | ចូរច្រៀងតម្កើង |
ព្រះនាមព្រះអង្គ | ក្នុងចំណោមផង | អ្នកដែលជឿព្រះ | ។ | |
២. | ចូរឱ្យជនជាតិ | ស្រាអែលខ្មីឃ្មាត | រីករាយទាំងអស់ | ដោយសារព្រះអង្គ |
បានបង្កើតមនុស្ស | ទាំងស្រីទាំងប្រុស | ពាសពេញផែនដី | ។ | |
សូមប្រជាជន | ក្នុងក្រុងស៊ីយ៉ូន | អបអរប្រពៃ | នឹងព្រះមហាក្សត្រ | |
គ្រងលើផែនដី | ជាស្តេចល្បាញល្បី | របស់ផងខ្លួន | ។ | |
៣. | សូមនាំគ្នារាំ | ថ្វាយព្រះឧត្តម | កុំវេះគេចពួន | តម្កើងព្រះនាម |
ឱ្យបានសមសួន | វាយក្រាប់ផ្ទួនៗ | ទាំងដេញពិណថ្វាយ | ។ | |
៤. | ដ្បិតព្រះអម្ចាស់ | សព្វព្រះទ័យណាស់ | នឹងរាស្ត្រទាំងឡាយ | ទ្រង់តែងសង្គ្រោះ |
ដឹកនាំត្រួសត្រាយ | ហើយតែងខ្វល់ខ្វាយ | ជួយអ្នកទន់ទាប | ។ | |
៥. | សូមឱ្យអស់អ្នក | សង្ឃឹមជឿជាក់ | លើព្រះដរាប | នាំគ្នាសប្បាយ |
ប្រសើរលើសលប់ | តម្កើងសាយសព្វ | សិរីព្រះម្ចាស់ | ។ | |
ទោះជាពេលយប់ | ក៏គេមិនឈប់ | គេនៅប្រកាស | ទាំងលើកតម្កើង | |
សិរីព្រះម្ចាស់ | ឱ្យបានខ្ពង់ខ្ពស់ | ទាំងអំណរផង | ។ | |
៦. | សូមទាំងអស់គ្នា | សរសើរគ្រប់គ្រា | កុំបីរំលង | មាត់ពោលពាក្យល្អ |
ដៃកាន់ដាវផង | ទុក្ខសោកមួរហ្មង | វិនាសខ្ចាត់ខ្ចាយ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម អស ៩,១; មថ ៤,១៦
អលេលូយ៉ា! អាលេលូយ៉ា!
ប្រជាជនដែលដើរក្នុងទីងងឹតបានឃើញពន្លឺមួយភ្លឺយ៉ាងត្រចះត្រចង់។ មានពន្លឺមួយលេចឡើង
បំភ្លឺពួកដែលរស់នៅក្នុងស្រុក ក្រោមអំណាចនៃសេចក្តីស្លាប់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៣,២២-៣០
ព្រះយេស៊ូយាងទៅស្រុកយូដាជាមួយក្រុមសាវ័ក។ ព្រះអង្គស្នាក់នៅទីនោះជាមួយពួកគេ ព្រមទាំងជ្រមុជទឹកឱ្យបណ្តាជនផង។ រីឯលោកយ៉ូហានវិញ លោកក៏ជ្រមុជទឹកឱ្យគេនៅអៃណូន ក្បែរភូមិសាលីមដែរ ព្រោះនៅទីនោះមានទឹកច្រើន។ មនុស្សម្នានាំគ្នាមករកលោក ហើយលោកជ្រមុជទឹកឱ្យ។ កាលណោះ លោកយ៉ូហានមិនទាន់ជាប់ឃុំឃាំងនៅឡើយទេ។ ពេលនោះ ពួកសិស្សរបស់លោកយ៉ូហាន និងជនជាតិយូដាម្នាក់ ជជែកគ្នាអំពីពិធីជម្រះកាយឱ្យបានបរិសុទ្ធ។ គេនាំគ្នាទៅរកលោកយ៉ូហានជំរាបថា៖“លោកគ្រូ! បុរសដែលនៅជាមួយលោកខាងនាយទន្លេយ័រដាន់ កាលពីថ្ងៃមុន ហើយដែលលោកផ្តល់សក្ខីភាពឱ្យនោះ ឥឡូវនេះ គាត់កំពុងតែជ្រមុជទឹកឱ្យគេ ហើយមនុស្សទាំងអស់នាំគ្នាទៅរកគាត់”។ លោកយ៉ូហានមានប្រសាសន៍តបទៅគេថា៖«បើព្រះជាម្ចាស់មិនប្រទានឱ្យទេនោះ គ្មាននរណាម្នាក់អាចធ្វើអ្វីកើតឡើយ។ អ្នករាល់គ្នាជាបន្ទាល់ស្រាប់ហើយ ខ្ញុំនិយាយថា ខ្ញុំមិនមែនជាព្រះគ្រីស្តទេ គឺព្រះជាម្ចាស់ចាត់ខ្ញុំឱ្យមកមុនព្រះអង្គ។ នៅក្នុងពិធីមង្គលការកូនក្រមុំរៀបការនឹងអ្នកណា អ្នកនោះហើយជាស្វាមី។ រីឯមិត្តសម្លាញ់របស់ស្វាមីគេឈរស្តាប់នៅក្បែរគាត់ និងមានចិត្តត្រេកអរក្រៃលែង ដោយបានឮសំឡេងរបស់គាត់។ ខ្ញុំក៏ពោរពេញដោយអំណរដូច្នោះដែរ។ ព្រះអង្គត្រូវតែចម្រើនឡើង រីឯខ្ញុំវិញខ្ញុំត្រូវតែអន់ថយ»។