ថ្ងៃសុក្រ-អាទិត្យទី០៣-រដូវធម្មតា«ឆ្នាំ សេស»
ថ្ងៃសុក្រ អាទិត្យទី០៣
រដូវធម្មតា «ឆ្នាំ សេស»
ពណ៌បៃតង
ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥
សន្ដយ៉ូហានបូស្កូ
បុណ្យរម្លឹក
ពណស
លោកយ៉ូហានបូស្កូ (១៨១៥-១៨៨៨) កើតនៅឆ្នាំ១៨១៥ ក្នុងក្រុងទូរីណូ (ប្រទេសអ៊ីតាលី)។ អស់មួយជីវិត លោកយកចិត្តទុកដាក់អប់រំយុវជនក្រីក្រក្នុងក្រុងនោះ។ លោកបង្កើតក្រុមគ្រួសារបព្វជិតពីរ ដើម្បីជួយអប់រំយុវជនយុវនារីក្នុងពិភពលោកទាំងមូល។ លោកទទួលមរណភាពនៅឆ្នាំ ១៨៨៨ ។
អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ១០,៣២-៣៩
បងប្អូនជាទីស្រឡាញ់!
សូមនឹកចាំពីគ្រាដំបូង កាលបងប្អូនទើបនឹងបានទទួលលពន្លឺពីព្រះជាម្ចាស់ថ្មីៗ។ ពេលនោះ បងប្អូនបានតស៊ូយ៉ាងខ្លាំង ហើយបងប្អូនក៏បានរងទុក្ខលំបាកជាច្រើន។ ពេលខ្លះបងប្អូនត្រូវគេប្រមាថមើលងាយធ្វើបាបនៅមុខប្រជុំជន ពេលខ្លះទៀត បងប្អូនរួមទុក្ខជាមួយអ្នកដែលត្រូគេធ្វើបាបដែរ។ បងប្អូនបានរួមទុក្ខជាមួយអស់អ្នកដែលជាប់ឃុំឃាំង បងប្អូនសុខចិត្តឱ្យគេរឹបអូសយកទ្រព្យសម្បត្តិរបស់បងប្អូនដោយរីករាយ ដ្បិតបងប្អូនដឹងថា បងប្អូនមានសម្បត្តិសួគ៌ដែលប្រសើរជាង ហើយនៅស្ថិតស្ថេររហូត។ ហេតុនេះ សូមបងប្អូនកុំលះបង់ចិត្តរឹងប៉ឹងដែលនឹងធ្វើឱ្យបងប្អូនទទួលរង្វាន់យ៉ាងធំនោះឡើយ គឺត្រូវមានចិត្តស៊ូទ្រាំ ដើម្បីធ្វើតាមព្រះហប្ញទ័យរបស់ព្រះជាម្ចាស់ និងដើម្បីឱ្យបានទទួលផលតាមព្រះបន្ទូលសន្យា ដ្បិតនៅតែបន្តិចទៀត គឺក្នុងពេលឆាប់ៗខាងមុខ ព្រះអង្គដែលត្រូវយាងមកទ្រង់នឹងយាងមកដល់ជាមិនខាន ព្រះអង្គមិនបង្អង់ឡើយ។ រីឯអ្នកសុចរិត ជាកូនចៅរបស់យើងវិញ គេនឹងមានជីវិតដោយសារជំនឿ។ តែបើគេថយក្រោយ យើងលែងពេញចិត្តនឹងគេហើយ។ ចំពោះយើងវិញ យើងមិនមែនជាអ្នកថយក្រោយឱ្យត្រូវវិនាសបាត់បង់នោះទេ គឺយើងជាអ្នកជឿ ដើម្បីសង្រ្គោះជីវិតយើង។
ទំនុកតម្កើងលេខ ៣៧ (៣៦),៣-៦.២៣-២៤.៣៩-៤០ បទព្រហ្មគីតិ
៣ | ចូរធ្វើអំពើល្អ | ចិត្តស្មោះសរផ្ញើជីវិត | |
លើព្រះដ៏សក្តិសិទ្ធិ | នោះអ្នកពិតជាសុខសាន្ត | ។ | |
៤ | ចូរស្វែងរកមង្គល | កុំបីខ្វល់ឬខកខាន | |
ព្រះអង្គនឹងប្រទាន | ឱ្យអ្នកមានតាមបំណង | ។ | |
៥ | ចូរផ្ញើព្រេងវាសនា | ក្នុងហត្ថាព្រះអង្គផង | |
ព្រះអង្គនឹងគ្រប់គ្រង | ឥតមានហ្មងតាមសន្យា | ។ | |
៦ | ព្រះអង្គនឹងបង្ហាញ | ឱ្យគេឃើញយ៉ាងច្បាស់ថា | |
អ្នកសុចរិតថ្លៃថ្លា | ដូចសុរិយាពេញរស្មី | ។ | |
២៣ | ព្រះម្ចាស់បានពង្រឹង | ជំហរនឹងមនុស្សសុចរិត | |
ឱ្យបានមាំមួនពិត | រួចទ្រង់គិតសព្វព្រះទ័យ | ។ | |
២៤ | ទោះបីបើគេភ្លាត់ | ជើងមិនស្ទាត់ក៏មិនភ័យ | |
មិនដួលធ្លាក់ដល់ដី | ព្រោះបារមីព្រះអម្ចាស់ | ។ | |
៣៩ | ព្រះម្ចាស់តែសង្រ្គោះ | មនុស្សទាំងអស់ឥតទោរម្នេញ | |
ជាកំពែងពោរពេញ | ការពារពាំងគ្រាអាសន្ន | ។ | |
៤០ | ព្រះអម្ចាស់សង្រ្គោះ | និងរំដោះមិនភាំងភាន់ | |
សង្រ្គោះគេបន្ទាន់ | ព្រោះគេជ្រកក្រោមបារមី | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់បានព្រោះព្រះបន្ទូលព្រះអង្គក្នុងដួងចិត្តយើង។ អ្នកទទួលព្រះបន្ទូលនេះនឹងធ្វើឱ្យព្រះបន្ទូលនេះបង្កើតផល ពិតជាមានសុភមង្គល។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៤,២៦-៣៤
ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ព្រះរាជ្យរបស់ព្រះជាម្ចាស់ប្រៀបបីដូចជាបុរសម្នាក់ដែលព្រោះស្រូវពូជនៅក្នុងស្រែរបស់ខ្លួន។ ទោះបីគាត់ដេកក្តី ក្រោកក្តី យប់ក្តី ថ្ងៃក្តី គ្រាប់ពូជនៅតែមានពន្លកដុះឡើង ដោយគាត់ពុំដឹងថា គ្រប់ពូជនោះដុះរបៀបណាឡើយ ដ្បិតដីធ្វើឱ្យពូជបង្កើតផលដោយខ្លួនឯង មុនដំបូងមាពន្លកលេចឡើង បន្ទាប់មក ក៏បែកជាកួរ ហើយចេញជាគ្រាប់ស្រូវ។ លុះស្រូវទុំ គេយកកណ្តៀវមកច្រូត ដ្បិតដល់រដូវច្រូតហើយ»។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «តើយើងប្រដូចព្រះរាជ្យរបស់ព្រះជាម្ចាស់ទៅនឹងអ្វី? តើយើងយកប្រស្នាណាមកប្រដូចនឹងព្រះរាជ្យរបស់ព្រះអង្គ? ព្រះរាជ្យរបស់ព្រះជាម្ចាស់ ប្រៀបបីដូចជាគ្រាប់ពូជម្យ៉ាង។ កាលគេព្រោះលើដី គ្រាប់ពូជនោះល្អិតជាងគេទាំងអស់ក្នុងលោក។ លុះព្រោះរួចហើយ គ្រាប់ពូជនោះក៏ដុះឡើងធំជាងដំណាំឯទៀតៗ ព្រមទាំងបែកមែកសាខា មានម្លប់អាចឱ្យបក្សាបក្សីមកធ្វើសំបុកជ្រកអាស្រ័យ»។
ព្រះយេស៊ូតែងប្រកាសព្រះបន្ទូលដោយប្រើពាក្យប្រស្នារបៀបនេះ តាមតែគេអាចយល់បាន។ ព្រះអង្គតែងមានព្រះបន្ទូលទៅគេ សុទ្ធតែជាពាក្យប្រស្នា ប៉ុន្តែ ពេលនៅដាច់ឡែកពីបណ្តាជន ព្រះអង្គបកស្រាយទាំងអស់ប្រាប់ក្រុមសាវ័ក។