ថ្ងៃសុក្រ-អាទិត្យទី០៣-អបអរសាទរ

អត្ថបទព្រះគម្ពីរ
ថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១
អាទិត្យទី០៣ រដូវអបអរសាទរ
ពណ៌ស្វាយ

អត្ថបទទី
សូមថ្លែងព្រះគម្ពីរកំណើត កណ ៤៩,១-២.៨-១០

លោក​យ៉ាកុប​ហៅ​កូនៗ​ឱ្យ​មក​ជុំ​គ្នា ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​មក​ជួប‌ជុំ​គ្នា ពុក​នឹង​ប្រាប់​ឱ្យកូនៗ​ដឹង​អំពី​ហេតុ‌ការណ៍ដែល​ត្រូវ​កើត​មាន​ដល់​កូនៗ​ក្នុង​ពេល​អនាគត។កូន​ចៅ​របស់​យ៉ាកុប​អើយ! ចូរ​មក​ជួប‌ជុំ​គ្នា ហើយ​ស្តាប់ ចូរ​ស្តាប់​អ៊ីស្រា‌អែល​ជា​ឪពុក។ យូដា​អើយ បង‌ប្អូន​កូន​នឹង​លើក​តម្កើង​កូន​ឡើងកូន​នឹង​មាន​អំណាច​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​កូន បង‌ប្អូន​បង្កើត​របស់​កូន​នឹង​ក្រាប​ថ្វាយ‌បង្គំ​កូន។ យូដា​កូន​អើយ កូន​ប្រៀប​បាន​នឹង​សត្វសិង្ហ​ស្ទាវ ដែល​វិល​មក​ពី​ចាប់​សត្វ​ស៊ី ពេល​សិង្ហ​ស្ទាវ​នេះ​ក្រាប​ក្តី ដេក​ក្តី វា​មាន​ប្ញទ្ធិ​ដូច​សិង្ហ​ឈ្មោល និង​សិង្ហ​ញីគ្មាន​នរណា​ហ៊ាន​ដាស់​ទេ។ ព្រះ‌ខ័ន‌រាជ្យ​នឹង​មិន​ចាក​ចេញ​ពី​យូដា​ឡើយ ពូជ‌ពង្ស​យូដា​នឹង​គ្រង​រាជ្យ​ជា‌និច្ចរហូត​ទាល់​តែ​ព្រះ​មហា‌ក្សត្រដែល​ជា​ម្ចាស់​នៃ​ព្រះ‌ខ័ន​រាជ្យ​នេះ​យាង​មក​ដល់ ហើយ​ប្រជា‌រាស្ត្រ​នានា​ត្រូវ​តែ​ចុះ​ចូលនឹង​ព្រះ‌អង្គ។

ទំនុកតម្កើងលេខ ៧២,១-៤.៧-៨.១៧ បទកាកគតិ

១.ព្រះជាម្ចាស់អើយសូមប្រទានឱ្យរាជ្យបុត្រនេះចេះ
វិនិច្ឆ័យក្តីតាមព្រះតម្រិះសុចរិតវិសេស
របស់ព្រះអង្គ ។
២.សូមឱ្យរាជាគ្រប់គ្រងគ្រប់គ្នាប្រជារាស្ត្រទ្រង់
ដោយយុត្តិធម៌សុចរិតផូរផង់វិសេសឥតហ្មង
ត្រឹមត្រូវតាមច្បាប់ ។
៣.សូមឱ្យអស់ភ្នំទាំងតូចទាំងធំផ្តល់ផលគួរគាប់
សម្បូរសប្បាយឱ្យបានសព្វគ្រប់នាំមកស្រោចស្រព
ក្តីសុចរិតផង ។
៤.សូមរាជារកយុត្តិធម៌មកកុំបីមានហ្មង
ដល់ជនក្រីក្រកម្សត់ទាំងពួងហើយកម្ទេចផង
អ្នកដែលជិះជាន់ ។
៧.សូមឱ្យសេចក្តីសុចរិតថ្លាថ្លៃចម្រើនខ្ពង់ខ្ពស់
នៅក្នុងរជ្ជកាលរាជាអង្គនោះកុំបីមានទាស់
សុខសាន្តតទៅ ។
៨.សូមព្រះរាជាគ្រប់គ្រងកុំរាកុំឱ្យហ្មងសៅ
ពីសមុទ្រមួយមិនបង្អង់នៅរហូតដល់ទៅ
ស្រុកដាច់ស្រយាល ។
១៧.សូមឱ្យរាជាមានព្រះនាមាល្បីល្បាញត​ទៅ
នាមព្រះករុណាស្ថិតស្ថេរគង់នៅដរាបរៀងទៅ
លើដីក្រោមមេឃ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អលេលូយ៉ា! អាលេលូយ៉ា!
ឱ! ព្រះប្រាជ្ញាញាណរបស់ព្រះដ៏ខ្ពង់ខ្ពស់! សូមយាងមក! ព្រះអង្គគ្រប់គ្រងពិភពទាំងមូល! សូមបង្រៀនយើងខ្ញុំឱ្យស្គាល់មាគ៌ានៃសេចក្តីពិត!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១,១-១៧

នេះជាបញ្ជីរាយនាមព្រះអយ្យកោរបស់ព្រះយេស៊ូគ្រីស្ត ជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ និងជាពូជពង្សរបស់លោកអប្រាហាំ។ លោកអប្រាហាំបង្កើតលោកអ៊ីសាក លោកអ៊ីសាកបង្កើតលោកយ៉ាកុប លោកយ៉ាកុបបង្កើតលោកយូដា និងបងប្អូនរបស់លោក លោកយូដា និងនាងថាម៉ារបង្កើតផារេស និងសារ៉ា ផារេសបង្កើតហេតស្រូម ហេតស្រូម បង្កើតអរ៉ាម អរ៉ាមបង្កើតអមីណាដាប់ អមីណាដាប់បង្កើតណាសូន ណាសូនបង្កើតសាលម៉ូន សាលម៉ូន និងនាងរ៉ាហាបបង្កើតលោកបូអូស លោកបូអូស និងនាងរ៉ូថបង្កើតលោកអូបេដ លោកអូបេដបង្កើតលោកយេសាយ លោកយេសាយបង្កើតព្រះបាទដាវីឌ។

ព្រះបាទដាវីឌ និងភរិយារបស់លោកអ៊ូរីបង្កើតព្រះបាទសាឡូម៉ូន ព្រះបាទសាឡូម៉ូន បង្កើតស្តេចរ៉ូបោម ស្តេចរ៉ូបោមបង្កើតស្តេចអប៊ីយ៉ា ស្តេចអប៊ីយ៉ាបង្កើតស្តេចអសាភ ស្តេចអសាភបង្កើតស្តេចយ៉ូសាផាត ស្តេចយ៉ូសាផាតបង្កើតស្តេចយូរ៉ាម ស្តេចយ៉ូរ៉ាមបង្កើតស្តេចអូស៊ីយ៉ា ស្តេចអូស៊ីយ៉ាបង្កើតស្តេចយ៉ូថាម ស្តេចយ៉ូថាមបង្កើតស្តេចអខាស ស្តេចអខាសបង្កើតស្តេចអេសេគីយ៉ា ស្តេចអេសេគីយ៉ាបង្កើតស្តេចម៉ាណាសេ ស្តេចម៉ាណាសេបង្កើតស្តេចអរម៉ូន ស្តេចអរម៉ូនបង្កើតស្តេចយ៉ូស៊ីយ៉ា ស្តេចយ៉ូស៊ីយ៉ាបង្កើតស្តេចយេកូនីយ៉ា និងអនុជ​របស់ព្រះអង្គ នៅគ្រាដែលគេកៀរជនជាតិអ៊ីស្រាអែលយកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន។

ក្រោយគ្រាដែលគេកៀរជនជាតុអ៊ីស្រាអែល យកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន ស្តេចយេកូនីយ៉ាបង្កើតសាឡាធីអែល សាឡាធីអែលបង្កើតសូរ៉ូបាបែល សូរ៉ូបាបែលបង្កើតអប៊ីយូដ អប៊ីបង្កើតអេលីយ៉ាគីម អេលីយ៉ាគីមបង្កើតអស៊រ អស៊របង្កើតសាដុក សាដុកបង្កើតអគីម អគីមបង្កើតអេលីយូដ អេលីយូដបង្កើតអេឡាសារ អេឡាសារបង្កើតម៉ាថាន ម៉ាថានបង្កើតយ៉ាកុប យ៉ាកុបបង្កើតលោកយ៉ូសែបជាស្វាមីរបស់នាងម៉ារី ដែលបង្កើតព្រះយេស៊ូ ហៅថា “ព្រះគ្រីស្ត”។

ដូច្នេះ ចាប់ពីលោកអប្រាហាំមកទល់ព្រះបាទដាវីឌ មានដប់បួនតំណ។ ចាប់ពីព្រះបាទដាវីឌ មកទល់នឹងគ្រាដែលគេកៀរជនជាតិអ៊ីស្រាអែលយកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន មានដប់បួនតំណ ហើយចាប់ពីគ្រាដែលគេកៀរជនជាតិអ៊ីស្រាអែលយកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូនមកទល់ព្រះគ្រីស្ត ក៏មានដប់បួរតំណរដែរ។

377 Views