ថ្ងៃព្រហស្បតិ៍-អាទិត្យទី០៥-រដូវធម្មតា«ឆ្នាំសេស»


ថ្ងៃព្រហស្បតិ៍ អាទិត្យទី០៥
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ២,២៨-២៥

ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «បើមនុស្សនៅម្នាក់ឯងមិនស្រួលទេ យើងនឹងបង្កើតម្នាក់ទៀតឱ្យជួយនិងបានជាគ្នា»។ ព្រះជាអម្ចាស់យកដីមកសូនធ្វើជាសត្វស្រុកគ្រប់យ៉ាង និងធ្វើជាបក្សាបក្សីគ្រប់មុខដែលហើរនៅលើអាកាស រួចព្រះអង្គនាំសត្វទាំងនោះមកឱ្យមនុស្ស ដោយចង់ជ្រាបថា គេនឹងដាក់ឈ្មោះឱ្យសត្វទាំងនោះយ៉ាងណា។ សត្វទាំងអស់ក៏មានឈ្មោះតាមមនុស្សដាក់ឱ្យ។ មនុស្សដាក់ឈ្មោះឱ្យសត្វស្រុកទាំងអស់ ដាក់ឈ្មោះឱ្យបក្សាបក្សីដែលហើរនៅលើមេឃ និងដាក់ឈ្មោះឱ្យសត្វព្រៃទាំងប៉ុន្មានដែរ ប៉ុន្តែ គាត់ពុំឃើញមានសត្វណាមួយដែលអាចជួយ និងយកមកធ្វើជាគ្នា​បានឡើយ។ ដូច្នេះ ព្រះជាអម្ចាស់សណ្តំមនុស្សឱ្យដេកលង់លក់បាត់ស្មារតី។ ព្រះអង្គយកឆ្អឹងជំនីរមួយរបស់គាត់ចេញមក រួចភ្ជិតសាច់ទៅវិញ។ ព្រះជាអម្ចាស់យកឆ្អឹងជំនីរដែលទ្រង់បានហូតចេញពីមនុស្សប្រុសមកធ្វើជាមនុស្សស្រី រួចព្រះអង្គនាំនាងមកជួប​គាត់។ បុរសក៏ពោលឡើងថា៖ «លើកនេះពិតជា ឆ្អឹងដែលកើតចេញមកពីឆ្អឹងអញ ជាសាច់ដែលកើតចេញមកពីសាច់អញ ត្រូវហៅនាងថា “ស្ត្រី” ព្រោះនាងបានកើតចេញ​ពីបុរស មក»។ ហេតុនេះហើយ បានជាបុរសចាកចេញពីឪពុកម្តាយទៅរួមរស់ជាមួយ​ភរិយា ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ។ ពេលនោះ ទាំងបុរសទាំងស្រ្តីនៅខ្លួនទទេទាំងពីនាក់ ប៉ុន្តែគេមិនអៀនខ្មាសគ្នាទេ។

ទំនុកតម្កើងលេខ ១២៨ (១២៧),១-៥ បទកាកគតិ

អ្នកណាកោតខ្លាចគោរពអំណាចព្រះជាអម្ចាស់
ដើរតាមគន្លងមាគ៌ានៃព្រះអ្នកនោះឥតទាស់
ពោរពេញមង្គល
អ្នកនឹងទទួលបានឥតប្រែប្រួលយកនូវភោគផល
ចេញពីកិច្ចការគ្រប់ពេលរៀងរាល់នឹងមានមង្គល
ចម្រើនពេកក្រៃ
ឯភរិយាអ្នកដែលនៅក្នុងផ្ទះដូចដើមស្រស់ខ្ចី
មានស្លឹកមានផ្លែស្រគាលទុំខ្ចីកូនប្រុសរញ៉ី
ដូចដើមឈើតូច
នេះជាអំណោយទ្រង់ប្រទានឱ្យគេបានសម្រេច
ដល់អញនកកោតខ្លាចប្ញទ្ធិអំណាចផលច្រើនពន់ពេក
មិនពិបាករក
សូមទ្រង់ប្រសិទ្ធិពរជ័យវិចិត្រពីស៊ីយ៉ូនមក
ជារៀងរាល់ថ្ងៃកុំបាច់លៃលកដើរតត្រុករក
ក្នុងជីវិតអ្នក

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យក ១,២១

អាលេលូយ៉ា! អាលេលូយ៉ា!
យើងត្រូវតែទទួលព្រះបន្ទូលដែលព្រះជាម្ចាស់បានបណ្តុះក្នុងយើង ព្រះបន្ទូលនេះអាចសង្រ្គោះយើងបាន។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៧,២៤-៣០

ព្រះយេស៊ូយាងទៅកាន់តំបន់ជិតក្រុងទីរ៉ូស។ ព្រះអង្គយាងចូលក្នុងផ្ទះមួយ ទ្រង់ពុំ​ចង់ឱ្យនរណាដឹងថា ទ្រង់គង់នៅទីនោះឡើយ តែលាក់មិនជិត។ ភ្លាមនោះ ស្ត្រី​ម្នាក់ដែលកូនស្រីមានខ្មោចចូលបានឮគេនិយាយអំពីព្រះយេស៊ូ នាងមកក្រាបទៀប​ព្រះបាទទាព្រះអង្គ។ ស្ត្រីនោះជាសាសន៍ក្រិក មានកំណើតនៅភេនីស៊ី ក្នុងស្រុកស៊ីរី។ នាងទូលសូមព្រះយេស៊ូឱ្យដេញខ្មោចចេញពីកូននាង។ ព្រះយេស៊ូមានព្រះបន្ទូល​ទៅនាងថា៖ «ត្រូវទុកឱ្យកូនចៅបរិភោគឆ្អែតជាមុនសិន មិនគួរយកអាហាររបស់​កូនចៅបោះទៅឱ្យកូនឆ្កែស៊ីឡើយ»។ នាងទូលព្រះអង្គថា៖ «ពិតមែនហើយលោក​ម្ចាស់! ប៉ុន្តែ កូនឆ្កែនៅក្រោមតុ វាស៊ីកម្ទេចអាហារដែលកូនក្មេងធ្វើឱ្យជ្រុះនោះបាន»។ ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ដោយនាងនិយាយដូច្នេះ ចូរនាង​វិលត្រឡប់ទៅវិញចុះ ខ្មោចបានចេញពីកូននាងហើយ»។ ពេលស្ត្រីនោះមកដល់លើផ្ទះ នាងឃើញកូនស្រីដេកនៅលើគ្រែ ដ្បិតខ្មោចបានចេញពីក្មេងនោះហើយ។

232 Views