ថ្ងៃអាទិត្យ-អាទិត្យទី០៦-រដូវធម្មតា-ឆ្នាំ«ខ»


ថ្ងៃអាទិត្យ អាទិត្យទី០៦
រដូវធម្មតា ឆ្នាំ«ខ»

ពណ៌បៃតង

ថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៤

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យសណ្ឋិតនៅក្នុងចិត្តមនុស្សសុចរិតទៀងត្រង់។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំរស់នៅតាមរបៀបដែលគាប់ព្រះហឫទ័យព្រះអង្គជានិច្ច។ សូមព្រះអង្គយាងមកតាំងទីលំនៅក្នុងដួងចិត្តយើងខ្ញុំផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរលេវីវិន័យ លវ ១៣,១-២.៤៥-៤៦

ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអរ៉ុនថា៖ «កាលណាមនុស្សម្នាក់មានដុំពកនៅលើស្បែក កើតស្រែង ឬកើតភ្លឺ ហើយក្លាយទៅជាជំងឺស្បែក ដូចកើតឃ្លង់ គេត្រូវនាំមនុស្សនោះមកជួបបូជាចារ្យអរ៉ុន ឬកូនប្រុសណាម្នាក់របស់គាត់។ អ្នកដែលកើតឃ្លង់ត្រូវស្លៀកសម្លៀកបំពាក់រហែក មិនសិតសក់ ឃ្លុំមុខនៅត្រង់កន្លែងដែលមានពុកមាត់ ហើយស្រែកថា៖ “ខ្ញុំជាមនុស្សមិនបរិសុទ្ធ! ខ្ញុំជាមនុស្សមិនបរិសុទ្ធ!”។ ក្នុងពេលដែលគាត់កើតរោគឃ្លង់នោះ គាត់ជាមនុស្សមិនបរិសុទ្ធ។ ដូច្នេះ គាត់ត្រូវរស់នៅដាច់​ឡែកពីគេ គឺនៅខាងក្រៅជំរំ »។

ទំនុកតម្កើងលេខ ១០២ (១០១), ២-៦.១៣.២០-២១ បទព្រហ្មគីតិ

ឱ!ព្រះអម្ចាស់អើយសូមផ្ទៀងហើយព្រះសណ្តាប់
សម្រែកខ្ញុំរ៉ាយរ៉ាប់សូមទ្រង់ស្តាប់យើងខ្ញុំផង
ពេលខ្ញុំមានអាសន្នកុំលាក់ពួនព្រះភក្ត្រទ្រង់
ខ្ញុំស្រែករកព្រះអង្គសូមឆ្លើយផងជាប្រញាប់
ព្រោះដ្បិតជីវិតខ្ញុំត្រូវរលំរលាយឆាប់
ដូចផ្សែងត្រូវខ្យល់ផាត់ទាំងខ្លួនប្រាណស្គមរីងរៃ
ទូលបង្គំអស់ទឹកចិត្តដូចស្មៅស្វិតក្រៀមត្រូវថ្ងៃ
ទោះជាអាហារក្តីក៏រូបខ្ញុំលែងនឹកនា
ទូលបង្គំចេះតែថ្ងូរទួញទ្រហោររាល់វេលា
លែងជាមនុស្សល្អជាមានតែស្បែកដណ្តប់ឆ្អឹង
១៣បពិត្រព្រះអម្ចាស់គ្រងរាជ្យអស់កល្បយូរឆ្នាំ
គេរំឭកចងចាំអស់កល្បជាអង្វែងទៅ
២០ព្រះអម្ចាស់ទតពីសក្ការៈទីដ៏ត្រចង់
ស្ថានបរមសុខឥតហ្មងមិនរំលងសព្វផែនដី
២១ដើម្បីស្តាប់សម្រែកពួកឈ្លើយស្រែកទាំងយប់ថ្ងៃ
អ្នកដែលត្រូវក្សិណក្ស័យគេកាត់ក្តីមិនសុចរិត

អត្ថបទទី​២៖ សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១០,៣១-១១,១

បងប្អូនជាទីស្រឡាញ់!
ទោះបីបងប្អូនពិសាម្ហូបអាហារ ឬភេសជ្ជៈអ្វី ឬធ្វើអ្វីក៏ដោយ ក៏បងប្អូនត្រូវធ្វើទាំងអស់ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាមា្ចស់។ សូមបងប្អូនកុំធ្វើឱ្យសាសន៍យូដា សាសន៍ក្រិក ឬព្រះសហគមន៍របស់ព្រះជាម្ចាស់ឃ្លាតចាកពីជំនឿឡើយ។ រីឯខ្ញុំវិញ ក៏ដូច្នោះដែរ ខ្ញុំខំប្រឹងផ្គាប់ចិត្តមនុស្សទាំងអស់ក្នុងគ្រប់កិច្ចការ ដោយមិនស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនទេ គឺស្វែងរកប្រយោជន៍មនុស្សទាំងអស់ ដើម្បីឱ្យគេទទួលការសង្គ្រោះ។ សូមយកតម្រាប់តាមខ្ញុំ ដូចខ្លួនខ្ញុំផ្ទាល់យកតម្រាប់តាមព្រះគ្រីស្តដែរ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៧,១៦

អាលេលូយ៉ា! អាលេលូយ៉ា!
មានព្យាការីដ៏ប្រសើរឧត្តមម្នាក់បានមករស់នៅក្នុងចំណោមយើងហើយ ព្រះជាម្ចាស់យាងមករំដោះប្រជារាស្រ្តរបស់ព្រះអង្គ។អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១,៤០-៤៥

មនុស្សឃ្លង់ម្នាក់ចូលមករកព្រះយេស៊ូ គាត់លុតជង្គង់ទូលអង្វរព្រះអង្គថា៖ «ប្រសិនបើលោកមានបំណង លោកអាចប្រោសខ្ញុំប្របាទ​ឱ្យបានជាស្អាតបរិសុទ្ធផង»។ ព្រះយេស៊ូមានព្រះហឫទ័យអាណិតអាសូរគាត់ពន់ពេកណាស់ ព្រះអង្គក៏លូកព្រះហស្តទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖ «ខ្ញុំចង់! ចូរឱ្យអ្នកបានជាស្អាតបរិសុទ្ធចុះ!»។ មនុស្សឃ្លង់ក៏បានជាស្អាតបរិសុទ្ធភ្លាម។ បន្ទាប់មក ព្រះយេស៊ូដេញគាត់ឱ្យចេញទៅ ទាំងមានព្រះបន្ទូលយ៉ាងម៉ឺងមាត់ថា៖ «ចូរប្រយ័ត្នឱ្យមែនទែន កុំនិយាយហេតុការណ៍នេះប្រាប់ឱ្យនរណាដឹងឮឡើយ! ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនដល់លោកបូជាចារ្យ រួចថ្វាយតង្វាយដូចលោកម៉ូសេបានបង្គាប់ទុក ដើម្បីជាសក្ខីភាពបញ្ជាក់ថា អ្នកបានជាស្អាតបរិសុទ្ធហើយ»។ ប៉ុន្តែ បុរសនោះចេញទៅប្រកាស និងផ្សព្វផ្សាយរឿងនេះនៅគ្រប់កន្លែងឱ្យគេដឹង។ ហេតុនេះហើយ បានជាព្រះយេស៊ូមិនអាចយាងចូលទីក្រុងដូចពីមុនបានទៀតឡើយ គឺព្រះអង្គគង់នៅតែខាងក្រៅទីក្រុង ត្រង់កន្លែងស្ងាត់ៗ ហើយមានមនុស្សពីគ្រប់ទិសទីនាំគ្នាមកគាល់ព្រះអង្គ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាទទួលតង្វាយរបស់យើងខ្ញុំដោយអនុគ្រោះ! សូមប្រោសជម្រះចិត្តគំនិតយើងខ្ញុំ និងផ្តល់កម្លាំងចិត្តថ្មីទៀតដែរ! សូមជួយយើងខ្ញុំឱ្យប្រព្រឹត្តតាមព្រះហឫទ័យព្រះអង្គជានិច្ចផង។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ដោយព្រះអង្គប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំ។ ព្រះយេស៊ូបានជម្រះយើងខ្ញុំឱ្យរួចពីបាប និងបានចែករំលែកព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យរស់បានសមរម្យនឹងព្រះអំណោយទាននេះផង។

548 Views