ថ្ងៃទី១៦ ខែធ្នូ ជនដ៏មានសុភមង្គលទាំង៧

អត្ថបទព្រះគម្ពីរ
ពណ៌ក្រហម
បុណ្យរម្លឹក

ជនដ៏មានសុភមង្គលទាំង ៧
នៅប្រទេសថៃ ជាមរណសាក្សី

នៅប្រទេសថៃសម័យនោះ គ្រីស្តបរិស័ទរងការបៀតបៀនយ៉ាងខ្លាំងពីអាជ្ញាធរ។ គេហាមលោកគ្រូស៊ីផន អាយុ ២៣ឆ្នាំ មិនឱ្យអប់រំជំនឿជាដាច់ខាត ព្រមទាំងបង្ខំគាត់ឱ្យបោះបង់ជំនឿចោលទៀតផង។ ប៉ុន្តែ គាត់មិនព្រមធ្វើតាមទេ ដូច្នេះហើយ គេក៏សម្លាប់គាត់នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ១៩៤០។

នៅភូមិមួយទៀត ប៉ូលីសចាប់ដូនជី ២នាក់ គឺបងស្រី អាញ៉ែស និងបងស្រី លូស៊ី ឱ្យបោះបង់ចោលព្រះជាម្ចាស់ តែគាត់មិនព្រមធ្វើតាមទេ។ ប៉ូលីសខឹងណាស់ ក៏នាំបងស្រីពីរនាក់ទៅសម្លាប់នៅឯដីព្រះពរ (ដីរបស់ព្រះសហគមន៍ សម្រាប់កប់សពគ្រីស្តបរិស័ទ)។ ពេលនោះបងប្អូនឯទៀតៗក៏សុខចិត្តលះបង់ជិវិតរួមជាមួយបងស្រីដែរ។

ប៉ូលីសបាញ់ប្រហែល ២០គ្រាប់ រួចគេក៏ត្រឡប់ទៅវិញភ្លាម។ ភ្លាមនោះ អ្នកភូមិក៏ទៅជួយជីករណ្តៅសម្រាប់កប់សពទាំងប្រាំមួយនាក់នោះ គឺ៖ ១.បងស្រីអាញ៉ែស ភីឡា ៣១ឆ្នាំ ២.បងស្រីលូស៊ី ខាំបាង ២៣ឆ្នាំ ៣.អាកាថា ភុតថា ៥៩ឆ្នាំ ៤.សេស៊ីលីយ៉ា = ប៊ុតស៊ីវ៉ង់ ១៦ឆ្នាំ ៥. ប៉ីប៉ីអាណាអាំផៃ វ៉ង់វ៉ៃ ១៥ឆ្នាំ ៦. ម៉ារី ផន រ៉ង់វ៉ៃ ១៤ឆ្នាំ។

អត្ថបទទី
សូមថ្លែងព្រះគម្ពីរព្រះប្រាជ្ញាញាណ ប្រាញ ៣, ១-៩ ឬ រម ៨,៣១-៣៩

មនុស្ស​សុចរិត​ស្ថិត​នៅ​ក្នុង​ព្រះ‌ហស្ត​របស់​ព្រះ‌ជាម្ចាស់ គេ​នឹង​មិន​ជួប​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ។ អ្នក​ឆោត​ល្ងង់​ស្មាន​ថា មនុស្ស​សុចរិត​បាត់​បង់​ជីវិត ហើយ​យល់​ថា​ការ​លា​ចាក​លោក​នេះ ជា​មហន្ត‌រាយ​របស់​មនុស្ស​សុចរិត។ គេ​ស្មាន​ទៀត​ថា ពេល​ឃ្លាត​ឆ្ងាយ​ពី​លោក​យើង​នេះ មនុស្ស​សុចរិត​វិនាស​សាប​សូន្យ។ ប៉ុន្តែ តាម​ពិត​មនុស្ស​សុចរិត​ស្ថិត​នៅ​ក្នុង​សេចក្តី​សុខ​សាន្ត។ តាម​ការ​យល់​ឃើញ​របស់​មនុស្ស​ធម្មតា អ្នក​សុចរិត​ទាំង​នោះ​បាន​រង​ទុក្ខ​ទោស​មែន តែ​ពួក​គេ​មាន​សង្ឃឹម​យ៉ាង​មោះ​មុត​ថា នឹង​ទទួល​ជីវិត​អមតៈ។ ព្រះ‌ជាម្ចាស់​វាយ​ប្រដៅ​ពួក​គេ​តែ​បន្តិច​ទេ តែ​ពួក​គេ​នឹង​ទទួល​សុភមង្គល​ដ៏​បរិបូណ៌។ ព្រះ‌ជាម្ចាស់​ល្បង​ល​ពួក​គេ ហើយ​ឈ្វេង​យល់​ថា​ពួក​គេ​ពិត​ជា​សម​នៅ​ជា​មួយ​ព្រះ‌អង្គ។ ព្រះ‌អង្គ​បន្សុទ្ធ​ពួក​គេ​ដូច​ជាង​បន្សុទ្ធ​មាស​ក្នុង​ឡ ព្រះ‌អង្គ​ទទួល​ពួក​គេ ដូច​ទទួល​តង្វាយ​ដុតទាំង​មូល។ លុះ​ដល់​ពេល​កំណត់ដែល​ព្រះ‌អង្គ​យាង​មក​វិនិច្ឆ័យ​ទោស​មនុស្ស​លោក ពួក​គេ​នឹង​ភ្លឺ​ដូច​អណ្តាត​ភ្លើង​ឆាប​ឆេះ​ជញ្រ្ជាំង។ ពួក​គេ​នឹង​វិនិច្ឆ័យ​ទោស​ប្រជា‌ជាតិ​នានា ហើយ​គ្រប់​គ្រង​លើ​ជាតិ​សាសន៍​ជា​ច្រើន។ ព្រះ‌អម្ចាស់​នឹង​គ្រង​រាជ្យ​លើ​ពួក​គេ​អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​ព្រះ‌អម្ចាស់​នឹង​យល់​ថា គម្រោង‌ការ​របស់​ព្រះ‌អង្គ​ពិត​ជា​ត្រឹម​ត្រូវ ហើយ​អស់​អ្នក​ដែល​ជឿ​ព្រះ‌អង្គ​នឹង​រួម​រស់​ជា​មួយ​ព្រះ‌អង្គ​ក្នុង​សេចក្តី​ស្រឡាញ់។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌ហឫទ័យ​ប្រណី​សន្តោស និង​មេត្តា​ករុណាចំពោះ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស។

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងរ៉ូម រម ៨,៣១-៣៩

បើ​ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច​ទៀត​អំពី​សេចក្ដី​ទាំង​នេះ? ប្រសិន​បើ​ព្រះ‌ជាម្ចាស់​កាន់​ខាង​យើង​ហើយ តើ​នរណា​អាច​នឹង​ចោទ​ប្រកាន់​យើង​បាន? ព្រះ‌អង្គ​ពុំ​បាន​ទុក​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​ផ្ទាល់​ទេ គឺ​ព្រះ‌អង្គ​បាន​បញ្ជូន​ព្រះ‌បុត្រា​នោះ​មក​សម្រាប់​យើង​ទាំង​អស់​គ្នា បើ​ដូច្នេះ ព្រះ‌អង្គ​មុខ​ជា​ប្រណី‌សន្ដោស​ប្រទាន​អ្វីៗ​ទាំង​អស់មក​យើង រួម​ជា​មួយ​ព្រះ‌បុត្រា​នោះ​ដែរ។ តើ​នរណា​អាច​ចោទ​ប្រកាន់​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស បើ​ព្រះ‌អង្គ​ប្រោស​គេឱ្យ​សុចរិត​ហើយ​នោះ? តើ​នរណា​អាច​ដាក់​ទោស​គេ​បាន បើ​ព្រះ‌គ្រីស្ដ‌យេស៊ូ​បាន​សោយ​ទិវង្គត ហើយ​ជា​ពិសេស​ព្រះ‌អង្គមាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ គង់​នៅ​ខាង​ស្ដាំ​ព្រះ‌បិតា និង​ទូល‌អង្វរ​ឱ្យ​យើង​ដូច្នេះ? តើ​នរណា​អាច​បំបែក​យើង​ចេញ​ពី​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ដ​បាន? ទុក្ខ​វេទនា ឬ​ការ​តប់‌ប្រមល់ អន្ទះ‌អន្ទែង ការ​បៀត‌បៀន ការ​ស្រេក​ឃ្លាន ខ្វះ​សម្លៀក‌បំពាក់ គ្រោះ​ថ្នាក់ ឬ​មួយ​ត្រូវ​គេ​សម្លាប់? ដូច​មាន​ចែង​ទុក​មក​ថាៈព្រោះ​តែ​ព្រះ‌អង្គយើង​ត្រូវ​គេ​រក​សម្លាប់​ពី​ព្រឹក​ដល់​ល្ងាច គេ​ចាត់​ទុក​យើង​ដូច​ជា​ចៀម​ដែល​ត្រូវ​គេយក​ទៅ​សម្លាប់។ ប៉ុន្តែ ក្នុង​ការ​ទាំង​នោះ យើង​មាន​ជ័យ‌ជម្នះ​លើស​ពី​អ្នក​មាន​ជ័យ‌ជម្នះ​ទៅ​ទៀត ដោយ​ព្រះ‌អម្ចាស់​ដែល​បាន​ស្រឡាញ់​យើង។ ខ្ញុំ​ជឿ​ជាក់​ថា ទោះ​បី​សេចក្ដី​ស្លាប់​ក្តី ជីវិត​ក្តី ទេវទូត​ក្តី វត្ថុ​ស័ក្តិ‌សិទ្ធិ​នានា​ក្តី បច្ចុប្បន្ន‌កាល​ក្តី អនាគត‌កាល​ក្តី អំណាច​នានា​ក្តី អ្វីៗ​ដែល​នៅ​ស្ថាន​លើ​ក្តី នៅ​ស្ថាន​ក្រោម​ក្តី ឬ​អ្វីៗ​ផ្សេង​ទៀត​ដែល​ព្រះ‌ជាម្ចាស់​បង្កើត​មក​ក្តី ក៏​ពុំ​អាច​បំបែក​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជាម្ចាស់ដែល​ព្រះ‌អង្គ​បាន​សម្ដែង​ឱ្យ​យើង​ឃើញ​ក្នុង​ព្រះ‌គ្រីស្ដ‌យេស៊ូ ជា​អម្ចាស់​នៃ​យើង​បាន​ឡើយ។

ទំនុកតម្កើងលេខ ១២៦ បទព្រហ្មគីតិ

១.ពេលព្រះដឹកនាំអ្នកដែលជំពាក់ខ្លួនជាឈ្លើយ
មកក្រុងស៊ីយ៉ូនហើយយើងធូរស្បើយដូចយល់សប្តិ ។
២.យើងសើចហ៊ោរសប្បាយអរក្អាកក្អាយឥតមានឈប់
ស្រែកជ័យឃោសន៍សាយសព្វលាន់សូរស័ព្ទគ្រប់ទិសា ។
ពេលនោះក្នុងចំណោមជាតិទាំងព្រមគេពោលថា ៖
«ព្រះម្ចាស់មានចេស្តាធ្វើអស្ចារ្យចំពោះគេ» ។
៣.ព្រះអង្គបានធ្វើការដ៏អស្ចារ្យអ្វីម៉េ្លះទេ
យើងលែងគិតគ្នាន់គ្នេរបានល្ហើយល្ហែអរសប្បាយ ។
៤.ឱ! ព្រះម្ចាស់ឧត្តមសូមប្រោសខ្ញុំឱ្យរីកសាយ
ដូចរហោស្ថានឆ្ងាយសូមប្រែក្លាយមានទឹកហូរ ។
៥.អ្នកណាសាបព្រោះស្រូវដោយសោកសៅគួរអាសូរ
ទាំងទឹកភ្នែកជន់ជោរនឹងច្រូតយកទាំងសប្បាយ ។
៦.គេយកពូជទៅព្រោះទាំងស្រណោះយំសោកស្តាយ
ក្រោយមកគេប្រែក្លាយហ៊ោសប្បាយដោយអំណរ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៣,៤-៦

អលេលូយ៉ា! អាលេលូយ៉ា!
ចូររៀបចំផ្លូវថ្វាយព្រះអម្ចាស់! ចូរពង្រាបផ្លូវរបស់ព្រះអង្គ! មនុស្សទាំងអស់នឹងឃើញការសង្គ្រោះរបស់ព្រះជាម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,២៣-២៨

បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទាំង​អស់​គ្នា​ថា៖ «បើ​អ្នក​ណា​ចង់​មក​តាម​ក្រោយ​ខ្ញុំ ត្រូវ​លះ‌បង់​ខ្លួន​ឯង​ចោល ត្រូវ​លី​ឈើ​ឆ្កាង​របស់​ខ្លួន​រៀង​រាល់​ថ្ងៃ ហើយ​មក​តាម​ខ្ញុំ​ចុះ ដ្បិត​អ្នក​ណា​ចង់​បាន​រួច​ជីវិត អ្នក​នោះ​នឹង​បាត់‌បង់​ជីវិត​ពុំ‌ខាន ប៉ុន្តែ អ្នក​ណា​បាត់‌បង់​ជីវិត ព្រោះ​តែ​ខ្ញុំ អ្នក​នោះ​នឹង​បាន​រួច​ជីវិត​វិញ។ បើ​មនុស្ស​ម្នាក់​បាន​ពិភព‌លោក​ទាំង​មូល​មក​ធ្វើ​ជា​សម្បត្តិ​របស់​ខ្លួន តែ​ត្រូវ​ស្លាប់​បាត់‌បង់​ជីវិត​នោះ​មាន​ប្រយោជន៍​អ្វី។ បើ​អ្នក​ណា​ខ្មាស​អៀន មិន​ហ៊ាន​ទទួល​ស្គាល់​ខ្ញុំ មិន​ហ៊ាន​ទទួល​ពាក្យ​របស់​ខ្ញុំ​ទេ លុះ​ដល់​បុត្រ​មនុស្ស​យាង​មក ប្រកប​ដោយ​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ ព្រម​ទាំង​សិរី‌រុង​រឿង​របស់​ព្រះ‌បិតា និង​របស់​ទេវទូតដ៏‌វិសុទ្ធ ព្រះ‌អង្គ​ក៏​នឹង​ខ្មាស​អៀន មិន​ហ៊ាន​ទទួល​ស្គាល់​អ្នក​នោះ​វិញ​ដែរ។ ប្រាកដ​មែន ខ្ញុំ​សុំ​ប្រាប់​ឱ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មនុស្ស​ខ្លះ​ដែល​នៅ​ទី​នេះ​នឹង​មិន​ស្លាប់​ទេ មុន​បាន​ឃើញ​ព្រះ‌រាជ្យរបស់​ព្រះ‌ជាម្ចាស់»។ ប្រមាណ​ជា​ប្រាំ​បី​ថ្ងៃ ក្រោយ​ពី​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នោះ​មក ព្រះ‌អង្គ​នាំ​លោក​សិលា លោក​យ៉ូហាន និង​លោក​យ៉ាកុប​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​អធិ‌ស្ឋាន។ 

171 Views
Posted in មិន​មាន​ចំណាត់​ក្រុមTagged